ការបោះឆ្នោតទំនុកចិត្ត៖ លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់ក្បាលម៉ាស៊ីនរដ្ឋ
(VOVWORLD) - នាថ្ងៃទី ២៥ ខែតុលា សម័យប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី ១៥ បានបញ្ចប់ការបោះឆ្នោតទំនុកចិត្តសម្រាប់តំណែងចំនួន ៤៤ ដោយរដ្ឋសភាជ្រើសតាំង ឬអនុម័ត។ នេះជាទម្រង់ឃ្លាំមើលដ៏សំខាន់មួយ ដែលបង្ហាញពីការវាយតម្លៃរបស់រដ្ឋសភា លើលទ្ធផលការងារតាំងពីដើមអាណត្តិរហូតមកដល់ពេលនេះ សម្រាប់មុខតំណែងដែលទទួលបានការបោះឆ្នោតទំនុកចិត្ត។ សំខាន់ជាងនេះទៅទៀត ការបោះឆ្នោតទំនុកចិត្តក៏ជាការលើកកំពស់គុណភាព និងប្រសិទ្ធភាពរបស់ក្បាលម៉ាស៊ីនរដ្ឋ បង្កើតកម្លាំងចលករសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។
អគ្គលេខាបក្ស លោក Nguyen Phu Trong, ប្រធានរដ្ឋ លោក Vo Van Thuong, ប្រធានរដ្ឋសភាលោក Vuong Dinh Hue, នាយករដ្ឋមន្ត្រី លោក Pham Minh Chinh, ថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញបោះឆ្នោត (រូបថត៖ quochoi.vn) |
នេះជាលើកទី៤ហើយដែលរដ្ឋសភាបានអនុវត្តន៍ការបោះឆ្នោតទំនុកចិត្ត។ មុននោះ រដ្ឋសភាបានធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់មុខតំណែងដោយរដ្ឋសភាជ្រើសតាំងឬអនុម័ត ក្នុងឆ្នាំ២០១៣, ២០១៤ និង២០១៨។
សកម្មភាពសំខាន់ៗនៃកិច្ចការកម្មាភិបាល
ការបោះឆ្នោតទំនុកចិត្តសម្រាប់តំណែងជាអ្នកដឹកនាំ អ្នកគ្រប់គ្រង និងមុខតំណែងនៅក្នុងប្រព័ន្ធនយោបាយ គឺជាខ្លឹមសារសំខាន់មួយក្នុងកិច្ចការកម្មាភិបាល ហើយត្រូវបានអនុវត្តតាមកាលកំណត់។ លទ្ធផលនៃការបោះឆ្នោតទំនុកចិត្តត្រូវបានប្រើដើម្បីវាយតម្លៃលើកម្មាភិបាល។ នៅសម័យប្រជុំលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥ ការបោះឆ្នោតទំនុកចិត្តមិនស្ថិតនៅខាងក្រៅគោលដៅនោះផងដែរ។ នេះជាកិច្ចប្រជុំលើកដំបូងដែលការបោះឆ្នោតទុកចិត្តត្រូវបានអនុវត្តតាមសេចក្តីសម្រេចលេខ ៩៦ ដែលរដ្ឋសភាបានអនុម័តកាលពីខែមិថុនាឆ្នាំនេះ។ ចំណុចសំខាន់បំផុតនៃសេចក្តីសម្រេចចិត្តនេះគឺកំណត់យ៉ាងច្បាស់អំពីលទ្ធផលនៃសន្លឹកឆ្នោតទំនុកចិត្ត។ ដូច្នោះហើយ អ្នកដែលទទួលបានសំឡេងទំនុកពី ៥០% ទៅតិចជាង ២/៣ នៃសំឡេងឆ្នោតសរុបដែលវាយតម្លៃថា "ទំនុកចិត្តទាប" អាចដាក់ពាក្យសូមលាលែងពីតំណែង។ ក្នុងករណីដែលមិនលាលែងពីតំណែង គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងដាក់ជូនទៅរដ្ឋសភាដើម្បីបោះឆ្នោតទំនុកចិត្តនៅក្នុងសម័យប្រជុំនោះ ឬសម័យប្រជុំថ្មីបំផុត។
ការដែលរដ្ឋសភាអនុវត្តន៍ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ចំពោះមុខតំណែងដែលត្រូវបានរដ្ឋសភាជ្រើសតាំងឬអនុម័ត គឺបង្ហាញពីការទទួលស្គាល់របស់រដ្ឋសភាចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារតាំងពីដើមអាណត្តិរហូតមកដល់បច្ចុប្បន្នរបស់អ្នកដែលទទួលការបោះឆ្នោតទំនុកចិត្ត។ ការវាយតម្លៃតាមរយៈសន្លឹកឆ្នោតសម្ងាត់បានធានានូវភាពយុត្តិធម៌ និងបរានុម័ត ក្នុងការវាយតម្លៃកម្មាភិបាល។ លទ្ធផលនៃការបោះឆ្នោតទំនុកចិត្តបង្ហាញពីការត្រៀមខ្លួនយ៉ាងប្រុងប្រយ័ត្នរបស់ស្ថាប័នមុខងារក្នុងការងារនេះ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា៖ “នេះគឺជាលទ្ធផលនៃដំណើរការរៀបចំយ៉ាងប្រញាប់ប្រញាល់ ប៉ុន្តែមានការប្រុងប្រយ័ត្ន ម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវខ្ពស់របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អង្គការពាក់ព័ន្ធ និងអ្នកដែលទទួលការបោះឆ្នោតទំនុកចិត្ត។ រដ្ឋសភាបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីសម្រេច បញ្ជាក់ពីលទ្ធផលនៃការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់អ្នកកាន់តំណែងដោយរដ្ឋសភាជ្រើសតាំង ឬអនុម័ត”។
លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់ក្បាលម៉ាស៊ីនរដ្ឋ
តាមទស្សនៈគ្រប់គ្រងរដ្ឋ លទ្ធផលនៃការបោះឆ្នោតទំនុកចិត្តនាថ្ងៃទី ២៥ តុលា បង្ហាញពីការទទួលស្គាល់ និងវាយតម្លៃរបស់រដ្ឋសភាលើការខិតខំប្រឹងប្រែង និងលទ្ធផលការងារតាំងពីដើមអាណត្តិរហូតមកដល់ពេលនេះ ក្នុងចំណោមតំណែងចំនួន ៤៤ បានទទួលការបោះឆ្នោតទំនុកចិត្ត។ លទ្ធផលនេះមិនត្រឹមតែជាការវាយតម្លៃលើសមត្ថភាព របស់បុគ្គលដែលទទួលបានការបោះឆ្នោតទំនុកចិត្តប៉ុណ្ណោះទេ នៅពីក្រោយ គឺជាការរំពឹងទុក និងបំណងប្រាថ្នា សម្រាប់ផ្នែកនិងវិស័យបុគ្គលនោះកំពុងទទួលបន្ទុកទៀតផង។
ដូច្នេះ ការបោះឆ្នោតទំនុកចិត្ត មិនត្រឹមតែជាសកម្មភាពឃ្លាំមើលរបស់រដ្ឋសភាប៉ុណ្ណោះទេ ប៉ុន្តែជាងនេះទៅទៀត សកម្មភាពនេះរួមចំណែកលើកកំពស់គុណភាព និងប្រសិទ្ធភាពរបស់ក្បាលម៉ាស៊ីនរដ្ឋ។ សមាជិការសភា Nguyen Thi Suu គណៈប្រតិភូរដ្ឋសភាខេត្ត Thua Thien Hue បានឲ្យដឹងថា៖ “នៅទីនេះមានការពិនិត្យមើលលើគ្រប់ជ្រុងជ្រោយប្រកបដោយបរានុម័ត អំពីគុណភាពនៃការទទួលខុសត្រូវ សមត្ថភាពដឹកនាំ និងទិសដៅប្រតិបត្តិសម្រាប់មុខតំណែងដែលទទួលបានការបោះឆ្នោតទំនុកចិត្ត។ ដូច្នេះ នឹងមានការផ្លាស់ប្តូរជាវិជ្ជមាន លឿនជាងមុន និងគ្រប់ជ្រុងជ្រោយ នៅក្នុងសកម្មភាពរបស់អ្នកដែលពាក់ព័ន្ធ”។
ការបោះឆ្នោតទំនុកចិត្តពាក់កណ្តាលអាណត្តិនេះ គឺជាការសាកល្បងលើកដំបូង ដើម្បីវាយតម្លៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងស្ថាប័ននានា ហើយក៏ជាមធ្យោបាយមួយក្នុងការរៀបចំ ឬកែសម្រួលផែនការក្នុងដំណាក់កាលខាងមុខ ឆ្ពោះទៅសម្រេចបានគម្រោងភារកិច្ចដែលបានកំណត់សម្រាប់អាណត្តិទាំងមូល។ លទ្ធផលនៃការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តបន្តបញ្ជាក់ថា ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តក្នុងរដ្ឋសភា គឺជាបណ្តាញដ៏សំខាន់មួយ ដើម្បីជួយអាជ្ញាធរមានសមត្ថកិច្ច វាយតម្លៃ ផ្តល់យោបល់ រៀបចំផែនការ ជំរុញបណ្តុះបណ្តាល និងប្រើប្រាស់កម្មាភិបាល ជាពិសេសកម្មាភិបាលជាន់ខ្ពស់ដែលកាន់មុខតំណែងដោយរដ្ឋសភាជ្រើសតាំងឬអនុម័ត។ លទ្ធផលបោះឆ្នោតនៅតែបន្តជាជោគជ័យមួយ ដែលនឹងជួយឱ្យប្រតិបត្តិការរបស់ក្បាលម៉ាស៊ីនរដ្ឋ មានការវិវឌ្ឍន៍ថ្មីៗ ក្នុងរយៈពេលដែលនៅសល់នៃអាណត្តិ ហើយក៏ជាបទពិសោធន៍ចំពោះការងារកម្មាភិបាលសម្រាប់វគ្គបន្ត៕