កម្លាំងចលករថ្មីក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-សិង្ហបុរី

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue  ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសិង្ហបុរីលោក Tan Chuan-Jin និងភរិយាបានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋសិង្ហបុរីមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២។ នេះគឺជាដំណើរទស្សនកិច្ចលើកទី ២ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ចាប់តាំងពីដើមឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន (បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសសិង្ហបុរីរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ក្នុងខែកុម្ភៈ ឆ្នាំ២០២២)។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ   របស់ភាគីទាំងពីរក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សឹង្ហបុរី និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ឆ្ពោះទៅរកការស្តារឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ-១៩។

កម្លាំងចលករថ្មីក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-សិង្ហបុរី - ảnh 1ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសិង្ហបុរី លោក Tan Chuan-Jin។ (រូបថត៖ edwiretimes.com)

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសិង្ហបុរី លោក Tan Chuan-Jin និងគណៈប្រតិភូរដ្ឋសភានៃសាធារណៈរដ្ឋសិង្ហបុរីប្រព្រឹត្តទៅក្នុងបរិបទនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសិង្ហបុរីដែលកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ ក្នុងនោះមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលកន្លងមក។

លើកកម្ពស់តួនាទីរបស់ស្ថាប័ននីតិបញ្ញត្តិក្នុងការជំរុញទំនាក់ទំនងទ្វេភាគី

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសិង្ហបុរី លោក Tan Chuan-Jin គឺជាសកម្មភាពនយោបាយកិច្ចការបរទេសដ៏សំខាន់រវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភានៃសាធារណៈរដ្ឋសិង្ហបុរី ក្នុងគោលបំណងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។

ក្នុងរយៈពេលកន្លងមកនេះ កិច្ចសហប្រតិបត្តិការសភារវាងវៀតណាមនិងសិង្ហបុរីបានប្រព្រឹត្តទៅយ៉ាងជិតស្និទ្ធ ក្នុងនោះមានលទ្ធផលសំខាន់ៗនៃការសន្ទនាតាមអ៊ីនធឺណិតរវាងប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងប្រធានរដ្ឋសភាសិង្ហបុរីលោក Tan Chuan-Jin នាខែកក្កដា ឆ្នាំ២០២១។ ជាមួយគ្នានោះ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ ក៏បានបង្កើតក្រុមសមាជិកសភាមិត្តភាពវៀតណាម - អាស៊ាន ធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងសមាជិករដ្ឋសភាវៀតណាម និងសមាជិករដ្ឋសភាមកពីបណ្តាប្រទេសអាស៊ាន ក្នុងនោះមានសិង្ហបុរី ព្រមទាំង រួមចំណែកជំរុញការជួបប្រាស្រ័យប្រជាជនរវាងប្រទេសទាំងពីរ។

ការដែលភាគីទាំងពីរបានបង្កើនការចែករំលែកបទពិសោធន៍ក្នុងការផ្សព្វផ្សាយគោលនយោបាយនិងច្បាប់ឱ្យបានទាន់ពេលវេលា សំដៅជួយគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការកែលម្អបរិយាកាសវិនិយោគធុរកិច្ច ដើម្បីជួយស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ-១៩; ពិចារណា ឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរធ្វើជាមូលដ្ឋានសម្រាប់អនុវត្តន៍សកម្មភាពកិច្ចសហប្រតិបត្តិការឲ្យសមស្របនឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

រដ្ឋសភានៃប្រទេសទាំងពីរតែងតែគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរអនុវត្តន៍កិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

ក្នុងកម្រិតពហុភាគី ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរបានផ្លាស់ប្តូរ និងជួបប្រាស្រ័យជាប្រចាំនៅវេទិកានានាដូចជា មហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) សហភាពអន្តរសភា (IPU) ជាដើម។ ជាងនេះទៅទៀត ភាគីទាំងពីរបានជួបពិភាក្សាគ្នាជាប្រចាំ ដោយចែករំលែកភាពស្រដៀងគ្នាជាច្រើន ក៏ដូចជាបន្តគាំទ្រគោលជំហររួមរបស់អាស៊ាន លើការរក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

រួមគ្នាអភិវឌ្ឍន៍

ទំនាក់ទំនងសិង្ហបូរី - វៀតណាមបានរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ១៩៧៣ មក។ សិង្ហបុរីគឺជាដៃគូដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍរបស់វៀតណាម។ ក្រោយរយៈពេលជិត ៩ ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងទូលំទូលាយលើគ្រប់វិស័យ។ សិង្ហបុរីបានក្លាយជាអ្នកវិនិយោគធំទីពីរនៅវៀតណាមដែលមានដើមទុនចុះបញ្ជីសរុបជាង ៦៧,៥ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ មណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) បានដំណើរការកាន់តែមានប្រសិទ្ធភាព រួមចំណែកយ៉ាងសកម្មក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

ប្រទេសទាំងពីរបានបន្តបង្ហាញពីបំណងចង់រក្សាភាពជាដៃគូនាពេលអនាគតដោយបើកទូលាយទៅកាន់វិស័យថ្មីៗ ក្នុងនោះមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងសេដ្ឋកិច្ចឌីជីថល ក្នុងវិស័យមួយចំនួនដូចជា សន្តិសុខតាមអ៊ីនធឺណិត ទីក្រុងឆ្លាត ការទូទាត់ឌីជីថល។ សិង្ហបុរីក៏មានបំណងសហប្រតិបត្តិការជាមួយវៀតណាមក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ខណៈដែលវៀតណាមបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងថាមពលកកើតឡើងវិញ ដោយមានគោលដៅកាត់បន្ថយការបំភាយកាបូននៅឆ្នាំ ២០៥០។ ធ្វើការវាយតម្លៃអំពីនិន្នាការវិនិយោគរបស់ធុរកិច្ចសិង្ហបុរី រដ្ឋមន្ត្រីក្រសួងឧស្សាហ កម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានឲ្យដឹងថា៖ “វិនិយោគិនមួយចំនួនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការផលិតអ៊ីដ្រូសែនពីថាមពលស្អាត ហើយវៀតណាមក៏ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ទិសដៅនេះ ព្រោះយើងចង់ទាញយកសក្តានុពល និងគុណសម្បត្តិរបស់តំបន់ជាច្រើនក្នុងការអភិវឌ្ឍថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ ក្នុងពេលជាមួយគ្នានេះ ត្រូវតែអភិវឌ្ឍន៍ថាមពលថ្មីដែលជាការច្នៃម៉ូឌុលអ៊ីដ្រូសែននោះដែរ”។

ថ្នាក់ដឹកនាំសិង្ហបុរីបានអះអាងម្តងហើយម្តងទៀតអំពីសារៈសំខាន់ និងបំណងចង់អភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ទទួលបានលទ្ធផលនេះគឺដោយ សារតែ កម្រិតនៃការជឿទុកចិត្តខ្ពស់នៅកម្រិតនយោបាយ ភាពជាដៃគូឈ្នះ-ឈ្នះដ៏យូរអង្វែង និងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin នឹងបន្តប្រពៃណីនេះ ទាញយកប្រយោជន៍ពីលក្ខណៈបំពេញបន្ថែមនៃសេដ្ឋកិច្ចទាំងពីរ និងបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងសិង្ហបុរីនាពេលខាងមុខ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ