កំដៅនៃការរត់ប្រណាំងលំហអវកាស

(VOVWORLD) - ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏រស់រវើកក្នុងការប្រណាំងលំហអវកាសនៅពេលដែលក្រៅពីប្រទេសមហាអំណាចប្រពៃណីគឺហរដ្ឋអាមេរិក និងចិន ប្រទេសមួយចំនួនទៀតទទួលបានវឌ្ឍនភាពដ៏ធំធេងលើវិស័យអវកាស។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីសមិទ្ធិផលថ្មីៗក្នុងការយកឈ្នះលើលំហអវកាស ការប្រណាំងនាបច្ចុប្បន្ននេះក៏បាន បង្កបញ្ហាប្រឈមដ៏ធំធេងមួយចំនួនសម្រាប់មនុស្សជាតិ។
កំដៅនៃការរត់ប្រណាំងលំហអវកាស - ảnh 1យានអវកាសឥណ្ឌាបានចុះចតដោយជោគជ័យនៅប៉ូលខាងត្បូងនៃព្រះច័ន្ទនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣។ រូបថត៖ រ៉យទ័រ

ចំណុចភ្លឺឥណ្ឌា

ថ្ងៃទី ២៣ ខែសីហាឆ្នាំនេះបានចារឹកក្នុងប្រវត្តិសាស្រ្ត មិនត្រឹមតែរបស់ផ្នែកលំហអវកាសឥណ្ឌាប៉ុណ្ណោះទេ ថែមទាំងរបស់ផ្នែកលំហអវកាសពិភពលោកទៀតផងនៅពេលដែលយានអវកាស Chandrayaan-3 របស់ឥណ្ឌាបានចុះចតនៅលើប៉ូលខាងត្បូងនៃឋានព្រះច័ន្ទ ជាកន្លែងដែលត្រូវបានគេជឿថាមានផ្ទុកទឹកកកជាច្រើន និងសារធាតុរ៉ែនានា ដែលអាចទ្រទ្រង់ជីវិតមនុស្សជាតិនាពេលអនាគត។

នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែលប្រទេសមួយទទួលបានជោគជ័យក្នុងការចុះចតយានអវកាសនៅលើប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទ ហើយព្រឹត្តិការណ៍នេះក៏បានកត់សម្គាល់ថាឥណ្ឌាបានក្លាយទៅជាប្រទេសទី ៤ ដែលទទួលបានជោគជ័យក្នុងបេសកកម្មស្វែងយល់ឋានព្រះច័ន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក សហភាពសូវៀត និងចិន។ មិនត្រឹមតែប៉ុណ្ណោះ ត្រឹមតែ ២ សប្តាហ៍បន្ទាប់ពីយានអវកាស Chandrayaan-3 បានចុះចតនៅលើឋានព្រះច័ន្ទ ឥណ្ឌាបានបន្តបាញ់បង្ហោះយានអវកាសដំបូងដែលមានឯកទេសក្នុងការសិក្សាអំពីព្រះអាទិត្យ។

ជោគជ័យជាបន្តបន្ទាប់ទាំងនេះបានលើកកម្ពស់ឋានៈរបស់ឥណ្ឌាជាមហាអំណាចថ្មីមួយនៅក្នុងលំហអវកាស។ យោងតាមអ្នកជំនាញស្រាវជ្រាវផ្នែកការពារជាតិលោក Peter Garretson មកពីក្រុមប្រឹក្សាគោលនយោបាយការបរទេសអាមេរិកបានឲ្យដឹងថា ភាពជោគជ័យរបស់ឥណ្ឌាបានបង្ហាញថា សណ្ដាប់ធ្នាប់ចាស់អំពីវិស័យអវកាសនៅលើពិភពលោកបានផ្លសាស់ប្ដូរហើយ។ លោកស្រី Ruchira Kamboj តំណាងអចិន្ត្រៃយ៍របស់ឥណ្ឌា ប្រចាំនៅអង្គការសហប្រជាជាតិ មានប្រសាសន៍ថា៖

"សមិទ្ធិផលនេះមិនត្រឹមតែបង្ហាញពីវត្តមានរបស់ឥណ្ឌានៅលើឋានព្រះច័ន្ទប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃការបំផុសគំនិតរបស់ប្រជាជនចំនួន ១,៤ ពាន់លាននាក់របស់ឥណ្ឌាទៀតផង។ លើសពីនេះទៅទៀត នេះគឺជាគ្រាប្រវត្តិសាស្ត្រមួយ នៅពេលដេលមនុស្សជាតិចូលទៅក្នុងតំបន់ដីដែលមិនទាន់បានរកឃើញ ហើយឥណ្ឌាសង្ឃឹមថាជោគជ័យនេះនឹងជំរុញឱ្យប្រទេសនានានៅក្នុងពិភពលោកភាគខាងត្បូងឈានទៅមុខផងដែរ "។

ក្រៅពីចំណុចភ្លឺគឺឥណ្ឌានោះ  ក្នុងឆ្នាំ ២០២៣ រុស្ស៊ីបានបាញ់បង្ហោះយានអវកាស Luna-25 ដែលជាបេសកកម្មព្រះច័ន្ទដើមដំបូងរបស់ប្រទេសនេះចាប់តាំងពីពេលដែលយានអវកាស Luna-24 របស់សហភាពសូវៀតបាននាំយកគំរូពិសោធន៍ត្រឡប់មកផែនដីវិញនៅឆ្នាំ ១៩៧៦។

ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងចិន ដែលជាមហាអំណាចនាំមុខទាំងពីរក្នុងវិស័យអវកាស បន្តជំរុញគម្រោងធំៗ។ សហរដ្ឋអាមេរិកកំពុងពន្លឿនកម្មវិធី Artemis ដោយមានគោលដៅបញ្ជូនមនុស្សទៅឋានព្រះច័ន្ទ ហើយគ្រោងនឹងបំពេញបេសកកម្ម Artemis II នៅចុងឆ្នាំ ២០២៤ ចិនក៏កំពុងទទួលបានវឌ្ឍនភាពយ៉ាងខ្លាំងក្លា សំដៅបញ្ជូនមនុស្សទៅកាន់ ឋានព្រះច័ន្ទមុនឆ្នាំ ២០៣០។

ធានាសន្តិសុខលំហអវកាស

ក្រៅពីសមិទ្ធិផលនានា កំដៅពីការប្រណាំង លំហអាកាសក៏កំពុងបង្កើតបញ្ហាប្រឈមដ៏ធំធេងចំពោះមនុស្សជាតិផងដែរ។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ចំនួនផ្កាយរណបដែលបានបាញ់បង្ហោះទៅកាន់ទីអវកាសក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ មានចំនួនច្រើនជាងចំនួនផ្កាយរណបសរុបដែលបានបាញ់បង្ហោះកាលពី ៥០ ឆ្នាំមុន ហើយបច្ចុប្បន្នមានផ្កាយរណបប្រមាណ ៩០០ នៅក្នុងគន្លងទាបជុំវិញផែនដី ពោលគឺកើនឡើងទ្វេដងក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ។ ការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនផ្កាយរណបនៅក្នុងលំហ បង្កើតហានិភ័យអំពីសុវត្ថិភាព ដោយបង្កើនហានិភ័យ ប៉ះទង្គិចគ្នា បង្កើតជាសម្រាមអវកាស និងគំរាមកំហែងដល់សកម្មភាពធ្វើដំណើរក្នុងលំហអវកាស។ បន្ទាប់មក ហានិភ័យនៃការធ្វើយោធូបនីយកម្មលំហអវកាសក៏កើនឡើងផងដែរ។ យោងតាមអគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Guy Ryder បានឲ្យដឹងថា សហគមន៍ពិភពលោកចាំបាច់ត្រូវបង្កើតយន្តការអភិបាលកិច្ចសកលថ្មីសម្រាប់សន្តិសុខអវកាស៖

"ភាពបន្ទាន់នេះត្រូវបានជំរុញដោយភាពជឿនលឿននៃបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស និងការប្រែប្រួលភូមិសាស្ត្រនយោបាយដែលគំរាមកំហែងដល់ការពង្រីកជម្លោះពីផែនដីទៅកាន់លំហ។ ដូច្នេះ ប្រសិនបើមិនសម្រេចបានវឌ្ឍនភាពក្នុងការដោះស្រាយបញ្ហាក្នុងយន្តការអភិបាលកិច្ចសន្តិសុខលំហបច្ចុប្បន្នទេ យើងនឹងជួបប្រទះគ្រោះអាសន្នការប្រណាំងសព្វាវុធនៅក្នុងលំហអាកាស ដែលបង្កើតការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សេវាកម្មដែលប្រទេស និងប្រជាជនកំពុងពឹងផ្អែកផងដែរ"។

កំដៅនៃការរត់ប្រណាំងលំហអវកាស - ảnh 2រ៉ុក្កែត Soyuz-2.1b ដែលផ្ទុកយាន Luna-25  ត្រូវបានបាញ់បង្ហោះពីយាន Vostochny cosmodrome ប្រទេសរុស្ស៊ី ។ រូបថត៖ AFP/TTXVN

បច្ចុប្បន្ននេះ ច្បាប់ចម្បងដែលគ្រប់គ្រងទ្រព្យសម្បត្តិរួមនៅក្នុងលំហគឺ សន្ធិសញ្ញាលំហអវកាសក្នុងឆ្នាំ១៩៦៧។ ដើម្បីធានាសន្តិសុខ និងទប់ស្កាត់ហានិភ័យនៃការប្រណាំងសព្វាវុធក្នុងលំហ មហាសន្និបាតអង្គការសហប្រជាជាតិកាលពីដើមខែធ្នូ បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចមួយ ដែលស្នើឡើងដោយរុស្ស៊ី ស្តីពីការមិនដាក់ពង្រាយអាវុធនៅក្នុងលំហអវកាស។

ប្រការនេះត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅការកសាងសន្ធិសញ្ញាអន្តរជាតិដ៏ទូលំទូលាយលើបញ្ហានេះ ក្នុងបរិបទនៃភាពតានតឹងភូមិសាស្ត្រនយោបាយក្នុងពិភពលោក ដែលបង្កើតនូវសេណារីយ៉ូដែលមិនអាចទាយទុកជាមុនបានសម្រាប់សន្តិសុខពិភពលោកនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ