ការធ្វើមាតុភូមិនិវត្តន៍ខ្មាន់កាំភ្លើង IS៖ បញ្ហាមិនងាយស្រួលទេ
(VOVWORLD) - នាថ្ងៃទី១៤ ខែវិច្ឆិកា ទួរគីបានបន្តធ្វើមាតុភូមិនិវត្តន៍បណ្ដាខ្មាន់កាំភ្លើង IS ដែលត្រូវជាប់ឃុំឃាំងនៅប្រទេសស៊ីរី។ នេះជាការធ្វើមាតុភូមិនិវត្តន៍ខ្មាន់កាំភ្លើង IS លើកទី២របស់ទួរគីក្នុងរយៈពេល៣ថ្ងៃកន្លងទៅ។ ក្នុងចំណោមខ្មាន់កាំភ្លើង IS ដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍នេះ មានជនអឺរ៉ុបជាច្រើននាក់។ ហេតុដូច្នេះ ហើយ សកម្មភាពពោលខាងលើរបស់ទួរគីបានធ្វើអោយប្រទេសអឺរ៉ុបនានាព្រួយ បារម្ភ ព្រមទាំងធ្វើអោយភាពតានតឹងរវាងអឺរ៉ុបនិងទួរគីបន្តកើនឡើង។
ជោគវាសនារបស់អ្នកទោស IS កំពុងក្លាយទៅជាបញ្ហាពិបាកចំពោះភាគីទាក់ទិននានា (រូបថត៖ Reuters) |
ទួរគីចាត់ទុកថា អឺរ៉ុបកំពុងដាក់ចេញសំណូមពរដោយមានបទដ្ឋានចំនួន២។ម្យ៉ាងមួយ សំណូមពរអោយទួរគីត្រូវមានទំនួលខុសត្រូវចំពោះជនភៀសខ្លួនស៊ីរី រួមទាំងអ្នកទោស IS។ ម្យ៉ាងទៀត ប្រទេសមួយចំនួនបានលុបចោលសញ្ជាតិរបស់មុខសញ្ញាទាំងនេះ ហើយបដិសេធទំនួលខុសត្រូវចំពោះពួកគេផងដែរ។ ទួរគីបានអះអាងថា ដែនដីគេមិនមែនជាសណ្ឋាគារនោះឡើយ ហើយនឹងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីបង្ខំអោយអ្នកទោស IS ត្រូវបានវិលត្រឡប់មកប្រទេសវិញ។
ប្រតិកម្មកោតក្រែងពីអឺរ៉ុប
ទួរគីអាចនឹងធ្វើមាតុភូមិនិវត្តន៍ខ្មាន់កាំភ្លើង IS ជាង១២០០នាក់ ជាជនបរទេសដែលកំពុងត្រូវជាប់ពន្ធនាគារនៅស៊ីរី ដោយមិនអើពើដល់ការដែលប្រទេសផ្សេងៗទទួលយកវិញដែរឬអត់។ ប៉ុន្តែ គិតរហូតដល់បច្ចុប្បន្ននេះ ចំនួនប្រទេសអឺរ៉ុបដែលយល់ព្រមទទួលយកវិញនូវពលរដ្ឋរបស់ខ្លួនដែលធ្លាប់បានចូលរួមអង្គការភេរវកម្ម IS នោះ គឺតិចតួចណាស់ ដោយត្រឹមតែមានបារាំង ហូឡង់ អាល្លឺម៉ង់និងអៀឡង់តែប៉ុណ្ណោះ។
មុននោះ កាលពីដើមឆ្នាំ២០១៩ ឆ្លើយតបនឹងការអំពាវនាវរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ស្ដីពីការធ្វើមាតុភូមិនិវត្តន៍ខ្មាន់កាំភ្លើង IS នោះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បារាំង Nicole Belloubet បានអះអាងថា ប៉ារីសមិនទាន់មានគោលនយោបាយថ្មីចំពោះការធ្វើមាតុភូមនិវត្តន៍រាល់ពលរដ្ឋបារាំងដែលធ្លាប់ចូលរួម IS នៅស៊ីរីនៅឡើយ ដោយត្រឹមតែធ្វើមាតុភូមិនិវត្តន៍ “ករណីនីមួយៗ” ប៉ុណ្ណោះ។ ចំណែកឯអង់គ្លេសបានបដិសេធយ៉ាងត្រង់ៗ។ អាជ្ញាធរក្រុងឡុងដ៍ចាត់ទុកថា គប្បីជំនុំជំរះខ្មាន់កាំភ្លើងជាជនបរទេសរបស់អង្គការ IS នៅហ្នឹងកន្លែងដែលគេប្រព្រឹត្តិឧក្រិដ្ឋកម្ម។ ស៊ុយអែតគាំទ្រចំពោះទស្សនៈរបស់អង់គ្លេស ខណៈដែលអូទ្រីសបានសង្កត់ធ្ងន់លើការលំបាកពិតៗក្នុងការធ្វើមាតុភូមិនិវត្តន៍។ សហភាពអឺរ៉ុបក៏បានអោយដឹងថា មិនទាន់មានសេចក្ដីសម្រេចចិត្តណាមួយនៅកម្រិត EU ស្ដីពីការធ្វើមាតុភូមិនិវត្តន៍ខ្មាន់កាំភ្លើង IS នៅឡើយ ហើយបញ្ហានេះគឺចំណុះអំណាចរបស់រដ្ឋាភិបាលនៃប្រទេសសមាជិកនីមួយៗ។
ចំពោះស្ថានភាពនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានអំពាវនាវអោយមានកិច្ចព្រមព្រៀងអន្តរជាតិមួយសំដៅសម្រេចលើជោគវាសនារបស់ខ្មាន់កាំភ្លើង IS ជាជនបរទេសដែលកំពុងត្រូវដាក់ពន្ធនាគារនៅមជ្ឈឹមបូព៌ា ហើយចាត់ទុកថា ស៊ីរីនិងអ៊ីរ៉ាក់មិនមានការទទួលខុសត្រូវដោះស្រាយបញ្ហានេះជំនួសអោយប្រទេសផ្សេងៗនោះឡើយ។
មូលហេតុនៃការព្រួយបារម្ភ
ប្រទេសអឺរ៉ុបជាច្រើនមិនចង់ទទួលយកវិញនូវខ្មាន់កាំភ្លើង IS ឬគ្រួសារញាតិសន្ដានរបស់មុខសញ្ញាទាំងនេះ ដោយសារការព្រួយបារម្ភថា ពួកគេអាចបង្កឡើងការគំរាមកំហែងដល់សន្តិសុខ។
រាល់ការព្រួយបារម្ភពោលខាងលើគឺមានមូលដ្ឋាន។ នាពេលកន្លងទៅ នៅអឺរ៉ុបបានកើតមានឡើងករណីវាយប្រហារភេរវកម្មជាច្រើន។ ថ្នាក់ដឹកនាំអឺរ៉ុបព្រួយបារម្ភថា ក្រោយពីវិលត្រឡប់មកប្រទេសវិញ មុខសញ្ញាទាំងនេះអាចគំរាមកំហែងដល់សន្តិសុខនៃទ្វីបនេះ ជាពិសេសគឺក្នុងបរិបទដែលឯកសារស្ដីពីឧបាយកាលវាយប្រហារភេរវកម្មរបស់ IS តម្រង់ទៅលើអឺរ៉ុប នៅតែបានរកឃើញ។ បណ្ដាឯកសារនេះបាននិយាយយ៉ាងល្អិតល្អន់ដល់របៀបដែល IS បន្តប្រើប្រាស់ដើម្បីប្រតិបត្តិបណ្ដាញភេរវកម្មអន្តរជាតិ ដឹកជញ្ជូនសមាជិកឆ្លងដែន ផែនការប្លន់ធនាគារ បំបុករថយន្ត ធ្វើឃាត និងវាយប្រហារតាមអ៊ីនធឺណែត។ ភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FBS) ធ្លាប់បានព្រមានថា ទោះបីរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅស៊ីរីនិងអ៊ីរ៉ាក់ក៏ដោយ ប៉ុន្តែអង្គការភេរវកម្មនានាដូចជា IS Al-Qeada និងក្រុមប្រដាប់អាវុធផ្សេងៗដែលមានទំនាក់ទំនងជាមួយអង្គការទាំងនេះ នៅតែជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះអឺរ៉ុប។
ច្បាស់លាស់ថា ក្នុងបរិបទនោះការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋដែលធ្លាប់បានចូលរួមអង្គការភេរវកម្មនៅឯបរទេស នឹងបន្តបង្កឡើងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះអឺរ៉ុប។ ប៉ុន្តែ អឺរ៉ុបក៏ពិបាកធ្វើអោយតឹងតែងចំពោះទួរគីដែរ ដោយសារក្រៅពីអ្នកទោស IS ជាង១ពាន់នាក់នោះ គឺទួរគីកំពុងជាទីស្នាក់នៅរបស់ជនភៀសខ្លួនចំនួន៣,៦លាននាក់។ នេះពិតជាបញ្ហាគួរអោយព្រួយបារម្ភដ៏ធំបំផុតរបស់អឺរ៉ុបនាបច្ចុប្បន្ន។ ថ្នាក់ដឹកនាំទួរគីធ្លាប់បាននិយាយយ៉ាងច្បាស់លាស់ថា ប្រសិនបើអឺរ៉ុបចង់ហៅយុទ្ធនាការយោធារបស់ទួរគីនៅភាគឦសានស៊ីរីជាអំពើឃ្លានពាននោះ គឺអង់ការ៉េនឹងបើកទ្វារចំហដើម្បីអោយជនភៀសខ្លួនហូរចូលទ្វីបអឺរ៉ុប៕