(VOVWORLD) - ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងឆ្នាំ ២០២២ បន្តសម្រេចបានលទ្ធផលគួរឲ្យចាប់អារម្មណ៍។ ថែមមួយឆ្នាំទៀត ដែលសេដ្ឋកិច្ចវៀតណាមទទួលបានជ័យជំនះទ្វេរដង ដោយសម្រេចបានកំណើនខ្ពស់ ហើយអតិផរណាត្រូវបានគ្រប់គ្រងបានល្អ។ លទ្ធផលនេះបានបង្កើតបុព្វបទដ៏សំខាន់សម្រាប់វៀតណាមបន្ត អនុវត្តន៍គោលដៅអភិវឌ្ឍន៍ដែលមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣បានដាក់ចេញ។
តួរលេខស្ថិតិដែលចេញផ្សាយដោយអគ្គនាយកដ្ឋានស្ថិតិគិតត្រឹមថ្ងៃទី ២៩ ខែធ្នូ បានបង្ហាញថា ជាមួយនឹងកំណើន GDP ប៉ាន់ស្មានសម្រេចបាន ៨,០២% អតិផរណា (គិតតាម CPI ជាមធ្យម) គឺ ៣,១៥% នោះ ឆ្នាំ ២០២២ គឺជាឆ្នាំដែល GDP របស់វៀតណាមកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ១២ ឆ្នាំកន្លងមក ព្រមទាំងក៏ជាឆ្នាំទី ៧ ជាប់ៗគ្នាដែរ ដែលវៀតណាមបានគ្រប់គ្រងអតិផរណាប្រកបដោយជោគជ័យ។
ការងើបឡើងវិញគួរឱ្យចាប់អារម្មណ៍
ផ្ទាំងគំនូរនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២២ ស្ថិតនៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកត្រូវជួបប្រទះនឹងបញ្ហាប្រឈមធំៗ និងមានអស្ថិរភាពខ្ពស់; អតិផរណានៅប្រទេសជាច្រើនបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្រោយរយៈពេលជាច្រើនទសវត្សរ៍ ដែលចាប់បង្ខំប្រទេសនានាត្រូវតែរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។
ទន្ទឹមនឹងនោះ ការប្រកួតប្រជែងយុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយរវាងប្រទេសធំៗ ជម្លោះយោធារវាងរុស្ស៊ីនិងអ៊ុយក្រែន; គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ... បានបង្កើនហានិភ័យលើទីផ្សារហិរញ្ញវត្ថុ រូបិយវត្ថុ សន្តិសុខថាមពល និងសន្តិសុខស្បៀងអាហារសកលផងដែរ។
នៅក្នុងបរិបទនោះ កំណើន GDP ចំនួន ៨,០២% របស់វៀតណាម មិនត្រឹមតែជាអត្រាកំណើន GDP ខ្ពស់បំផុតក្នុងទសវត្សរ៍កន្លងទៅប៉ុណ្ណោះទេ ថែមទាំងនេះត្រូវបានព្យាករណ៍ថា ជាអត្រាកំណើនឈានមុខគេក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងតំបន់អាស៊ីប៉ាស៊ីហ្វិកទៀតផង។
ក្រោមទស្សនៈទីផ្សារ និងធុរកិច្ច ចំនួនសហគ្រាសដែលត្រូវបានបង្កើតថ្មី និងបើកដំណើរការឡើងវិញ មានលើសពី ២០៨ ពាន់អង្គភាព ដែលខ្ពស់ជាង ១០ ដងបើធៀបនឹងរយៈពេលដំបូងនៃសម័យកាលផ្លាស់ប្ដូរថ្មី ហើយកើនឡើងជាង ៣០% បើធៀបនឹងរយៈពេលដែលច្បាប់សហគ្រាសចូលជាធរមាន (ខែមករា ឆ្នាំ២០២១)។ ប្រការនេះបង្ហាញថា ស្មារតីសហគ្រិនភាពរបស់សហគ្រាស និងប្រជាជនបន្តត្រូវបានពង្រឹង។ ចំនួនដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលត្រូវបានបើកចំណាយអនុវត្តន៍ សម្រេចបានកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។ គួរកត់សម្គាល់ថា ការវិនិយោគពីបរទេសបានបង្វែរទិស ដោយផ្តោតសំខាន់លើវិស័យបច្ចេកវិទ្យាខ្ពស់ នាំសេដ្ឋកិច្ចវៀតណាមចូលរួមកាន់តែស៊ីជម្រៅទៅក្នុងបណ្តាញផ្គត់ផ្គង់សកល។
លោកសាស្រ្តាចារ្យ បណ្ឌិតសេដ្ឋកិច្ច Vladimir Mazyrin នាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងអាស៊ាន នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី។ |
ទន្ទឹមនឹងនោះ ទំហំនាំចូល-នាំចេញសរុប សម្រេចបានកំណត់ត្រា ជាង ៧៣០ ពាន់លានដុល្លាអាមេរិក នាំវៀតណាមឈានចូលក្រុមសេដ្ឋកិច្ចទាំង ២០ ដែលមានសកម្មភាពពាណិជ្ជកម្មបរទេសធំជាងគេលើពិភពលោក។ លោកសាស្រ្តាចារ្យ បណ្ឌិតសេដ្ឋកិច្ច Vladimir Mazyrin នាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងអាស៊ាន នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី បានវាយតម្លៃថា៖
“បើប្រៀបធៀបជាមួយប្រទេសដទៃទៀត វៀតណាមបានបង្ហាញលទ្ធផលដ៏អស្ចារ្យ ដែលត្រូវបានទទួលស្គាល់ដោយអ្នកជំនាញនៃទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិ។ ខ្ញុំគិតថា វៀតណាមអាចត្រូវបានចាត់ទុកជា សត្វខ្លាសេដ្ឋកិច្ចថ្មីនៃទ្វីបអាស៊ី ដែលមានន័យថា ជាគំរូមួយក្នុងការអភិវឌ្ឍប្រកបដោយជោគជ័យ”។
ជោគជ័យកើតចេញពីគោលនយោបាយប្រកបដោយភាពបត់បែន និងការខិតខំប្រឹងប្រែងដើម្បីជំនះលើការលំបាក
លទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២២ រួមមានតួនាទីប្រតិបត្តិម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយភាពបត់បែន របស់រដ្ឋាភិបាល។ ទន្ទឹមនឹងការរួមដំណើរដោយមានប្រសិទ្ធភាពរបស់រដ្ឋសភា គោលនយោបាយ និងដំណោះស្រាយជាច្រើនត្រូវបានចេញផ្សាយ និងអនុវត្តន៍នៅពេលវេលាត្រឹមត្រូវ។
លោកស្រីបណ្ឌិត Irina Korgun នាយិកាមជ្ឈមណ្ឌលយុទ្ធសាស្ត្ររុស្ស៊ីប្រចាំអាស៊ី។ |
លោកស្រីបណ្ឌិត Irina Korgun នាយិកាមជ្ឈមណ្ឌលយុទ្ធសាស្ត្ររុស្ស៊ីប្រចាំអាស៊ី បានវាយតម្លៃថា ការអភិវឌ្ឍឧស្សាហកម្ម និងការបង្កើតបច្ចេកវិទ្យាដោយឡែក គឺជាវិធីដែលវៀតណាមកំពុងជំរុញកំណើនសេដ្ឋកិច្ច៖
“អាចនិយាយបានថា វៀតណាមកំពុងបន្តដើរតាមមាគ៌ាឧស្សាហូបនីយកម្ម។ យើងឃើញនៅប្រទេសវៀតណាម កំពុងបង្កើតឡើងវិស័យឧស្សាហកម្មឯកទេសជាច្រើន ហើយនេះគឺជាវិស័យផលិតកម្ម ដោយចាប់ផ្តើមពីរោងចក្រដែលដំឡើងអ្វីៗដ៏សាមញ្ញបំផុត រហូតដល់ទំនិញបច្ចេកវិទ្យាស្មុគស្មាញបំផុត។ ពិតណាស់ថា យើងខ្ញុំបានឃើញការអភិវឌ្ឍក្នុងគោលដៅឆ្ពោះទៅរកឧស្សាហកម្មរបស់វៀតណាមនិងរចនាសម្ព័ន្ធទូទៅនៃខឿនសេដ្ឋកិច្ច”។
តាមទស្សនៈរបស់អ្នកជំនាញផ្នែកអភិបាលកិច្ចសាជីវកម្ម និងបរិយាកាសវិនិយោគ លោកសាស្ត្រាចារ្យរង បណ្ឌិត Vu Thanh Hung គ្រូបង្រៀនជាន់ខ្ពស់នៃសាកលវិទ្យាល័យអភិបាលកិច្ចក្រុងប៉ារីស (ប្រទេសបារាំង) បានចែករំលែកថា៖
“កត្តាគន្លឹះសម្រាប់ការអភិវឌ្ឍរបស់វៀតណាមគឺកម្លាំងផ្ទៃក្នុង។ គោលនយោបាយវិនិយោគល្អ គោលនយោបាយពលករនិងការងារល្អ ការយកចិត្តទុកដាក់ដល់កត្តាទាក់ទងនឹងការអភិវឌ្ឍប្រកបដោយចីរភាព បានបង្កើតឡើងទំនុកចិត្តរបស់ពិភពលោកនិងសហគមន៍ធុរកិច្ច ហើយគេនឹងមកវៀតណាម។ ប្រការនេះត្រូវបានសម្លឹងមើលតាមទស្សនៈថា វៀតណាមមិនត្រឹមតែជាទីផ្សារសម្រាប់ការធ្វើអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូដើម្បីផលប្រយោជន៍ទៅវិញទៅមក។ នេះគឺជាជាប្រការដ៏សំខាន់”។
នៅក្នុងឆ្នាំ ២០២៣ រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅកំណើន GDP ៦,៥% ។ យោងតាមអ្នកជំនាញ នេះគឺជាគោលដៅដ៏លំបាក។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងដំណោះស្រាយទូទៅជាច្រើនរបស់រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចប្រឈមមុខនឹងការលំបាកឧបសគ្គនាពេលខាងមុខ ដើម្បីបន្តអនុវត្តន៍គោលដៅកំណើនសេដ្ឋកិច្ចដែលបានដាក់ចេញ៕