អ៊ុយក្រែននិងរុស្ស៊ីធ្វើការផ្លាស់ប្តូរឈ្លើយសឹកលើក​ទីបី

(VOVWORLD) - នៅថ្ងៃទី ៩ ខែមេសា ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Vereshchuk បានឲ្យដឹងថា ទាហានអ៊ុយក្រែនចំនួន ១២ នាក់ និងជនស៊ីវិល ១៤ នាក់បានវិលត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីការផ្លាស់ប្តូរឈ្លើយសឹកជាមួយរុស្ស៊ី។

មុននោះ អ៊ុយក្រែន និងរុស្ស៊ីបានធ្វើការផ្លាស់ប្តូរឈ្លើយសឹកចំនួនពីរលើក ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយទៀត ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានសហរដ្ឋអាមេរិក AP នៅថ្ងៃទី ៩ ខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកច្បាស់ថា៖ អ៊ុយក្រែនមិនចង់បាត់បង់ឱកាសសម្រាប់ដំណោះស្រាយការទូតនោះទេ។ មុននោះ ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃដដែល ជាមួយនាយករដ្ឋមន្ត្រីអូទ្រីស លោក Karl Nehammer មេដឹកនាំរូបនេះបានបញ្ជាក់ថា អ៊ុយក្រែនតែងតែត្រៀមខ្លួនជាស្រេច ធ្វើកិច្ចសន្ទនាដើម្បីស្វែងរកដំណោះស្រាយការទូតសម្រាបជម្លោះនាពេលបច្ចុប្បន្ន។

ទាក់ទងនឹងជំនួយមនុស្សធម៌សម្រាប់ប្រជាជនអ៊ុយក្រែន ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen កាលពីថ្ងៃទី ៩ ខែមេសា បានប្រកាសថា ព្រឹត្តិការណ៍រៃអង្គាសថវិកានៅប្រទេសប៉ូឡូញដើម្បីជួយឧបត្ថម្ភប្រជាជនអ៊ុយក្រែនដែលរងផលប៉ះពាល់ដោយជម្លោះ ទទួលបានការប្តេជ្ញា ជួយឧបត្ថម្ភ បរិច្ចាគ ផ្ដល់ប្រាក់កម្ចី និងផ្តល់ជំនួយពីសហគមន៍អន្តរជាតិ រហូតដល់ ១០,១ ពាន់លានអឺរ៉ូ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ