ធនាគារអភិវឌ្ឍន៍អាស៊ីបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចអាស៊ីនៅឆ្នាំនេះ
(VOVWORLD) - តម្រូវការក្នុងប្រទេសកើនឡើង វិស័យទេសចរណ៍មានកំណើនឡើងវិញ ប្រតិបត្តិការផ្ទេរប្រាក់កើនឡើង លក្ខខណ្ឌហិរញ្ញវត្ថុត្រូវបានកែលម្អ។
កំពង់ផែដឹកទំនិញនៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង។ រូបថត៖ AFP/TTXVN |
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី ២០ ខែកញ្ញា) បានប្រកាសពីការព្យាករណ៍សេដ្ឋកិច្ចថ្មីសម្រាប់តំបន់អាស៊ី។ យោងតាមការព្យាករណ៍របស់ ADB បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចក្នុងតំបន់នឹងថយចុះបន្តិចនៅឆ្នាំនេះ ប៉ុន្តែនឹងកើនឡើងបន្តិចនៅឆ្នាំ ២០២៤។
នៅក្នុងរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចក្នុងតំបន់ដែលបានធ្វើបច្ចុប្បន្នភាព បានប្រកាសកាលពីថ្ងៃទី ២០ ខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃថា ក្នុងឆមាសទីមួយនៃឆ្នាំនេះអាស៊ី នឹងនៅតែរក្សាបាននូវអត្រាកំណើនរបស់ខ្លួនដោយសារកត្តាដូចដូចជា៖ តម្រូវការក្នុងប្រទេសកើនឡើង វិស័យទេសចរណ៍មានកំណើនឡើងវិញ ប្រតិបត្តិការផ្ទេរប្រាក់កើនឡើង លក្ខខណ្ឌហិរញ្ញវត្ថុត្រូវបានកែលម្អ។ទោះជាយ៉ាងណាក៏ដោយ បើតាមប្រធានសេដ្ឋកិច្ចវិទូរបស់ ADB លោក Albert Park បានឲ្យដឹងថា ក្នុងឆមាសទីពីរឆ្នាំនេះ កំណើនសេដ្ឋកិច្ចអាស៊ីប្រឈមមុខនឹងបញ្ហាជាច្រើន។ ទីមួយគឺតម្រូវការពិភពលោកមានភាពអាប់អួរ ធ្វើឱ្យការនាំចេញធ្លាក់ចុះ។ បន្ទាប់មកគឺហានិភ័យស្ថិរភាពហិរញ្ញវត្ថុទាក់ទងនឹងការដែលខឿនសេដ្ឋកិច្ចធំៗនៅលើពិភពលោកបានបង្កើនអត្រាការប្រាក់។ លើសពីនេះ ផលវិបាកនៃបាតុភូត El Nino និងអស្ថិរភាពភូមិសាស្ត្រនយោបាយមួយចំនួនក្នុងពិភពលោកក៏អាចជះឥទ្ធិពលអវិជ្ជមានផងដែរ។ ដូច្នេះហើយ លោក Albert Park បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចអាស៊ីនៅឆ្នាំនេះនឹងទាបជាងការរំពឹងទុក៖ “កំណើនសេដ្ឋកិច្ចនៅប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីត្រូវបានគេព្យាករថានឹងកើនឡើងពី ៤,៣ ភាគរយកាលពីឆ្នាំមុន ឡើងដល់ ៤,៧ ភាគរយនៅឆ្នាំនេះ។ នេះជាការថយចុះបន្តិចបើធៀបនឹងការព្យាកររបស់យើងកាលពីខែមេសាមុន (៤,៨%)ផងដែរ”៕