បរិមាណស្វែងរកអំពីទេសចរណ៍វៀតណាមកំពុងកើនឡើងលឿនទី ៧ លើពិភពលោក
(VOVWORLD) - អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមទើបតែជូនដំណឹងពីចំនួននៃការស្វែងរកទេសចរណ៍វៀតណាមនៅលើឧបករណ៍តាមដាននិន្នាការទីផ្សាររបស់ Google ដែលបានកើនឡើងក្នុងកម្រិត ១០-២៥% ចាប់ពីពាក់កណ្តាលខែមីនាដល់ដើមខែមិថុនា ដោយជាប់ចំណាត់ថ្នាក់លេខ៧នៅលើពិភពលោក។
តាមនោះ គោលដៅដែលមានកំណើនលឿនបំផុតទាំង១០ នៅលើពិភពលោករួមមាន៖ ទួរគី ក្រិក ក្រូអាស៊ី ឥណ្ឌា អ៊ីតាលី អេស្ប៉ាញ វៀតណាម អាមេរិក ជប៉ុន អង់គ្លេស។ វៀតណាមជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលមានវត្តមានក្នុងបញ្ជីនេះ។
ទីផ្សារអន្តរជាតិទាំង១០ ដែលស្វែងរកអំពីទេសចរណ៍វៀតណាមច្រើនបំផុត រួមមានអាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា កូរ៉េខាងត្បូង សិង្ហបុរី អង់គ្លេស ម៉ាឡេស៊ី អាល្លឺម៉ង់ បារាំង។ ទាំងនេះគឺជាទីផ្សារសំខាន់ៗនៃទេសចរណ៍វៀតណាម តំណាងឱ្យតំបន់អាមេរិកខាងជើង អាស៊ីឦសាន អឺរ៉ុបខាងលិច និងអាស៊ីអាគ្នេយ៍។ គោលដៅនៅវៀតណាមដែលត្រូវបានស្វែងរកច្រើនជាងគេ គឺទីក្រុងហូជីមិញ ហាណូយ Da Nang, Phu Quoc, Nha Trang និង Hoi An។
យោងតាមទិន្នន័យរបស់ Google ចំនួននៃការស្វែងរកអំពីទេសចរណ៍វៀតណាមនៅពេលនេះបានកើនឡើង ៣-៤ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ប្រការនេះបានបង្ហាញពីការស្តារឡើងវិញយ៉ាងខ្លាំងនៃតម្រូវការធ្វើដំណើរទៅកាន់វៀតណាម។ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៣ ចំនួនភ្ញៀវអន្តរជាតិទៅកាន់វៀតណាមបានកើនឡើងរហូតដល់ ៤,៦លាននាក់(ស្មើនឹង៥៧,៥% នៃផែនការឆ្នាំ)។ ជាមួយនឹងសន្ទុះកំណើនដ៏ល្អនិងគោលនយោបាយអំណោយផល នាពេលខាងមុខ វិស័យទេសចរណ៍ទំនងជាអាចបំពេញបាននិងលើសពីគោលដៅនៃការស្វាគមន៍ភ្ញៀវទេសចរនៅឆ្នាំនេះ៕