កិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប កូរ៉េ៖ ឱកាសដើម្បីអះអាងនូវគោលនយោបាយកិច្ចការបរទេសវៀតណាម
(VOVWORLD) -នាថ្ងៃទី ២៧ ខែកុម្ភៈ កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ បានចាប់ផ្ដើមប្រព្រឹត្តិទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ នេះគឺជាឱកាស ដើម្បីវៀតណាមអះអាងសារជាថ្មីនូវគោលមាគ៌ាកិច្ចការបរទេស "ពិពិធកម្ម ពហុភាគី " " ធ្វើជាមិត្តជាមួយគ្រប់គ្នា" ។ កិច្ចប្រជុំនេះក៏ជាឱកាសដើម្បីវៀតណាមពង្រីកល្អនូវតួនាទីកិច្ចការបរទេសសម្រុះសម្រួលក្នុងដំណើរការសន្តិភាពនៅលើ ឧបទ្វីបកូរ៉េផងដែរ។
(ថ្នាក់ដឹកនាំអាមេរិក និងស.ប.ប កូរ៉េ (រូបថត៖ AFP) |
|
ការដែលថ្នាក់ដឹកនាំអាមេរិក និង ស.ប.ប កូរ៉េបានជ្រើសរើសយកវៀតណាមជាទីកន្លែងជួបជុំបានសរឲ្យឃើញថាប្រទេសទាំងពីរនេះបានវាយតម្លៃថាវៀតណាមជាដៃគូគួរឲ្យទុកចិត្ត ហើយជាប្រទេសដែលមានគោលនយោបាយ តុល្យភាពនិងបើកទូលាយ ក៏ដូចជាសរឲ្យឃើញនូវការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះសមត្ថភាព តួនាទីរបស់វៀតណាមក្នុងបញ្ហាសន្តិសុខ និងសន្តិភាពរបស់តំបន់ និងពិភពលោកផងដែរ។
វៀតណាមមានគោលបំណងដើរតួនាទីល្អកិច្ចការបរទេសសម្រុះសម្រួល
អាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពរបស់ការទូតវៀតណាមក្នុងឆ្នាំ ២០១៩ ក៏ដូចជានាពេលខាងមុខគឺជាការទូតសម្រុះសម្រួល។ ប្រការនេះត្រូវបានចែងក្នុងសារាចររបស់គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្សវៀតណាមនា ខែសីហា ឆ្នាំ២០១៨។ តាមរយៈកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកនេះ វៀតណាមមានគោលបំណងពង្រីកល្អនូវតួនាទីជាប្រទេសម្ចាស់ផ្ទះ និងជួយសម្រួលកិច្ចប្រជុំកំពូលនេះឲ្យប្រព្រឹត្តិទៅប្រកបដោយជោគជ័យជាផ្លែផ្កា។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានលើកឡើងយ៉ាងច្បាស់ថា៖
“តាមរយៈកិច្ចប្រជុំកំពូលលើកនេះ វៀតណាមបានដើរទួនាទីជាប្រទេសដែល មានការទទួលខុសត្រូវ ហើយមានគោលបំណង់ចង់រួមចំណែកក្នុងដំណើរការសន្តិភាព ក៏ដូចជាសរឲ្យឃើញនូវគោលមាគ៌ាលើកកម្ពស់កិច្ចការបរទេសពហុភាគីនាពេលខាងមុខ។ ក្នុងរយៈពេលជាច្រើនឆ្នាំ ក្រោយពីពេលបញ្ចប់រាល់ ជម្លោះនោះ វៀតណាមបានទៅកាន់ទីក្រុង ហ្សេណែវនិងប៉ារីសដើម្បីស្តារសន្តិភាពនៅឧបទ្វីបឥណ្ឌូចិនឡើងវិញ។ ប៉ុន្តែនៅពេលនេះ កិច្ចប្រជុំសន្តិភាពមួយត្រូវបានប្រព្រឹត្តិទៅនៅប្រទេសវៀតណាម ដែលចំទៅនឹងថ្ងៃគម្រប់ខួបលើកទី ២០ ឆ្នាំ ដែលទីក្រុងហាណូយត្រូវបាន UNESCO ប្រគល់កិត្តនាមជាទីក្រុងដើម្បីសន្តិភាព”។
អ្នកជំនាញអន្តរជាតិជាច្រើនរូបបានអះអាងថាវៀតណាមគឺជាប្រទេសមួយដែលមានបទពិសោធន៍ជាច្រើនក្នុងការប្រើប្រាស់ភាគីទីបីសម្រាប់ចរចាសន្តិភាពបញ្ចប់សង្គ្រាម ក៏ដូចជាត្រូវបានវាយតម្លៃខ្ពស់អំពីទស្សនៈស័ត្យានុម័ត ដោយឥតងាយរេក្នុងបញ្ហាអន្តរជាតិជាច្រើន។ លោក Wang Jun Sheng ប្រធានការិយាល័យសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រប្រទេសជិតខាង និងសកលចំណុះវិទ្យាស្ថានវិទ្យាសាស្តសង្គមចិនបានចាត់ទុកថា
“នាបច្ចុប្បន្ននេះ ពិភពលោកទាំងមូលបានឆ្ពោះទៅរកប្រទេសវៀតណាម។ នេះគឺជាឱកាសល្អមួយ ដើម្បីវៀតណាមផ្សព្វផ្សាយរូបភាពរបស់ខ្លួន។ ស.ប.ប កូរ៉េ និងអាមេរិកបានជ្រើសរើសយកវៀតណាម ព្រោះថាវៀតណាម មានទំនាក់ទំនងល្អជាមួយអាមេរិកនិង ស.ប.ប កូរ៉េ។ វៀតណាម និងអាមេរិកធ្លាប់មានសង្គ្រាម ប៉ុន្តែ ក្រោយមក ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត ហើយក្លាយទៅជាដៃគូនឹងគ្នា។ ទន្ទឹមនឹងនេះ ទំនាក់ទំនងរវាងវៀតណាម និង ស.ប.ប កូរ៉េ ក៏មានការអភិវឌ្ឍន៍តាំងពីរឆ្នាំ១៩៥០ មក នៅពេលដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនង។ ហេតុដូច្នេះហើយ ទាំងអាមេរិក និង ស.ប.ប.កូរ៉េគឺសុទ្ធតែគោរពតួនាទីរស់វៀតណាមផងដែរ”។
អះអាងនូវរូបភាពប្រជាជាតិមួយដែលស្រឡាញ់សុខសន្តិភាព
ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន វៀតណាមគឺជាប្រជាជាតិមួយដែលស្រឡាញ់សុខសន្តិភាព ប៉ុន្តែត្រូវរងផលប៉ះពាល់ពីសង្គ្រាម ហើយត្រូវឆ្លងកាត់ការចរចាសន្តិភាព ទើបទទួលបានសុខសន្តិភាពជាក់ស្ដែង ប្រកបដោយចីរភាព។ ក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍នោះ វៀតណាមមានកិត្តិយស់ណាស់ ដោយត្រូវបានជ្រើសរើសជាទីណាត់ជួបសន្តិភាព សម្រាប់កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ នេះ។
បរិយាកាសសុវត្ថិភាពដែលមានគុណភាពខ្ពស់សម្រាប់កិច្ចប្រជុំ ប្រទេសម្ចាស់ផ្ទះអព្យាក្រឹត រួសរាយរាក់ទាក់ ស្រឡាញ់ចូលចិត្តភ្ញៀវទេសចរ ស្មារតីប្រជាជាតិស្រឡាញ់សន្តិភាព។ កត្តាទាំងនេះបាន និងកំពុងបង្កើតឡើងរូបភាពវៀតណាម ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញដំណោះស្រាយ ដោយសន្តិវិធីសម្រាប់បញ្ហាលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េផងដែរ៕