កំណែទម្រង់ផ្នែកប្រាក់បៀវត្តន៍៖ បង្កើនផលិតភាពពលកម្មនិងទាក់ទាញមនុស្សមានទេពកោសល្យ
(VOVWORLD) - គម្រោងការណ៍កែទម្រង់គោលនយោបាយស្ដីពីប្រាក់បៀវត្តន៍ជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលត្រូវបានយកមកពិភាក្សានៅសន្និបាតមជ្ឈឹមលើកទី៧នីតិកាលទី១២ ដែលប្រារព្ធឡើងនាព្រឹកថ្ងៃទី៧ ឧសភា នៅទីក្រុង ហាណូយ។
កំណែទម្រង់ផ្នែកប្រាក់បៀវត្តន៍៖ បង្កើនផលិតភាពពលកម្មនិងទាក់ទាញមនុស្សមានទេពកោសល្យ |
គោលដៅធំបំផុតនៃគម្រោងការណ៍នេះគឺបង្កើតឡើងកម្លាំងចលករថ្មីចំពោះមនុស្សមានសមត្ថភាព មានជំនាញខ្ពស់ រួមចំណែកបង្កើនផលិតភាពពលកម្ម ទាក់ទាញមនុស្សមានទេពកោសល្យចូលមកធ្វើការនៅស្ថាប័នរដ្ឋ។ បើប្រៀបនឹងកម្រិតប្រាក់បៀវត្តន៍អប្បបរមានៅតាមតំបន់ ដែលបានរដ្ឋាភិបាលប្រកាសឲ្យអនុវត្តនាឆ្នាំ២០១៨នោះ គឺកម្រិតប្រាក់បៀវត្តន៍ជាសារវ័ន្តរបស់កម្មាភិបាល មន្ត្រីរដ្ឋការ និងនិយោជិត នាបច្ចុប្បន្ន ត្រឹមតែឆ្លើយតបនឹង៤០%នៃតម្រូវការអប្បបរមានៃជីវភាពរស់នៅប៉ុណ្ណោះ។ គម្លាតខាងប្រាក់ចំណូលរវាងមនុស្សធ្វើការក្នុងស្ថាប័នរដ្ឋនៅតែធំបង្គួរ ព្រោះថានៅមានខ្ទង់ប្រាក់ចំណូលក្រៅពីប្រាក់បៀវត្តន៍ជាច្រើន ហើយការគ្រប់គ្រងប្រាក់បៀវត្តន៍មិនទាន់មានភាពចំហរនិងតម្លាភាពទេ។
បង្កើតកម្លាំងចលករថ្មីដើម្បីបង្កើនផលិតភាពពលកម្មនិងទាក់ទាញមនុស្សមានទេពកោសល្យ
ការផ្លាស់ប្ដូរធំបំផុតក្នុងគម្រោងការណ៍កែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍លើកនេះ គឺការចេញផ្សាយប្រព័ន្ធបញ្ជីបើកប្រាក់បៀវត្តន៍ថ្មី ចំពោះវិស័យសាធារណៈ។
ជំនួសឲ្យតារាងប្រាក់បៀវត្តន៍ចំនួន៧ដូចបច្ចុប្បន្ននេះ ប្រព័ន្ធតារាងប្រាក់បៀវត្តន៍ថ្មីនឹងមានតែតារាងប្រាក់បៀវត្តន៍ចំនួន៥ប៉ុណ្ណោះ រួមមាន៖ តារាងប្រាក់បៀវត្តន៍ចំនួន២សំរាប់មន្ត្រីរដ្ឋការ និយោជិត និងតារាងប្រាក់បៀវត្តន៍ចំនួន៣សំរាប់កម្លាំងប្រដាប់អាវុធ។ លោក Nguyen Quang Dung ប្រធាននាយកដ្ឋានប្រាក់បៀវត្តន៍ ក្រសួងមហាផ្ទៃវៀតណាមបានចាត់ទុកថា៖
“ក្រោយពីអនុវត្តន៍គោលនយោបាយប្រាក់បៀវត្តន៍ថ្មីទៅតាមសេចក្ដីសម្រេចចិត្តរបស់មជ្ឈឹមគឺ កម្រិតប្រាក់បៀវត្តន៍របស់កម្មាភិបាល មន្ត្រីរដ្ឋការនឹងមានការកែលំអគួរឲ្យកត់សម្គាល់។ ប៉ុន្តែ នឹងមានការរៀបចំឡើងវិញរវាងបណ្ដាផ្នែក វិជ្ជាជីវៈ”។
តាមលោក Tran Quoc Toan សមាជិកក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹមថា គោលនយោបាយប្រាក់បៀវត្តន៍លើកនេះ ត្រូវបំភ្លឺឲ្យបានច្បាស់លាស់នូវគោលដៅនៃការរៀបចំប្រព័ន្ធប្រាក់បៀវត្តន៍ឡើងវិញ ប្រាក់ឧបត្ថម្ភសំរាប់ប្រព័ន្ធនយោបាយយ៉ាងដូចម្ដ៉េច និងរៀបចំតារាងប្រាក់បៀវត្តន៍ឲ្យបានសមស្របនឹងប្រសិទ្ធភាពនិងគុណភាពការងារជារៀងរាល់ឆ្នាំរបស់កម្មាភិបាល មន្ត្រីរដ្ឋការនោះ។
“នាពេលយើងរៀបចំណាត់ថ្នាក់កម្មាភិបាលមន្ត្រីរដ្ឋការយ៉ាងដូច្នេះ គឺយើងមានមូលដ្ឋានដើម្បីរៀបចំប្រព័ន្ធតារាងប្រាក់បៀវត្តន៍ឲ្យបានសមស្រប។ ពីនោះ រៀបចំឡើងប្រព័ន្ធប្រាក់ឧបត្ថម្ភតាមអតីតភាពការងារ តាមមុខតំណែង និងតាមចរិតលក្ខណៈការងារ ប្រកបដោយប្រសិទ្ធភាព”។
ធានាប្រសិទ្ធភាពក្នុងស្ថានភាពជាក់ស្ដែង
លោក Bui Sy Loi អនុប្រធានគណៈកម្មការទទួលបន្ទុកបញ្ហាសង្គមចំណុះរដ្ឋសភា បានចាត់ទុកថា បើចង់កែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍លើកនេះ គឺដំបូងបង្អស់ត្រូវកែទម្រង់ ផ្លាស់ប្ដូរថ្មីនិងលើកកំពស់សមត្ថភាពនិងប្រសិទ្ធភាពនៃអង្គភាពផ្ដល់សេវាសាធារណៈ។
“ចំពោះសេវាសាធារណៈដូចជាសុខាភិបាលនិងអប់រំ ការងារអ្វីដែលប្រជាជនធ្វើបានគឺទុកឲ្យគេធ្វើ ដើម្បីកាត់បន្ថយបុគ្គលិកក្នុងក្របខ័ណ្ឌរដ្ឋ និងកាត់បន្ថយសម្ពាធដាក់លើថវិការដ្ឋផងដែរ។ ទី២គឺត្រូវកែសម្រួលក្បាលម៉ាស៊ីនរដ្ឋ ក្បាលម៉ាស៊ីននយោបាយ ដូចជាស្មារតីនៃសេចក្ដីសម្រេចចិត្ត១៨របស់មជ្ឈឹមស្ដីពីការផ្លាស់ប្ដូរថ្មីប្រព័ន្ធនយោបាយ។ ទី៣គឺត្រូវលើកកំពស់សមត្ថភាព ប្រសិទ្ធភាពក្នុងការគ្រប់គ្រងរបស់ស្ថាប័នរដ្ឋ”។
ដោយការផ្លាស់ប្ដូរលោតផ្លោះខាងលើ គម្រោងការណ៍កែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍លើកនេះត្រូវបានសង្ឃឹមថា នឹងបង្កើតឡើងរបត់មួយក្នុងការធ្វើពលកម្ម ផលិតកម្ម ព្រមទាំងកែលំអជីវភាពរស់នៅរបស់ប្រជាពលករផងដែរ៕