ការបោះឆ្នោតនៅអង់គ្លេស៖ ការផ្លាស់ប្តូរដ៏ធំសម្រាប់ចក្រភពអង់គ្លេសក្រោយ រយៈពេល ១៤ ឆ្នាំ

(VOVWORLD) - ដោយទទួលបានប្រហែល ៤០% នៃសម្លេងគាំទ្រសរុបរបស់អ្នកបោះឆ្នោតអង់គ្លេសនៅក្នុងការបោះឆ្នោតសកលមុនកាលកំណត់ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៤ ខែកក្កដាកន្លងទៅ គណបក្សការងារនៅចក្រភពអង់គ្លេសបានយកឈ្នះ ហើយនឹងបង្កើតរដ្ឋាភិបាលថ្មី បញ្ចប់រយៈពេល ១៤ ឆ្នាំកាន់អំណាចរបស់គណបក្សអភិរក្សនិយម។ ព្រឹត្តិការណ៍នេះអាចគូសសញ្ញានូវការផ្លាស់ប្តូរសំខាន់ៗនៅក្នុងគោលនយោបាយផ្ទៃក្នុង និងកិច្ចការបរទេសរបស់ចក្រភពអង់គ្លេស។

យោងតាមលទ្ធផលបឋមដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអង់គ្លេស នាព្រឹកថ្ងៃទី ៥ ខែកក្កដា គណបក្សការងារទទួលបានប្រហែល ៤០% នៃសម្លេងគាំទ្រ ស្មើនឹងប្រហែលអាសនៈចំនួន ៤១០ នៅក្នុងសភាតំណាងរាស្ដ្រអង់គ្លេសនីតិកាលបន្ទាប់ ដែលឈរនៅចំណាត់ថ្នាក់ទី ១ ក្នុងការបោះឆ្នោតសកល ហើយលើសឆ្ងាយពីបរិមាណអាសនៈចាំបាច់ចំនួន ៣២៦ ដើម្បីបង្កើតរដ្ឋាភិបាលដោយខ្លួនឯង។ គណបក្សអភិរក្សនិយមដែលកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី Rishi Sunak បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ជាមួយនឹងអាសនៈប្រហែល ១៤០ ដែលជាលទ្ធផលបោះឆ្នោតដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់គណបក្សមួយនេះ។

ការបោះឆ្នោតនៅអង់គ្លេស៖ ការផ្លាស់ប្តូរដ៏ធំសម្រាប់ចក្រភពអង់គ្លេសក្រោយ រយៈពេល ១៤ ឆ្នាំ - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak និងភរិយាបន្ទាប់ពីបោះឆ្នោតកាលពីថ្ងៃទី ៤ ខែកក្កដាឆ្នាំ ២០២៤។ (រូបថត៖ Reuters/TTXVN)

លទ្ធផលដែលត្រូវបានទាយទុកជាមុន

យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ មូលហេតុដែលនាំទៅលទ្ធផលនេះគឺការចុះខ្សោយជាប្រព័ន្ធរបស់គណបក្សអភិរក្សនិយមក្នុងរយៈពេលជិតមួយទស្សវត្សរ៍កន្លងមក ដោយចាប់ផ្តើមពីការដែលលោកអតីតនាយករដ្ឋមន្ត្រី David Cameron ដាក់ឲ្យដំណើរការនូវការបោះឆ្នោតប្រជាមតិស្តីពីការចាកចេញពីសហភាពអឺរ៉ុប (EU) - Brexit ក្នុងឆ្នាំ ២០១៦។ ការដាក់ឲ្យដំណើរការ Brexit ដែលផ្តើមចេញពីការគិតគូរនយោបាយផ្ទៃក្នុងនៅក្នុងគណបក្សអភិរក្សនិយម បានរុញច្រានប្រទេស
អង់គ្លេសទៅក្នុងផលវិបាកជាបន្តបន្ទាប់ រួមមាន៖ ការដួចរំលំទំនាក់ទំនងជាមួយសហភាពអឺរ៉ុប; ការខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរ; ការប្រកួតប្រជែងដណ្ដើមការដឹកនាំគណបក្ស ដែលបណ្ដាលឱ្យអង់គ្លេសត្រូវជំនួសតំណែងនាយករដ្ឋមន្ត្រីរហូតដល់ ៤ លើកក្នុងរយៈពេល ៣ ឆ្នាំ។

លើសពីនេះទៀត ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏អាក្រក់បំផុត និងរឿងអាស្រូវផ្ទាល់ខ្លួនក្នុងអំឡុងពេលមានជំងឺរាតត្បាត COVID-១៩ (ក្រោមរដ្ឋអំណាចលោក Boris Johnson) ឬយុទ្ធសាស្រ្តសេដ្ឋកិច្ចខុស (ក្រោមរដ្ឋអំណាចលោកស្រី Liz Truss) ក៏បានរុញឲ្យកេរ្តិ៍ឈ្មោះរបស់គណបក្សអភិរក្សធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទស្សវត្ស ដែលបណ្តាលឱ្យអ្នកបោះឆ្នោតអង់គ្លេសងាកមកគាំទ្រគណបក្សការងារប្រឆាំង ទោះបីជាគណបក្សនេះក៏ជួបប្រទះបញ្ហាផ្ទៃក្នុងជាច្រើន និងគោលនយោបាយជាប់គាំងក្រោមការដឹកនាំរបស់លោក Jeremy Corbyn (២០១៥-២០២០) ក៏ដោយ។ សាស្ត្រាចារ្យ Mark Shanahan នៃសាកលវិទ្យាល័យ Surrey (ចក្រភពអង់គ្លេស) បានធ្វើអត្ថាធិប្បាយថា៖

“ខ្ញុំមិនគិតថា គណបក្សការងាររីកចម្រើនខ្លាំងនោះទេ ប៉ុន្តែថាគណបក្សអភិរក្សបានចុះខ្សោយយ៉ាងច្បាស់លាស់ ហើយអ្វីដែលកំពុងកើតឡើងនៅពេលនេះ គឺគ្រាន់តែថាយើងបានឈានដល់ទីបញ្ចប់នៃវដ្ដបោះឆ្នោតមួយ ដែលនាំឱ្យគណបក្សអភិរក្សឡើងកាន់អំណាចក្នុងរយៈពេល ១៤ ឆ្នាំកន្លងមក។ វដ្តនេះឆ្លងកាត់អ្នកដឹកនាំជាច្រើនជំនាន់ចាប់ពីលោក David Cameron រហូតដល់លោកស្រី Theresa May លោក Boris Johnson លោកស្រី Liz Truss រហូតដល់លោក Sunak ហើយរឿងទាំងអស់មិនប្រសើរឡើងទេ។ ដូច្នេះអារម្មណ៍ទូទៅនៅចក្រភពអង់គ្លេសគឺថា វាដល់ពេលសម្រាប់ការផ្លាស់ប្តូរហើយ”។

ការបោះឆ្នោតនៅអង់គ្លេស៖ ការផ្លាស់ប្តូរដ៏ធំសម្រាប់ចក្រភពអង់គ្លេសក្រោយ រយៈពេល ១៤ ឆ្នាំ - ảnh 2មេដឹកនាំគណបក្សការងារអង់គ្លេសលោក Keir Starmer ក្នុងយុទ្ធនាការបោះឆ្នោតនៅ Clay Cross នាថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤។ (រូបថត៖ Reuters/TTXVN)

តើមានការផ្លាស់ប្តូរអ្វីសម្រាប់ចក្រភពអង់គ្លេស?

សម្រាប់គណបក្សការងារ ជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំនេះ គឺជាជ័យជម្នះដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់គណបក្សនេះ ដែលជួយឱ្យគណបក្សការងារវិលត្រឡប់មកកាន់អំណាចវិញបន្ទាប់ពីរយៈពេល ១៤ ឆ្នាំ។ ជាមួយនឹងយុទ្ធនាការបោះឆ្នោតដែលផ្តោតលើពាក្យស្លោកតែមួយថា "ផ្លាស់ប្តូរ" គណបក្សការងារសន្យាថា នឹងអនុវត្តន៍គោលនយោបាយដែលផ្លាស់ប្តូរចក្រភពអង់គ្លេសគ្រប់ជ្រុងជ្រោយ។ លោក Keir Starmer មេដឹកនាំគណបក្សការងារដែលនឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសសម្រាប់អាណត្តិបន្ទាប់បានប្រកាសថា៖

“ប្រជាជននៅទូទាំងប្រទេសអង់គ្លេសបានបញ្ចេញមតិ ហើយពួកគេត្រៀមខ្លួនជាស្រេចសម្រាប់ការផ្លាស់ប្តូរ ដើម្បីបញ្ចប់នយោបាយស្នាដៃ និងវិលត្រឡប់ទៅរកនយោបាយបម្រើសេវាសាធារណៈ
ជនវិញ។ អ្នកបោះឆ្នោតបានបោះឆ្នោត ហើយនេះគឺជាពេលវេលាដែលយើងត្រូវអនុវត្តន៍ហើយ”។

យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ភារកិច្ចសម្រាប់រដ្ឋាភិបាលនីតិកាលបន្ទាប់របស់គណបក្សការងារ គឺមិនសាមញ្ញទេ ក្នុងបរិបទដែលសេដ្ឋកិច្ចអង់គ្លេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ជានិច្ចកាលជួបប្រទះនឹងអស្ថិរភាព ការចំណាយលើការរស់នៅគាបសង្កត់លើគ្រួសារ ហើយសេវាសាធារណៈធ្លាក់ចុះចូលទៅក្នុងវិបត្តិ។ លោក Matthew Johnson សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យ Northumbria ក្នុងទីក្រុង Newcastle (ចក្រភពអង់គ្លេស) បាននិយាយថា ការសិក្សាដែលធ្វើឡើងនៅក្នុងតំបន់ជាច្រើននៅទូទាំងចក្រភពអង់គ្លេសបង្ហាញថា ៦៥% ទៅ ៧៥% នៃអ្នកបោះឆ្នោតអង់គ្លេសកំពុងមានបំណងចង់ផ្លាស់ប្តូរគោលនយោបាយក្នុងបញ្ហាដូចជា៖ កំណែទម្រង់ប្រព័ន្ធថែទាំសុខភាព និងសន្តិសុខសង្គម; ការផ្លាស់ប្ដូរយុទ្ធសាស្រ្តទៅសូន្យសុទ្ធ (net zero) ប៉ុន្តែនៅតែការពារសិទ្ធិរបស់ពលករ; ប្រាក់ចំណូលជាមូលដ្ឋាន ជាដើម។ ដូច្នេះហើយ សម្ពាធនាពេលខាងមុខលើគណបក្សការងារនឹងកាន់តែខ្លាំង។

"អ្វីដែលយើងទំនងជានឹងឃើញនៅឆ្នាំក្រោយគឺថា រដ្ឋាភិបាលបន្ទាប់នឹងត្រូវផ្សាភ្ជាប់សកម្មភាពរបស់ខ្លួនជាមួយនឹងការផ្លាស់ប្តូរនៅក្នុងគោលនយោបាយខាងលើ ដើម្បីរក្សាបាននូវការគាំទ្ររបស់ប្រជាជន។ ការមិនធ្វើអ្វីទេ គឺជាប្រការដែលមិនអាចទៅរួចក្នុងអាណត្តិសភាតំណាងរាស្ត្របន្ទាប់។ ឥឡូវដល់ពេលធ្វើសកម្មភាពហើយ”។

ទាក់ទងនឹងគោលនយោបាយកិច្ចការបរទេស រដ្ឋាភិបាលថ្មីរបស់គណបក្សការងារ ប្រហែលជាត្រូវធ្វើការផ្លាស់ប្តូរសំខាន់ៗជាច្រើនផងដែរ។ នៅក្នុងជំនួបជាមួយសារព័ត៌មានបរទេសកាលពីថ្ងៃទី ១ ខែកក្កដា លោក David Lammy ដែលទំនងជានឹងធ្វើជារដ្ឋមន្ត្រីការបរទេសអង់គ្លេសនាពេលខាងមុខនេះ បាននិយាយថា រដ្ឋាភិបាលនៃគណបក្សការងារនឹងអនុវត្តន៍ "ការធ្វើឡើងវិញចំនួន ៣" នៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់អង់គ្លេសរួមមាន៖ ការធ្វើឡើងវិញនូវទំនាក់ទំនងជាមួយ EU ដោយមានមូលដ្ឋានគ្រឹះគឺសន្ធិសញ្ញាសន្តិសុខថ្មីរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប; ការធ្វើឡើងវិញនូវគោលនយោបាយអាកាសធាតុដើម្បីឱ្យចក្រភពអង់គ្លេសជាប្រទេសនាំមុខគេក្នុងការសន្យាខាងអាកាសធាតុ; ការធ្វើឡើងវិញនូវទំនាក់ទំនងរវាងចក្រភពអង់គ្លេស ជាមួយពិភពខាងត្បូង និងមហាអំណាចកម្រិតមធ្យមរបស់ពិភពលោក ក្នុងបរិបទដែលពិភពលោកកាន់តែមានពហុប៉ូល និងតួនាទីរបស់ចក្រភពអង់គ្លេសនៅលើពិភពលោកមានការផ្លាស់ប្តូរជាមូលដ្ឋានជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ