G7 បញ្ជាក់តួនាទីក្នុងការដោះស្រាយបញ្ហាប្រឈមសកល

(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ (G7) ទើបតែបានបិទបញ្ចប់កាលពីថ្ងៃទី ៨ ខែវិច្ឆិកា នៅទីក្រុងតូក្យូ។ កិច្ចប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍រួម ដែលបានផ្ដោតលើប្រធានបទក្តៅគគុកជាច្រើនរបស់ពិភពលោក ដោយបង្ហាញពី "ជំហរឯកភាព" របស់ G7 លើបញ្ហាដូចជាជម្លោះរុស្ស៊ី-អ៊ុយក្រែន ជម្លោះនៅតំបន់ហ្គាហ្សា ក៏ដូចជាការវិវឌ្ឍន៍ផ្សេងទៀតនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។

G7 បញ្ជាក់តួនាទីក្នុងការដោះស្រាយបញ្ហាប្រឈមសកល - ảnh 1បណ្ដាប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ (G7) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (រូបថត៖ AFP/TTXVN)

ការសម្រេចបានជំហររួមនៅក្នុងជម្លោះនៅមជ្ឈិមបូព៌ា

លទ្ធផលមួយក្នុងចំណោមលទ្ធផលដ៏ជោគជ័យនៃកិច្ចប្រជុំនេះ គឺភាគីនានាបានសម្តែងនូវ "ជំហរឯកភាព" របស់ G7 ស្តីពីជម្លោះនៅមជ្ឈិមបូព៌ា។ នេះជាសេចក្តីថ្លែងការណ៍ទី២ដែលក្រុម G7 បានធ្វើឡើងអំពីបញ្ហានេះចាប់តាំងពីជម្លោះផ្ទុះឡើងរវាងអង្គការចលនាអ៊ីស្លាមហាម៉ាសនិងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។ សេចក្តីថ្លែងការណ៍នេះ ទន្ទឹមនឹងការថ្កោលទោសការវាយប្រហារនោះ ក៏បានអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ផងដែរ។ G7 បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការធ្វើសកម្មភាពបន្ទាន់ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ហើយអំពាវនាវ
ឱ្យភាគីទាំងអស់អនុញ្ញាតឱ្យប្រតិបត្តិការជំនួយមនុស្សធម៌ ការពារជនស៊ីវិល និងគោរពតាមច្បាប់អន្តរជាតិ។

សមាជិក G7 បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិនៅក្នុងជម្លោះដែលកំពុងប្រព្រឹត្តទៅនៅមជ្ឈិមបូព៌ា។ រដ្ឋមន្ត្រីការបរទេស G7 ក៏បានប្តេជ្ញាចិត្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីដើម្បីត្រៀមរៀបចំដំណោះស្រាយយូរអង្វែងប្រកបដោយនិរន្តរភាពសម្រាប់តំបន់ហ្គាហ្សា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណោះស្រាយរដ្ឋពីរ ដែលធានាឲ្យទាំងប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែល រស់នៅជាមួយគ្នាដោយសន្តិភាព សន្តិសុខ និងទទួលស្គាល់គ្នាទៅវិញទៅមក គឺជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចបាននូវសន្តិភាពដ៏ស្ថិតស្ថេរនិងយូរអង្វែង។

ការដែលរដ្ឋមន្ត្រីការបរទេស G7 បានឯកភាពលើគោលជំហររួមស្តីពីជម្លោះនៅមជ្ឈិមបូព៌ាត្រូវបានចាត់ទុកថាជាជោគជ័យដ៏លេចធ្លោនៅក្នុងកិច្ចប្រជុំលើកនេះ។ រយៈពេលកន្លងមក ក្នុងខែតុលាឆ្នាំនេះ ក្នុងការបោះឆ្នោតនៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងចំណោមប្រទេស G7 ទាំង៧ មានតែអាមេរិកប៉ុណ្ណោះដែលបានបោះឆ្នោតប្រឆាំង ហើយបារាំងបានបោះឆ្នោតគាំទ្រការអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ខណៈដែលជប៉ុន អង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ និងកាណាដា សុទ្ធតែបោះឆ្នោតអនុបវាទ។ ប្រការនេះបង្ហាញថា គោលជំហររវាងបណ្ដាប្រទេស G7 លើស្ថានភាពជម្លោះនៅតំបន់ហ្គាហ្សា មានភាពខុសគ្នាច្រើន។ ហេតុដូច្នេះ ការដែលសមាជិក G7 បានផ្ដល់សំឡេងរួមដ៏ច្បាស់លាស់អំពីស្ថានភាពបច្ចុប្បន្ននៅតំបន់ហ្គាហ្សានៅឯកិច្ចប្រជុំលើកនេះបង្ហាញពីការខិតមកជិតគ្នារបស់ក្រុម G7 ក្នុងការដោះស្រាយបញ្ហាប្រឈម។

G7 បញ្ជាក់តួនាទីក្នុងការដោះស្រាយបញ្ហាប្រឈមសកល - ảnh 2(រូបថត៖ Kyodo/TTXVN)

បញ្ជាក់ពីកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមរួម

ក្រៅពីបញ្ហាជម្លោះហាម៉ាស់ - អ៊ីស្រាអែល រដ្ឋមន្ត្រីការបរទេស G7 ក៏បានឯកភាពលើសារៈសំខាន់នៃការរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយឈរលើបទបញ្ញត្តិនៃច្បាប់ ខណៈពេលដែលសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងដោយឯកតោភាគីសំដៅផ្លាស់ប្តូរស្ថានភាពនឹងមិនត្រូវបានទទួលយកនៅទីកន្លែងណាមួយលើពិភពលោកនោះឡើយ។

G7 បានគាំទ្រចំពោះសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយមានមជ្ឈភាពនិងសាមគ្គីភាព ជំរុញកិច្ចសហប្រតិបត្តិការស្របតាមចក្ខុវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិក។ G7 បានឯកភាពលើសារៈសំខាន់នៃការបង្កើតទំនាក់ទំនងស្ថិរភាព និងស្ថាបនាជាមួយប្រទេសចិន ហើយបញ្ជាក់ឡើងវិញនូវតួនាទីសំខាន់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ក្នុងការបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់គ្រប់គ្រងសកម្មភាពទាំងអស់នៅសមុទ្រ និងមហាសមុទ្រ។

ទាក់ទិននឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន ក្រុម G7 បានអះអាងពីជំហរឯកភាពរបស់ខ្លួនក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ព្រមទាំងរួមជាមួយដៃគូអន្តរជាតិ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងស្ដារសន្តិភាពនៅអ៊ុយក្រែនឡើងវិញ។ G7 បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីកណ្តាលដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់; លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងថាមពល ការតភ្ជាប់ និងគមនាគមន៍ប្រកបដោយនិរន្តរភាព។ រដ្ឋមន្ត្រីការបរទេស G7 បានប្តេជ្ញាចិត្តកសាងសាមគ្គីភាពអន្តរជាតិនៅខាងក្រៅ G7 ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនានា ដូចជាការប្រែប្រួលអាកាសធាតុ ការរំសាយអាវុធនុយក្លេអ៊ែរ និងសមភាពយេនឌ័រ រួមទាំងរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។

លទ្ធផលនៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 ដែលទើបតែធ្វើឡើងនៅប្រទេសជប៉ុន បានទទួលជោគជ័យជាក់ស្ដែងក្នុងការបង្រួញគម្លាតរវាងប្រទេសសមាជិកលើដំណោះស្រាយចំពោះបញ្ហាពិភពលោកដ៏ក្តៅគគុក។ បន្ទាប់ពីការប្តេជ្ញាចិត្ត សហគមន៍អន្តរជាតិសង្ឃឹមថា G7 នឹងចាត់វិធានការធ្វើសកម្មភាពដ៏ជាក់ស្ដែង ដើម្បីអនុវត្តន៍ការប្តេជ្ញាចិត្តទាំងនេះ ជាពិសេសប្រទេសដែលពាក់ព័ន្ធដោយផ្ទាល់នឹងជម្លោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ