ការទូតពហុភាគីរបស់វៀតណាមធ្វើសមាហរណកម្មយ៉ាងរឹងមាំ

(VOVWORLD) - ដោយពង្រីកនូវសមិទ្ធផលនានានៃផ្នែកកិច្ចការបរទេសក្នុងឆ្នាំ២០១៨ នា ឆ្នាំ២០១៩ វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកិច្ចការបរទេស អន្តរជាតិ ជាពិសេសគឺលើយន្តការសហប្រតិបត្តិការពហុភាគី និងវេទិកា សកលនានា។
ការទូតពហុភាគីរបស់វៀតណាមធ្វើសមាហរណកម្មយ៉ាងរឹងមាំ - ảnh 1 ថ្នាក់ដឹកនាំវៀតណាមនិងអន្តរជាតិអញ្ជើញចូលរួមកិច្ចប្រជុំ WEF - ASEAN នៅរដ្ឋធានីហាណូយ (រូបថត៖ TTXVN)

  នាពេលកន្លងទៅ ជាពិសេសគឺក្នុងឆ្នាំ២០១៨ ស្ថានភាពតំបន់និងអន្តរជាតិមានបម្រែបម្រួលដ៏លឿននិងស្មុគស្មាញជាច្រើន ប៉ុន្តែវៀតណាមបាននិងកំពុងពង្រីកបាននូវប្រសិទ្ធភាពពីយន្តការពហុភាគីនានាដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួនក៏ដូចជាចូលរួមដោះស្រាយការសាកល្បងរួមរបស់សហគមន៍អន្តរជាតិផងដែរ។

        ឋានៈថ្មី

        នាឆ្នាំកន្លងទៅ សកម្មភាពកិច្ចការបរទេសពហុភាគីរបស់វៀតណាមលើគ្រប់កាណាល់សុទ្ធតែត្រូវបានពង្រីកអោយកាន់តែស៊ីជំរៅបន្ថែមទៀត។ វៀតណាមទទួលបានទំនុកទុកចិត្តរបស់មិត្តភក្តិអន្តរជាតិ ដើម្បីទទួលរៀបចំកិច្ចប្រជុំថ្នាក់តំបន់និងពិភពលោកដ៏សំខាន់ៗ ជាពិសេសគឺវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន។ សញ្ញាសម្គាល់និងជោគជ័យរបស់វៀតណាមនៅវេទិកានេះ ត្រូវបានប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក លោក Borge Brende អះអាងយ៉ាងដូច្នេះថា៖

        “នេះជាវេទិកាជោគជ័យបំផុតក្នុងអំឡុងពេល២៧ឆ្នាំនៃការរៀបចំវេទិកា WEF ស្ដីពីតំបន់អាស៊ាននិងអាស៊ីបូព៌ា។ វៀតណាមបានឆ្លងកាត់កំណាត់ផ្លូវអភិវឌ្ឍគួរអោយចាប់អារម្មណ៍ ហើយកិច្ចប្រជុំលើកនេះបានទាក់ទាញការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសនិងសហគ្រាសជួរមុខយ៉ាងច្រើនកុះករ។ យើងខ្ញុំពេញចិត្តយ៉ាងខ្លាំងហើយវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំលើកនេះប្រកបដោយជោគជ័យ”។

        ជោគជ័យនៃកិច្ចប្រជុំ WEF – ASEAN ឆ្នាំ២០១៨ បានអះអាងសារជាថ្មីនូវតួនាទីជួរមុខរបស់វៀតណាមក្នុងប្លុកអាស៊ាន ដែលជាសមាជិកសកម្មក្នុងការតភ្ជាប់អាស៊ានជាមួយដៃគូនៅខាងក្រៅដទៃទៀត។ លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោកតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានចាត់ទុកថា៖

        “វៀតណាមជាសមាជិកធំនិងសំខាន់មួយរបស់អាស៊ាន។ វៀតណាមមាននវានុវត្តភាពនិង សហគ្រិនភាពដែលត្រូវបានបង្ហាញតាមរយៈការអភិវឌ្ឍនៃសហគមន៍អ្នកចាប់ផ្ដើមអាជីវកម្ម។ វៀតណាមមានមនុស្សទេពកោសល្យជាច្រើនក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា ដោយហេតុនេះ ខ្ញុំចាត់ទុកថា វៀតណាមនឹងបន្តរួមវិភាគទានដ៏ធំធេងបន្ថែមទៀតសម្រាប់សហគមន៍អាស៊ាន”។

        ការគោរពរបស់ប្រទេសផ្សេងៗចំពោះតួនាទីនិងឋានៈកាន់តែខ្ពស់របស់វៀតណាមលើឆាកអន្តរជាតិ ក៏ត្រូវបានបង្ហាញតាមរយៈការដែលវៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកនៃគណៈកម្មាធិការច្បាប់អន្តរជាតិរបស់អង្គការសហប្រជាជាតិ ឬជាភ្ញៀវកិត្តិយសនៃកិច្ចប្រជុំកំពូលក្រុមខឿន សេដ្ឋកិច្ចទាំង៧ដែលអភិវឌ្ឍន៍ខ្លាំងជាងគេលើពិភពលោក (G7) ផងដែរ។

ការទូតពហុភាគីរបស់វៀតណាមធ្វើសមាហរណកម្មយ៉ាងរឹងមាំ - ảnh 2ទិដ្ឋភាពនៃសិក្ខាសាលាអន្តរជាតិ "វៀតណាមនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៖ ការឈរឈ្មោះនិងចូលរួមក្នុងអាណត្តិ២០២០-២០២១" (រូបថត៖ TTXVN) 

       ធ្វើសមាហរណកម្មយ៉ាងរឹងមាំ

        ភាពម្ចាស់ការនិងឋានៈរបស់វៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ក៏ដូចជាការចូលរួមស្ថាបនានិងកំណត់រចនាសម្ព័ន្ធនានាក្នុងតំបន់និងលើពិភពលោក នោះ គឺជាកត្តាដើម្បីអោយ វៀតណាមបន្តទទួលបានកាតព្វកិច្ចអន្តរជាតិដ៏ធំៗនាពេលខាងមុខ ដែលក្នុងនោះមានការឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១។ ដោយការរួមចំណែករបស់វៀតណាមក្នុងអាណត្តិ២០០៨-២០០៩ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជាតួនាទីនិងឋានៈរបស់វៀតណាមនាសព្វថ្ងៃនេះ វៀតណាមសង្ឃឹមថា នឹងទទួលបានទំនុកទុកចិត្តពីប្រទេសផ្សេងៗដើម្បីអាចរួមចំណែកជាច្រើនបន្ថែមទៀតសម្រាប់អង្គការនេះ។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានចាត់ទុកថា៖

        “នេះជាកាលានុវត្តភាពរបស់យើងព្រមទាំងក៏ជាការសាកល្បងទៀតផង ដែលយើងត្រូវធ្វើយ៉ាងម៉េចដើម្បីអាចឆ្លើយតបនឹងសេចក្ដីប្រាថ្នារបស់ប្រទេសដទៃទៀត។ ប្រការនោះមានន័យថា យើងមិនត្រឹមតែយកចិត្តទុកដាក់ដល់បញ្ហារបស់យើង ឬបញ្ហាក្នុងតំបន់យើងប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវចំពោះបញ្ហាជាសកលផ្សេងៗទៀត ជាពិសេសគឺបញ្ហាសន្តិសុខ សន្តិភាព និងសង្គ្រាមនៅតាមបណ្ដាប្រទេស”។

        រួមជាមួយការឈរឈ្មោះចូលរួមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើកទី២ វៀតណាមក៏ចូលរួមយ៉ាងសកម្មក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តាមរយៈការបញ្ជូនកងពេទ្យកម្រិតទី២នៅប្រទេសស៊ូដង់ខាងត្បូង។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖

        “តាមការផ្លាស់ប្ដូរមតិបានសរអោយឃើញថា ប្រទេសផ្សេងៗមានការរំពឹងទុកយ៉ាងខ្លាំងចំពោះការចូលរួមរបស់វៀតណាម។ ចំពោះប្រទេសនិងតំបន់នានាដែលកំពុងកើតជម្លោះ គឺរូបភាពយុទ្ធជនវៀតណាម ដែលមានប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានក្នុងការតស៊ូការពារមាតុប្រទេសនោះ ដូចជារូបភាពដែលបង្កើតឡើងជំនឿទុកចិត្តចំពោះពួកគេ។ នាបច្ចុប្បន្ន សកម្មភាពរបស់វៀតណាមត្រូវបានវាយតម្លៃខ្ពស់ណាស់”។

        ដោយជោគជ័យលើឆាកអន្តរជាតិដែលសម្រេចបាននាពេលកន្លងទៅ វៀតណាមអាចមានមោទនភាពដើម្បីបោះជំហានយ៉ាងរឹងមាំក្នុងដំណើរការសមាហរណកម្មនិងអភិវឌ្ឍជាមួយសហគមន៍អន្តរជាតិ ព្រមទាំងអះអាងបាននូវឋានៈរបស់ខ្លួនលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ