ក្តីសង្ឃឹមសម្រាប់ការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញនៅពេលដែលអ៊ីរ៉ង់មានប្រធានាធិបតីថ្មី
(VOVWORLD) - ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ត្រូវបានធ្វើឡើង នាថ្ងៃទី ១៨ មិថុនា ក្នុងបរិបទដំណើរការកិច្ចចរចាដើម្បីស្តារឡើងវិញ JCPOA រវាងអ៊ីរ៉ង់និង P5+1 (រួមមានអាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិននិងអាល្លឺម៉ង់) ដោយឆ្លងកាត់ការចរចារជាច្រើនជុំនៅទីក្រុង វីយែន (អូទ្រីស) ជាមួយនឹងវឌ្ឍនភាពជាក់ស្តែង ប៉ុន្តែនៅតែមិនបានសម្រេចគោលដៅដែលបានដាក់ចេញ។ ដូច្នេះសំណួរត្រូវចោតឡើងថា តើលោក Ebrahim Raisi ដែលជាមេដឹកនាំប្រកាន់ជំហររឹងប៉ឹង ដែលជាប់ឆ្នោតក្លាយជាប្រធានាធិបតីអ៊ីរ៉ង់នោះ នឹងជះឥទ្ធិពលយ៉ាងណាដល់ដំណើរការចរចាដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់សាធារណៈជន។
រោងចក្រថាមពលនុយក្លេអ៊ែរ Bushehr នៅអ៊ីរ៉ង់ (១០ វិច្ឆិកា ២០១៩) (រូបថតៈ Fatemeh Bahrami/Agency Anadolu) |
នៅក្នុងសេចក្តីប្រកាសជាផ្លូវការមួយ បន្ទាប់ពីត្រូវបានបញ្ជាក់ថាជាប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានសន្យាដើរតាមផ្លូវចរចាដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ។ នេះត្រូវបានគេចាត់ទុកថាជាសញ្ញាវិជ្ជមានសម្រាប់ដំណើរការចរចា ទោះបីជាផ្លូវឆ្ពោះទៅរកការសម្របសម្រួលចុងក្រោយ នៅតែត្រូវបាន ចាត់ទុកថាវែងអន្លាយនិងពោរពេញទៅដោយ ឧបស័គ្គ។
សញ្ញាវិជ្ជមានសម្រាប់ការចរចា
យោងតាមអ្នកវិភាគថា ការដែលប្រធានាធិបតីអ៊ីរ៉ង់បានប្តេជ្ញាបន្តដើរតាមផ្លូវចរចាដើម្បីស្តារកិច្ចព្រមព្រៀងនេះមានន័យថា ប្រទេសអ៊ីស្លាមមួយនេះនឹងមិនបោះបង់ចោលការចរចាដែលកំពុងដំណើរការនៅទីក្រុង Vienna យ៉ាងហោចណាស់ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ និយាយម៉្យាងវិញទៀតថា ការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់ក្នុងការបន្តការចរចាដើម្បីស្តារកិច្ចព្រមព្រៀងនេះ ត្រូវបានមើលឃើញថា ជាការធានាមួយពីប្រទេសអ៊ីស្លាមមួយនេះ ដែលបញ្ជាក់ថា ដំណើរការនេះនឹងមិនត្រូវបានបកក្រោយឡើយ នៅពេលដែលលោក Ebrahim Raisi ចូលកាន់តំណែងដឹកនាំប្រទេសជំនួសប្រធានាធិបតី Hassan Rouhani នៅខែសីហាខាងមុខនេះ។
ក្នុងបរិបទនេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Maas បានប្រកាសនៅថ្ងៃទី ២៣ ខែមិថុនាថា អ៊ីរ៉ង់និងបណ្តាប្រទេសមហាអំណាចសម្រេចបានវឌ្ឍនភាពក្នុងការចរចា ស្តីពីការស្តារឡើងវិញ JCPOA។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken នៅទីក្រុងប៊ែរឡាំង ប្រមុខក្រសួងការបរទេសអាល្លឺម៉ង់បានឲ្យដឹងថា នៅមានលទ្ធភាព ឈានដល់កិច្ចព្រមព្រៀងមួយ បន្ទាប់ពីអ៊ីរ៉ង់មានមេដឹកនាំថ្មី។ មានទស្សនៈដូចគ្នានេះ នៅក្នុងសេចក្តីប្រកាសមួយនៅថ្ងៃទី ២០ ខែមិថុនា តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខលោក Josep Borrell ក៏បានវាយតម្លៃថា ភាគីពាក់ព័ន្ធកំពុងខិតជិតមកដល់កិច្ចព្រមព្រៀងមួយ ហើយនៅតែអាចឈានដល់កិច្ចព្រមព្រៀងមួយដើម្បីស្តារឡើងវិញJCPOA បន្ទាប់ពីលោក Ebrahim Raisi ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីអ៊ីរ៉ង់ ផងដែរ។
ចំណែកខ្លួនវិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់នៅថ្ងៃទី ២៣ ខែមិថុនាបានដកស្រង់សម្តីលោក Mahmoud Vaezi ប្រធានខុទ្ទកាល័យវិមានប្រធានាធិបតីអ៊ីរ៉ង់ ដោយបានឲ្យដឹងថា មជ្ឈដ្ឋានមន្ត្រីអាមេរិកនិងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីដកទណ្ឌកម្មទាំងអស់ដែលតម្រង់ទៅលើវិស័យធានារ៉ាប់រង ប្រេងនិងដឹកជញ្ជូន ដែលត្រូវបណ្តុកបណ្តាក់ក្រោមរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump។ ដូច្នោះហើយទណ្ឌកម្មប្រហែល ១.០៤០ នឹងត្រូវដកចេញ។
ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi (រូបថតៈ Arash Khamooshi/The New York Times) |
គេអាចមើលឃើញថា វឌ្ឍនភាពដែលសម្រេចបានក្នុងការចរចាជាក់ស្តែង ស្របជាមួយការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីជាប់ឆ្នោតដើម្បីរក្សាការចរចាគឺជាសញ្ញាល្អសម្រាប់ដំណើរការនេះ។ ថ្វីត្បិតដូច្នេះក៏ដោយ ក៏មិនមានន័យថា លទ្ធភាពនៃការសម្រេចបានចំណុចលោតផ្លោះតាមរយៈបណ្តាកិច្ចចរចារនឹងកើនឡើងនោះទេដោយសារតែលក្ខណៈស្មុគស្មាញនៃបញ្ហានិងជះឥទ្ធិពលពីកត្តាជាច្រើនដែរ។
ពិបាកសម្រេចបានលទ្ធផលវិជ្ជមាន
តថៈភាពជាក់ស្តែងនៃការចរចានុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងរយៈពេលកន្លងមកក៏ដូចជាច្រើនឆ្នាំកន្លង មកបានបង្ហាញថា ទស្សនៈអភិក្រមបញ្ហាគឺខុសគ្នានិងផ្ទុយគ្នា រវាងអាមេរិកនិងអ៊ីរ៉ង់ ដែលជាឧបសគ្គធំបំផុតក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ។ តាមនោះ អាមេរិកនៅតែតម្រូវឲ្យអ៊ីរ៉ង់ ត្រូវស្តារឡើងវិញនូវកាតព្វកិច្ចរបស់ខ្លួនទាំងស្រុងតាមការសន្យាក្នុង JCPOA មុននឹងពេលដែល បញ្ហាដកទណ្ឌកម្មត្រូវបានពិចារណា។ ទន្ទឹមនឹងនេះដែរ អ៊ីរ៉ង់បានទាមទារឲ្យលុបចោលការដាក់ទណ្ឌកម្មជាមុនសិន។
យ៉ាងណាមិញ ក្រៅពីភាពលំបាកនៃវិធីសាស្រ្តអភិក្រមបញ្ហាដោយខ្វែងគំនិតគ្នានេះ អាមេរិកនិងអ៊ីរ៉ង់ក៏មានទស្សនៈជំទាស់លើបញ្ហាក្នុងតំបន់ជាច្រើនទៀត ជាពិសេសនៅបញ្ហាសមរភូមិអ៊ីរ៉ាក់និងស៊ីរី ដែលសុទ្ធសឹងតែជះឥទ្ធិពលយ៉ាងសំខាន់ក្នុងការសម្រេចចិត្តលើបញ្ហានុយក្លេអ៊ែរ។ លើសពីនេះទៅទៀត សម្រាប់រដ្ឋបាលអាមេរិក ការសម្រេចចិត្តនៅលើតុចរចានុយក្លេអ៊ែរអ៊ីរ៉ង់ក៏ត្រូវគិតគូរពីឥរិយាបថរបស់សម្ព័ន្ធមិត្តសំខាន់ៗនៅក្នុងតំបន់ ដូចជាអ៊ីស្រាអែលឬអារ៉ាប៊ីសាអ៊ូឌីតផងដែរ។ ចំពោះរដ្ឋអំណាចអ៊ីរ៉ង់វិញ រាល់ការកែតម្រូវណាមួយអំពីគោលនយោបាយចរចា ជាពិសេសជំហានមានលក្ខណៈសម្បទានត្រូវគិតគូរលើសម្ពាធពីមតិសាធារណៈក្នុងប្រទេស ជាពិសេស ពីមេដឹកនាំកំពូល Ali Khamenei។
នៅក្នុងបរិបទនោះ រហូតមកដល់ពេលនេះ ទាំងអាមេរិកនិងអ៊ីរ៉ង់សុទ្ធតែបានបញ្ជាក់ថា មិនទាន់មានចេតនាជំរុញកិច្ចប្រជុំកំពូលនាពេលអនាគត រវាងប្រធានាធិបតីអាមេរិកនិងប្រធានា ធិបតីជាប់ឆ្នោតអ៊ីរ៉ង់នៅឡើយ។ ហេតុដូច្នេះលទ្ធភាពសម្រាប់ឈានទៅរកវឌ្ឍនភាពឈានមុខគេនៅតុចរចានុយក្លេអ៊ែរ នៅពេលអ៊ីរ៉ង់មានប្រធានាធិបតីថ្មីគឺមិនអាចទៅរួចទេ។ មានន័យថា ទាំងអាមេរិក អ៊ីរ៉ង់និងភាគីពាក់ព័ន្ធចាំបាច់ត្រូវមានអាកប្បកិរិយាវិជ្ជមានថែមទៀត ក្នុងបណ្តាការចរចារនាពេលខាងមុខ ទើបមានក្តីសង្ឃឹមក្នុងការស្តារឲ្យ JCPOA រស់រានមានជីវិតឡើងវិញ៕