AIPA បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់បញ្ចូលសេចក្ដីសម្រេចចិត្តទៅក្នុងការអនុវត្តជាក់ស្ដែង

(VOVWORLD) - កិច្ចប្រជុំក្រុមប្រឹក្សាអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA Caucus) លើកទី ១៤ បានបិទបញ្ចប់នាថ្ងៃទី ១១ កក្កដា ក្រោយរយៈពេលពីរថ្ងៃធ្វើការ (ថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកក្កដា) នៅកោះ Phu Quoc ខេត្ត Kien Giang ប្រទេសវៀតណាម។ នៅក្នុងកិច្ចប្រជុំ សភាសមាជិក AIPA បានពិនិត្យ និងពិភាក្សាអំពីរបាយការណ៍ជាតិស្តីពីស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត AIPA លើកទី ៤៣ របាយការណ៍របស់លេខាធិការដ្ឋាន AIPA និងរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំ AIPA Caucus លើកទី ១៤ ហើយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ AIPA ដើម្បីដាក់សេចក្ដីសម្រេចចិត្តរបស់ AIPA ចូលក្នុងការអនុវត្តជាក់ស្ដែងផងដែរ។

AIPA បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់បញ្ចូលសេចក្ដីសម្រេចចិត្តទៅក្នុងការអនុវត្តជាក់ស្ដែង - ảnh 1ទិដ្ឋភាពនៃសម័យបិទកិច្ចប្រជុំ AIPA Caucus លើកទី១៤។ (រូបថត៖ វិបផតថលព័ត៌មានរបស់រដ្ឋសភា)

ថ្លែងនៅកិច្ចប្រជុំ អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម លោក Tran Thanh Man បានឲ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សា AIPA លើកទី១៤ បានប្រព្រឹត្តទៅក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់បន្តមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ការប្រែប្រួលដ៏ធំក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលក្នុងនោះសេដ្ឋកិច្ចពិភពលោកទទួលរង
វិបត្តិពហុស្រទាប់ ដោយសារជម្លោះនយោបាយ ការប្រែប្រួលអាកាសធាតុ និងផលវិបាកនៃជំងឺរាតត្បាត Covid-១៩។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ាននៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីពង្រឹងមជ្ឈភាពនិងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងសហគមន៍ បង្ហើយផែនការមេឆ្នាំ ២០២៥ លើសសរស្តម្ភទាំង៣ ហើយត្រៀមរៀបចំសម្រាប់ដំណាក់កាលអភិវឌ្ឍន៍បន្ទាប់ ដោយការកសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។

AIPA យកចិត្តទុកដាក់យ៉ាងខ្លាំងដល់នវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

យោងតាមការវាយតម្លៃថ្មីៗបំផុត បណ្តាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រេចបានវឌ្ឍភាពជាច្រើន ក្នុងវិស័យនវានុវត្តន៍ និងកម្រិតបច្ចេកវិទ្យា ទោះជាយ៉ាងណាក៏ដោយ កម្រិតអភិវឌ្ឍន៍មិនស្មើគ្នាទេ ហើយត្រូវបានអនុវត្តន៍តាមវិធីសាស្ត្រផ្សេងៗគ្នា។ ក្នុងពេលជាមួយគ្នានោះ នៅលើពិភពលោក បដិវត្តន៍ឧស្សាហកម្មលើកទី៤ ជាពិសេសបច្ចេកវិទ្យាឌីជីថល កំពុងតែមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ដែលបង្កើតការទម្លុះទម្លាយក្នុងវិស័យជាច្រើន នាំមកនូវឱកាសផង ប៉ុន្តែថែមទាំងបង្កបញ្ហាប្រឈមជាច្រើនផង ចំពោះសេដ្ឋកិច្ចទាំងអស់នៅក្នុងតំបន់។

ក្នុងបរិបទនោះ ដើម្បីសម្រេចបានគោលដៅ កំណើន ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព បណ្តាប្រទេសអាស៊ានត្រូវយល់ដឹងឲ្យបានច្បាស់អំពីសមិទ្ធិផល និងដែនកំណត់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា:  ក្រេបយក ធ្វើម្ចាស់ អនុវត្តន៍យ៉ាងទូលំទូលាយនូវបច្ចេកវិទ្យាជឿនលឿន ដើម្បីបង្កើនផលិតភាពការងារ កែលម្អគុណភាពផលិតផល សេវាកម្ម និងកម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច: នាំការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញការផ្លាស់ប្តូរឌីជីថលជាតិ ការផ្លាស់ប្តូរគំរូកំណើនយ៉ាងស៊ីជម្រៅ ដោយផ្អែកលើចំណេះដឹង នវានុវត្តន៍ និងការច្នៃប្រឌិត ដើម្បីបង្កើតការទម្លុះទម្លាយ ក្លាយទៅជា "តំណភ្ជាប់" ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់តម្លៃសកល។

ដោយឈរលើស្មារតីនោះ AIPA បានជ្រើសរើសប្រធានបទនៃកិច្ចប្រជុំលើលនេះថា "ជំរុញនវានុវត្តន៍ ការផ្ទេរប្រគល់ ការអនុវត្ត និងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បម្រើកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាព"។ ប្រធានបទនេះ បានបង្ហាញពីទំនួលខុសត្រូវ ភាពម្ចាស់ការរបស់ AIPA ចំពោះបញ្ហាប្រឈមរបស់តំបន់ក្នុងបរិបទថ្មី ស្របតាមនិន្នាការទូទៅលើពិភពលោក និងលក្ខណៈបច្ចុប្បន្ននៃប្រទេសនីមួយៗ។ តាមនោះ ការអភិវឌ្ឍវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការជំរុញនវានុវត្តន៍ គឺទិសដៅស្នូលនិងខ្ជាប់ខ្ជួនក្នុងបដិវត្តន៍ឧស្សាហកម្មដែលកំពុងប្រព្រឹត្តទៅកាន់តែខ្លាំងឡើងៗ។

កិច្ចខិតខំប្រឹងប្រែងអនុវត្តន៍សេចក្តីសម្រេចចិត្ត ត្រូវបានអនុម័តនៅមហាសន្និបាត AIPA លើកទី៤៣

នៅក្នុងកិច្ចប្រជុំក្រុមទីប្រឹក្សា AIPA លើកនេះ សភាសមាជិក AIPA បានបញ្ជាក់ពីការរួមដំណើរជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន ដើម្បីសម្រេចផែនការចក្ខុវិស័យឆ្នាំ២០២៥ និងការអនុវត្តចក្ខុវិស័យក្រោយឆ្នាំ ២០២៥ ដោយផ្តោតសំខាន់លើការរក្សាសាមគ្គីភាព ឯកភាព និងមជ្ឈភាពរបស់អាស៊ាន បង្កើនសមត្ថភាពឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខប្រពៃណី ក៏ដូចជាមិនប្រពៃណី។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្ពោះទៅរកការងើបឡើងវិញក្រោយជំងឺរាតត្បាត ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ដើម្បីបង្កើនភាពធន់ ព្រមទាំងឆ្លៀតយកនិន្នាការសេដ្ឋកិច្ចថ្មីក្នុងតំបន់ និងពិភពលោក ដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំដើម្បីបន្តអភិវឌ្ឍន៍យ៉ាងលឿន ប្រកបដោយបរិយាប័ន្ន ចីរភាពនិងនវានុវត្តនភាព។

ជាមួយនឹងការសម្រេចបៀបវារៈទាំងអស់ដែលបានគ្រោងទុក កិច្ចប្រជុំAIPA Caucus ១៤ បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់សភាសមាជិក AIPA ក្នុងការដាក់បញ្ចូលសេចក្ដីសម្រេចចិត្តរបស់ AIPA ៤៣ ទៅក្នុងការអនុវត្តជាក់ស្ដែងនៅ ប្រទេសនីមួយៗ; ជំរុញនវានុវត្តន៍ ការផ្ទេរប្រគល់ ការអនុវត្ត និងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បម្រើកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព; បន្តកិច្ចខិតខំប្រឹងប្រែងពង្រឹងមជ្ឈភាព និងសាមគ្គីភាពក្នុងប្លុក ពង្រឹងសហគមន៍ បង្ហើយផែនការមេឆ្នាំ២០២៥ លើសសរស្តម្ភទាំងបី និងត្រៀមរៀបចំសម្រាប់ដំណាក់កាលអភិវឌ្ឍន៍បន្ទាប់ ជាមួយនឹងការកសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។ ការដែលរដ្ឋសភាវៀតណាមរៀបចំប្រកបដោយជោគជ័យនូវ កិច្ចប្រជុំក្រុមទីប្រឹក្សា AIPA លើកទី១៤ ក្រោមយន្តការប្ដូរវេននៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) គឺជាសកម្មភាពជាក់ស្តែង ជាការអនុវត្តគោលមាគ៌ាកិច្ចការបរទេសរបស់បក្សនិងរដ្ឋវៀតណាមស្ដីពីការជំរុញនិងលើកកម្ពស់កិច្ចការបរទេសពហុភាគី ដល់ឆ្នាំ២០៣០ បន្តពង្រីកតួនាទីនិងឋានៈរបស់រដ្ឋសភាវៀតណាមនៅយន្តការសហប្រតិបត្តិការអន្តរសភាក្នុងតំបន់និងលើពិភពលោក ជាពិសេសនៅ AIPA៕

ប្រតិកម្មទៅវិញ

ផ្សេងៗ