EU -ចិនខិតខំប្រឹងប្រែងសហប្រតិបត្តិការពាណិជ្ជកម្មប្រកបដោយតុល្យភាព
(VOVWORLD) - "កិច្ចសន្ទនាសេដ្ឋកិច្ច និងពាណិជ្ជកម្មជាន់ខ្ពស់" រវាងសហភាពអឺរ៉ុប (EU) និងចិន បានប្រព្រឹត្តិទៅនាថ្ងៃទី ២៥ ខែកញ្ញានៅទីក្រុងប៉េកាំង ប្រទេសចិន។ ក្នុងបរិបទដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរប្រឈមមុខនឹងការលំបាកជាច្រើន កិច្ចសន្ទនាក្នុងគោលបំណងកំណត់កម្រិតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី បន្ធូស្រាលភាពតានតឹងពាណិជ្ជកម្មនាពេលថ្មីៗនេះ និងជំរុញទំនាក់ទំនងនារយៈពេលខាងមុខ។
ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng និងអនុប្រធានគណៈកម្មការអឺរ៉ុប និងជាស្នងការពាណិជ្ជកម្ម EU លោក Valdis Dombrovskis |
ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng និងអនុប្រធានគណៈកម្មការអឺរ៉ុប និងជាស្នងការពាណិជ្ជកម្ម EU លោក Valdis Dombrovskis ជាប្រធានកិច្ចសន្ទនា។ ភាគីទាំងពីរបានឯកភាពថា ការពង្រឹងកិច្ចសន្ទនាទ្វេភាគីគឺជាជំហានដ៏សំខាន់មួយ ដើម្បីកែលម្អទំនាក់ទំនងរវាង EU-ចិន។
ភាពតានតឹងកើនឡើងទាក់ទងនឹងបញ្ហារថយន្តអគ្គិសនី
ទំនាក់ទំនងចិន- EU នាពេលថ្មីៗនេះបានជួបប្រទះនឹងការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើនដែលនាំមកនូវការសម្រេចចិត្តដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក។ ការស៊ើបអង្កេតនាពេលថ្មីៗរបស់ EU លើរលកនៃរថយន្តអគ្គិសនី (EV) តម្លៃថោក របស់ចិននៅទីផ្សាររបស់ប្លុកនេះបាននិងកំពុងបង្កឱ្យមានភាពតានតឹងថ្មីនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរ។
កាលពីថ្ងៃទី ១៣ ខែកញ្ញា គណៈកម្មការអឺរ៉ុប (EC) បានបើកការស៊ើបអង្កេតលើរថយន្តអគ្គិសនីដែលផលិតដោយចិន ព្រមទាំងកំពុងពិចារណាអំពីលទ្ធភាពយកពន្ធ ដាក់ទណ្ឌកម្ម ដើម្បីការពារក្រុមហ៊ុនផលិតរថយន្តរបស់ EU។ សកម្មភាពរបស់ EU ត្រូវបានចាត់ទុកថា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃការនាំចូលរថយន្តអគ្គិសនីរបស់ចិន។ ទោះបីជា ទើបតែចូលទីផ្សារក៏ដោយ ក៏ពាណិជ្ជសញ្ញារបស់ចិនបានស្រូកយក ៨% ចំណែកទីផ្សារអឺរ៉ុប។ យោងតាម EC តម្លៃរថយន្តអគ្គិសនីរបស់ចិនច្រើនតែមានតម្លៃទាបជាងម៉ូដែលផលិតដោយ EC ២០%។ ដូច្នេះចំណែកទីផ្សារនៃរថយន្តអគ្គិសនីរបស់ចិននៅទីនេះត្រូវបានគេព្យាករណ៍ថានឹងកើនឡើងទ្វេដងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ប្រការនេះបាននាំឱ្យមានក្ដីបារម្ភអំពីប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅអឺរ៉ុបនឹងធ្លាក់ចុះក្នុងពេលឆាប់ៗនេះ។
ក្រសួងពាណិជ្ជកម្មចិនបានព្រមានភ្លាមមួយរំពេចថា ការស៊ើបអង្កេតនេះគឺជាសកម្មភាពគាំពារ ដែលបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងពាណិជ្ជកម្មចិន-EU។ ក្រុមអ្នកវិភាគបានវាយតម្លៃថា មិនថាអត្រាពន្ធណាមួយដែល EU ដាក់លើរថយន្តអគ្គិសនីរបស់ចិនក៏អាចនាំឱ្យមានការសងសឹកពីទីក្រុងប៉េកាំង។
ក្នុងពេលនោះ ទំនាក់ទំនងសេដ្ឋកិច្ចរវាង EU-ចិន កំពុងជួបប្រទះអតុល្យភាពនៅពេលដែលទំហំពាណិជ្ជកម្មទ្វេភាគី ទោះបីជាឈានដល់កំណត់ត្រាកាលពីឆ្នាំមុន (ជាង ៩២៣ ពាន់លានដុល្លារអាមេរិក) គឺជាកម្រិតខ្ពស់បំផុតតាំងពីមុនមកក៏ដោយ ប៉ុន្តែ EU បានកត់សម្គាល់ឱនភាពពាណិជ្ជកម្មជិត ៤២៧ ពាន់លានដុល្លារអាមេរិក។ ភាគី EU បានចាត់ទុកថា មួយផ្នែកនៃឱនភាពពាណិជ្ជកម្មនេះ គឺដោយសារតែការរឹតបន្តឹងរបស់ចិនលើក្រុមហ៊ុនអឺរ៉ុប។ ឧបសគ្គក្នុងការជ្រៀតចូលទីផ្សារបានជំរុញឲ្យឱនភាពពាណិជ្ជកម្មរវាង EU ជាមួយចិនដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។
និន្នាការសហប្រតិបត្តិការនិងទំនាក់ទំនងពិបាកកាត់ផ្ដាច់
ក្នុងបរិបទនោះ តម្រូវការរក្សាស្ថិរភាពទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប្រកបដោយតុល្យភាព គឺជាសារសំខាន់ដែលអនុប្រធានគណៈកម្មាធិការអឺរ៉ុប និងស្នងការពាណិជ្ជកម្ម EU លោក Valdis Dombrovskis បាននាំយកមកក្នុងកិច្ចសន្ទនានៅទីក្រុងប៉េកាំងក្នុងដំណើរទៅកាន់ប្រទេសចិននេះ។ លោក Valdis Dombrovskis បានអំពាវនាវឱ្យភាគីទាំងពីរបង្កើតទីផ្សារបើកចំហ ជំរុញពាណិជ្ជកម្មសេរី និងយុត្តិធម៌។ លើសពីនេះ ទីក្រុងប៉េកាំង និងទីក្រុងប្រ៊ុចសែល គួរតែសហការគ្នា ដើម្បីដោះស្រាយបញ្ហាសកល ដូចជាសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានសង្កត់ធ្ងន់ថា EU គួរតែកាត់បន្ថយការពឹងផ្អែក លើផលិតផលយុទ្ធសាស្ត្រមួយចំនួនដែលត្រូវបានជ្រើសរើស ហើយធ្វើសកម្មភាពឲ្យសមស្រប និងមានគោលដៅដើម្បីរក្សាស្វ័យភាពជាយុទ្ធសាស្ត្ររបស់ប្លុកនេះ។
ក្រុមអ្នកជំនាញបានវាយតម្លៃថាទោះបីជានៅតែមានការខ្វែងគំនិតគ្នាច្រើនក៏ដោយ ប៉ុន្តែរវាង EU និងចិន នៅតែមានសក្តានុពលសន្ទនា និងសហប្រតិបត្តិការ។ភាគីទាំងពីរសុទ្ធតែគោរពទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ន ជាពិសេសលើវិស័យសេដ្ឋកិច្ច។ អឺរ៉ុបមិនចង់ឱ្យមានភាពតានតឹងផ្នែកសេដ្ឋកិច្ច និងការទូតជាមួយចិនទៀតឡើយ នៅពេលដែលប្លុកនេះស្ថិតក្នុងស្ថានភាពប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី។ ចិនក៏មិនមានបំណងប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មជួរមុខដូចជា EU ដែរ។
តថភាពជាក់ស្ដែងបានបង្ហាញថា ទោះបីជាមានការលំបាកក្នុងទំនាក់ទំនងនយោបាយ និងការទូតក៏ដោយ ប៉ុន្តែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអឺរ៉ុបនៅតែបន្តពង្រីក។ តម្លៃ ទំនិញទៅកាន់អឺរ៉ុបពីប្រទេសនាំចេញធំបំផុត ពិភពលោកគឺចិនបានកើនឡើងជិតទ្វេដងក្នុងចន្លោះឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២។ ក្នុងឆមាសទីមួយនៃឆ្នាំនេះ ចិននៅតែជាប្រទេសផ្គត់ផ្គង់ទំនិញធំបំផុតទៅកាន់ EU។ ក្នុងបរិបទនោះ ការបង្កើនកិច្ចសន្ទនាទ្វេភាគីគឺជាជំហានដ៏សំខាន់មួយដើម្បីដោះស្រាយបញ្ហារវាងភាគីទាំងពីរ ហើយ "កិច្ចសន្ទនាសេដ្ឋកិច្ច និងពាណិជ្ជកម្មជាន់ខ្ពស់" រវាង EU និងចិន មានគោលបំណងបន្ធូរស្រាលភាពតានតឹងពាណិជ្ជកម្ម និងស្វែងរកដំណោះស្រាយដើម្បីរក្សាស្ថិរភាពទំនាក់ទំនង EU-ចិន តាម ទិសដៅប្រកបដោយតុល្យភាពបន្ថែមទៀតនាពេលខាងមុខ៕