កិច្ចប្រជុំកំពូល G7 ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមសកល

(VOVWORLD) -  នាថ្ងៃទី ១៩ ឧសភា កិច្ចប្រជុំកំពូលក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ លើពិភពលោក (G7) បានបើកជាផ្លូវការនៅទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន។ កិច្ចប្រជុំបានធ្វើឡើងក្នុងបរិបទដែលពិភពលោកមានភាពចលាចលជាច្រើនប៉ុន្តែក៏ជាពេលវេលាដែលសមាជិក G7 បង្ហាញពីតួនាទីមជ្ឈភាពរបស់ពួកគេក្នុងការដោះស្រាយបញ្ហាក្នុងតំបន់និងពិភពលោកផងដែរ។

កិច្ចប្រជុំកំពូល G7 ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមសកល - ảnh 1កិច្ចប្រជុំកំពូល G7 បានបើកជាផ្លូវការនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ (រូបថត៖ NHK)

ក្រុមប្រទេសចំនួន ៧ ដែលចូលរួមក្នុងកិច្ចប្រជុំកំពូល G7 លើកនេះ មានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ នាបច្ចុប្បន្ន G7 មានស្រូបយកប្រហែល ៤៧% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក ហើយកិច្ចប្រជុំកំពូល G7 ប្រចាំឆ្នាំគឺជាវេទិកាដ៏សំខាន់ ដែលជួយប្រទេសអភិវឌ្ឍន៍ឈានមុខគេស្វែងរកភាពឯកឆន្ទ ហើយឯកភាពលើទស្សនៈ និងជំហរអំពីបញ្ហាតំបន់ និងអន្តរជាតិ។

ហ៊ីរ៉ូស៊ីម៉ា - ទីកន្លែងនៃការសន្យាចំពោះពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ

ប្រធានបទសំខាន់មួយដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល G7 លើកនេះ គឺគោលនយោបាយមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ទោះបីជាមិនមែនជារបៀបវារៈដ៏សំខាន់បំផុតក៏ដោយ ក៏វាមានអត្ថន័យពិសេសសម្រាប់ប្រទេសជប៉ុន។ ជាប្រទេសតែមួយគត់ដែលធ្លាប់ទទួលរងការវាយប្រហារដោយនុយក្លេអ៊ែរនៅឆ្នាំ ១៩៤៥ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ប្រទេសជប៉ុនតែងតែខិតខំប្រឹងប្រែងស្វែងរកវិធីជំរុញសហគមន៍អន្តរជាតិឲ្យរំសាយអាវុធនុយក្លេអ៊ែរ និងមិនរីកសាយ ភាយអាវុធនុយក្លេអ៊ែរ។ ហេតុដូច្នេះហើយ មិនត្រឹមតែនៅកកិច្ចប្រជុំកំពូល G7 លើកនេះប៉ុណ្ណោះទេ ថែមទាំងនៅក្នុងវេទិកាអន្តរជាតិជាច្រើនដែលធ្វើឡើងនៅជប៉ុនទៀតផង រដ្ឋាភិបាលក្រុងតូក្យសុទ្ធតែនអញ្ជើញមេដឹកនាំ ជាពិសេសសហរដ្ឋអាមេរិក ទៅថ្វាយផ្ការំលឹកវិញ្ញាណក្ខ័ន្ធនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ដូចការសន្យាថា អាវុធនុយក្លេអ៊ែរមិនអាចបង្កឡើងសោនាដ្ឋកម្មម្តងទៀតបានទេ។

មុននោះ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល G7 ដែលធ្វើឡើងនៅប្រទេសជប៉ុន កាលពីឆ្នាំ ២០១៦ បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលទៅដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធនៅឧទ្យានសន្តិភាពហ៊ីរ៉ូស៊ីម៉ា។ តាមការគ្រោងទុក មេដឹកនាំក្រុម G7 លើកនេះ ក៏នឹងធ្វើពិធីដូចគ្នាដែរ ដែលជាសក្ខីភាពពីភាពមិនចាំបាច់នៃអាវុធនុយក្លេអ៊ែរ។ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 ឆ្នាំនេះ ជប៉ុនសង្ឃឹមថា បញ្ហាអាវុធនុយក្លេអ៊ែរនឹងត្រូវបានលើកយកមកពិភាក្សាយ៉ាងយកចិត្តទុកដាក់ ឆ្ពោះទៅរកភាពឯកឆន្ទរបស់សមាជិក G7 ដែលរួមគ្នាសន្យាអនុវត្តន៍គោលនយោបាយមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ តាមនោះ គេរំពឹងថា ឯកសារមួយស្តីពីសារៈសំខាន់នៃការជំរុញការមិនរីកសាយភាយ និងការរំសាយអាវុធនុយក្លេអ៊ែរ នឹងត្រូវបានប្រកាស។

កិច្ចប្រជុំកំពូល G7 ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមសកល - ảnh 2មេដឹកនាំនៃប្រទេស G7 ចុះហត្ថលេខាលើសៀវភៅកំណត់ហេតុ ពេលទៅទស្សនាសារមន្ទីរសន្តិភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (ជប៉ុន)  ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ (រូបថត៖ រ៉យទ័រ)

កិច្ចប្រជុំកំពូល G7 ពិភាក្សាអំពីការដោះស្រាយបញ្ហាប្រឈមដែលពិភពលោកកំពុងជួបប្រទះ

ក្រៅពីគោលនយោបាយមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺជាប្រធានបទមួយដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល G7 លើកនេះ។ ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទះឡើង សហរដ្ឋអាមេរិក ជប៉ុន និងសម្ព័ន្ធមិត្តនានា បានចេញបទដាក់ទណ្ឌកម្មប្រមាណ ១១.០០០ បទ ប្រឆាំងនឹងរុស្ស៊ី ដែលភាគច្រើនប៉ះពាល់លើវិស័យចំនួន ៥៖ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម បច្ចេកវិទ្យា ថាមពល និងមជ្ឈដ្ឋានវរជនរបស់រុស្ស៊ី ដែលនាំឲ្យរុស្ស៊ីក្លាយជាប្រទេសដំបូងគេក្នុងប្រវត្តិសាស្ត្រដែលទទួលរងចំនួនទណ្ឌកម្មជាប់កំណត់ត្រា។ ជប៉ុនសង្ឃឹមថា G7 និងដៃគូនានានឹងរកឃើញដំណោះស្រាយដើម្បីកាត់បន្ថយជម្លោះ។

បញ្ហារំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ការប្រែប្រួលអាកាសធាតុ ជីវចម្រុះ សន្តិសុខសុខាភិបាលពិភពលោក និងសមភាពយេនឌ័រ... ក៏ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំលើកនេះផងដែរ។ កិច្ចប្រជុំ G7 សង្ឃឹមថានឹងចេញសេចក្តីថ្លែងការណ៍រួម ដែលគ្របដណ្តប់លើខ្លឹមសារសំខាន់ៗទាំងនេះ។

នៅឆ្នាំនេះ មេដឹកនាំនៃប្រទេសអូស្ត្រាលី ប្រេស៊ីល កូម៉ូរ៉ូ កោះឃុក ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងវៀតណាម រួមជាមួយនឹងមេដឹកនាំនៃអង្គការអន្តរជាតិនានា ត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល G7 បើកទូលាយ។ ប្រការនេះបង្ហាញថា ប្រទេសម្ចាស់ផ្ទះជប៉ុនសង្កត់ធ្ងន់ពីសារៈសំខាន់នៃការខិតជិតមកប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសដៃគូនានា។ កិច្ចប្រជុំកំពូល G7 បើកទូលាយនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយពហុវិបត្តិ (ផ្តោតលើបញ្ហាស្បៀងអាហារ សុខាភិបាល ការអភិវឌ្ឍ សមភាពយេនឌ័រ): កិច្ចខិតខំប្រឹងប្រែងរួមដើម្បីភពផែនដីប្រកបដោយនិរន្តរភាព (អាកាសធាតុ បរិស្ថាន ថាមពល); ឆ្ពោះទៅរកពិភពលោកសន្តិភាព ស្ថិរភាព និងវិបុលភាព (បញ្ហាសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី)។

ប្រធានបទដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល G7 និងកិច្ចប្រជុំកំពូល G7 បើកទូលាយ បានបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសជប៉ុន និងប្រទេសភ្ញៀវ ក្នុងការសម្របសម្រួលគ្នាស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលមានផលប៉ះពាល់ជាសកល។ កិច្ចប្រជុំក៏នឹងបង្ហាញឲ្យឃើញពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការដោះស្រាយបញ្ហាប្រឈមរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ