ការចូលរួមអនុសញ្ញា ៩៨ - កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តកិច្ច ព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី២៩ ខែឧសភា អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានដាក់ជូនរដ្ឋសភានូវរបាយការណ៍របស់ប្រធានរដ្ឋស្ដីពីការដែលវៀត ណាមចូលរួមអនុសញ្ញាលេខ៩៨របស់អង្គការពលកម្មអន្តរជាតិ (ILO) ស្ដីពីការ អនុវត្តគោលការណ៍នៃសិទ្ធិបង្កើតសមាគមន៍និងសិទ្ធិចរចាជាសមូហភាព។ ការ ចូលរួមអនុសញ្ញាលេខ៩៨ បានបង្ហាញនូវការសន្យានយោបាយយ៉ាងខ្លាំងក្លារ បស់វៀតណាមក្នុងកាលៈទេសៈដែលប្រទេសជាតិបាននិងកំពុងចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់និងសកលលោក។
ការចូលរួមអនុសញ្ញា ៩៨ - កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តកិច្ច ព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ - ảnh 1អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងរបាយការណ៍ស្ដីពីការចូលរួមអនុសញ្ញាលេខ៩៨ទៅកាន់រដ្ឋសភាវៀតណាម (រូបថត៖ quochoi.vn) 

គិតដល់ខែឧសភាឆ្នាំ២០១៩ មានប្រទេសចំនួន១៦៦ក្នុងចំណោមប្រទេសសមាជិក ILO ទាំង១៨៧ បានចូលរួមអនុសញ្ញានេះហើយ។ ការដែលវៀតណាមចូលរួមអនុសញ្ញាលេខ៩៨ គឺការងារចាំបាច់និងមានអត្ថន័យជាច្រើន។ នៅក្នុងខឿនសេដ្ឋកិច្ចទីផ្សារ ប្រាក់បៀវត្សនិងលក្ខខ័ណ្ឌការងាររបស់ពលករត្រូវបានអនុវត្តន៍ដោយឈរលើការព្រមព្រៀងរវាងនិយោជកនិងសមូហភាពពលករ ហេតុនេះហើយការងារសំខាន់គឺត្រូវជំរុញការចរចាជាសមូហភាពអោយមានប្រសិទ្ធភាពនិងភាពជាក់ស្ដែង ជាពិសេសគឺការចរចាជាសមូហភាពអំពីប្រាក់បៀវត្ស។

        វៀតណាមជំរុញការអនុវត្តបទដ្ឋានពលកម្មអន្តរជាតិ

        អនុសញ្ញាលេខ៩៨មានខ្លឹមសារស្នូលចំនួន៣ដែលរួមមាន៖ ការពារពលករនិងសហជីពនៅចំពោះមុខការរើសអើង ប្រឆាំងនឹងសហជីពរបស់នយោជក ការពារអង្គការនៃពលករកុំអោយត្រូវធ្វើអន្តរាគមន៍និងគ្រប់គ្រងដោយនិយោជក និងវិធានការជំរុញការចរចាជាសមូហភាពដោយស្ម័គ្រចិត្តនិងសុឆន្ទៈ។ នេះជាមូលដ្ឋានគ្រឹះដើម្បីប្រតិបត្តិទីផ្សារពលករនៅវៀតណាមអោយបានសមស្របនឹងក្រិត្យក្រមបរានុម័តនៃសេដ្ឋកិច្ចទីផ្សារ ហើយជួយអោយការអភិវឌ្ឍដើរត្រឹមត្រូវតាមទិសដៅ ឆ្ពោះទៅរកការកសាងទំនាក់ទំនងពលកម្មទំនើបនៅវៀតណាម។ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា៖

        “ការដែលវៀតណាមចូលរួមអនុសញ្ញាលេខ៩៨នឹងបន្តអះអាងនូវគោលមាគ៌ា គោលនយោយបាយរបស់បក្ស ច្បាប់របស់រដ្ឋ ដោយមិនដើរផ្ទុយទៅនឹងបទបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ ធានាគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីជាតិ មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា មិនធ្វើអន្តរាគមន៍ទៅក្នុងការងារផ្ទៃក្នុងរបស់គ្នា សមភាព មានប្រយោជន៍ទៅវិញទៅមក ក៏ដូចជាគោលការណ៍សារវ័ន្តផ្សេងៗទៀតនៃច្បាប់អន្តរជាតិទៀតផង”។

        ការចូលរួមនិងដំណើរការអនុវត្តអនុសញ្ញាលេខ៩៨នឹងបង្កើតមូលដ្ឋានគតិយុត្តសម្រាប់ពលករនិងនិយោជកនៅវៀតណាម ដើម្បីដំណើរការចរចាជាសមូហភាពអំពីប្រាក់បៀវត្សហើយកំណត់លក្ខខ័ណ្ឌការងារផ្សេងៗទៀតក្នុងទំនាក់ទំនងពលកម្មដូចជាបញ្ហាធ្វើការក្រៅម៉ោង អាហារពេលឈប់ សម្រាក និងផលប្រយោជន៍ផ្សេងៗទៀត។ លោក Dang Ngoc Nghia សមាជិកសភានៃខេត្ត Thua Thien Hue បានចាត់ទុកថា៖

        “អនុសញ្ញាលេខ៩៨មានខ្លឹមសារចំនួន៣ដែលក្នុងនោះខ្ញុំយកចិត្តទុកដាក់ដល់កិច្ចការពារផលប្រយោជន៍របស់ពលករនិងសហជីព។ ប្រការនេះគឺសមស្របនឹងដំណើរការសមាហរណកម្ម ព្រមទាំងបង្ហាញនូវសុឆន្ទៈរបស់វៀតណាមក្នុងកិច្ចការពារសិទ្ធិមនុស្ស សិទ្ធិពលករ ក៏ដូចជាបង្កលក្ខណៈដើម្បីបង្កើនផលិតភាពពលកម្ម និងគុណភាពពលករផងដែរ។ ខ្ញុំគាំទ្រយ៉ាងពេញលេញចំពោះការចូលរួមអនុសញ្ញានេះ”។

        វៀតណាមអនុវត្តន៍ការសន្យាទាក់ទិនដល់ពលកម្មក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម

        ការចូលរួមអនុសញ្ញាលេខ៩៨បានអះអាងនូវការប្ដេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងដំណើរការអនុវត្តការសន្យានានាទាក់ទិនដល់ពលកម្មនៅក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងការអនុវត្តកាតព្វកិច្ចរបស់វៀតណាមក្នុងនាមជាប្រទេសសមាជិក ILO ព្រមទាំងបង្កលក្ខណៈឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU (EVFTA) ផងដែរ។ ក្រសួងនិងស្ថាប័នទាំងអស់ដែលត្រូវបានរដ្ឋាភិបាលទទួលយកមតិ សុទ្ធតែគាំទ្រចំពោះការចូលរួមអនុសញ្ញាលេខ៩៨។

        នាពេលកន្លងទៅ រដ្ឋាភិបាលវៀតណាមបានរៀបចំកិច្ចប្រជុំ សិក្ខាសាលានិងចលនាឃោសនាទាក់ទិនដល់អនុសញ្ញាលេខ៩៨នៅតាមបណ្ដាក្រសួង ស្ថាប័ន សហគ្រាស និងប្រជាជន ជាពិសេសគឺនៅអង្គការសហជីពវៀតណាម សមាគមន៍វិជ្ជាជីវៈនិងសហគមន៍ពលករ។ ទន្ទឹមនឹងនោះ វៀតណាមកំពុងត្រួតពិនិត្យច្បាប់ក្នុងស្រុកឡើងវិញ ដើម្បីធានាភាពសមស្របគ្នារវាងអនុសញ្ញានេះជាមួយបទបញ្ញត្តិក្នុងច្បាប់វៀតណាម តាមនោះអនុវត្តន៍អនុសញ្ញាលេខ៩៨ប្រកបដោយប្រសិទ្ធភាពនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ