ការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក៖ រង្វាស់នៃទំនុកចិត្ត ហើយក៏ជាបញ្ហាប្រឈមដ៏ធំសម្រាប់ប្រធានាធិបតីនិងគណបក្សប្រជាធិបតេយ្យ

(VOVWORLD) - មិនសូវមានភាពអ៊ូអរដូចការបោះឆ្នោតប្រធានា ធិបតីនោះទេ ប៉ុន្តែបង្កប់នូវអត្ថន័យដោយមានលក្ខណៈសម្រេចកំណត់ថា តើគណបក្សណា (ប្រជាធិបតេយ្យឬសាធារណរដ្ឋ) នឹងគ្រប់គ្រងសភាសហរដ្ឋអាមេរិកក្នុងរយៈពេលយ៉ាងហោចណាស់ ២ ឆ្នាំខាងមុខ ការបោះឆ្នោតពាក់កណ្តាលអាណត្តិសភានៅសហរដ្ឋអាមេរិក (ធ្វើឡើង ២ ឆ្នាំក្រោយពីការបោះឆ្នោតប្រធានាធិបតី) ជានិច្ចកាលត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏សំខាន់ជួរមុខក្នុងជីវភាពនយោបាយសង្គមនៃសហរដ្ឋអាមេរិក ដែលទាក់ទាញការយកចិត្តទុកដាក់ពីសាធារណមតិទាំងក្នុងប្រទេសនិងអន្តរជាតិ។ នៅឆ្នាំ២០២២ ដំណើរការបោះឆ្នោតនេះ (ប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃទី ៨ ខែវិច្ឆិកា) បានទាក់ទាញការយកចិត្តទុកដាក់កាន់តែច្រើនពីមហាជន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយពិភពលោក ដោយសារតែបរិបទនិងលក្ខណៈពិសេសរបស់វា។

ការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក៖ រង្វាស់នៃទំនុកចិត្ត ហើយក៏ជាបញ្ហាប្រឈមដ៏ធំសម្រាប់ប្រធានាធិបតីនិងគណបក្សប្រជាធិបតេយ្យ - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden។ (រូបថត៖ Keystone/Leigh Vogel)

ព្រឹត្តិការណ៍នយោបាយសង្គមដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិក

តួរលេខវិភាគនៃការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមក បានបង្ហាញថា លទ្ធផលនៃការគ្រប់គ្រងប្រទេសក្នុងរយៈពេលពីរឆ្នាំមុនរបស់ប្រធានាធិបតីកំពុងកាន់អំណាច (នៃគណបក្សដែលគ្រប់គ្រងសភា) តែងតែជះឥទ្ធិពលដោយមានលក្ខណៈសម្រេចកំណត់លើជម្រើសរបស់ម្ចាស់ឆ្នោតអាមេរិក។ ជាងនេះទៅទៀត លទ្ធផលនៃការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិថែមទាំងជះឥទ្ធិពលក្នុងកម្រិតជាក់ស្ដែងមួយដល់យុទ្ធសាស្ត្ររបស់គណបក្សនីមួយៗក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអាមេរិកបន្ទាប់ ដែលនឹងត្រូវបានធ្វើឡើងពីរឆ្នាំក្រោយ។

ដោយសារតែសារៈសំខាន់នៃការបោះឆ្នោត ទាំងគណៈបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ សុទ្ធតែមានភាពសកម្មយ៉ាងខ្លាំងក្នុងការអនុវត្តយុទ្ធនាការឃោសនាបោះឆ្នោត។

បញ្ហាប្រឈមចំពោះប្រធានាធិបតីកំពុងកាន់អំណាច លោក Joe Biden និងគណបក្សប្រជាធិបតេយ្យ

បច្ចុប្បន្ននេះ គណបក្សប្រជាធិបតេយ្យកំពុងស្រូបយកអាសនៈភាគច្រើនក្នុងសភាជាន់ទាប ជាមួយនឹង ២២១ អាសនៈ ខណៈដែលគណបក្សសាធារណរដ្ឋមាន ២១២ អាសនៈ។ ចំណែកឯក្នុងព្រឹទ្ធសភាដែលមានអាសនៈសរុបចំនួន ១០០ វិញ គណបក្សសាធារណរដ្ឋកាន់ ៥០ អាសនៈ ខណៈដែលគណបក្សប្រជាធិបតេយ្យមាន ៤៨ អាសនៈផ្ទាល់ខ្លួន រួមជាមួយព្រឹទ្ធសមាជិកឯករាជ្យចំនួនពីររូប (Angus King និង Bernie Sanders) ដែលគាំទ្រគណបក្សនេះ។ ប្រការនេះមានន័យថា នៅក្នុងព្រឹទ្ធសភា គណបក្សប្រជាធិបតេយ្យមានចំនួនអាសនៈស្មើគ្នានឹងគណបក្សសាធារណរដ្ឋ ប៉ុន្តែមានប្រៀបខ្លាំងជាង អាស្រ័យដោយអនុប្រធានាធិបតី លោកស្រី Kamal Harris (គណៈបក្សប្រជាធិបតេយ្យ) ជាប្រធានព្រឹទ្ធសភា ដូច្នេះនឹងមានសំឡេងគន្លឹះក្នុងការបោះឆ្នោតនានាដែលមានលទ្ធផលស្មើគ្នា។ ហេតុនេះហើយ គណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតី លោក Joe Biden ចាំបាច់ត្រូវធានាថា ស្ថានភាពនៅក្នុងសភាទាំងពីរក្រោយការបោះឆ្នោតនេះ មិនផ្លាស់ប្តូរ ឬផ្លាស់ប្តូរតាមទិសអំណោយផលសម្រាប់គណៈបក្សនេះ។

ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនៃការស្ទង់មតិជាច្រើនគួរឲ្យជឿទុកចិត្តដែលបានធ្វើឡើងនិងប្រកាសនៅមុនការបោះឆ្នោតជាផ្លូវការ បានបង្ហាញថា លទ្ធភាពនៃជ័យជំនះរបស់ភាគីទាំងពីរគឺស្មើគ្នា។ ឬមានន័យថា ហានិភ័យទទួលបរាជ័យសម្រាប់ទាំងគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋគឺដូចគ្នា។

នៅក្នុងបរិបទនោះ សាធារណៈមតិអាមេរិក ក៏ដូចជាអន្តរជាតិបានយកចិត្តទុកដាក់ពិសេសដល់បញ្ហាដ៏ធ្ងន់ធ្ងរទាំងនៅក្នុងនិងក្រៅប្រទេស ដែលគណបក្សប្រជាធិបតេយ្យ និងប្រធានាធិបតីកំពុងកាន់អំណាចលោក Joe Biden ត្រូវប្រឈមមុខ។ តាមនោះ ពាក់ព័ន្ធនឹងកិច្ចការបរទេស បញ្ហាប្រឈមដ៏ធំបំផុតនៅតែជាការរក្សា ពង្រឹង និងពង្រីកឥទ្ធិពលដែលផ្សាភ្ជាប់នឹងផលប្រយោជន៍ស្នូលរបស់អាមេរិកលើទូទាំងពិភពលោក ក្នុងបរិបទដែលស្ថានការណ៍ពិភពលោកមានការវិវឌ្ឍន៍មិនអំណោយផល (ជាមួយនឹងឋានៈនិងផលប្រយោជន៍របស់អាមេរិក) ដែលដំបូងបង្អស់គឺជម្លោះរុស្ស៊ី-អ៊ុយក្រែន ភាពតានតឹងនៅឧបទ្វីបកូរ៉េ ភាពជាប់គាំងក្នុងការចរចាដើម្បីស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ការក្រោកឡើងកាន់តែខ្លាំងរបស់ចិន ឆន្ទៈខ្លួនទីពឹងខ្លួនកាន់តែខ្ពស់របស់សម្ព័ន្ធមិត្តមួយចំនួននៅមជ្ឈិមបូព៌ានិងអឺរ៉ុប ជាដើម។ ចំណែកឯកិច្ចការផ្ទៃក្នុងវិញ បញ្ហាប្រឈមកំពូលគឺការទប់ស្កាត់ហានិភ័យនៃវិបត្តិសេដ្ឋកិច្ចដែលជិតមកដល់ ព្រមទាំងគ្រប់គ្រងស្ថានការណ៍អតិផរណានៅកម្រិតខ្ពស់បំផុតក្នុងអំឡុងជាច្រើនទសវត្សរ៍។ ក្រៅពីនេះ នៅមានបញ្ហាប្រឈមជាច្រើនផ្សេងទៀតដូចជាការគ្រប់គ្រងកាំភ្លើង ស្ថានការណ៍ប្រកាន់ជាតិសាសន៍ ជាដើម។

យោងតាមសំណាក់អ្នកវិភាគ ការដែលរដ្ឋអំណាចប្រធានាធិបតី Joe Biden មិនសម្រេចបានលទ្ធផលច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាប្រឈមខាងលើទាល់តែសោះ បានបណ្ដាលឲ្យការគាំទ្រចំពោះគណបក្សប្រជាធិបតេយ្យធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងរយៈពេលកន្លងមក។ ដូច្នេះហើយ ដំណាក់កាលខាងមុខសម្រាប់លោកប្រធានាធិបតី Joe Biden និងគណបក្សប្រជាធិបតេយ្យនឹងកាន់តែលំបាក ប្រសិនបើគេមិនទទួលបានលទ្ធផលដូចការរំពឹងទុកនៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនេះ។

ដូច្នេះហើយ មិនត្រឹមតែចំពោះការបោះឆ្នោតជាផ្លូវការនៅថ្ងៃទី ៨ ខែវិច្ឆិកាប៉ុណ្ណោះទេ ប៉ុន្តែសាធារណៈមតិនៅសហរដ្ឋអាមេរិកនិងអន្តរជាតិប្រាកដថា នឹងបន្តយកចិត្តទុកដាក់ដល់ការវិវឌ្ឍន៍ក្រោយការបោះឆ្នោតសភាអាមេរិកពាក់កណ្តាលអាណត្តិឆ្នាំ ២០២២ នាពេលខាងមុខជាក់ជាពុំខានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ