(VOVWORLD) - កិច្ចប្រជុំកំពូលលើកទីពីរក្នុងឆ្នាំនេះរបស់សហភាពអឺរ៉ុប (EU) បានបញ្ចប់នៅថ្ងៃទី ២៤ ខែមីនា ក្រោយរយៈពេល ២ ថ្ងៃប្រជុំនៅទីក្រុងព្រុចសែល (ថ្ងៃទី ២៣ដល់ទី២៤ ខែមីនា ប្រទេសបែលហ្សិក)។ បញ្ហាក្ដៅគគុកដ៏គួរឲ្យយកចិត្តទុកដាក់បំផុត នៅក្នុងសហភាពនាពេលនេះសុទ្ធតែត្រូវបានលើកយកមកពិភាក្សា។ នោះគឺការជួយគាំទ្រអ៊ុយក្រែននៅក្នុងជម្លោះជាមួយរុស្ស៊ី; វិធានការបង្កើនសមត្ថភាពប្រកួតប្រជែងរយៈពេលវែងរបស់សហភាពអឺរ៉ុប សន្តិសុខថាមពល និងបញ្ហាជនចំណាកស្រុក។
មេដឹកនាំនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបជួបប្រជុំក្នុងរយៈពេល២ថ្ងៃ ទី២៣និងទី២៤ ខែមីនា។ (រូបថត៖ Reuters) |
បញ្ជាក់ឡើងវិញនូវការសន្យាគាំទ្រទីក្រុងគៀវ
ការគាំទ្រអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ីគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាចំនួនពីរដែលត្រូវបាន EU ជ្រើសរើសយកមកពិភាក្សានៅថ្ងៃធ្វើការដំបូងនៅឯកិច្ចប្រជុំដែលបង្ហាញថា អ៊ុយក្រែនគឺជាកង្វល់ជួរមុខរបស់ EU។ ដោយមិនជួបប្រទះនឹងការលំបាកទេ កិច្ចព្រមព្រៀងផ្គត់ផ្គង់ដល់អ៊ុយក្រែននូវគ្រាប់កាំភ្លើងធំចំនួន ១ លានគ្រាប់ក្នុងរយៈពេល ១២ ខែបន្ទាប់ ត្រូវបានអនុម័តយ៉ាងឆាប់រហ័សដោយមេដឹកនាំ EU។ មុននោះ កិច្ចព្រមព្រៀងខាងលើត្រូវបានឯកភាពក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេស EU កាលពីថ្ងៃទី២០ មីនា។ តាមកិច្ចព្រមព្រៀងនេះ គណៈកម្មាធិការអឺរ៉ុបនឹងផ្តល់ថវិកាចំនួន ១ ពាន់លានអឺរ៉ូដល់បណ្តាប្រទេសសមាជិក ដើម្បីផ្ដល់ទៅឲ្យអ៊ុយក្រែននូវគ្រាប់កាំភ្លើងធំចំនួន ១ លានគ្រាប់ ដែលយកចេញពីឃ្លាំងរបស់ប្រទេសទាំងនេះ។ លើសពីនេះ ថវិកាចំនួន ១ ពាន់លានអឺរ៉ូផ្សេងទៀតនឹងត្រូវចំណាយលើការទិញគ្រាប់រំសេវរួមជាមួយគ្នាដែរ។ ការបញ្ជាទិញ នឹងចាប់ផ្តើមនៅខែឧសភាខាងមុខ។
ក្រៅពីនោះ នៅកិច្ចប្រជុំ មេដឹកនាំសហភាពអឺរ៉ុបបានអះអាងជាឯកច្ឆ័ន្ទថា នឹងមិនបន្ធូរបន្ថយទណ្ឌកម្មណាមួយទៅលើរុស្ស៊ីឡើយ។ កិច្ចប្រជុំក៏បានពិភាក្សាអំពីការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ក្នុងនោះពិចារណាជាពិសេសលើសកម្មភាពពាណិជ្ជកម្មជាមួយទីក្រុងម៉ូស្គូតាមរយៈប្រទេសទី៣មួយចំនួន។ ក្រុមប្រឹក្សាអឺរ៉ុបអំពាវនាវឱ្យមានការទប់ស្កាត់ភ្លាមមួយរំពិច ពេញលេញ និងគ្មានលក្ខខណ្ឌចំពោះសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងមក សហភាពអឺរ៉ុប និងប្រទេសជាសមាជិកបានផ្តល់ទឹកប្រាក់ប្រហែល ៦៧ ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងប្រជាជននៃប្រទេសនេះ។ ពួកគេក៏បានអនុវត្តន៍វិធានការរឹតត្បិតជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងរុស្ស៊ីផងដែរ។
ដោះស្រាយបញ្ហាប្រឈមមិនមែនជារឿងថ្មីរបស់ EU
យោងតាមមជ្ឈដ្ឋានអ្នកវិភាគ ក្រៅពីការជួយគាំទ្រអ៊ុយក្រែន ការលើកកំពស់
សមត្ថភាពប្រកួតប្រជែងរយៈពេលវែងរបស់សហភាពអឺរ៉ុប សន្តិសុខថាមពល ឬបញ្ហាជនចំណាកស្រុក គឺជាបញ្ហាប្រឈមចំពោះ EU ទាំងក្នុងរយៈពេលខ្លីនិងរយៈពេលវែង។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel។ (រូបថត៖ AFP/Getty) |
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានឲ្យដឹងថា ឥឡូវនេះគឺជាពេលវេលាដ៏សមស្របសម្រាប់ប្រទេសនានាដើម្បីយល់ឃើញ និងជំនះលើចំណុចទន់ខ្សោយក្នុងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។ នៅកិច្ចប្រជុំ មេដឹកនាំ EU បានពិភាក្សាអំពីការជំរុញទីផ្សាររួមឲ្យកាន់តែទូលំទូលាយនិងស៊ីជម្រៅ បង្កើនសមាហរណកម្មសេវាកម្ម; ឆ្ពោះទៅរកសហភាពទីផ្សារមូលធនដែលផ្សាភ្ជាប់គ្នាកាន់តែស៊ីជម្រៅ អភិវឌ្ឍន៍យន្តការគ្រប់គ្រងសេវាពន្ធ និងហិរញ្ញវត្ថុសម្រាប់ប្លុកទាំងមូល ដើម្បីគាំទ្រដល់សហគ្រាស; ជំរុញខ្លាំងការដាក់ពង្រាយថាមពលកកើតឡើងវិញ ការធ្វើឌីជីថលភាវូបនីយកម្មនូវប្រព័ន្ធថាមពល និងមូលដ្ឋានផ្ទុកថាមពល; ផ្តល់អាទិភាពដល់ការគាំទ្របច្ចេកវិទ្យាសំខាន់ៗដូចជា បញ្ញាសិប្បនិមិត្ត (AI) កុំព្យូទ័រកង់ទិច គេហទំព័រ ៤.០ ការពិតនិម្មិត សន្តិសុខ
អ៊ីនធឺណិត ជាដើម។
នៅក្នុងវិស័យថាមពល អាទិភាពដែលបានដាក់ចេញនៅតែជា ការធានាសន្តិសុខប្រភពផ្គត់ផ្គង់ក្នុងតម្លៃសមរម្យ។ មេដឹកនាំ EU បានឯកភាពថា គួរតែ អនុម័តលើកំណែទម្រង់ទីផ្សារអគ្គិសនីនៃប្លុក នៅចុងឆ្នាំនេះ។ ក្រៅពីនោះ មេដឹកនាំក៏បានពិភាក្សាអំពីវិធីគាំទ្រដល់ផែនការរបស់ EU ដើម្បីពង្រីកយ៉ាងឆាប់រហ័សនូវបច្ចេកវិទ្យានិងថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីសម្រេចបាននូវគោលដៅប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុផងដែរ។
ក្នុងបរិបទដែលចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងឆ្នាំ ២០២២ បានកើនឡើង ៦៤% បើធៀបនឹងឆ្នាំមុននោះ និងសម្ពាធកាន់តែខ្លាំងឡើងៗ នៅតាមព្រំដែនខាងក្រៅរបស់ប្លុក នៅកិច្ចប្រុំលើកនេះ មេដឹកនាំ EU បានវាយតម្លៃពីគំនិតផ្តួចផ្តើម
របស់ EC ស្តីពីការគ្រប់គ្រងព្រំដែនចម្រុះ និងវិធានការសម្របសម្រួលក្នុងការទទួល ឬធ្វើមាតុភូមិនិវត្តន៍ជនចំណាកស្រុក។ EU គ្រោងនឹងសហប្រតិបត្តិការកាន់តែច្រើននិងល្អថែមទៀត ជាមួយប្រទេសទី៣ ប្រទេសដើម និងប្រទេសឆ្លងកាត់។
ស្តីពីបញ្ហាសន្តិសុខស្បៀងអាហារ ការដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ចូលរួមកិច្ចប្រជុំកំពូល EU ដែលធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការពន្យាពេលកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិដោយសុវត្ថិភាពរបស់អ៊ុយក្រែនឆ្លងកាត់សមុទ្រខ្មៅ ត្រូវបានចាត់ទុកថា មានសារៈសំខាន់ខ្លាំងសម្រាប់ពិភពលោកដើម្បីជំនះលើវិបត្តិស្បៀងអាហារជាសកល។
ក្រៅពីបញ្ហាអ៊ុយក្រែន អាទិភាពនានាដែលបានយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនេះបង្ហាញថា EU នៅតែស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមដែលមិនមែនជារឿងថ្មី។ ប្រទេសសមាជិកទាំងអស់នៅតែដើរតាមផ្លូវឆ្ពោះទៅរកការពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនភាពធន់នឹងវិបត្តិដើម្បីសម្រេចបាននូវវិបុលភាពរួម៕