ការជំនះពុះពារលើផលវិបាកនៃសង្គ្រាមដែលជាផ្នែកសំខាន់មួយក្នុងទំនាក់ទំនងរវាងវៀតណាមនិងសហរដ្ឋអាមេរិក

(VOVWORLD) -  និទាឃរដូវឆ្នាំ ១៩៧៥ ដែលជា “សង្រ្គាមវែងអន្លាយជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក” ដោយយោធាអាមេរិកអនុវត្តន៍នៅវៀតណាម បានបញ្ចប់ទាំងស្រុងជាមួយនឹងយុទ្ធនាការហូជីមិញជាប្រវត្តិសាស្ត្រ។ ក្រោយរយៈពេល ៤៦ ឆ្នាំ ចាប់តាំងពីនិទាឃរដូវនោះមក ទំនាក់ទំនងវៀតណាម - អាមេរិកមានការផ្លាស់ប្តូរជាច្រើន ពីការប្រឈមមុខដាក់គ្នាទៅកាន់ការសន្ទនា ពីការប្រឈមមុខដាក់គ្នាទៅជាទំនាក់ទំនងមិត្តភាព ហើយបន្ទាប់មកបានអភិវឌ្ឍន៍ទៅភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ ដើម្បីសម្រេចបាននូវលទ្ធផលទាំងនេះ គឺដោយសារតែកិច្ចប្រឹងប្រែងរបស់ភាគីទាំងសងខាង ក្នុងការបោះជំហានមួយជំហានៗ ផ្សះផ្សាការគំនុំគំគួន បង្កើតទំនុកចិត្តនិងចាប់ដៃគ្នាដើម្បីដោះស្រាយផលវិបាកនៃសង្គ្រាមដោយឈរលើស្មារតីស្ថាបនា។

ការជំនះពុះពារលើផលវិបាកនៃសង្គ្រាមដែលជាផ្នែកសំខាន់មួយក្នុងទំនាក់ទំនងរវាងវៀតណាមនិងសហរដ្ឋអាមេរិក - ảnh 1ឧត្តមសេនីយ៍ឯក អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Nguyen Chi Vinh និងអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius កាន់លើក្តាប់ដៃដីមួយដុំ ដែលត្រូវបានបោសសំអាតជាតិពុលទាំងស្រុងនៅអាកាសយានដ្ឋាន Da Nang (រូបថត៖ ក្រសួងការបរទេស)

ជំនះពុះពាលើផលវិបាកនៃសង្គ្រាម តែងតែជាផ្នែកសំខាន់មួយនៃទំនាក់ទំនងទ្វេភាគីចាប់តាំងពីការធ្វើឱ្យប្រក្រតីនូវទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩៥មក។ ភាគីទាំងពីរសុទ្ធតែប្តេជ្ញាសហការគ្នាក្នុងការដោះស្រាយដោយមានទំនួលខុសត្រូវនៃកាតព្វកិច្ចមនុស្សធម៌និងកេរដំណែលនៃសង្គ្រាមបន្សល់ទុកមក ដោយចាត់ទុកនេះជាកម្លាំងចលករសម្រាប់ជំរុញទំនាក់ទំនងវៀតណាម-អាមេរិក។

ផលវិបាកយ៉ាងយង់ឃ្នងនៃសង្គ្រាម

សង្រ្គាមត្រូវបានរុញថយក្រោយបានអស់រយៈពេល ៤៦ ឆ្នាំហើយ ប៉ុន្តែផលវិបាករបស់វានៅតែមាន ពីរបួសស្នាមលើរាងកាយរបស់អតីតយុទ្ធជននិងជនស៊ីវិល ជំងឺនិងពិការភាពរបស់ជនរងគ្រោះដោយសារជាតិគីមីពុល ដល់ការបែកបាក់ព្រាត់ប្រាស់គ្នាក្នុងគ្រួសារជាច្រើន ពីស្រទាប់រុក្ខជាតិត្រូវប្រែសភាពដើមទាំងស្រុង រហូតដល់ដីរងជាតិពុលឬគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ទុកមកពីសង្គ្រាម។ អ្នកនៅរស់ ដែលរួចផុតពីសង្គ្រាម នៅតែបន្តប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរនៃស្ថានភាពសេដ្ឋកិច្ចសង្គមនិងបរិស្ថានដែលសង្រ្គាមបង្កឡើង ក្នុងនោះអត្រានៃពិការភាពពីកំណើតនៅវៀតណាមគឺខ្ពស់បំផុតនៅលើពិភពលោក។

មិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេ ការខាតបង់អំពីមនុស្សចំពោះសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តក៏មិនតិចតួចដែរ។ ក្រៅពីការបាត់បង់អាយុជីវិត ទាហានអាមេរិកក៏ទទួលរងការបាត់បង់ផ្នែកស្មារតីធ្ងន់ធ្ងរផងដែរ។ មនុស្សរាប់រយរាប់ពាន់នាក់ពេលធ្វើមាតុភូមិនិវត្តន៍បានទទួលរងនូវបញ្ហាផ្លូវចិត្ត ដោយសារតែការប៉ះទង្គិចផ្លូវចិត្តដោយសារតែការភ័យខ្លាចដែលពួកគេបានជួបប្រទះនៅវៀតណាម (ដែលគេស្គាល់ជាទូទៅថារោគសញ្ញាវៀតណាម)។ ចំនួនទាហានអាមេរិកដែលរងគ្រោះដោយជំងឺផ្លូវចិត្តក្នុងកំឡុងពេលនិងក្រោយសង្គ្រាមនៅវៀតណាមគឺច្រើនបំផុតក្នុងចំណោមសង្គ្រាមដែលយោធាអាមេរិកបានចូលប្រឡូកក្នុងប្រវត្តិសាស្ត្រ។

សហការក្នុងការដោះស្រាយទំនួលខុសត្រូវកាតព្វកិច្ចមនុស្សធម៌និងកេរដំណែលដែលសង្គ្រាមបន្សល់ទុកមក

ចាប់តាំងពីមានប្រក្រតីភាពនៃទំនាក់ទំនងការទូត វៀតណាមនិងសហរដ្ឋអាមេរិកបានឈានដល់ការជំនះនូវផលវិបាកនៃសង្គ្រាម។

ក្នុងឆ្នាំ ២០០៦ ភាគីទាំងពីរបានចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នាស្តីពីកម្មវិធីព្យាបាលសុខភាពនិងបញ្ហាបរិស្ថានក្នុងការដោះស្រាយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម ដោយកត់សម្គាល់នូវព្រឹត្តិការណ៍សំខាន់មួយក្នុងការស្វែងរកដំណោះស្រាយថ្មី សម្រាប់បញ្ហាស្មុគស្មាញ។ ក្នុងឆ្នាំ ២០១២ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានសហការជាមួយក្រសួងការពារប្រទេសវៀតណាម ដើម្បីអនុវត្តន៍គម្រោង “ដោះស្រាយការបំពុលជាតិឌីអុកស៊ីតនៅអាកាសយានដ្ឋាន Da Nang”។ បន្ទាប់ពីបញ្ចប់គម្រោងនេះក្នុងឆ្នាំ ២០១៨ ភាគីទាំងពីរបន្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីអនុវត្តន៍គម្រោងដោះស្រាយឌីអុកស៊ីតនៅអាកាសយានដ្ឋាន Bien Hoa។

ឆ្នាំ ២០២០ សហរដ្ឋអាមេរិកប្តេជ្ញាផ្តល់ថវិកាចំនួន ៦៥ លានដុល្លារ សម្រាប់គម្រោង ជួយឧបត្ថម្ភដល់ជនពិការនៅវៀតណាម ក្នុងខេត្តចំនួន ៨ ដែលមានអាទិភាពក្នុងរយៈពេល ៥ ឆ្នាំ ដើម្បីធានាថា ជនពិការមានឱកាសសម្របខ្លួនពេញលេញក្នុងសង្គមនិងគុណភាពរស់នៅត្រូវបានកែលំអរ។ អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ វៀតណាម លោក Daniel Daniel J. Kritenbrink បានអះអាងថា៖  “អាទិភាពមួយក្នុងចំណោមអាទិភាពបច្ចុប្បន្នគឺកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការដោះស្រាយបញ្ហាមនុស្សធម៌និងកេរដំណែលបន្សល់ទុកមកពីសង្គ្រាម។ យើងជឿជាក់យ៉ាងមុតមាំថា ថ្វីត្បិតតែទំនាក់ទំនងរបស់យើងឥឡូវនេះកំពុងឆ្ពោះទៅអនាគតក៏ដោយ ប៉ុន្តែយើងក៏មានទំនួលខុសត្រូវក្នុងការដោះស្រាយបញ្ហានៅសេសសល់ពីអតីតកាល ហើយបញ្ហាដែលទាក់ទងទៅនឹងអតីតកាលដ៏សំខាន់មួយ គឺយើងខិតខំប្រឹងប្រែងជាមួយគ្នា ក្នុងការបោសសម្អាតជាតិឌីអុកស៊ីត ឬហៅថា ជាតិគីមីព័ណ៌លឿងទុំក្រោយសង្គ្រាម។ ឧទាហរណ៍មួយទៀតនៃកេរដំណែលនៃសង្រ្គាម គឺយើងខ្ញុំកំពុងព្យាបាលជនពិការនៅតាមខេត្តចំនួន ៨ ដែលត្រូវរងការរោយជាតិគីមីពុលក្នុងកំឡុងពេលសង្គ្រាម។ ហើយជាការពិតណាស់ ប្រទេសទាំងពីរក៏កំពុងខិតខំផងដែរ ក្នុងការស្វែងរកប្រជាជនដែលបាត់ខ្លួននៅក្នុងសង្គ្រាមទាំងសងខាង”។

ការជំនះពុះពារលើផលវិបាកនៃសង្គ្រាមដែលជាផ្នែកសំខាន់មួយក្នុងទំនាក់ទំនងរវាងវៀតណាមនិងសហរដ្ឋអាមេរិក - ảnh 2ឯកអគ្គរដ្ឋទូតអាមេរិកលោក Daniel Kritenbrink បានអុជធូបនៅឈាបនដ្ឋានជាតិ Truong Son  (រូបថត៖ ស្ថានទូតសហរដ្ឋអាមេរិក)

រយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ភាគីអាមេរិកបានជួយឧបត្ថម្ភដល់វៀតណាមជាមួយទឹកប្រាក់រាប់រយលានដុល្លារអាមេរិក ដើម្បីបំរើការងារជំនះនូវផលវិបាកនៃសង្គ្រាម។ ផ្ទុយទៅវិញ ភាគីវៀតណាមក៏បានជួយអាមេរិកក្នុងការស្វែងរកអដ្ឋិធាតុទាហានអាមេរិករាប់ពាន់នាក់ដែលបានបាត់ខ្លួននៅក្នុងសង្គ្រាមវៀតណាម។ ឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានបញ្ជាក់ថា៖  “សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់វៀតណាម ក្នុងការស្វែងរកជនជាតិអាមេរិកដែលបានបាត់ខ្លួននៅក្នុងសង្គ្រាម។ អាចនិយាយបានថានេះជាវិស័យសហប្រតិបត្តិការដែលយើងមានមោទនភាពណាស់។ យើងធ្វើសកម្មភាពនេះចេញពីទឹកចិត្តមនុស្សធម៌ ការទទួលខុសត្រូវនិងការកសាងទំនុកចិត្តដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក”។

កម្រឃើញណាស់នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរណាមួយ ដែលបញ្ហាជំនះផលវិបាកនៃសង្គ្រាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានប្រក្រតីភាព ការកែលម្អទំនាក់ទំនងនិងដំណើរការកសាងជំនឿទុកចិត្តគ្នារវាងប្រទេសវៀតណាមនិងសហរដ្ឋអាមេរិក។ ដើម្បីទទួលបានលទ្ធផលនាពេលបច្ចុប្បន្ននេះ ភាគីទាំងពីរត្រូវជំនះលើខ្លួនឯងដោយភាពក្លាហានក្នុងសកម្មភាពភាពវៃឆ្លាតនិងចក្ខុវិស័យយុទ្ធសាស្ត្រ ក៏ដូចជាជំនឿរឹងមាំលើអនាគតភ្លឺស្វាងរបស់ប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ។ នេះមិនត្រឹមតែជាគំរូនៃដំណើរការផ្សះផ្សាររវាងប្រទេសទាំងពីរពីអតីតសត្រូវរហូតដល់ទៅជាមិត្តនិងដៃគូគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ ថែមទាំងជាដំណោះស្រាយសម្រាប់ជំលោះក្នុងតំបន់និងអន្តរជាតិនាពេលបច្ចុប្បន្នទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ