កិច្ចសន្ទនាអឺរ៉ុប-ចិនដើម្បីបង្រួញការខ្វែងគំនិតគ្នា

(VOVWORLD) - នៅថ្ងៃទី ១ ខែមេសា កិច្ចប្រជុំកំពូលរវាងសហភាពអឺរ៉ុប (EU) និងប្រទេសចិនបានប្រព្រឹត្តទៅក្នុងទម្រង់អនឡាញ។ ក្នុងបរិបទដែលទំនាក់ទំនងចិន-EU នៅតែមានការខ្វែងគំនិតគ្នាជាច្រើនលើវិស័យនយោបាយ ការទូត ជាពិសេសនៅពេលកើតមានជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន កិច្ចប្រជុំលើកនេះគឺជាការសាកល្បងមួយផ្សេងទៀតសម្រាប់ទំនាក់ទំនងទ្វេភាគី។

កិច្ចសន្ទនាអឺរ៉ុប-ចិនដើម្បីបង្រួញការខ្វែងគំនិតគ្នា - ảnh 1(រូបថតឧទាហរណ៍៖ polotico.eu)

នៅកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងពិនិត្យលើគ្រប់ជ្រុងជ្រោយនូវរបៀបវារៈទ្វេភាគី រួមទាំងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគ សកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ វិស័យឌីជីថល សិទ្ធិមនុស្ស ការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ក៏ដូចជាបញ្ហាតំបន់នានា។ ក្រៅពីទំនាក់ទំនង ចិន-រុស្ស៊ី និងជម្លោះនៅអ៊ុយក្រែន របៀបវារៈនៅកិច្ចប្រជុំកំពូល EU-ចិន ក៏រួមបញ្ចូលនូវជម្លោះពាណិជ្ជកម្មជាមួយប្រទេស លីទុយអានី និងការចោទប្រកាន់របស់លោកខាងលិចលើបញ្ហាស៊ីនជាំងនិងតៃប៉ិ (ចិន) ផងដែរ។

បញ្ហាប្រឈមមិនតូច

ក្នុងបរិបទបច្ចុប្បន្ន ចិនកំពុងខិតខំស្វែងរកចំណុចរួមជាមួយអឺរ៉ុបក្នុងការដោះស្រាយទំនាក់ទំនងជាមួយរុស្ស៊ី សំដៅកុំឲ្យភាពខុសប្លែកគ្នារវាងភាគីទាំងពីរប៉ះពាល់ដល់ទំនាក់ទំនងចិន-EU ទាំងមូល។ ចិនតែងតែចាក់ទុកថា ការខិតខំភ្ជាប់ឋានៈរបស់ប្រទេសនេះក្នុងវិបត្តិអ៊ុយក្រែនទៅនឹងអនាគតនៃទំនាក់ទំនងចិន-EU គឺមិនសមស្របឡើយ ដូច្នេះក្រុងប៉េកាំងចង់ឲ្យ EU យល់ថា ចាំបាច់ត្រូវស្វែងរកកង្វល់រួមរវាងភាគីទាំងពីរក្នុងបញ្ហានេះ ដើម្បីកុំឲ្យប៉ះពាល់អវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនោះឡើយ។

ក្នុងទំនាក់ទំនងសេដ្ឋកិច្ច កិច្ចព្រមព្រៀងវិនិយោគទ្វេភាគីរវាងចិននិង EUដែលបានចុះហត្ថលេខានៅចុងឆ្នាំ ២០២០ កំពុងជាប់គាំង; ការជំពាក់ជំពិនរវាងភាគីទាំងពីរ លើបញ្ហាតៃប៉ិ (ចិន)... គឺជាឧបសគ្គពិតប្រាកដដែលភាគីទាំងពីរត្រូវការជំនេះពុះពារ។ ទំនាក់ទំនង EU - ចិនកាន់តែអាក្រក់ទៅបន្ថែមទៀតក្នុងឆ្នាំ ២០២១ ដោយសារតែការសម្រេចចិត្តដាក់ទណ្ឌកម្មគ្នាទៅវិញទៅមកទាក់ទងនឹងការចោទប្រកាន់លើបញ្ហាស៊ីនជាំងទៀតផង។ លើសពីនេះទៅទៀត បញ្ហាក្នុងទំនាក់ទំនងរបស់ចិនជាមួយលីទុយអានីដែលជាសមាជិកមួយរបស់ EU បានបណ្តាលឲ្យ EU ដាក់ពាក្យប្តឹងចិននៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ អឺរ៉ុបក៏ចង់ឲ្យចិនផ្លាស់ប្តូរលក្ខខណ្ឌពាក់ព័ន្ធដល់ការបើកទីផ្សារ យន្តការប្រកួតប្រជែង កិច្ចសហប្រតិបត្តិការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការការពារជីវចម្រុះផងដែរ។

និន្នាការសហប្រតិបត្តិការ ជឿទុកចិត្តគ្នាទៅវិញទៅមក

ជាទូទៅ ទោះបីជាមានការខ្វែងគំនិតគ្នាច្រើនក៏ដោយ ប៉ុន្តែរវាង EU និងចិននៅតែមានលំហជាច្រើនសម្រាប់ការសន្ទនានិងកិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរសុទ្ធតែយកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងទ្វេភាគីនាបច្ចុប្បន្ន ជាពិសេសគឺទិដ្ឋភាពសេដ្ឋកិច្ច។ អឺរ៉ុបមិនចង់មានភាពតានតឹងផ្នែកសេដ្ឋកិច្ច-ការទូតបន្ថែមទៀតជាមួយចិនទេ នៅពេលដែលប្លុកនេះកំពុងស្ថិតក្នុងស្ថានភាពប្រឈមមុខដាក់គ្នាយ៉ាងពេញលេញជាមួយរុស្ស៊ី។

ចំណែកឯចិនក៏មិនចង់ធ្វើឲ្យខូចខាតដល់ដៃគូពាណិជ្ជកម្មជួរមុខដូចជា EU នោះឡើយ រឹតតែមិនចង់អនុវត្តន៍គោលនយោបាយ ដែលអាចធ្វើឲ្យអឺរ៉ុបផ្អៀងទៅរកអាមេរិក ក្នុងការប្រកួតប្រជែងយុទ្ធសាស្ត្រដ៏យូរអង្វែងជាមួយចិនដែរ។ ទីក្រុងប៉េកាំងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់កិច្ចប្រជុំកំពូលលើកនេះជាមួយ EU។ ក្រសួងការបរទេសចិនចាត់ទុកថា ក្នុងស្ថានភាពអន្តរជាតិបច្ចុប្បន្ន ចិននិង EU គួរតែជាកងកម្លាំងការពារសន្តិភាពពិភពលោក ហើយជំរុញការអភិវឌ្ឍរួមនៃទីផ្សារចិននិងអឺរ៉ុប។ ភាគីទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ធ្វើកិច្ចសន្ទនាដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីបំពេញថាមពលវិជ្ជមាននិងស្ថិរភាពដល់ស្ថានភាពពិភពលោកបច្ចុប្បន្នដែលកំពុងមានការច្របុកច្របល់ជាច្រើន។

តាមពិតទៅ ទោះបីជាមានការលំបាកក្នុងទំនាក់ទំនងនយោបាយ ការទូតក៏ដោយ ក៏កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងចិននិងអឺរ៉ុបនៅតែបន្តពង្រីក។ ទំហំពាណិជ្ជកម្មរវាង EU និងចិនក្នុងឆ្នាំ ២០២១ បានឈានដល់កម្រិតជិត ៧០០ ពាន់លានអឺរ៉ូ។ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២២ EU បានវ៉ាដាច់អាស៊ានដើម្បីក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនបន្ទាប់ពីបាត់បង់ចំណាត់ថ្នាក់នេះក្នុងឆ្នាំ ២០២១។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិង EU បានកើនឡើង ១៤,៨% បើធៀបនឹងរយៈពេលដូចគ្នា ដោយសម្រេចបានទឹកប្រាក់ចំនួន ១៣៧,១៦ ពាន់លានដុល្លាអាមេរិក។ ដូច្នេះភាគីទាំងពីរអាចសហប្រតិបត្តិការគ្នាដើម្បីឆ្លើយតបនឹងការលំបាកមួយចំនួននៃសេដ្ឋកិច្ចពិភពលោក។

ជាទូទៅ អ្នកជំនាញមិនរំពឹងទុកច្រើនពេកលើលទ្ធផលនៃកិច្ចប្រជុំកំពូលនេះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការដែលភាគីទាំងពីរធ្វើកិច្ចសន្ទនាជាន់ខ្ពស់ក៏បង្ហាញឲ្យឃើញនូវសុច្ឆន្ទៈសហប្រតិបត្តិការគ្នាក្នុងការដោះស្រាយការខ្វែងគំនិតគ្នាដែលកំពុងលេចឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ