កំណែទម្រង់រដ្ឋបាល៖ ដងថ្លឹងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVWORLD) - កំណែទម្រង់រដ្ឋបាល គឺជាជំហានទម្លុះទម្លាយយុទ្ធសាស្ត្រមួយ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ក្នុងរយៈពេលកន្លងមក អាស្រ័យដោយការជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល វៀតណាមបានលើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ បំផុសនិងកៀងគរប្រភពធនធានជាច្រើនសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ បន្តសន្ទុះនេះ ក្នុងឆ្នាំនេះ រដ្ឋាភិបាលបានតម្រូវឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋានផ្ដោតសំខាន់លើការជំរុញកំណែទម្រង់រដ្ឋបាល ដោយផ្សាភ្ជាប់នឹងនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ជំរុញការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

កំណែទម្រង់រដ្ឋបាល៖ ដងថ្លឹងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម - ảnh 1រូបថតឧទាហរណ៍៖ baochinhphu.vn

ចំណុចលេចធ្លោក្នុងកំណែទម្រង់រដ្ឋបាលឆ្នាំ ២០២២

របាយការណ៍បូកសរុបការងារកំណែទម្រង់រដ្ឋបាលឆ្នាំ ២០២២ នៅកិច្ចប្រជុំលើកទី ៣ នៃគណៈកម្មការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាលនាថ្ងៃទី ៣ ខែកុម្ភៈ នៅទីក្រុងហាណូយ បានបង្ហាញថា ក្នុងឆ្នាំ ២០២២ ការកែទម្រង់បែបបទរដ្ឋបាល ការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម ត្រូវបានជំរុញយ៉ាងខ្លាំងក្លា បម្រើប្រជាជន និងសហគ្រាសកាន់តែប្រសើរឡើង។ វៀតណាមបានកាត់បន្ថយ និងសម្រួលបទប្បញ្ញត្តិអាជីវកម្មជាង ១០០០។ ប្រទេសទាំងមូល បានបង្កើតប៉ូស្តិ៍ច្រកទ្វារតែមួយគ្រប់ជាន់ថ្នាក់ចំនួន ១១.៧០០ កន្លែង ដើម្បីទទួល និងដោះស្រាយនីតិវិធីរដ្ឋបាល ក្នុងនោះមានខេត្តក្រុងចំនួន ៥៦/៦៣ រៀបចំតាមគំរូមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈថ្នាក់ខេត្ត។ ក្រសួង ផ្នែក និងមូលដ្ឋានទាំង ១០០% បានកសាង ហើយដាក់ឱ្យដំណើរការនូវ វិបផតថលសេវាសាធារណៈ និងប្រព័ន្ធច្រកព័ត៌មានអេឡិចត្រូនិកតែមួយ នៅថ្នាក់ក្រសួងនិងថ្នាក់ខេត្ត។ វៀតណាមសម្រេចជាស្ថាពរនូវការរួមបញ្ចូលនិងផ្គត់ផ្គង់ សេវាសាធារណៈសំខាន់ទាំង ២៥/២៥ ឡើងវិបផតថលសេវាសាធារណៈជាតិផងដែរ។

លទ្ធផលនៃការកែទម្រង់រដ្ឋបាលបានបង្កើតបុព្វបទ ជំរុញការអភិវឌ្ឍលើវិស័យជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ ក្នុងបរិបទនៃឥទ្ធិពលដ៏ខ្លាំងក្លានៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ និងនិន្នាការសកលភាវូបនីយកម្ម។ ជាពិសេស ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានិងស៊ីសង្វាក់គ្នាក្នុងការរៀបចំ យន្តការគ្រប់គ្រង យន្តការប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; ពង្រីកតួនាទី និងប្រសិទ្ធភាពនៃអង្គការវិទ្យាសាស្ត្រ បច្ចេកវិទ្យាសំខាន់ៗ ក្នុងការអនុវត្តភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា តាមនោះ លើកកំពស់សន្ទស្សន៍នវានុវត្តន៍សកលរបស់វៀតណាម បើធៀបនឹងប្រទេសដទៃទៀតលើពិភពលោក។

កំណែទម្រង់រដ្ឋបាល៖ ដងថ្លឹងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម - ảnh 2លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីសម័យប្រជុំលើកទី៣ នៃគណៈកម្មធិការដឹកនាំការកែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល។ (រូបថត៖ VGP/Nhat Bac)

ឆ្នាំ ២០២៣៖ ឆ្នាំនៃទិន្នន័យឌីជីថល ការបង្កើតនិងទាញយកអត្ថប្រយោជន៍ពីទិន្នន័យដើម្បីបង្កើតតម្លៃថ្មី

ឆ្នាំនេះ រដ្ឋាភិបាលវៀតណាមកំណត់ថា ជាឆ្នាំនៃទិន្នន័យឌីជីថល ការបង្កើត និងទាញយកអត្ថប្រយោជន៍ពីទិន្នន័យដើម្បីបង្កើតតម្លៃថ្មី។ តាមនោះ វៀតណាមត្រូវកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ដើម្បីបម្រើប្រជាជន និងសហគ្រាសឱ្យកាន់តែប្រសើរឡើង កសាងសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមឯករាជ្យ ខ្លួនទីពឹងខ្លួន ដោយផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាព។ រដ្ឋាភិបាលបានតម្រូវឱ្យគ្រប់ក្រសួង ផ្នែក និងមូលដ្ឋានទាំងអស់ ត្រូវតែអនុវត្តន៍ការកសាងមូលដ្ឋានទិន្នន័យរបស់ក្រសួង ផ្នែក និងមូលដ្ឋានរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖

“ការជំរុញកំណែទម្រង់រដ្ឋបាលនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងសហគ្រាស; កាត់បន្ថយកម្លាំង ពេលវេលារបស់មន្ត្រីរដ្ឋការ និងនិយោជិត ក្នុងដំណើរការបំពេញភារកិច្ច; រួមចំណែកបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអវិជ្ជមាន; កាត់បន្ថយថ្លៃដើមសម្រាប់ផលិតកម្ម និងអាជីវកម្ម; ធ្វើឱ្យបរិយកាសនៃប្រព័ន្ធអេកូឡូស៊ីរដ្ឋបាលកាន់តែស្អាតស្អំ។ អត្ថន័យទាំង៥ ដ៏សំខាន់យ៉ាងដូច្នេះ គឺយើងត្រូវតែបន្តធ្វើ”។

លោកនាយករដ្ឋមន្រ្តីបានតម្រូវឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋានផ្ដោតសំខាន់លើការជំរុញកំណែទម្រង់រដ្ឋបាលដោយភ្ជាប់ជាមួយនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ ដោយមានចំណុចស្នូលគឺការកែទម្រង់របៀបរបប កាត់បន្ថយនីតិវិធីរដ្ឋបាល លើកកំពស់គុណភាពនៃការផ្គត់ផ្គង់សេវាសាធារណៈតាមអនឡាញ់។

ក្រសួងនគរបាល ចាំបាច់ត្រូវសម្របសម្រួលជាមួយខុទ្ទកាល័យរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានដើម្បីរូមបញ្ចូល ចែករំលែកទិន្នន័យរវាងមូលដ្ឋានទិន្នន័យជាតិស្តីពីចំនួនប្រជាជន ជាមួយនឹង វិបផតថលសេវាសាធារណៈជាតិ ប្រព័ន្ធព័ត៌មាន ដោះស្រាយនីតិវិធីរដ្ឋបាលថ្នាក់ក្រសួង ថ្នាក់ខេត្ត ដើម្បីសម្រេចរួចរាល់នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ លោកនាយករដ្ឋមន្រ្តី ក៏បានតម្រូវឲ្យក្រសួងព័ត៌មាននិងទូរគមនាគមន៍ ដាស់តឿនបណ្ដាក្រសួង ស្ថាប័ននិងមូលដ្ឋានអនុវត្តន៍ភារកិច្ចនិងដំណោះស្រាយសំខាន់ៗមួយចំនួន ដើម្បីអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិកផងដែរ។

គោលដៅស្នូលនៃកំណែទម្រង់រដ្ឋបាលនោះ គឺកសាងខឿនរដ្ឋបាលប្រជាធិបតេយ្យ ទំនើប ប្រកបដោយសមត្ថភាព ប្រើប្រាស់អំណាចឲ្យបានត្រឹមត្រូវ ដើម្បីគ្រប់គ្រងកិច្ចការរដ្ឋប្រកបដោយប្រសិទ្ធភាព ធ្វើជាដងថ្លឹងដ៏មានប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ការអនុវត្តបានយ៉ាងល្អនូវការកែទម្រង់រដ្ឋបាលក៏នឹងរួមចំណែកដល់ការកសាងនីតិរដ្ឋសង្គមនិយមវៀតណាមប្រកបដោយជោគជ័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ