ការខិតខំប្រឹងប្រែងដើម្បីជំនះលើវិបត្តិ ស្ថាបនាអនាគតរួមសម្រាប់ពិភពលោក

(VOVWORLD) - នៅក្នុងសតវត្សរ៍ទី ២១ ពិភពលោកមិនធ្លាប់ជួបប្រទះនឹងការលំបាក បញ្ហាប្រឈម និងវិបត្តិជាច្រើនក្នុងពេលតែមួយ ដូចឆ្នាំ ២០២២ នោះទេ។ នេះគឺជាការវាយតម្លៃរួមរបស់អ្នកជំនាញ អ្នកប្រាជ្ញ អ្នកវិភាគជាច្រើន ក៏ដូចជាសារព័ត៌មានអន្តរជាតិអំពីស្ថានភាពពិភពលោកក្នុងឆ្នាំ ២០២២។ ហេតុដូច្នេះ សហគមន៍អន្តរជាតិត្រូវការពង្រឹងកិច្ចខិតខំប្រឹងប្រែង សហការគ្នាដើម្បីជំនះលើវិបត្តិ ស្ថាបនាពិភពលោកមួយប្រកបដោយសន្តិភាព និងវិបុលភាព។

មិនត្រឹមតែមានការវិវឌ្ឍន៍សន្តិសុខដ៏ធ្ងន់ធ្ងរ និងអស្ថិរភាពជាច្រើន ដូចជាជម្លោះប្រដាប់អាវុធ និងហានិភ័យនៃជម្លោះប្រដាប់អាវុធប៉ុណ្ណោះទេ ពិភពលោកក្នុងឆ្នាំ ២០២២ ក៏ប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើនទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ស្បៀងអាហារ គ្រោះមហន្តរាយធម្មជាតិ ជាដើម។

ការខិតខំប្រឹងប្រែងដើម្បីជំនះលើវិបត្តិ ស្ថាបនាអនាគតរួមសម្រាប់ពិភពលោក - ảnh 1ទាហានអ៊ុយក្រែនក្នុងជម្លោះប្រដាប់អាវុធជាមួយកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Lugansk កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២។ (រូបថត៖ AFP/VNA)

ស្ថានការណ៍នៃពហុវិបត្តិ

ពហុវិបត្តិឬវិបត្តិទ្វេ គឺជាពាក្យដែលត្រូវបានសារព័ត៌មានអន្តរជាតិប្រើប្រាស់ដើម្បីពិពណ៌នាអំពីតថភាព ដែលវិបត្តិជាច្រើនបានកើតឡើងក្នុងពេលតែមួយក្នុងឆ្នាំនេះ។ ជាឧទាហរណ៍ ទីភ្នាក់ងារសារព័ត៌មាន AFP (បារាំង) បានចាត់ទុកថា ឆ្នាំ ២០២២ គឺជាឆ្នាំ "ពហុវិបត្តិ"។ ក្នុងនោះ បម្រែបម្រួលអាកាសធាតុនិងគ្រោះមហន្តរាយធម្មជាតិបានបង្កឡើងការខាតបង់សេដ្ឋកិច្ចចំនួន ២៦៨ ពាន់លានដុល្លារអាមេរិក។

នោះគឺជាការពិតដ៏សោកសៅមួយ។ បម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិកើតឡើងជាបន្តបន្ទាប់នៅក្នុងតំបន់ជាច្រើនជុំវិញពិភពលោក ដែលឆក់យកអាយុជីវិតមនុស្សរាប់ម៉ឺននាក់។ ក្នុងនោះ ដោយឡែកគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រនៅប៉ាគីស្ថាន (ពីខែមិថុនាដល់ខែកញ្ញា) បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១,៦០០ នាក់ស្លាប់។

យ៉ាងណាមិញ ការបាត់បង់ខាងអាយុជីវិតមនុស្សដ៏ធំបំផុត គឺមកពីវិបត្តិដែលបង្កឡើងដោយមនុស្សផ្ទាល់៖ ជម្លោះប្រដាប់អាវុធ។ យោងតាមការធ្វើស្ថិតិមិនពេញលេញ ជម្លោះប្រដាប់អាវុធរុស្ស៊ី-អ៊ុយក្រែន ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ មក បានឆក់យកអាយុជីវិតមនុស្សរាប់ម៉ឺននាក់ទាំងសងខាង រួមទាំងទាហាន និងជនស៊ីវិលផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ជម្លោះក៏រួមចំណែកជំរុញស្ថានភាពវិបត្តិស្បៀងអាហារ និងថាមពលសកល ដែលញាំងឲ្យសេដ្ឋកិច្ចពិភពលោកប្រឈមនឹងហានិភ័យធ្លាក់ចុះ។ លើសពីនេះ ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាពាក់ព័ន្ធក៏ផ្លាស់ប្តូរនិម្មាបនកម្មទំនាក់ទំនងអន្តរជាតិ បង្កើនស្ថានភាពនៃការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី-លោកខាងលិចផងដែរ។

ក្រៅពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ជម្លោះទ្រង់ទ្រាយតូចជាច្រើនក៏ត្រូវបានកត់សម្គាល់នៅទាំងទ្វីបអឺរ៉ុប (លំហក្រោយសូវៀត) មជ្ឈិមបូព៌ា និងអាហ្រ្វិក ខណៈដែលស្ថានការណ៍នៅអាស៊ីឦសានក៏មានការវិវឌ្ឍន៍គួរឲ្យព្រួយបារម្ភផងដែរ ជាមួយនឹងការកើនឡើងជាបន្តបន្ទាប់នៃកាយវិកាយោធាពីភាគីពាក់ព័ន្ធ។ ជាពិសេសនៅឆ្នាំ ២០២២ ជាលើកដំបូងដែលហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរត្រូវបានភាគីជាច្រើនលើកឡើង ឬព្រមាន។ តថភាពនោះបណ្ដាលឲ្យស្ថានភាពសន្តិសុខសកលកាន់តែមានវិបត្តិ រួមជាមួយបញ្ហាសង្គមដ៏ស្មុគស្មាញជាច្រើនទៀត។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ជម្លោះប្រដាប់អាវុធ និងអសន្តិសុខគឺជាកត្តាចម្បងដែលជំរុញឱ្យចំនួនមនុស្សជម្លៀសពីផ្ទះលើទូទាំងពិភពលោកកើនឡើងដល់ ១០០ លាននាក់ក្នុងឆ្នាំ ២០២២ ពោលគឺជិតទ្វេដងនៃចំនួន ៦០ លាននាក់ក្នុងឆ្នាំ ២០១៤។

ការខិតខំប្រឹងប្រែងដើម្បីជំនះលើវិបត្តិ ស្ថាបនាអនាគតរួមសម្រាប់ពិភពលោក - ảnh 2អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ VNA)

ជំនះលើវិបត្តិ បង្កើតអនាគតរួម

យោងតាមការស្រាវជ្រាវដែលមានចំណងជើងថា "បញ្ជីតាមដានជាបន្ទាន់ក្នុងឆ្នាំ ២០២៣" របស់គណៈកម្មាធិការសង្គ្រោះអន្តរជាតិ (IRC) បម្រែបម្រួលអាកាសធាតុនឹងបណ្ដាលឲ្យវិបត្តិមនុស្សធម៌នៅជុំវិញពិភពលោកកាន់តែធ្ងន់ធ្ងរក្នុងឆ្នាំ ២០២៣។ អ្នកជំនាញអន្តរជាតិជាច្រើនបានចែករំលែកការវាយតម្លៃនេះ ដោយសង្កត់ធ្ងន់ថា ត្រូវចាត់វិធានការបន្ទាន់ដើម្បីឆ្លើយតប។

ចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី ២២ ខែធ្នូ បានបញ្ជាក់ថា ទីក្រុងម៉ូស្គូនឹងខិតខំប្រឹងប្រែងធានាឱ្យជម្លោះបញ្ចប់ក្នុងពេលឆាប់បំផុតតាមដែលអាចធ្វើបាន តាមរយៈដំណោះស្រាយការទូត។ មុននោះ មេដឹកនាំអឺរ៉ុប និងពិភពលោកជាច្រើនក៏បានអំពាវនាវឱ្យជំរុញដំណោះស្រាយការទូតជាភ្លាមមួយរំពិច ដើម្បីបញ្ចប់ជម្លោះ ជួយស្តារខ្សែ

សង្វាក់ផ្គត់ផ្គង់ទំនិញសកលឡើងវិញ ជាពិសេសថាមពល និងស្បៀងអាហារ ព្រមទាំងធានាបរិយាកាសសន្តិភាពសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់ក៏ដូចជាពិភពលោកទាំងមូលផងដែរ។

ក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) កាលពីថ្ងៃទី ១៩ ខែធ្នូ ក្នុងនាមជាប្រមុខអង្គការពហុភាគីធំបំផុតនៅលើភពផែនដី អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យស្វែងរកដំណោះស្រាយជាក់ស្តែងសម្រាប់បញ្ហានានានៃពិភពលោក ព្រមទាំងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត "ជាងពេលណាៗទាំងអស់" ដើម្បីប្រែក្លាយឆ្នាំ ២០២៣ ទៅជាឆ្នាំសន្តិភាព ឆ្នាំសម្រាប់ធ្វើសកម្មភាពដើម្បីកសាងពិភពលោកមួយកាន់តែល្អប្រសើរជាង។ លោក Guterres បានសង្កត់ធ្ងន់ថា៖ "យើងមិនអាចទទួលយកអ្វីៗដូចបច្ចុប្បន្នទេ។ យើងត្រូវស្វែងរកដំណោះស្រាយ និងធ្វើសកម្មភាព”។ តាមនោះ ចាំបាច់ត្រូវជំរុញសន្តិភាព សន្តិសុខ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងលុបបំបាត់វិសមភាព កែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដើម្បីធានាសិទ្ធិសម្រាប់មនុស្សទាំងអស់គ្នាហើយកសាងភពផែនដី "គួរឲ្យចង់រស់នៅ" សម្រាប់មនុស្សជំនាន់ក្រោយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ