កងទ័ពប្រជាជនវៀតណាមប្រសូត្រចេញពីប្រជាជន ដើម្បីបម្រើប្រជាជន

(VOVWORLD) - ដោយស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចប្រយុទ្ធប្រឆាំងជាមួយសត្រូវ” កងទ័ពប្រជាជនវៀតណាមគឺជាកម្លាំងដ៏សំខាន់ដែលចូលរួមក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅទូទាំងប្រទេស ជាពិសេសនៅបណ្តាខេត្តភាគខាងត្បូង។ ប៉ុន្តែ នៅទីនេះ ទីនោះ គឺមានការសង្ស័យអំពីគោលដៅនៃការប្រយុទ្ធដើម្បីផលប្រយោជន៍ជាតិ ផលប្រយោជន៍របស់ប្រជាជន ដើម្បីសុខភាពនិងអាយុជីវិតរបស់ប្រជាជន។ ការមួលបង្កាច់ បំផ្លើសការពិតនៅក្នុងបរិបទដែលប្រទេសជាតិទាំងមូលកំពុងខិតខំប្រឹងប្រែងរួមជាមួយប្រជាជននៅភាគខាងត្បូងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាលដាលគឺពិតជាល្បិចកលពិសពុលនិងអមនុស្សធម៌ទៀតសោត។ 

កងទ័ពប្រជាជនវៀតណាមប្រសូត្រចេញពីប្រជាជន ដើម្បីបម្រើប្រជាជន - ảnh 1ពិធីជូនដំណើរក្រុមគ្រូពេទ្យយោធាដើម្បីផ្តល់កម្លាំងជួយដល់ជួរខ្សែប្រយុទ្ធជួរមុខប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ (រូបថត៖ VOV)

អនុវត្តន៍តាមសារាចររបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្តីពីការបង្កើនកងកម្លាំងចូលរួមក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅទីក្រុងហូជីមិញនិងបណ្តាខេត្តភាគខាងត្បូង ចាប់ពីថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២១ កម្មាភិបាល យុទ្ធជន កម្លាំងនគរបាល បុគ្គលិកពេទ្យ ហើយគ្រូពេទ្យនៅគ្រប់តំបន់លើទូទាំងប្រទេស បានប្រញាប់ប្រញាល់ចេញដំណើរផ្តល់កម្លាំងជួយដល់បណ្តាខេត្តភាគខាងត្បូង។ រូបភាពយុទ្ធជន កងទ័ព កម្លាំងនគរបាល កងជីវពលនិងកងកម្លាំងដទៃទៀតរួមគ្នាចែកជូនស្បៀងអាហារដល់ប្រជាជន ជួយឧបត្ថម្ភប្រជាជនក្នុងការព្យាបាលជំងឺកូវីដនៅតាមផ្ទះ ចូលរួមធានាសន្តិសុខសណ្តាប់ធ្នាប់សង្គម ពិតជាបានក្លាយជាទីបង្អែកស្មារតីដ៏ធំធេងសម្រាប់ប្រជាជនទីក្រុង ហូជីមិញនិងខេត្តជុំវិញ។       

សម្រាប់កម្លាំងយោធា ការបំពេញភារកិច្ចជាបន្ទាន់ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជា ជនគឺជាសកម្មភាពធម្មតាបំផុត។ កងទ័ពប្រជាជនវៀតណាមប្រសូត្រចេញពីប្រជាជន និងលះបង់ដើម្បីប្រជាជន ដូច្នេះសេចក្តីស្រឡាញ់របស់កងទ័ពនិងប្រជាជនប្រៀបបានដូចជាត្រីនិងទឹកអញ្ជឹង។ ហេតុដូច្នេះកម្លាំងកងទ័ពមិនត្រឹមតែបំពេញភារកិច្ចចម្បងរបស់ខ្លួនក្នុងការហ្វឹកហាត់និងប្រយុទ្ធដើម្បីការពារមាតុភូមិប៉ុណ្ណោះទេ ថែមទាំងជួយប្រជាជនជាប្រចាំ នៅ ពេលដែលប្រជាជនរងគ្រោះឬជួបមហន្តរាយធម្មជាតិទៀតផង។ រូបភាពកងទ័ពច្រូតស្រូវដើម្បីជួយប្រជាជនក្នុងគ្រោះទឹកជំនន់ ជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាពពេលមានព្យុះ ឬស្វែងរកមនុស្សដែលមានជួបគ្រោះថ្នាក់ បាត់ខ្លួន គឺជារូបភាពដែលបានមើលឃើញប្រចាំថ្ងៃនៅក្នុងប្រទេសវៀតណាម។ យ៉ាងណាមិញ ការចូលរួមរបស់កងទ័ពក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូងលើកនេះ គឺជាការបន្តនូវស្មារតីនៃការភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធដែលមានក្នុងប្រវត្តិសាស្ត្ររវាងកងទ័ពនិងប្រជាជនវៀតណាម។

ចាប់តាំងពីដើមខែឧសភាឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន ទីក្រុងហូជីមិញនិងបណ្តាខេត្តភាគខាងត្បូងបានឆ្លងកាត់ដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ យ៉ាងស្មុគស្មាញបំផុត។ ស្ថាប័នទាំងអស់នៃប្រព័ន្ធនយោបាយនិងប្រជាជនកំពុងប្រឈមមុខនឹងការលំបាកជាច្រើន។ កងកម្លាំងនៅខ្សែប្រយុទ្ធជួរមុខនៅតាមបណ្តាខេត្តនិងក្រុងបាននិងកំពុងបំពេញការងារទាំងយប់ទាំងថ្ងៃ។ បទបញ្ជាមានលក្ខណៈស្លាប់រស់នៅពេលនេះគឺត្រូវទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាច់សាហាវនេះ។ នោះមិនត្រឹមតែជាការប្តេជ្ញាចិត្តនិងគោលដៅខ្ពស់បំផុតរបស់ទីក្រុងហូជីមិញនិងបណ្តាខេត្តដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺនេះប៉ុណ្ណោះទេ ថែមទាំងជាភារកិច្ចរបស់ប្រទេសជាតិទាំងមូលទៀតផងដែរ។ ហេតុដូច្នេះ ការសម្រេចបញ្ជូនកងទ័ពទៅសម្របសម្រួលជាមួយកងកម្លាំងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅទីក្រុងហូជីមិញនិងបណ្តាខេត្តជុំវិញដើម្បីបង្កើនប្រសិទ្ធភាពនៃការរក្សាគម្លាតសង្គម គ្រប់គ្រងជំងឺរាតត្បាតនិងទប់ស្កាត់កត្តាអស្ថិរភាពទាក់ទងនឹងសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សង្គម គឺត្រឹមត្រូវនិងចាំបាច់បំផុត។ រួមជាមួយក្រុមបុគ្គលិកពេទ្យ គ្រូពេទ្យ គឺគ្មានកម្លាំងណាដែលមានវិជ្ជាជីវៈនិងប្រសិទ្ធភាពជាងកម្លាំងកងទ័ពក្នុងការបំពេញភារកិច្ចនេះឡើយ។ ព្រោះថា តាំងពីដើមដំបូងនៃការផ្ទុះឡើងជំងឺរាតត្បាត កម្លាំងកងទ័ពគឺជាកម្លាំងស្នូលក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺនៅវៀតណាម។ រហូតមកដល់ពេលនេះ កម្លាំងកងទ័ពបាននិងកំពុងបំពេញភារកិច្ចជាបន្តបន្ទាប់ ចាប់ពីការត្រួតពិនិត្យព្រំដែន ប្រតិបត្តិការតំបន់សម្រាប់ធ្វើចត្តាឡីស័ក បាញ់ថ្នាំសម្លាប់មេរោគ ដំណើរការការងារភស្តុភារ រៀបចំការធ្វើតេស្តនិងការចាក់វ៉ាក់សាំងដល់ប្រជាជន រហូតដល់ការពិនិត្យព្យាបាលនិងជួយការបូជាអ្នកជំងឺដែលត្រូវស្លាប់ទៀតផង។

កងទ័ពប្រជាជនវៀតណាមប្រសូត្រចេញពីប្រជាជន ដើម្បីបម្រើប្រជាជន - ảnh 2កងទ័ពផ្តល់ជំនួយជារបស់របរចាំបាច់ដល់គ្រួសារដែលខ្វះខាតនៅសង្កាត់ Tan Quy ខ័ណ្ឌ ទី ៧ ទីក្រុងហូជីមិញ (រូបថត៖ VOV)

កងទ័ពវៀតណាមចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ជាទម្លាប់អន្តរជាតិក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩នៅទូទាំងពិភពលោក។ ប្រទេសជាច្រើននៅជុំវិញពិភពលោកបានគៀរគរកម្លាំងយោធារបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩។ សកម្មភាពជួយឧបត្ថម្ភរបស់កងកម្លាំងទាំងនេះ មានលក្ខណៈសម្បូរបែប ពីការជួយពង្រឹងវិធានការប្រឆាំងការរីករាលដាល ការរៀបចំការដឹកជញ្ជូន ការចែកចាយអាហារនិងថ្នាំដល់ប្រជាជន ការចូលរួមដោយផ្ទាល់ក្នុងការព្យាបាលអ្នកជំងឺ រក្សាសណ្តាប់ធ្នាប់សាធារណៈ ធានាឱ្យប្រជាជនគោរពតាមវិធានការរឹតត្បិតការធ្វើដំណើររបស់រដ្ឋាភិបាល និងវិធានការរក្សាគម្លាតសង្គមរបស់រដ្ឋអំណាចតំបន់។ លើសពីនេះទៅទៀត កម្លាំងយោធារបស់ប្រទេសជាច្រើនបានដាក់ពង្រាយកងកម្លាំងភស្តុភារដើម្បីជួយឧបត្ថម្ភដល់ការទិញរបស់របរ ការផលិត ការដឹកជញ្ជូននិងការចែកចាយនូវសំភារៈចាំបាច់ រួមទាំងឧបករណ៍ការពារផ្ទាល់ខ្លួន ឧបករណ៍ជួយដកដង្ហើមនិងអុកស៊ីសែនជាដើម។ អង្គភាពយោធាជាច្រើនថែមទាំងធ្វើតេស្តចល័ត Sars-CoV-២ ពិនិត្យនិងព្យាបាលអ្នកជំងឺដោយផ្ទាល់ផងដែរ។ ឧទាហរណ៍នៅប្រទេសចិន គ្រូពេទ្យយោធាប្រមាណ ១ ម៉ឺននាក់ត្រូវបានគៀរគរនិងដាក់ពង្រាយក្នុងដំណាក់កាលផ្សេងៗគ្នាដើម្បីព្យាបាលអ្នកជំងឺកូវីដ ១៩ នៅពេលដែលជំងឺនេះផ្ទុះឡើងនៅទីក្រុង វូហាន ខេត្តហ៊ូប៉ី។ នៅកូរ៉េខាងត្បូង យោធាក៏ដើរតួយ៉ាងសំខាន់ក្នុងការជួយគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺរាតត្បាត។ នៅចក្រភពអង់គ្លេស ក្រសួងការពារជាតិនៃប្រទេសនេះ កាលពីដើមឆ្នាំបានបញ្ជាក់ថា ការឆ្លើយតបរបស់កម្លាំងយោធាចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ បានក្លាយជាប្រតិបត្តិការយោធាក្នុងប្រទេសដ៏ធំបំផុតក្នុងកំឡុងពេលសន្តិភាព ដោយមានអ្នកចូលរួម ជាង ៥.០០០ នាក់ ក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ការធ្វើតេស្តទ្រង់ទ្រាយធំនិងសកម្មភាពភស្តុភារផ្សេងទៀត។ នៅប្រទេសឥណ្ឌា នាដើមខែឧសភា ប្រទេសនេះបានបង្កើតអង្គភាពគ្រប់គ្រងកូវីដ -១៩ ដែលដឹកនាំដោយផ្ទាល់ដោយមេបញ្ជាការរងកងទ័ព ដើម្បីសម្របសម្រួលសកម្មភាពជួយឧបត្ថម្ភផ្នែកបុគ្គលិកនិងភស្តុភារនិងសម្របសម្រួលជាមួយអាជ្ញាធរស៊ីវិលពាក់ព័ន្ធ។

ទោះបីជាទំហំនិងវិសាលភាពនៃការដាក់ពង្រាយនិងសកម្មភាពជួយឧបត្ថម្ភមានភាពខុសប្លែកគ្នាក៏ដោយក៏កម្លាំងយោធានៃប្រទេសជាច្រើន ក្នុងនោះមានកងទ័ពប្រជាជនវៀតណាមកំពុងនាំមកនូវសមត្ថភាពសំខាន់ៗ រួមទាំងការរៀបចំផែនការដើម្បីដោះស្រាយវិបត្តិ បញ្ជាណែនាំនិងការត្រួតពិនិត្យ រួមទាំងជួយដល់ផ្នែកភ័ស្តុភារនិងវេជ្ជសាស្ត្រនាគ្រាផ្ទះជំងឺរាតត្បាត កូវីដ ២៩។ ហេតុដូច្នេះ ការមូលបង្កាច់ បំផ្លើសការពិតអំពីការចូលរួមរបស់កម្លាំងយោធាក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ នៅប្រទេសវៀតណាម ក្នុងបរិបទបច្ចុប្បន្ននេះ គឺជាសកម្មភាពដែលផ្តើមចេញពីការមើលឃើញខ្លីអរិភាព សូម្បីតែចិត្តគំនិតអមនុស្សធម៌និងពិសពុលចំពោះមនុស្សដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ