កិច្ចសន្ទនា Sangri-La៖ កសាងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព និងស្ថិរភាព
(VOVWORLD) - កិច្ចប្រជុំជាន់ខ្ពស់សន្តិសុខអាស៊ីលើកទី ២០ (ត្រូវបានហៅថាកិច្ចសន្ទនា Shangri-La) លើកទី ២០ បានបិទបញ្ចប់នាថ្ងៃទី ៤ ខែមិថុនានៅសណ្ឋាគារ Shangri-La សិង្ហបុរី ក្រោយរយៈពេល ៣ ថ្ងៃប្រព្រឹត្តទៅ។ ចំណុចសំខាន់នៃកិច្ចសន្ទនា Shangri-La ឆ្នាំនេះបានផ្តោតលើបញ្ហាក្តៅគគុកជាច្រើននៃសន្តិសុខពិភពលោក ផលប៉ះពាល់ចំពោះអាស៊ី ការស្វែងរកដំណោះស្រាយកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា។
នៅក្នុងកិច្ចសន្ទនា Shangri-la លើកទី ២០ ឆ្នាំនេះប្រតិភូជាង ៦០០ នាក់មកពី ៤៩ ប្រទេសបានចូលរួមសម័យប្រជុំពេញអង្គរយៈពេលបីថ្ងៃ។ រូបថត៖ AP |
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ កិច្ចសន្ទនា Shangri-La បានក្លាយទៅជាវេទិកាបើកចំហ និងអព្យាក្រឹតសម្រាប់ភាគីនានា ផ្លាស់ប្តូរទស្សនៈអំពីបញ្ហាការពារជាតិ និងសន្តិសុខដ៏សំខាន់ៗនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
Shangri-La ប្រកាន់ខ្ជាប់ទំនួលខុសត្រូវសមូហភាព និងច្បាប់អន្តរជាតិ
របៀបវារៈនៃកិច្ចសន្ទនា Shangri-La ឆ្នាំនេះផ្តោតសំខាន់លើការកសាងទំនុកចិត្ត តួនាទីរបស់ប្រទេសមហាអំណាចក្នុងតំបន់ ប្រកាន់ខ្ជាប់ការទទួលខុសត្រូវសមូហភាព និងច្បាប់អន្តរជាតិក្នុងការគ្រប់គ្រងហានិភ័យ និងការប្រកួតប្រជែង។ មតិជាច្រើនបានចាត់ទុកថា ចំណុចក្ដៅគគុកនានាដូចជាអ៊ុយក្រែន កូរ៉េខាងជើង ឬស៊ូដង់ បានសរឲ្យឃើញម្ដងទៀតថា សកម្មភាពឯកតោភាគីបានរង្គោះរង្គើទំនុកចិត្តរបស់ប្រទេសនានាចំពោះច្បាប់ ក៏ដូចជាទំនាក់ទំនងអន្តរជាតិ ហើយតាមនោះបង្កើតហានិភ័យបំផ្លិចបំផ្លាញស្ថិរភាព និងសន្តិសុខមិនត្រឹមតែនៅតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ថែមទាំអនៅលើពិភពលោកទាំងមូលទៀតផង។
ក្នុងសុន្ទរកថាដ៏មានសារៈសំខាន់ក្នុងនាមជាវាគ្មិនកិត្តិយសនៅកិច្ចសន្ទនា Shangri-La នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានសង្កត់ធ្ងន់ថា៖ ដោយមានការយល់ដឹងដ៏យូរអង្វែងអំពីការកសាងសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ កិច្ចសន្ទនា Shangri-La ប្រកាន់ខ្ជាប់តម្លៃ នៃការពិភាក្សាដោយស្មោះត្រង់ ហើយមានលក្ខណស្ថាបនា។ ការរក្សាសន្តិភាព និងសន្តិសុខមិនត្រូវជាភារកិច្ច ដែលមិនថាប្រទេសណាអាចទទួលបន្ទុកតែម្នាក់ឯងឡើយ ដើម្បីវិបុលភាពរបស់តំបន់ដែលតែងតែត្រូវបានជំរុញតាមរយៈការចែករំលែក។ យោងតាមលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese ស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិកអាចធានាបានតាមរយៈការទទួលខុសត្រូវសមូហភាពតែប៉ុណ្ណោះ។
ក្នុងពេលនោះ រដ្ឋមន្ត្រីការពារជាតិកាណាដាលោកស្រី Anita Anand បានអះអាងថា កាណាដាតែងតែស្វែងរកការរួមរស់ និងកិច្ចសហប្រតិបត្តិការ។ យុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក មិនត្រឹមតែជាឯកសារគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែការកសាងតំបន់មួយប្រកបដោយសុវត្ថិភាព និងស្ថិរភាពទាមទារឲ្យមានការរួមវិភាគទានជាក់ស្តែង។
Shangri-La ឆ្នាំ ២០២៣ ក៏ទទួលបានការចូលរួមយ៉ាងច្រើនកុះកររបស់ប្រតិភូមកពីសហភាពអឺរ៉ុប (EU)។ អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិកមានផលប្រយោជន៍ផ្ទាល់ចំពោះសន្តិសុខរបស់គ្នាទៅវិញទៅមក ហើយភាគីពាក់ព័ន្ធនានាមានគោលបំណងចង់ក្លាយទៅជាដៃគូជឿទុកចិត្ត រួមគ្នាជំរុញសន្តិសុខ។ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសរបស់ EU លោក Josep Borrell បានអះអាងថាបញ្ហាសាកល្បងដែលពិភពលោកកំពុងប្រឈមមិនអនុញ្ញាតឱ្យមានដំណោះស្រាយណាមួយក្រៅពីការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យខ្លាំងក្លានោះឡើយ។
ក្នុងកិច្ចសន្ទនា Shangri-la (រូបថត៖ IISS) |
ជំរុញចក្ខុវិស័យរួមសម្រាប់តំបន់
ចំណុចសំខាន់មួយ ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងធំធេងក្នុងកិច្ចសន្ទនា Shangri-La ឆ្នាំនេះគឺវគ្គពិភាក្សា "តួនាទីដឹកនាំរបស់សហរដ្ឋអាមេរិកនៅមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក" ។ នៅទីនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានអះអាងពីការប្តេជ្ញាចិត្តរបស់ប្រទេសនេះចំពោះតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរីភាព និងបើកចំហ។ ប្រមុខក្រសួងការពារជាតិអាមេរិកបានចាត់ទុកថា សន្តិសុខនៃមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក មិនអាចត្រូវបានរំលងឡើយ ហើយមិនថាការខិតខំប្រឹងប្រែងឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ គឺមិនអាចទទួលយកបានឡើយ ហើយសហរដ្ឋអាមេរិកនឹងរួមជាមួយដៃគូនានាជំរុញចក្ខុវិស័យរួមសម្រាប់តំបន់។
ពាក់ព័ន្ធទៅនឹងបញ្ហាមួយក្នុងចំណោមបញ្ហាដែលគួរឲ្យចាប់អារម្មណ៍បំផុតក្នុងកិច្ចសន្ទនា Shangri-La ឆ្នាំនេះ គឺទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។ ទោះបីជារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បាននាំចេញទស្សនៈផ្ទុយគ្នាចំពោះសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងកិច្ចសន្ទនាឆ្នាំនេះក៏ដោយ ប៉ុន្តែ សាធារណៈមតិនៅតែវាយតម្លៃថា ភាគីទាំងពីរមិនស្វែងរកសង្រ្គាមត្រជាក់ថ្មីទេ។ យថាទស្សន៍វិជ្ជមាន និងកក់ក្តៅជាងក្នុងទំនាក់ទំនងអាមេរិក-ចិន គឺជាប្រការដែលប្រទេសជាច្រើនទន្ទឹងរង់ចាំ ដើម្បីរួមវិភាគទានដល់ការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរួម។
ដោយបានរៀបចំឡើងចាប់ពីឆ្នាំ ២០០២ ក្នុងរយៈពេលកន្លងទៅ កិច្ចសន្ទនា Shangri-La បានផ្តល់មូលដ្ឋានគ្រឹះដែលមានតម្លៃ បើកចំហ និងអព្យាក្រឹត ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាការពារជាតិ និងសន្តិសុខដ៏សំខាន់ៗក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កិច្ចសន្ទនា Shangri កាន់តែអះអាងតួនាទីរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាវេទិកាជួរមុខស្ដីពីកិច្ចសន្ទនាសន្តិសុខតំបន់ និងអន្តរជាតិផងដែរ៕