ការបោះឆ្នោតរដ្ឋសភាកម្ពុជា៖ ជម្រើសដ៏ត្រឹមត្រូវរបស់ប្រជាជន

(VOVWORLD) - ដូចការរំពឹងទុក គណៈបក្សប្រជាជនកម្ពុជា (CPP) ដឹកនាំដោយនាយក រដ្ឋមន្រ្តីសម្ដេច តេជោ ហ៊ុន សែន បានដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតរដ្ឋសភា នីតិកាលទី៦ ដោយទទួលបានអត្រាសម្លេងឆ្នោតខ្ពស់។ ជ័យជំនះនេះបាន អះអាងជាថ្មីម្ដងទៀតនូវតួនាទីនយោបាយជួរមុខរបស់ CPP នៅប្រទេសកម្ពុជា ហើយបង្ហាញនូវជំនឿទុកចិត្តរបស់ប្រជាជនកម្ពុជាចំពោះភារកិច្ចដឹកនាំប្រទេស ជាតិក្នុងអាណត្តិ៥ឆ្នាំខាងមុខ។
ការបោះឆ្នោតរដ្ឋសភាកម្ពុជា៖ ជម្រើសដ៏ត្រឹមត្រូវរបស់ប្រជាជន - ảnh 1រូបភាពក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់គណៈបក្សប្រជាជនកម្ពុជា (រូបថត៖ VOV)

ដោយទទួលបានសម្លេងឆ្នោតចំនួន៧៧,៥% និងអាសនៈទាំង១២៥នៃរដ្ឋសភាថ្មីនោះ គណៈបក្សប្រជាជនកម្ពុជាបានឈ្នះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតលើកនេះ។

        បើទោះបីជាលទ្ធផលជាផ្លូវការចុងក្រោយនឹងត្រូវបានប្រកាសនាថ្ងៃទី១៥ ខែសីហា ខាងមុខនេះក៏ដោយ ប៉ុន្តែ CPP បានយកឈ្នះជាមិនខាន ហើយតាមច្បាប់បោះឆ្នោតរបស់កម្ពុជាចែងថា គណៈបក្សណាដែលយកឈ្នះដោយអត្រា៥០%+១ អាសនៈនៃរដ្ឋសភា នឹងមានសិទ្ធិបង្កើតរដ្ឋាភិបាលថ្មី។

        ប្រជាធិបតេយ្យនិងសមភាព

        ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី៦ ដែលត្រូវបានរៀបចំឡើងនាថ្ងៃទី២៩ ខែកក្កដា កន្លងទៅ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដោយអត្រាអ្នកបោះឆ្នោតទៅបោះឆ្នោតឡើងដល់ទៅ៨២,១៧%។ តួរលេខនេះខ្ពស់ជាងច្រើនបើប្រៀបនឹងអត្រាចំនួន៦៩,៩១%នៃការបោះឆ្នោតរដ្ឋសភានីតិកាលទី៥នាឆ្នាំ២០១៣។ ប្រការនេះសរឲ្យឃើញនូវបរិយាកាសប្រជាធិបតេយ្យជាពិតប្រាកដនៅប្រទេសកម្ពុជា។

        លើសពីនេះទៅទៀត ក្នុងការបោះឆ្នោតលើកនេះ បរិមាណគណៈបក្សចូលរួមរកសម្លេងឆ្នោតបានកើន៣ដង បើប្រៀបនឹងបរិមាណគណៈបក្សចូលរួមការបោះឆ្នោតរដ្ឋសភានីតិកាលទី៥។ រួមជាមួយគ្នានោះគឺការចូលរួមរបស់ អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិប្រមាណជាង៨ហ្មឺននាក់ និងអ្នកយកព័ត៌មានអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។ ការអញ្ជើញអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនដូច្នេះ បានសរឲ្យឃើញថា ការបោះឆ្នោតគឺបើកទូលាយទាំងស្រុង និងទទួលបានជំនឿទុកចិត្តរបស់ប្រជាជន។ ការចូលរួមរបស់អ្នកសង្កេតការណ៍អន្តរជាតិក៏ធានាថា ការបោះឆ្នោតនឹងត្រូវបានរៀបចំឡើងដោយការទទួលខុសត្រូវខ្ពស់ ហើយបង្កើតភាពស្មោះត្រង់នៃការបោះឆ្នោតចំពោះ សហគមន៍អន្តរជាតិផងដែរ។

ការបោះឆ្នោតរដ្ឋសភាកម្ពុជា៖ ជម្រើសដ៏ត្រឹមត្រូវរបស់ប្រជាជន - ảnh 2នាយករដ្ឋមន្រ្តី ប្រធានគណៈបក្សប្រជាជនកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នៅក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់ CPP មុននឹងការបោះឆ្នោត (រូបថត៖ VOV)

        ជម្រើសជាកម្មសិទ្ធិរបស់ប្រជាជន

        ក្នុងការបោះឆ្នោតលើកនេះ គណៈបក្សចូលរួមទាំងអស់សុទ្ធតែមានកម្មវិធីនយោបាយរកសម្លេងឆ្នោតខុសគ្នា ដែលផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើនប្រភពធនធានមនុស្ស ដោះស្រាយបញ្ហាការងារសំរាប់ប្រជាជន និងបង្ការប្រឆាំងអំពើពុករលួយ។ គណៈបក្សប្រជាជនកម្ពុជាកាន់អំណាចរបស់នាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញកម្មវិធីនយោបាយ រកសម្លេងឆ្នោត ដែលផ្តោតទៅលើការជំរុញសាមគ្គីភាពជាតិ គោរពរដ្ឋធម្មនុញ្ញ ការពារ របបរាជាធិបតេយ្យ លើកស្ទួយសិទ្ធិប្រជាធិបតេយ្យ សេរីភាព ការពារច្បាប់និងសមភាពសង្គម ព្រមទាំងការពារឯករាជ្យអធិបតេយ្យភាព សុខសន្តិភាពនិងសន្តិសុខជាតិ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចដោយល្បឿនកំណើន ប្រមាណ៧%ជារៀងរាល់ឆ្នាំ និងអត្រាកាត់បន្ថយភាពក្រីក្រប្រមាណ១%ជារៀងរាល់ឆ្នាំដែរ។ ស្ដីពីគោលនយោបាយកិច្ចការបរទេស ចំពោះមុខការប្រែប្រួលក្នុងតំបន់និងលើពិភពលោក រាជរដ្ឋាភិបាលកម្ពុជា រក្សារឹងមាំនូវគោលនយោបាយកិច្ចការបរទេសអព្យាក្រឹត រួមគ្នារស់នៅក្នុងសុខសន្តិភាព មិនធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ កម្ពុជានឹងខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបតិ្តការជាមួយប្រទេសនានាក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខក្នុងតំបន់និងលើពិភពលោក។

        មុននឹងការបោះឆ្នោត មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានចាត់ទុកថា CPP នឹងបន្តយកឈ្នះយ៉ាងត្រចះត្រចង់ ហើយពិតណាស់ថា លទ្ធផលគឺប្រាកដដូច្នេះ។ CPP មិនត្រឹមតែជាគណៈបក្សកាន់អំណាចក្នុងអាណត្តិទាំង៤ជាបន្តបន្ទាប់ចាប់ពីឆ្នាំ១៩៩៨មកប៉ុណ្ណោះទេ ថែមទាំង ដើរតួនាទីគន្លឹះក្នុងការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយនាំមកនូវសុខសន្តិភាពសំរាប់ប្រទេសជាតិទៀតផង។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក CPP បានរួមដំណើរជាមួយប្រជាជនកម្ពុជាក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ នាំប្រទេសកម្ពុជាពីលេខ ០ ក្រោយពីសង្គ្រាម ក្លាយទៅជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាព។ រាល់សមិទ្ធិផលដែលកម្ពុជាដណ្ដើមបានក្នុងអំឡុង៤០ឆ្នាំកន្លងទៅ សុទ្ធតែមានការរួមវិភាគទានដ៏ធំធេងរបស់គណៈបក្សប្រជាជនកម្ពុជា។

        ជ័យជំនះរបស់គណៈបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតលើកនេះជាសក្ខីភាពនៃជម្រើសដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា ហើយបញ្ជាក់នូវជំនឿទុកចិត្តរបស់ប្រជាជនទៅលើការដឹកនាំរបស់ CPP ដើម្បីនាំប្រទេសជាតិបន្តអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ