ការចោទប្រកាន់មិនសមហេតុសមផលអំពីសិទ្ធិមនុស្សនៅវៀតណាម

(VOVWORLD) - អង្គការផ្តួចផ្តើមគំនិតវាយតម្លៃសិទ្ធិមនុស្ស (HRMI) ដែលមានមូលដ្ឋាននៅនូវែលសេឡង់ទើបតែបានចេញផ្សាយរបាយការ ណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីស្ថានភាពសិទ្ធិមនុស្ស សកលឆ្នាំ ២០២៤ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួនបីគឺ៖ គុណភាពនៃជីវភាពរស់នៅ សុវត្ថិភាពចំពោះមុខរដ្ឋ និងការប្រគល់អំណាច។ គួរឲ្យសោកស្តាយដែលអង្គការនេះវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សរបស់វៀតណាមខ្វះវឌ្ឍនភាព និងកាន់តែអាក្រក់ទៅៗ។ ទាំងនេះជាទឡ្ហីករណ៍ដែលគ្មានហេតុផល  មិនមែនផ្អែកលើស្ថានភាពជាក់ស្តែងនៃការធានាសិទ្ធិមនុស្សនៅវៀតណាមនោះទេ។

ការចោទប្រកាន់មិនសមហេតុសមផលអំពីសិទ្ធិមនុស្សនៅវៀតណាម - ảnh 1រូបថត៖ VOV

ចាប់តាំងពីថ្ងៃដំបូងនៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ឥឡូវនេះជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម សិទ្ធិមនុស្សត្រូវបានបញ្ជាក់ដោយមិនអាចកាត់ផ្តាច់ពីសិទ្ធិរបស់ប្រទេសជាតិបានទេ។

ការពិតគឺខុសស្រឡះពីការវាយតម្លៃរបស់ HRMI

ទស្សនៈដែល ប្រជាជនជាគោលដៅផង និងជាកម្លាំងចលករនៃបុព្វហេតុអភិវឌ្ឍន៍ ឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិ ផង ... ត្រូវបានបង្ហាញពេញលេញនៅតាមកម្មវិធីនយោបាយ គោលការណ៍ណែនាំ គោលនយោបាយ និងច្បាប់របស់រដ្ឋវៀតណាម។

យោងតាមរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦, ១៩៥៩, ១៩៨០ និងឆ្នាំ ១៩៩២ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ គឺជាចំណុចកំពូលនៃសកម្មភាពរដ្ឋធម្មនុញ្ញស្តីពីសិទ្ធិមនុស្ស ដោយបានចែងមាត្រាទាំង ៣៦ ក្នុងចំណោមមាត្រាសរុបចំនួន ១២០ ដើម្បីគ្រប់គ្រងអំពីសិទ្ធិមនុស្ស សិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ។ ការអនុម័តលើរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ជាមួយនឹងជំពូកដាច់ដោយឡែកមួយស្តីពី "សិទ្ធិមនុស្ស សិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ" ហើយបន្ទាប់មកឯកសារច្បាប់មួយចំនួនទៀតទាក់ទងនឹងសិទ្ធិមនុស្ស គឺជាកិច្ចខិតខំប្រឹងប្រែងដ៏មានតម្លៃបំផុត បង្កើតក្របខ័ណ្ឌច្បាប់ដ៏សំខាន់មួយសម្រាប់ការធានាជាក់ស្តែង សិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។ សាស្ត្រាចារ្យរង បណ្ឌិត Tuong Duy Kien ប្រធានវិទ្យាស្ថានសិទ្ធិមនុស្ស បណ្ឌិត្យសភានយោបាយជាតិ ហូជីមិញ បានឲ្យដឹងថា៖ “រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ មានតែមាត្រាមួយមានអក្សរ ៥០ ពាក្យប៉ុណ្ណោះ   ដែលមានពាក្យថា សិទ្ធិមនុស្ស ប៉ុន្តែនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ យើងមានជំពូកទាំងមូលស្តីពីសិទ្ធិមនុស្ស ហើយប្រការដែលពិសេសនោះគឺថា មិនត្រឹមតែមានបទប្បញ្ញត្តិនៅក្នុងជំពូកដាច់ដោយឡែកនោះទេ ប៉ុន្តែសិទ្ធិមនុស្សក៏បានកំណត់នៅក្នុងជំពូកជាច្រើននៃរដ្ឋធម្មនុញ្ញ ជាពិសេសមាត្រា ៣ នៃរដ្ឋធម្មនុញ្ញ ដែលចែងអំពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋ ដែលតាមពិតជាបេសកកម្មរបស់រដ្ឋ គឺការទទួលស្គាល់ ការគោរព ការធានា និងការពារសិទ្ធិមនុស្ស។ ដូច្នេះហើយ ការខិតខំប្រឹងប្រែងដ៏ធំធេងរបស់បក្ស និងរដ្ឋគឺដើម្បីកែលម្អប្រព័ន្ធច្បាប់ ព្រោះបើគ្មានច្បាប់ គឺគ្មានមូលដ្ឋានច្បាប់សម្រាប់ការពារសិទ្ធិមនុស្សនៅឡើយ”។

ការចោទប្រកាន់មិនសមហេតុសមផលអំពីសិទ្ធិមនុស្សនៅវៀតណាម - ảnh 2លោក Veeramalla Anjjaiah អ្នកជំនាញស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលស្រាវជ្រាវកិច្ចការអាស៊ីអាគ្នេយ៍ ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី (រូបថតឯកសារ៖ VOV)

នៅវៀតណាម ពលរដ្ឋមានសិទ្ធិដូចជា សេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពខាងជំនឿ និងសាសនា សេរីភាពក្នុងការជួបប្រជុំ បង្កើតសមាគម សិទ្ធិប្តឹងតវ៉ា ការប្តឹងបរិហារ និងសិទ្ធិសេរីភាព ប្រជាធិបតេយ្យផ្សេងៗទៀត។ ទោះជាយ៉ាងនេះក្តី គោលការណ៍ទូទៅគឺការអនុវត្តសិទ្ធិសេរីភាព និងសិទ្ធិប្រជាធិបតេយ្យមិនត្រូវរំលោភលើសិទ្ធិ និងផលប្រយោជន៍របស់បុគ្គល អង្គការ ឬរដ្ឋផ្សេងទៀតឡើយ។ បើបំពានគឺជាទង្វើបំពានច្បាប់ហើយនឹងត្រូវធ្វើចំណាត់ការក្រោមគ្រប់ទម្រង់ អាស្រ័យលើ វិសាលភាពនៃការរំលោភបំពាន និងផលវិបាកបណ្តាលមក...។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Canh Thin អនុប្រធានវិទ្យាស្ថានសន្តិសុខក្រៅប្រពៃណីនៃសាកលវិទ្យាល័យជាតិហាណូយបានលើកមតិថា៖ “ជាការពិត យើងតែងតែលើកទឹកចិត្ត អំពាវនាវ និងបង្កលក្ខណៈងាយស្រួលសម្រាប់មនុស្សក្នុងការបញ្ចេញទស្សនៈ និងយោបល់ ដោយផ្អែកលើស្មារតីស្ថាបនា។ អ្នកអាចចង្អុលបង្ហាញចំណុចខ្វះខាត អ្នកអាចចង្អុលបង្ហាញពីកំហុស ប៉ុន្តែប្រការនេះ  ខុសពីការវាយលុក បង្កហេតុ ខុសពីការបំភ្លៃការពិតដោយចេតនា”។

ទាក់ទងនឹងលក្ខណៈវិនិច្ឆ័យនៃសិទ្ធិមិនកាត់ទោសប្រហារជីវិត ដូចដែលបានវាយតម្លៃដោយ HRMI ត្រូវតែបញ្ជាក់ថា វៀតណាមមិនមែនជាប្រទេសតែមួយគត់នៅលើពិភពលោកដែលនៅតែអនុវត្តទោសប្រហារជីវិតនោះទេ ។ ច្បាប់អន្តរជាតិមិនហាមឃាត់ការអនុវត្តទោសប្រហារជីវិតឡើយ។ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយបានចែងថា នៅក្នុងប្រទេសដែលទោសប្រហារជីវិតមិនទាន់បានលុបចោល គឺអាចអនុវត្តបាន តែចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ។ លោក Dinh Tien Dung អនុប្រធាននាយកដ្ឋានព័ត៌មានបរទេស ក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានឲ្យដឹងថា៖ “ប្រទេសជាច្រើន ដូចជាប្រទេសវៀតណាម កំពុងពិចារណាលើដំណើរការសុក្រិតប្រព័ន្ធយុត្តិធម៌   ហើយក៏នឹងពិចារណាអនុវត្តពិធីសារស្តីពីការលុបបំបាត់ទោសប្រហារជីវិតផងដែរ។ ប៉ុន្តែ ក្រោមលក្ខខណ្ឌរបស់វៀតណាម យើងកំពុងពិចារណាផង ប៉ុន្តែយើងក៏បានម្ចាស់ការក្នុងការអនុវត្តពិធីសារស្តីពីការលុបបំបាត់ទោសប្រហារជីវិត។ ជាក់ស្តែង ចំនួនឧក្រិដ្ឋកម្មដែលត្រូវកាត់ទោសប្រហារជីវិតក្នុងក្រមព្រហ្មទណ្ឌកំពុងត្រូវបានកាត់បន្ថយដែរ”។

អន្តរជាតិទទួលស្គាល់

កិច្ចខិតខំប្រឹងប្រែងក្នុងការធានា និងពង្រឹងសិទ្ធិមនុស្សនៅវៀតណាមតែងតែត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់។ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski បានវាយតម្លៃថា អាចមើលឃើញយ៉ាងច្បាស់ថា សព្វថ្ងៃនេះ ការអប់រំ និងការបណ្តុះបណ្តាលនៅវៀតណាមត្រូវបានកែលម្អ កម្រិតបញ្ញាបានកើនឡើង ហើយជនជាតិភាគតិចទទួលបានទឹកស្អាត និងការអប់រំ។ ស្ត្រីក៏ត្រូវបានគេគោរពកាន់តែច្រើន ចូលរួមក្នុងសង្គម និងចូលរួមកាន់តែច្រើនក្នុងប្រព័ន្ធនយោបាយ។ វៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធានាសិទ្ធិមនុស្សសម្រាប់ប្រជាជនរបស់ខ្លួន។

ចែករំលែកមតិនេះ លោក Veeramalla Anjjaiah អ្នកជំនាញស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលស្រាវជ្រាវកិច្ចការអាស៊ីអាគ្នេយ៍ ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី បានវាយតម្លៃថា៖ “វៀតណាមបច្ចុប្បន្ន សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់មួយចំនួនក្នុងការការពារសិទ្ធិមនុស្ស ជាពិសេសការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស ដើម្បីផលប្រយោជន៍ប្រជាជន។ ក្នុងវិស័យនេះ វៀតណាមសម្រេចបានជោគជ័យយ៉ាងសំខាន់ក្នុងរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ហើយពិន្ទុ SDG នៅគ្រប់វិស័យគឺ ៧២.៧៦។ យ៉ាងណាមិញ វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាច្រើន រួមចំណែកក្នុងការធានាសិទ្ធិមនុស្សក្នុងវិស័យទាំងនេះឱ្យកាន់តែប្រសើរឡើង។ លើសពីនេះ សមិទ្ធិផលលេចធ្លោមួយរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សគឺការងារលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងលើកកំពស់គុណភាពជីវភាពស់នៅរបស់ប្រជាជន”។

សមិទ្ធិផលជាក់ស្តែងដែលវៀតណាមសម្រេចបានក្នុងការធានាសិទ្ធិមនុស្សរួមជាមួយនឹងការវាយតម្លៃរបស់សហគមន៍អន្តរជាតិគឺជាសក្ខីភាពច្បាស់លាស់បំផុត ដែលបង្ហាញថា របាយការណ៍ប្រចាំឆ្នាំរបស់ HRMI ស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់វៀតណាមគឺខ្វះភាពសត្យានុម័ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ