កិច្ចចរចាបង្កើតរដ្ឋាភិបាលចម្រុះនៅអាល្លឺម៉ង់៖ ការខំប្រឹងប្រែងជំនះពុះពារលើឧបសគ្គចុងក្រោយ
(VOVWORLD) - ជំនួបចរចាចុងក្រោយស្ដីពីការបង្កើតរដ្ឋាភិបាលចម្រុះនៅអាល្លឺម៉ង់ត្រូវអូសបន្លាយជាងការរំពឹងទុក (ដល់ថ្ងៃទី៤ កុម្ភៈ)។ ទោះបីជាភាគីនានាទទួលបានការ យល់ព្រមថ្មីក្ដី ប៉ុន្តែនៅមានការលំបាកមួយចំនួនមុននឹងឈានទៅកិច្ចព្រមព្រៀង ចុងក្រោយ។
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ថ្នាក់ដឹកនាំគណបក្ស CSU លោក Horst Seehofer (ខាងឆ្វេង) និងថ្នាក់ដឹកនាំ SPD លោក Martin Schulz (ខាងស្ដាំ) ក្នុងសន្និសីទកាសែតនៅទីក្រុងបែកឡាំងនាថ្ងៃទី១២ មករា កន្លងទៅ (រូបថត៖ Xinhua/ TTXVN) |
ការស្រុះចិត្តគំនិតពន្យាពេលកិច្ចចរចាសំដៅជំនះពុះពារលើឧបសគ្គចុងក្រោយនេះ បានសរឲ្យឃើញនូវគោលបំណងរបស់គណបក្សទាំងអស់ក្នុងការបញ្ចប់ស្ថានភាពជាប់គាំងខាងនយោបាយនៅប្រទេសនេះអស់រយៈពេលជាង៤ខែកន្លងមក ក្រោយពីការបោះឆ្នោតរដ្ឋសភាកាលពីខែកញ្ញាឆ្នាំ២០១៧។
កិច្ចចរចាបង្កើតរដ្ឋាភិបាលចម្រុះនៅអាល្លឺម៉ង់បានប្រព្រឹត្តទៅរវាងគណបក្ស ឆ្វេងនិយមកណ្ដាល សង្គមប្រជាធិបតេយ្យ (SPD) ជាមួយសម្ព័ន្ធភាពអភិរក្សនិយមរួមមានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ/សង្គមគ្រិស្តសាសនា (CDU/CSU) របស់អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel។ ដំណើរការនេះត្រូវបានចាប់ផ្ដើមពីខែមករាឆ្នាំ២០១៨ និងបានឆ្លងកាត់បែបបទជាច្រើនដើម្បីឈានដល់វង់ចរចាចុងក្រោយនេះ។
ការបោះជំហានគួរឲ្យកត់សម្គាល់
ដូចការព្យាករណ៍ថា សម្ព័ន្ធភាពគណបក្ស CDU/CSU របស់លោកស្រី Angela Merkel ត្រូវឆ្លងកាត់ការពិភាក្សាដ៏តឹងរឹងនិងលំបាកលំបិនជាមួយ SPD ក្នុងជំនួបចរចាមានលក្ខណៈសំរេចកំណត់នេះ។ ប៉ុន្តែ ដោយឈរលើ សុឆន្ទៈដូចការសន្យារបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរនោះ គឺលទ្ធផលលេចធ្លោមួយចំនួនត្រូវបានសំរេចហើយ។ នោះគឺជាឯកភាពលើបញ្ហាធំៗមួយចំនួនដូចជាគោលដៅទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការរួមវិភាគទានប្រាក់បៀវត្តន៍និងការជួបជុំគ្រួសារជនភៀសខ្លួន។
ស្ដីពីបញ្ហាអឺរ៉ុប ភាគីទាំង២បានឯកភាពថា នឹងមានថវិកាដោយឡែកមួយដើម្បីវិនិយោគចូលមកតំបន់បាយប្រាក់អឺរ៉ូ (eurozone) ហើយនឹងបញ្ចប់គោលនយោបាយរឹតត្បិតខាងថវិកា។ ក្រៅពីនោះ CDU/CSU និង SPD ក៏យល់ស្របគ្នាជំរុញការដាក់ពន្ធដ៏ត្រឹមត្រូវនិងប្រកបដោយសមភាពជាងមុន ចំពោះសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកដែលកំពុងធ្វើសកម្មភាពនៅអឺរ៉ុបដូចជា Google Apple Facebook និង Amazon។
រាល់លទ្ធផលពោលខាងលើ បាននាំមកនូវសុទិដ្ឋិនិយមអំពីដំណើរការចរចា។ ព្រមទាំងឆ្លុះបញ្ចាំងនូវទស្សនៈរួមរបស់ភាគីទាំងពីរ ស្ដីពីសារសំខាន់នៃការបង្កើតរដ្ឋាភិបាលចម្រុះនៅអាល្លឺម៉ង់ចំពោះការកសាងទ្វីបអឺរ៉ុបមួយដ៏ខ្លាំងក្លានិងឯកភាព។
ឧបសគ្គ
ឧបសគ្គធំបំផុតចំនួន២ ដែលរារាំង CDU/CSU និង SPD ក្នុងការទទួលបានកិច្ចព្រមព្រៀងចុងក្រោយគឺបញ្ហាច្បាប់ការងារនិងសុខាភិបាល។ SPD ចាត់ទុកនេះជាសមរភូមិផ្ទៃក្នុងសំខាន់ សំដៅដណ្ដើមយកវិញនូវការគាំទ្ររបស់ភាគីឆ្វេងនិយមក្នុងគណបក្សនេះ ក៏ដូចបក្ខជននានាដែលខកចិត្តចំពោះការដែល SPD ចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយ CDU/CSU។ គួរឲ្យក្រើនរំលឹកឡើងវិញថា ការដែល SPD ចូលរួមកិច្ចចរចាបង្កើតសម្ព័ន្ធភាពជាមួយ CDU/CSU បានបង្កឡើងការបែកបាក់ដ៏ធ្ងន់ធ្ងរក្នុងគណបក្ស SPD ដូច្នេះហើយ ការស្ដារសាមគ្គីភាពឡើងវិញជាអាទិភាពចម្បងចំពោះគណបក្សនេះ។
ក្នុងរយៈពេល៤ខែកន្លងមក ប្រទេសអាល្លឺម៉ង់មិនមានរដ្ឋាភិបាលស្ថិរភាពណាមួយឡើយ។ ប្រការនេះមិនត្រឹមតែជះឥទ្ធិពលទៅលើការអភិវឌ្ឍរបស់ប្រទេសនេះប៉ុណ្ណោះទេ ថែមទាំងផែនការកែទម្រង់សហភាពអឺរ៉ុបក៏រងផលប៉ះពាល់ផងដែរ។ដោយហេតុនេះ ការទទួលបានកិច្ចព្រមព្រៀងសំដៅបង្កើតរដ្ឋាភិបាលចម្រុះនៅអាល្លឺម៉ង់គឺជាសញ្ញាល្អប្រសើរមួយចំពោះអាល្លឺម៉ង់ផងនិងទ្វីបអឺរ៉ុបទៀតផង៕