ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី៦៖ ជោគជ័យរបស់ប្រជាជនកម្ពុជាម្នាក់ៗ

(VOVWORLD) - នាថ្ងៃទី១៥ ខែសីហា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតរដ្ឋសភានីតិកាលទី៦។ ការបោះ ឆ្នោតលើកនេះបានសម្រេចប្រកបដោយជោគជ័យដោយមានឯកទគ្គកម្មជាច្រើនដែលត្រូវបានបង្កើតឡើង។ មានបរិមាណគណៈបក្សនយោបាយជាច្រើនបំផុត តាំងពីមុនមកដែលចូលរួមក្នុងការរត់ប្រណាំងចូលក្នុងរដ្ឋសភាចំនួន២០គណៈបក្ស មានបរិមាណអ្នកបោះឆ្នោតទៅបោះឆ្នោតជាច្រើនបំផុតដោយអត្រាជាង ៨៣% ហើយមានបរិមាណអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិច្រើនបំផុត ដោយប្រមាណជាង៩ហ្មឺននាក់ផងដែរ។ ក្នុងឱកាសនេះ អ្នកយកព័ត៌មានវិទ្យុ សម្លេងវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាបានធ្វើសម្ភាសន៍ជាមួយឯក ឧត្តម សុខ ឥសាន អ្នកនាំពាក្យគណៈបក្សប្រជាជនកម្ពុជា។ ក្នុងនាទីព្រឹត្តិការណ៍ ថ្ងៃនេះ យើងខ្ញុំសូមជូនអស់លោកអ្នកនាងតាមដាននូវខ្លឹមសារក្នុងបទសម្ភាសន៍នេះ។
ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី៦៖ ជោគជ័យរបស់ប្រជាជនកម្ពុជាម្នាក់ៗ - ảnh 1ឯកឧត្តម សុខ ឥសានឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាន VOV ប្រចាំកម្ពុជា (រូបថត៖ VOV)

  អ្នកយកព័ត៌មាន VOV  សូមគោរពឯកឧត្តម គណៈបក្សប្រជាជនកម្ពុជា (CPP) បានទទួលជោគជ័យនៅក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី៦នេះ។ សុំឯកឧត្តមឲ្យខ្ញុំបានជ្រាបអំពីអត្ថន័យនៃជ័យជំនះនេះ?

ឯកឧត្តម សុខ ឥសាន៖ ផ្អែកទៅតាមលទ្ធផលដែលបានប្រកាសដោយគ.ជ.បតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ យើងឃើញថា លទ្ធផលជាជំហានដំបូងនោះគឺគណៈបក្សប្រជាជនកម្ពុជាបានទទួលជោគជ័យដ៏ធំសម្បើមណាស់ដែលនឹកស្មាន់មិនដល់។ ហើយជ័យជំនះនេះខ្ញុំអាចវាយតំលៃថា ជាជ័យជំនះដែលមានលក្ខណៈធំធេងសម្រាប់ប្រជាជនកម្ពុជា ពីព្រោះយើងបានឆ្លងកាត់ពុះពារលើឧបសគ្គទាំងឡាយដែលក្រុមឧទ្ទាមក្រៅច្បាប់ខ្មែរមួយចំនួននៅក្រៅប្រទេសធ្វើសកម្មភាពដើម្បីរារាំងនិងទប់ស្កាត់ដល់ដំណើរការបោះឆ្នោត។ ក៏ប៉ុន្តែទោះយ៉ាងណាក្ដី គឺដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ប្រកបដោយលក្ខណៈប្រជាធិបតេយ្យ សេរី ត្រឹមត្រូវនិងយុត្តិធម៌ ហើយមានប្រជាជនកម្ពុជាជាង៨៣%ក្នុងចំណោមប្រជាពលរដ្ឋជាង៨៤%ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនេះ បានអញ្ជើញទៅធ្វើការបោះឆ្នោតដោយស្មារតីភ្ញាក់រលឹកនយោបាយខ្ពស់។ ហើយវាមានលក្ខណៈពិសេសជាងការបោះឆ្នោតមុនៗ ពីព្រោះការិយាល័យបោះឆ្នោតជិត២ហ្មឺន៣ពាន់ការិយាល័យទូទាំងប្រទេស គឺបានបើកទ្វារដើម្បីបងប្អូនទៅតម្រងជួរមុនពេលកំណត់ទៅទៀត”។

        អ្នកយកព័ត៌មាន VOV តាមលទ្ធផលនៃការបោះឆ្នោតរដ្ឋសភាលើកនេះ គឺគណៈបក្សប្រជាជនកម្ពុជាបានទទួលអាសនៈរដ្ឋសភាទាំង១២៥អាសនៈ។ ឯកឧត្តមវាយតំលៃយ៉ាងម៉េចអំពីប្រការនេះ?

       ឯកឧត្តម សុខ ឥសាន៖ ការបោះឆ្នោតពិតប្រាកដដែលមានប្រជាជនជាង៨៣%ទៅចូលរួម អនុវត្តន៍ការបោះឆ្នោតដោយផ្ទាល់ អញ្ចឹងមិនមែនជារឿងក្លែងក្លាយទេ។ លទ្ធផលដែលមកពីការបោះឆ្នោតសម្ដែងពីឆន្ទៈដាក់នៅក្នុងសន្លឹកឆ្នោតហើយការិយាល័យណាដែលជិត២ហ្មឺន៣ពាន់ការិយាល័យរាប់នៅការិយាល័យនោះតែម្ដង។ អញ្ចឹងមិនអាចប្រឡំសន្លឹកឆ្នោតបានដែរ។ បោះឆ្នោតកន្លែងណាគឺរាប់កន្លែងនោះ។ ហើយមានកំណត់ហេតុចុះហត្ថលេខារបស់ភ្នាក់ងារនយោបាយ គណៈបក្សនយោបាយប្រកួតប្រជែងនិងមានអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិជាសាក្សី។ នេះជាពិតប្រាកដមួយទៀត”។

       អ្នកយកព័ត៌មាន VOVក្នុងអាណត្តិពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណៈបក្សប្រជាជនកម្ពុជា បាននាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយទទួលបានការជឿទុកចិត្តរបស់ប្រជាជន។ សុំឯកឧត្តមឲ្យខ្ញុំជ្រាបអំពីសមិទ្ធផលលេចធ្លោមួយចំនួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជានាពេលកន្លងទៅ?

       ឯកឧត្តម សុខ ឥសាន៖ គណៈបក្សប្រជាជនកម្ពុជាមានការគាំទ្រជានិច្ចកាលពីប្រជាជនកម្ពុជា អាស្រ័យដោយគណៈបក្សប្រជាជនកម្ពុជាមានកម្មវិធីនយោបាលស្របទៅតាមសំណូមពរនិងសេចក្ដីត្រូវការរបស់ប្រជាជន។ តាំងពីការកកើតនិងឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រជាច្រើនដំណាក់កាលដែលមានការបត់បែននិងឆ្លងកាត់រាល់ឧបសគ្គនោះ គឺគណៈបក្សប្រជាជនបានកសាងស្នាដៃសំខាន់ៗជាច្រើនដែលយើងចាត់ទុកថា ជាស្នាដៃប្រវត្តិសាស្ត្រសម្រាប់ប្រទេសជាតិកម្ពុជាក៏ដូចជាប្រជាពលរដ្ឋកម្ពុជា។ ចំណុចទីមួយគឺយើងបានសង្គ្រោះប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ទាន់ពេលវេលាដោយមានការជួយឧបត្ថម្ភគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាមនាឆ្នាំ១៩៧៩។ នេះបង្ហាញអំពីគុណសម្បត្តិនិងស្នាដៃដ៏ធំធេងដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន។

       ចំណុចទីពីរគឺយើងបានដាក់ចេញនូវនយោបាយបង្រួបបង្រួមជាតិដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងរវាងភាគីកម្ពុជា ដែលនាំទៅដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ហើយកិច្ចព្រមព្រៀងនេះបានបើកផ្លូវឲ្យ UNTAC រៀបចំការបោះឆ្នោតនីតិកាលទី១ក្នុងឆ្នាំ១៩៩៣ ដែលជាការបើកដំណាក់កាលប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជាដែលយើងហៅថា អនុវត្តន៍នូវនយោបាយប្រជាធិបតេយ្យសេរីពហុបក្សដែលពីមុនមកមិនមានទេ។

        ហើយនៅក្នុងទីតិកាលទី៦ខាងមុខនេះ យើងបន្តអនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។ ធ្វើយ៉ាងណាប្រែក្លាយកម្ពុជាឲ្យពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់”។

        អ្នកយកព័ត៌មាន VOVប្រទេសទាំងពីរវៀតណាមនិងកម្ពុជាមានទំនាក់ទំនងស្និទ្ធស្នាលជាប្រពៃណីតាំងពីយូរណាស់មកហើយ ដែលបានជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកដើម្បីឆ្លងកាត់ ពុះពារលើការលំបាកសាកល្បងជាច្រើន ក៏ដូចជាសហការយ៉ាងស្អិតរមួតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។ ក្នុងឋានៈបន្តដឹកនាំប្រទេសកម្ពុជានោះ តើគណៈបក្សប្រជាជនកម្ពុជាមានផែនការអ្វីខ្លះសំដៅរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងវៀតណាមកម្ពុជានិងជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគី?

       ឯកឧត្តម សុខ ឥសាន៖ “ទំនាក់ទំនងកម្ពុជាវៀតណាមជាទំនាក់ទំនងជាប្រពៃណីយូរលង់មកហើយ។ ទោះបីឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រដ៏ជូរចត់យ៉ាងណាក៏ដោយ ហើយជាពិសេសទាំងពួកប្រឆាំងកំពុងតែឆ្កឹះចំណុចអវិជ្ជមានមួយចំនួនមកធ្វើជាលក្ខណៈចង្អៀតចង្អល់ជាតិនិយមក្នុងសតិអារម្មណ៍របស់ពួកគេគឺមិនអាចសម្រេចបាននូវលទ្ធផលតាមការចង់បានរបស់គេ ក្នុងការបំបែកបំបាក់ចំណងសាមគ្គីរវាងកម្ពុជាវៀតណាមបានទេ។ ចំពោះជំហររបស់គណៈបក្សប្រជាជនកម្ពុជា គឺយកបទពិសោធន៍ដ៏ជូរចត់ពីអតីតកាលក្នុងប្រវត្តិសាស្ត្រ ដែលបន្សល់ទុកមក ធ្វើជាបទពិសោធន៍ឲ្យយើងជៀសវាងហើយដើម្បីកសាងប្រវត្តិសាស្ត្រដំណាក់កាលជំនាន់ក្រោយនិងទៅអនាគតនោះ ឲ្យទៅជាប្រវត្តិសាស្ត្រដែលមានលក្ខណៈអំណោយផលដល់ប្រជាជាតិនៃប្រទេសទាំងពីរ ប្រជាជនទាំងពីរ។ ចំណងទាក់ទងមិត្តភាព សាមគ្គីភាពរវាងកម្ពុជាវៀតណាមជាចំណងសាមគ្គីភាពមិត្តភាពជាយុទ្ធសាស្ត្រ ជាលក្ខណៈបងប្អូនជាប្រពៃណីយូរលង់ ហើយជាលក្ខណៈដែលប្រទេសភូមិផងរបងជាមួយ ដែលមានការជឿទុកចិត្តគ្នា ដែលមានការឆ្លងកាត់ដំណាក់កាលពិបាកជាមួយគ្នា តស៊ូជាមួយគ្នា ហើយយើងទទួលជ័យជំនះរួមគ្នា ដើម្បីបុព្វហេតុនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាប្រែក្លាយប្រជាជាតិទាំងពីរជាប់គ្នាដូចបបូរមាត់និងធ្មេញដែលយើងមិនអាចខ្វះណាមួយបានទេ។ ហើយជំហររបស់គណៈបក្សប្រជាជននេះគឺនៅតែពង្រឹងពង្រីកទំនាក់ទំនងនេះឲ្យថិតថេរជាអមតៈហ្មឺនឆ្នាំតទៅមុខទៀត នាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

       សូមអរគុណឯកឧត្តម!

ប្រតិកម្មទៅវិញ

ផ្សេងៗ