កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G២០ ពិភាក្សាអំពីបញ្ហាសកលជាបន្ទាន់

(VOVWORLD) - ថ្នាក់ដឹកនាំហិរញ្ញវត្ថុនៃក្រុមប្រទេសមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកចំនួន ២០ (G២០) កាលពីថ្ងៃទី១៥ កក្កដា បានចាប់ផ្តើមកិច្ចប្រជុំនៅកោះបាលី ប្រទេស ឥណ្ឌូនេស៊ី ដើម្បីពិភាក្សាអំពីបញ្ហាសកលជាបន្ទាន់។ ថ្វីត្បិតតែជម្លោះនៅអ៊ុយក្រែន គ្របដណ្ដប់ដោយស្រមោលខ្មៅងងឹត និងជាមូលហេតុចម្បងដែលបង្កអស្ថិរភាពជាសកលក៏ដោយ ប៉ុន្តែ គោលដៅនៃកិច្ចប្រជុំដែលកំណត់ដោយប្រទេសម្ចាស់ផ្ទះនោះ គឺមិនទុកឲ្យការខ្វែង គំនិតគ្នាអំពីជម្លោះនៅអ៊ុយក្រែនធ្វើឲ្យការពិភាក្សាដើរខុសទិសដៅនោះទេ ប៉ុន្តែត្រូវ ប្តេជ្ញាចិត្តសម្រេចឲ្យបានការឯកភាពលើបញ្ហាបន្ទាន់នានាដូចជាសន្តិសុខស្បៀងសកល និងការកើនឡើងនៃអតិផរណា។

កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល G២០ បានធ្វើឡើងក្នុងបរិបទដែលជម្លោះក្នុងប្រទេសអ៊ុយក្រែនបានឈានចូលដល់ខែទី ៥ ដែលបណ្តាលឲ្យមានផលវិបាកជាច្រើនដូចជា តម្លៃទំនិញកើនឡើង និងវិបត្តិការចំណាយប្រចាំថ្ងៃ។

ត្រូវមានឯកភាពដើម្បីដោះស្រាយបញ្ហាបន្ទាន់

បញ្ហាជាច្រើនជុំវិញការហក់ឡើងនៃតម្លៃ អតិផរណា ក្តីបារម្ភជុំវិញការហក់ឡើងយ៉ាងខ្លាំងនៃថ្លៃប្រាក់ដុល្លាអាមេរិក ហានិភ័យក្ស័យធននៃសេដ្ឋកិច្ចដែលទើបលេចឡើង សន្តិសុខស្បៀងអាហារ តម្លៃប្រេង … គឺជាប្រធានបទស្នូលដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះ។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំហិរញ្ញវត្ថុ G២០ ក៏បានពិភាក្សាអំពីបញ្ហាផ្សេងទៀត ដូចជាការជំរុញគំនិតផ្តួចផ្តើមជាសកលស្តីពីថាមពលបៃតង ធនាគារឌីជីថល និងស្តង់ដារពន្ធរួមផងដែរ។

ប្រសិនបើកាលពីមួយទសវត្សរ៍មុន ធនាគារកណ្តាលត្រូវបានគេទទួលស្គាល់មានគុណចំណាច់ក្នុងការជួយសង្គ្រោះសេដ្ឋកិច្ចពិភពលោកឲ្យរួចផុតពីវិបត្តិហិរញ្ញវត្ថុជាសកល គឺបច្ចុប្បន្ននេះ ត្រូវទទួលរងការគេរិះគន់យ៉ាងខ្លាំង ដោយសារតែត្រូវពុះពារទប់ទល់នឹង ការកើនឡើងយ៉ាងខ្លាំងនៃអតិផរណានៅតំបន់ជាច្រើនលើពិភពលោក។ ក្នុងរយៈពេលពីរខែកន្លងមកនេះ ធនាគារកណ្តាលជាង ៨០ បានដំឡើងអត្រាការប្រាក់ ដោយមានការកើនឡើងយ៉ាងច្រើន។ ក្នុងពេលជាមួយគ្នានោះ វិនិយោគិនកំពុងប្រញាប់ប្រញាល់ទិញប្រាក់ដុល្លាអាមេរិក នៅពេលដែលអស្ថិរភាពនៅក្នុងបរិយាកាសម៉ាក្រូបង្កឲ្យមានការរត់ចេញនៃលំហូរដើមទុន។ ប្រការនេះបង្ខំឲ្យអាជ្ញាធរនៅប្រទេសជាច្រើន ត្រូវពិចារណាលើការសម្រេចចិត្តធ្វើអន្តរាគមន៍ដើម្បីការពាររូបិយប័ណ្ណក្នុងស្រុក។

បញ្ហាប្រឈមធំមួយទៀតនៅក្នុងកិច្ចប្រជុំលើកនេះ គឺថ្នាក់ដឹកនាំហិរញ្ញវត្ថុត្រូវធ្វើយ៉ាងណារកបានសំឡេងរួមលើបញ្ហាសន្តិសុខស្បៀងអាហារ។ ប្រទេសមួយចំនួនកំពុងជួបការលំបាកជាមួយនឹងប្រភពផ្គត់ផ្គង់ស្បៀងអាហារ ក្នុងនោះប្រទេសអេហ្ស៊ីប ទួរគី បង់ក្លាដែស អ៊ីរ៉ង់ ពឹងផ្អែកយ៉ាងខ្លាំងលើរុស្ស៊ី និងអ៊ុយក្រែន ដោយត្រូវនាំចូលពីនូវបរិមាណស្រូវសាលីជាង៦០%។

ក្រៅពីនោះ ថ្នាក់ដឹកនាំហិរញ្ញវត្ថុ G២០ ក៏ត្រូវស្វែងរកការឯកភាពគ្នាលើបញ្ហាជាច្រើនផ្សេងទៀត ដូចជាសំណើរបស់ទីក្រុងវ៉ាស៊ីនតោនស្ដីពីការដាក់តម្លៃពិដានលើប្រេងរបស់រុស្ស៊ី ការការពាររូបិយប័ណ្ណដែលកំពុងធ្លាក់តម្លៃធៀបនឹងប្រាក់ដុល្លាអាមេរិក។ ល។

កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G២០ ពិភាក្សាអំពីបញ្ហាសកលជាបន្ទាន់ - ảnh 1រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen។ (រូបថត៖ AFP/TTXVN)

ស្វែងរកដំណោះស្រាយសម្រាប់សេដ្ឋកិច្ចសកល

បច្ចុប្បន្ននេះមានសញ្ញាវិជ្ជមានមួយចំនួនដែលត្រូវបានកត់ត្រានៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានប្រកាសផ្តល់ជំនួយចំនួន ៧០ លានដុល្លាអាមេរិកដើម្បី ជួយប្រទេសក្រីក្រអាចខ្ចីលុយដោយមិនមានការប្រាក់។ លោកស្រីក៏បានអំពាវនាវឲ្យប្រទេសចិនចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាបផងដែរ។

នៅក្នុងការពិភាក្សាមុននោះ G២០ ក៏សម្រេចបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់លើប្រធានបទមួយចំនួនដូចជាគោលការណ៍នៃការគ្រប់គ្រងរូបិយប័ណ្ណគ្រីបតូ និងរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាល។ G២០ ក៏កំពុងខិតខំចាត់វិធានការដើម្បីជួយប្រទេសក្រីក្រដោះស្រាយវិបត្តិស្បៀងអាហារដោយធានាការផ្គត់ផ្គង់ ក៏ដូចជាលទ្ធភាពបង់ថ្លៃអាហារនិងជី។ ទេសាភិបាលធនាគារកណ្តាលឥណ្ឌូនេស៊ីលោក Perry Warjiyo បាននិយាយថា ភាគីនានាកំពុងខិតខំប្រឹងប្រែងឈានដល់សេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃ ឬយ៉ាងហោចណាស់សេចក្តីថ្លែងការណ៍របស់ប្រធាន។

ទោះជាយ៉ាងណាក៏ដោយ ជម្លោះរុស្ស៊ី-អ៊ុយក្រែនបន្តគ្របដណ្ដប់ដោយស្រមោលខ្មៅលើរបៀបវារៈនៃកិច្ចប្រជុំ។ បច្ចុប្បន្ននេះ នៅតែមានការខ្វែងគំនិតគ្នារវាងបណ្តាប្រទេសលោកខាងលិច និងរុស្ស៊ីជុំវិញការបកស្រាយពាក្សពេជ្រនៅក្នុងសេចក្តីថ្លែងការណ៍រួម ការវាយតម្លៃពីស្ថានភាពនៃសេដ្ឋកិច្ចសកល ក៏ដូចជាផលប៉ះពាល់នៃជម្លោះរុស្ស៊ី-អ៊ុយក្រែនផងដែរ។ តើកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល G២០ អាចស្វែងរកដំណោះស្រាយសម្រាប់សេដ្ឋកិច្ចសកលដែរឬអត់ គឺអាស្រ័យទៅលើការដែល តើបណ្ដារដ្ឋាភិបាលអាចទុកចោលភាពខុសគ្នាខាងនយោបាយនៅម្ខាង ព្រមទាំងធ្វើសកម្មភាពដ៏ខ្លាំងក្លាដើម្បីគ្រប់គ្រងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកចំពោះប្រព័ន្ធស្បៀងអាហារ និងថាមពលសកលបានទេ។ នេះគឺជាបញ្ហាប្រឈមដែលមិនងាយជំនះពុះពារបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ