WEF 2022៖ វៀតណាមជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Le Minh Khai កំពុងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២ (WEF ២០២២) ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ឧសភា នៅទីក្រុង Davos (ស្វីស)។ ចូលរួមកិច្ចប្រជុំ WEF Davos គឺជាសកម្មភាពកិច្ចការបរទេសពហុភាគីដ៏សំខាន់របស់វៀតណាម ក្នុងឆ្នាំ ២០២២ ដែលបង្ហាញថា វៀតណាមតែងតែគោរពនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយ WEF ក៏ដូចជាការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការរួមដៃជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសកល។

WEF 2022៖ វៀតណាមជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ (រូបភាព៖ ក្រសួងការបរទេស)

WEF ២០២២ ប្រព្រឹត្តទៅនៅពេលវេលាដ៏សំខាន់មួយ ខណៈដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំបណ្តាប្រទេស អង្គការអន្តរជាតិ ធុរកិច្ច អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ (NGOs) និងអ្នកប្រាជ្ញ ជាង ២.៥០០ នាក់។ ក្រោមប្រធានបទ “ប្រវត្តិសាស្រ្តក្នុងដំណាក់កាលរបត់មួយ៖ គោលនយោបាយរបស់រដ្ឋាភិបាល និងយុទ្ធសាស្ត្ររបស់សហគ្រាស” កិច្ចប្រជុំនេះ មានគោលបំណងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមសំខាន់ៗរបស់ពិភពលោក រួមទាំងជំងឺរាតត្បាតសកល ជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន ក៏ដូចជាវិបត្តិសេដ្ឋកិច្ចភូមិសាស្ត្រ និងការប្រែប្រួលអាកាសធាតុ។

ឱកាសសម្រាប់វៀតណាមឧទ្ទេសនាមនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខ្លួនក្នុងដំណាក់កាលថ្មី

ក្រោយរយៈពេលពីរឆ្នាំត្រូវផ្អាកដោយសារជំងឺរាតត្បាតកូវីដ ១៩, WEF ២០២២ បានប្រព្រឹត្តទៅ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រាប់ពាន់នាក់ មកបីបណ្តាប្រទេស អង្គការអន្តរជាតិ និងវិស័យឯកជន រួមជាមួយនឹងអ្នកត្រួសត្រាយបច្ចេកវិទ្យា និងអ្នកដឹកនាំឧស្សាហកម្មជិត ១០០ នាក់ រួមទាំងអង្គភាពអាជីវកម្មចាប់ផ្តើមអាជីពជាច្រើនទៀតផង។ ដូច្នេះ នេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ឧទ្ទេសនាមដោយផ្ទាល់ដល់ថ្នាក់ដឹកនាំបណ្តាប្រទេស អង្គការអន្តរជាតិ សហគ្រាសនិងវិនិយោគិនឈានមុខពិភពលោក អំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងសម័យកាលថ្មី គោលនយោបាយបើកទ្វារទេសចរណ៍ ផ្សព្វផ្សាយនិងទាក់ទាញពាណិជ្ជកម្ម  វិនិយោគ និងការស្តារសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយឆ្ពោះទៅការផ្លាស់ប្តូរទៅជាគំរូកំណើនបៃតង ឌីជីថល រួមជាមួយការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការរក្សា និងជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ព្រមទាំងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

នៅក្នុងកិច្ចប្រជុំ WEF ២០២២ ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានអញ្ជើញថ្លែងមតិនិងចែករំលែកទស្សនៈវិស័យរបស់វៀតណាមនៅសម័យប្រជុំសំខាន់ៗ ស្តីពីសន្តិសុខស្បៀង និងអភិវឌ្ឍន៍អាស៊ានឌីជីថល ។ល។ លោកឧបនាយករដ្ឋមន្ត្រីក៏បានជួបពិភាក្សាការងារជាមួយប្រធាន WEF លោក Borge Brende ស្តីពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង WEF ពិភាក្សាដើម្បីឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវៀតណាមនិង WEF, បង្កើតក្របខ័ណ្ឌសម្រាប់កម្មវិធីនិងសកម្មភាពសហប្រតិបត្តិការនាពេលខាងមុខ រវាងវៀត ណាមណាមនិង WEF ក៏ដូចជាបណ្តាញសាជីវកម្មអន្តរជាតិធំៗដែលជាសមាជិក WEF តាមនោះជួយវៀតណាមអនុវត្តន៍ប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាមដំណាក់កាល២០២១-២០២៥ និងឆ្ពោះទៅឆ្នាំ ២០៣០។

WEF 2022៖ វៀតណាមជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ - ảnh 2ប្រតិភូពិភាក្សានៅវេទិកា (រូបភាព៖ ក្រសួងការបរទេស)

វៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ WEF

ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង WEF បានចាប់បដិសន្ធិតាំងពីឆ្នាំ ១៩៨៩។ នេះគឺជាវេទិកាសន្ទនារដ៏សំខាន់ រវាងថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម និងសាជីវកម្មឈានមុខគេលើពិភពលោក ជួយបំផុសគំនិតលើកំណែទម្រង់សេដ្ឋកិច្ច ហើយទន្ទឹមនឹងនោះ នាំមកនូវឱកាសវិនិយោគដល់វៀតណាមនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេស។

ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ WEF ជាទៀងទាត់ នៅទីក្រុង Davos ប្រទេសស្វីស និងអាស៊ីបូព៌ា។ វៀតណាមតែងតែបង្ហាញពីភាពស្វាហាប់ ភាពសកម្មរបស់ខ្លួនតាមរយៈការលើកឡើងសំណើរនិងគំនិតថ្មីៗ រួមទាំងការអនុវត្តរាល់ផែនការសហប្រតិបត្តិការជាក់ស្តែងទៀងផង។ ចំណុចសម្គាល់លេចធ្លោរបស់វៀតណាមគឺបានសហការជាមួយ WEF ដើម្បីរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក តំបន់អាស៊ីបូព៌ានៅទីក្រុងហូជីមិញកាលពីឆ្នាំ ២០១០; វេទិកាសេដ្ឋកិច្ចពិភពលោកថ្នាក់តំបន់មេគង្គឆ្នាំ ២០១៦ នៅទីក្រុងហាណូយ; កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៨ ស្តីពីអាស៊ាន ឆ្នាំ ២០១៨។ ជាពិសេសនៅវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៨ (WEF ASEAN 2018) ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះ និងជាសហអ្នករៀបចំកិច្ចប្រជុំនោះ វៀតណាមបានកត់សម្គាល់នៅពេលនាំយកបញ្ហា ឧស្សាហកម្ម ៤.០ ទៅក្នុងខ្លឹមសារនៃកិច្ចប្រជុំ ក៏ដូចជាការបញ្ចូលបញ្ហាជាច្រើនដែលវៀតណាមនិងប្រទេសអាស៊ានចាប់អារម្មណ៍ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ ហើយការរួមវិភាគទានរបស់វៀតណាមត្រូវបានអន្តរជាតិវាយតម្លៃខ្ពស់។

ថ្មីៗនេះ នៅខែតុលា ឆ្នាំ ២០២១ កិច្ចសន្ទនាយុទ្ធសាស្ត្រជាតិរវាងវៀតណាម និង WEF ត្រូវបានប្រារព្ធឡើងជាលើកដំបូង ហើយ WEF បានចាត់ទុកកិច្ចសន្ទនានេះថាជាកិច្ចសន្ទនាយុទ្ធសាស្ត្រជាតិដ៏ជោគជ័យបំផុត ដែល WEF បានសម្របសម្រួលជាមួយប្រទេសមួយ ទាំងលក្ខខណ្ឌនៃកម្រិតនៃការចូលរួម ខ្លឹមសារ ពេលវេលា និងការងាររៀបចំ។

បន្ទាប់ពីជោគជ័យទាំងនោះ WEF ២០២២ លើកនេះ បន្តជាឱកាសមួយសម្រាប់ វៀតណាមដើម្បីឧទ្ទេសនាមដោយផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំនៃប្រទេសផ្សេងៗ អង្គការអន្តរជាតិ អាជីវកម្ម និងវិនិយោគិនសំខាន់ៗក្នុងពិភពលោកអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាលថ្មី គោលនយោបាយបើកទ្វារទេសចរណ៍ឡើងវិញ ជំរុញនិងទាក់ទាញពាណិជ្ជកម្ម ការវិនិយោគ ការស្តារសេដ្ឋកិច្ចបរិយាប័ន្ន ឆ្ពោះទៅការផ្លាស់ប្តូរទៅជាគំរូកំណើនបៃតង ឌីជីថលភាវូបនីយកម្ម និងនិរន្តរភាព រួមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការរក្សា និងជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លើសពីនេះទៅទៀត ការចូលរួមក្នុងកិច្ចប្រជុំនេះ គឺជាឱកាសដើម្បីបញ្ជាក់ថា វៀតណាមកំពុងក្លាយជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ ដោយមានការខិតខំប្រឹងប្រែងដើម្បីកំណត់រូបរាងអនាគត ហើយទន្ទឹមនឹងនោះក៏ជាទិសដៅសម្រាប់អាជីវកម្មសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ