កិច្ចសន្ទនាអាមេរិក-រុស្ស៊ី៖ ផ្តល់អាទិភាពដោះស្រាយការខ្វែងគំនិតគ្នា
(VOVWORLD) - នាថ្ងៃទី១០ ខែមករា តំណាងសហរដ្ឋអាមេរិកនិងរុស្ស៊ីបានជួបពិភាក្សាគ្នាទាក់ទងនឹងសេចក្តីព្រាងសន្តិសុខ ដោយរុស្ស៊ីស្នើឡើង នៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស)។ ទោះបីជាត្រូវបានរំពឹងថាជាពេលវេលាដ៏សំខាន់បំផុតមួយក្នុងការកំណត់រូបរាងនៃទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមត្រជាក់មក ប៉ុន្តែមិនក្រៅពីការព្យាករណ៍នៅឡើយទេ កិច្ចសន្ទនានេះ មិនសម្រេចបានលទ្ធផលណាមួយ ហើយគ្រាន់តែមើលឃើញថា ជាឱកាសសម្រាប់ភាគីទាំងពីរ យល់កាន់តែច្បាស់អំពីអាទិភាពក្នុងការដោះស្រាយការខ្វែងគំនិតគ្នាតែប៉ុណ្ណោះ។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov (ស្តាំ) និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman ក្នុងកិច្ចចរចាសន្តិសុខរុស្ស៊ី-អាមេរិក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ (រូបថត៖ Denis Balibouse/AP) |
កិច្ចសន្ទនានេះបានធ្វើឡើងចំពេលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី ស្ថិតក្នុងភាពតានតឹងបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់ត្រូវបញ្ចប់ ដោយផ្តោតលើការពិភាក្សាអំពីការធានាសន្តិសុខដោយរុស្ស៊ីស្នើឡើង ដែលជាបញ្ហាសន្តិសុខពិបាកទ្រាំទ្របំផុតក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលការព្រួយបារម្ភអំពីសកម្មភាពយោធារបស់ភាគីនានា ក៏ដូចជាវិបត្តិអ៊ុយក្រែន។ នេះក៏ជាព្រឹត្តិការណ៍លើកដំបូងក្នុងចំណោមកិច្ចប្រជុំចំនួនបីលើក ដែលប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ ទាក់ទងនឹងអ៊ុយក្រែន។ ណាតូនិងរុស្ស៊ីនឹងបើកកិច្ចចរចានៅថ្ងៃទី ១២ ខែមករានៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក បន្ទាប់មកកិច្ចប្រជុំរវាងរុស្ស៊ីនិងអង្គការសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុបមួយថ្ងៃក្រោយ នៅទីក្រុងវីយែន ប្រទេសអូទ្រីស។
ពិបាកឈានដល់ចំណុចលោតផ្លោះ
ប្រធានក្រុមចរចារបស់រុស្ស៊ីគឺអនុរដ្ឋមន្ត្រីការបរទេសលោក Sergei Ryabkov ចំណែកសមភាគីលោកស្រី Wendy Sherman តំណាងភាគីអាមេរិក។ យោងតាមសេចក្តីប្រកាសរបស់ភាគីទាំងពីរ កិច្ចសន្ទនានេះបានធ្វើឡើងក្នុងលក្ខណៈស្មោះត្រង់ ប៉ុន្តែគ្រាន់តែជាឱកាសសម្រាប់ភាគីទាំងពីរយល់កាន់តែច្បាស់អំពីអាទិភាពនិងការព្រួយបារម្ភរបស់គ្នាទៅវិញទៅមក ប៉ុន្តែមិនបានផ្តល់ពេលវេលាជាក់លាក់ណាមួយ សម្រាប់បញ្ហាណាមួយឡើយ។ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បាននិយាយថា លោកស្រីមិនប្រាកដថា តើរុស្ស៊ីពិតជាចង់បន្ធូរបន្ថយស្ថានការណ៍ជាមួយអ៊ុយក្រែននោះទេ ហើយការនិយមន័យរបស់សហរដ្ឋអាមេរិកថា ការបន្ធូរបន្ថយមានន័យថា រុស្ស៊ីត្រូវការដកទ័ពរាប់ពាន់នាក់ចេញពីព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ឬ យល់ច្បាស់ពីសកម្មភាពដែលយោធារុស្ស៊ីកំពុងអនុវត្តន៍នៅទីនោះ។
ក្នុងពេលជាមួយគ្នានោះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានអះអាងថា ទីក្រុងម៉ូស្គូគ្មានចេតនាចាត់វិធានការយោធាទេ បើទោះជាអាមេរិកមានការព្រួយបារម្ភអំពីការបង្កើនយោធារបស់រុស្ស៊ីនៅតាមព្រំដែនជាមួយអ៊ុយក្រែនក៏ដោយ។ លោក Sergei Ryabkov បានសង្កត់ធ្ងន់ថា រាល់ការហ្វឹកហ្វឺនប្រយុទ្ធរបស់កងទ័ពរុស្ស៊ី ធ្វើឡើងនៅលើទឹកដីរុស្ស៊ី ដូច្នេះគ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភអំពីសកម្មភាពឡើងជណ្តើរនោះទេ។
មុនពេលការចរចា ភាគីទាំងពីរបានបញ្ជូនសញ្ញាអវិជ្ជមាននិងមិនសូវជាមានសុទិដ្ឋិនិយម ថែមទាំងតឹងតែងដែរ។ លោក Ryabkov បានបញ្ជាក់ថា រុស្ស៊ីមិនច្រានចោលលទ្ធភាពណាមួយឡើយ ប៉ុន្តែនឹងមិនចុះចាញ់ជាមួយសម្ពាធនិងការគំរាមកំហែងរបស់លោកខាងលិចឡើយ។ ជាមួយគ្នានោះ មុនពេលជួបជាមួយ Ryabkov លោកស្រី Sherman ក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះគោលការណ៍អន្តរជាតិអំពីអធិបតេយ្យភាព បូរណភាពទឹកដី និងសេរីភាពនៃប្រទេសមានអធិបតេយ្យភាពដែលជ្រើសរើសសម្ព័ន្ធភាពរបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក៏បានប្រាប់ CNN ថា នឹងមិនមានចំណុចលោតផ្លោះណាមួយនៅក្នុងកិច្ចសន្ទនានេះឡើយ។
ទិដ្ឋភាពនៃការចរចា (រូបថត៖ Denis Balibouse/AP) |
ការប្រឈមមុខដាក់គ្នាឥតឈប់ឈររវាងរុស្ស៊ី អាមេរិក និងលោកខាងលិច
មជ្ឈដ្ឋានអ្នកវិភាគវាយតម្លៃថា ការប្រឈមមុខដាក់គ្នារវាងរុស្ស៊ីនិងអាមេរិក ឬរុស្ស៊ី-លោកខាងលិច គឺទាក់ទងនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងដណ្តើមឥទ្ធិពល និងឋានៈក្នុងឆាកអន្តរជាតិ ក៏ដូចជាជម្លោះផលប្រយោជន៍ស្នូល។ នៅក្នុងរង្វង់នៃការប្រឈមមុខដាក់គ្នាជាយុទ្ធសាស្ត្រភូមិសាស្ត្រនោះ កាយវិការរបស់អាមេរិកនិងលោកខាងលិច ដូចជា ការពង្រីកវត្តមានរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ទៅភាគខាងកើត ដោយរាប់បញ្ចូលប្រទេសជិតខាងរបស់រុស្ស៊ីជាសមាជិក ការដាក់ពង្រាយអាវុធ និងកងកម្លាំងនៅជិតព្រំដែនរុស្ស៊ី ជាដើម ដែលតែងតែត្រូវបានក្រុងម៉ូស្គូចាត់ទុកថាជាការគំរាមកំហែងដល់ផលប្រយោជន៍ស្នូលរបស់រុស្ស៊ី។ នោះក៏ជាហេតុផលដែលក្រុងម៉ូស្គូតែងតែឆ្លើយតបទៅតាមវិធានការដាក់ទណ្ឌកម្មរបស់អាមេរិកនិងលោកខាងលិច។
ជាច្រើនឆ្នាំកន្លងមកនេះ រុស្ស៊ីនិងសហរដ្ឋអាមេរិកបានលើកឡើងម្តងហើយម្តងទៀតអំពីលទ្ធភាពនៃ “ការកំណត់ឡើងវិញ” ទំនាក់ទំនងទ្វេភាគី។ ប្រការនេះសបញ្ជាក់ឱ្យឃើញថា ភាគីទាំងពីរនៅតែដឹងច្បាស់អំពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព។ ថ្វីត្បិតដូច្នេះក៏ដោយ ពិបាកក្នុងការរកឃើញចំណុចរបត់មួយនៅក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិក បន្ទាប់ពីកិច្ចប្រជុំរវាងភាគីទាំងពីរ រួមទាំងកិច្ចប្រជុំកំពូលផងដែរ។ កិច្ចប្រជុំនាពេលថ្មីៗនេះ គឺច្បាស់ណាស់មិនមែននិយាយអំពីការចាប់ផ្តើមទំនាក់ទំនងឡើងវិញនោះទេ ប៉ុន្តែគ្រាន់តែជាការយល់ព្រមលើបទប្បញ្ញត្តិប្រកួតប្រជែង ដែលជាឱកាសសម្រាប់ភាគីទាំងពីរយល់កាន់តែច្បាស់អំពីអាទិភាព និងបញ្ហាព្រួយបារម្ភរបស់គ្នាទៅវិញទៅមក។ ហើយកិច្ចប្រជុំកំពូលនេះមិនមែនជាករណីលើកលែងនោះទេ៕