កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប៖ លើកត្រដែតកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាពរួម

(VOVWORLD) - កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ កំពុង ប្រព្រឹត្តទៅក្នុងអំឡុងថ្ងៃទី២៥និងទី២៦ ខែវិច្ឆិកា តាមទម្រង់អនឡាញ។ ក្រោមប្រធាន បទ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា” កិច្ចប្រជុំបានពិភាក្សាលើខ្លឹមសារ សំខាន់ជាច្រើន ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការនៅពេលអនាគត ដើម្បីវិបុលភាពរួម របស់ទ្វីបទាំងពីរនិងសកលលោកទាំងមូល។

ដំណើរ ១/៤ សតវត្សនៃការអភិវឌ្ឍ
វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ត្រូវបានបង្កើតឡើងកាលពីខែមីនាឆ្នាំ១៩៩៦ យោងតាមគំនិតផ្ដួចផ្ដើមរបស់សឹង្ហបុរីនិងបារាំង ជាមួយនឹងការគាំទ្រយ៉ាងសកម្មរបស់ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងនោះមានវៀតណាមផង។ នេះជា វេទិកាសន្ទនាក្រៅផ្លូវការរវាងប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិក ASEM ថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុបនិងលេខាធិការដ្ឋានអាស៊ាន។ គោលដៅរបស់ ASEM គឺស្ថាបនា “ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយថ្មីរវាងអាស៊ី-អឺរ៉ុប ដើម្បី កំណើនដ៏ខ្លាំងក្លាជាងមុន” និង “បង្កើនការយល់ដឹងគ្នារវាងប្រជាជននៃទ្វីបទាំងពីរ ហើយបង្កើតកិច្ចសន្ទនាដ៏ជិតស្និទ្ធរវាងបណ្ដាដៃគូប្រកបដោយសមភាព”។ សកម្មភាព សន្ទនានិងសហប្រតិបត្តិការ ត្រូវបាន ASEM ដាក់ឲ្យដំណើរការដោយព្រមៗគ្នា នៅ សសរស្តម្ភទាំង៣ ដែលជាកិច្ចសន្ទនានយបាយ-សន្តិសុខ; កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច-ហិរញ្ញវត្ថុ; កិច្ចសហប្រតិបត្តិការសង្គម-វប្បធម៌និងវិស័យផ្សេងៗ។
ក្រោយរយៈពេល១/៤សតវត្សកន្លងមកនេះ បរិមាណសមាជិក ASEM បានកើន ឡើងទ្វេដង (ចាប់តាំងពីសមាជិកចំនួន២៦ឡើងដល់៥៣) ហើយក្លាយទៅជាយន្តការ សន្ទនានិងសហប្រតិបត្តិការ ដោយមានទ្រង់ទ្រាយធំបំផុតរវាងទ្វីបទាំងពីរ។ ASEM នាបច្ចុប្បន្នស្រូបយកប្រមាណ៦០%នៃចំនួនប្រជាជន ៥៥%នៃទំហំពាណិជ្ជកម្ម ៧៥% នៃចំណូលទេសចរណ៍និង៦៥%នៃ GDP សកលលោកទាំងមូល។ យន្តការសន្ទនាដ៏ ពិសេសនេះបាននិងកំពុងរួមវិភាគទានយ៉ាងសំខាន់ទៅក្នុងការជំរុញទំនោរសហប្រតិ បត្តិការ ការតភ្ជាប់ពហុស្រទាប់ ដើម្បីសន្តិភាពនិងការអភិវឌ្ឍនៅទាំងក្នុងតំបន់និងលើ ពិភពលោក។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប៖ លើកត្រដែតកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាពរួម - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំ ASEM ១៣ តាមទម្រង់អនឡាញ។ (រូបថត៖ VNA)
គោរពកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍនិងវិបុលភាពរួម
នៅចំពោះមុខការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងស្មុគស្មាញរបស់ពិភពលោក សមាជិកទាំងអស់បានឯកភាពលើការជំរុញកិច្ចសហប្រតិបត្តិការ ASEM ឡើងដល់ កម្រិតថ្មី សំដៅលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការ លើកត្រដែតពហុភាគីនិយម ជំរុញ ទំនាក់ទំនងភាពជាដៃគូអាស៊ី-អឺរ៉ុប និងតួនាទីរបស់ ASEM។ កិច្ចសហប្រតិបត្តិការ ASEM កាន់តែត្រូវបានពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ ដែលផ្តោតសំខាន់ទៅលើការអនុវត្ត គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្លើយតបនឹងបញ្ហាប្រឈមជាសកល ជាពិសេស គឺការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ការគ្រប់គ្រងប្រភពទឹក សន្តិសុខ ថាមពល សន្តិសុខស្បៀងអាហារ សន្តិសុខបណ្ដាញ ជំរុញការអភិវឌ្ឍប្រកបដោយ បរិយាប័ន្ន ជំរុញ នវានុវត្តភាព ជួយទ្រទ្រង់អាជីវកម្មខ្នាតតូចនិងមធ្យម លើកកំពស់ ភាពធន់នឹងបដិវត្តន៍ឧស្សាហកម្មទី៤ អភិវឌ្ឍប្រភពធនធានមនុស្ស។ ល។
នៅកិច្ចប្រជុំ ASEM ១៣ បណ្ដាថ្នាក់ដឹកនាំនឹងផ្ដោតការពិភាក្សាលើខ្លឹមសារ សំខាន់ជាច្រើន នៅជុំវិញប្រធានបទស្ដីពីកិច្ចសហប្រតិបត្តិការ ការតភ្ជាប់និងការ អភិវឌ្ឍ ដូចជា៖ សមិទ្ធផល បញ្ហាប្រឈមនិងទិសដៅចំពោះកិច្ចសហប្រតិបត្តិការ ASEM; ការស្ដារពហុភាគីនិយមឡើងវិញដើម្បីសន្តិភាពនិងស្ថិរភាពជាសកល; ពង្រឹង ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើច្បាប់; ការអភិវឌ្ឍនិងកំណើនប្រកបដោយ ចីរភាព បរិយាប័ន្ន; ការតភ្ជាប់; ការប្រែប្រួលអាកាសធាតុ; បញ្ហាតំបន់និងសកលកំពុង លេចចេញ ជាដើម។ ជាពិសេស កិច្ចប្រជុំបានអនុម័តលើឯកសារសំខាន់ចំនួន៣ នោះគឺ សេចក្ដីថ្លែងការណ៍ ប្រធានស្ដីពីការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា; សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញអំពីការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជម្ងឺកូវីដ-១៩និងឯកសារសកម្មភាពអនាគតស្ដីពីការតភ្ជាប់អាស៊ី-អឺរ៉ុប។
ក្នុងនាមជាប្រធានគណៈប្រតិភូរបស់សមាជិកមួយក្នុងចំណោមសមាជិក ស្ថាបនិក និងមានការរួមវិភាគទានប្រកបដោយប្រសិទ្ធភាពជាច្រើន ក្នុងដំណើរការ ចាប់បដិសន្ធិនិងអភិវឌ្ឍរបស់ ASEM នោះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh បានអញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់នៅកិច្ចប្រជុំ។ សុន្ទរកថាបន្ត បញ្ជាក់នូវតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ ASEM ក្នុងដំណាក់កាលខាងមុខ ព្រមទាំងបញ្ជាក់សារជាថ្មីម្ដងទៀតនូវជំហរដ៏ឥតងាករេរបស់វៀតណាមចំពោះបញ្ហា ធំៗមួយចំនួនដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាពក៏ដូចជាការអភិវឌ្ឍដើម្បីវិបុល ភាពរួមនៃទាំងតំបន់និងសកលលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ