កាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ដើម្បីសន្តិភាព ស្ថិរភាពនៃតំបន់អាស៊ីឦសាននិងពិភពលោក

(VOVWORLD) - នាពេលកន្លងមក ស្ថានភាពនៅឧបទ្វីបកូរ៉េបន្តមានការវិវឌ្ឍន៍ដ៏តានតឹងជាច្រើន។ ក្នុងបរិបទនៃស្ថានការណ៍ភូមិសាស្ត្រនយោបាយសកលដ៏ស្មុគស្មាញ សហគមន៍អន្តរជាតិបានដាស់តឿនឱ្យភាគីពាក់ព័ន្ធធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ និងស្ថាបនា ដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់និងពិភព លោក។

កាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ដើម្បីសន្តិភាព ស្ថិរភាពនៃតំបន់អាស៊ីឦសាននិងពិភពលោក - ảnh 1កាំជ្រួចមីស៊ីល Hwasong-១៧ របស់កូរ៉េខាងជើង ចាកចេញពីជើងបាញ់បង្ហោះ ក្នុងការសាកល្បងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា។ (រូបថត៖ KCNA)

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា លោកស្រី Kim Yo-jong ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានចាត់ទុកថា ភាពតានតឹងនឹងកើនឡើង ប្រសិនបើកូរ៉េខាងត្បូងដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង។ ការព្រមាននេះត្រូវបានធ្វើឡើងពីរថ្ងៃបន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងត្បូងបានជូនដំណឹងថា គេកំពុងពិចារណាលើការដាក់ទណ្ឌកម្មឯករាជ្យប្រឆាំងនឹងកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាងធ្វើការសាកល្បងនុយក្លេអ៊ែរ។

ស្ថានការណ៍ដ៏តានតឹង

តាមការធ្វើស្ថិតិនៃប្រភពព័ត៌មានក្នុងតំបន់និងអន្តរជាតិ ក្នុងរយៈពេលត្រឹមតែបួនថ្ងៃដំបូងនៃខែវិច្ឆិកានេះ (ថ្ងៃទី ២-៥ ខែវិច្ឆិកា) កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចគ្រប់ប្រភេទជាង ៨០ គ្រាប់ ដែលក្នុងនោះ ដោយឡែកថ្ងៃទី ៣ ខែវិច្ឆិកា បានបាញ់រហូតដល់ទៅ ២៣ គ្រាប់ ស្មើនឹងចំនួនកាំជ្រួចដែលប្រទេសនេះបានបាញ់បង្ហោះពេញមួយឆ្នាំ ២០១៧។ មជ្ឈដ្ឋានមន្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានបញ្ជាក់ថា ការបាញ់កាំជ្រួចនិងការធ្វើតេស្តអាវុធទាំងនេះ គឺដើម្បីឆ្លើយតបទៅនឹងសមយុទ្ធ និងសកម្មភាពយោធាទ្រង់ទ្រាយធំដែលសហរដ្ឋ

អាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានដំណើរការនៅក្នុងតំបន់ ជាពិសេសសមយុទ្ធកងទ័ពជើងអាកាសរួមអាមេរិក-កូរ៉េខាងត្បូង ដែលមានរហស្សនាមថា Vigilant Storm ដែលបានធ្វើឡើងកាលពីដើមខែនេះ ដោយមានការចូលរួមពីយន្តហោះគ្រប់ប្រភេទជាង ២០០គ្រឿង។

Vigilant Storm គឺជាសមយុទ្ធយោធារួមរវាងអាមេរិកនិងកូរ៉េខាងត្បូងដោយមានទ្រង់ទ្រាយធំបំផុតត្បូងក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ដែលត្រូវបានចាត់ទុកថា ជាហេតុផលចម្បងដែលធ្វើឲ្យកូរ៉េខាងជើងធ្វើការបាញ់បង្ហោះកាំជ្រួចមីស៊ីលក្នុងបរិមាណច្រើនបំផុតតាំងពីមុនមកកាលពីថ្ងៃទី ៣ ខែវិច្ឆិកា ដែលបណ្ដាលឱ្យភាពតានតឹងនៅលើឧបទ្វីបកូរ៉េឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៧ មក នៅពេលដែលទីក្រុងព្យុងយ៉ាងបានធ្វើកាសាកល្បងនុយក្លេអ៊ែរលើកទី ៦។

កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹង

យោងតាមអ្នកវិភាគអន្តរជាតិ ក្នុងបរិបទដែលស្ថានការណ៍ភូមិសាស្ត្រនយោបាយសកលមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនោះ ភាពតានតឹងនៅឧបទ្វីបកូរ៉េ មានហានិភ័យបង្កឡើងផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរលើកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការបង្កើតសន្តិភាព និងស្ថិរភាពនៅទូទាំងពិភពលោក។

នៅចំពោះមុខតថភាពគួរឲ្យព្រួយបារម្ភនោះ អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងប្រទេសនានាបានអំពាវនាវម្តងហើយម្តងទៀត ដល់គ្រប់ភាគីពាក់ព័ន្ធក្នុងបញ្ហាកូរ៉េខាងជើង គួរតែអត់ធ្មត់ កុំឲ្យស្ថានការណ៍កាន់តែតានតឹង ព្រមទាំងត្រូវខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយចំពោះបញ្ហាផងដែរ។ ក្នុងពេលជាមួយគ្នានោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានរៀបចំកិច្ចប្រជុំពិសេសចំនួន ៩ អំពីបញ្ហាកូរ៉េខាងជើងគិតរហូតមកដល់ពេលនេះ។ នៅក្នុងកិច្ចប្រជុំថ្មីបំផុតកាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ លោក Khaled Khiari បានដាស់តឿនឱ្យក្រុមប្រឹក្សាសន្តិសុខធ្វើអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ភាពតានតឹងកុំឱ្យកើនឡើងនៅលើឧបទ្វីបកូរ៉េ។ មុននោះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងគោរពតាមកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនដែលមានចែងនៅក្នុងសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខ ហើយថាទីក្រុងព្យុងយ៉ាងគួរតែធ្វើការបោះជំហានចាំបាច់ដើម្បីបន្តការចរចាឆ្ពោះទៅរកគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េផងដែរ។

ទន្ទឹមនឹងនោះ មហាអំណាចពិភពលោកដូចជារុស្ស៊ី អាមេរិក ចិនជាដើម ទោះបីមិនទាន់រកឃើញសំឡេងរួមចុងក្រោយដើម្បីដោះស្រាយភាពតានតឹងនៅឧបទ្វីបកូរ៉េក៏ដោយ ក៏បន្តសង្កត់ធ្ងន់លើភាពចាំបាច់នៃការជំរុញកិច្ចខិតខំប្រឹងប្រែងការទូត កិច្ចសន្ទនានយោបាយ ហើយជៀសវាងសកម្មភាពទាំងអស់ដែលបណ្ដាលឲ្យភាពតានតឹងកើនឡើង ដើម្បីសន្តិភាព ស្ថិរភាពនៃតំបន់អាស៊ីឦសាននិងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ