ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការទប់ស្កាត់ការជួញដូរមនុស្ស
Hong Van -  
(VOVWORLD) - យោងតាមតារាងរៀបចំណាត់ថ្នាក់របស់អង្គការសហប្រជាជាតិ ការជួញដូរមនុស្សគឺជាឧក្រិដ្ឋកម្មដ៏គ្រោះថ្នាក់បំផុតមួយក្នុងចំណោមឧក្រិដ្ឋកម្មដ៏គ្រោះថ្នាក់បំផុតចំនួនបួន នៅលើពិភពលោក ដែលត្រូវបានដាក់បញ្ចូលនៅក្នុងកម្មវិធីបង្ការទប់ស្កាត់ឧក្រិដ្ឋកម្មសកល។ នៅប្រទេសវៀតណាមនាពេលថ្មីៗនេះ រដ្ឋាភិបាលបានចេញដំណោះស្រាយនិងមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការជួញដូរមនុស្ស ក្នុងនោះមានទាំងការជួញដូរកុមារផងដែរ។
របាយការណ៍សកលដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ស្តីពីការជួញដូរមនុស្សដែលចេញផ្សាយនាពេលថ្មីៗនេះបានបង្ហាញថា៖ នៅលើពិភពលោក ក្នុងចំណោមជនរងគ្រោះបីនាក់នៃការជួញដូរមនុស្សគឺមានមួយនាក់ជាកុមារ។ នៅវៀតណាម យោងតាមតួរលេខរបស់ក្រសួងនគរបាល ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ កងកម្លាំងមានសមត្ថកិច្ចបានរកឃើញ និងបំបែកសំណុំរឿងជួញដូរមនុស្សចំនួន ៥០ករណី ដែលមានជនរងគ្រោះពីការជួញដូរចំនួន ១២៦ នាក់។ ការជួញដូរនុស្សលើកុមារមានចំនួន ៤៨ករណី ដោយមានជនរងគ្រោះ ១២១នាក់។
ការងារការពារសិទ្ធិសម្រាប់ជនរងគ្រោះដោយការជួញដូរមនុស្ស ជាពិសេសកុមារ គឺជាផ្នែកមួយក្នុងការងារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។
ដាក់ពង្រាយព្រមៗគ្នា រហូតពីគោលការណ៍ទៅដល់ការអនុវត្តជាក់ស្តែង
បក្ស និងរដ្ឋវៀតណាមតែងតែផ្តោតយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងធានាសិទ្ធិរបស់ជនរងគ្រោះក្នុងការជួញដូរ ជាពិសេសស្ត្រី និងកុមារ តាមគោលការណ៍ស្នូលគឺ “យកជនរងគ្រោះជាមជ្ឈមណ្ឌល”។ ទន្ទឹមជាមួយគ្នានោះ ប្រព័ន្ធច្បាប់ និងបណ្តាគោលនយោបាយដែលបានចេញ សុទ្ធតែបង្ហាញយ៉ាងច្បាស់នូវទស្សនៈខ្ជាប់ខ្ជួននេះ ហើយកំពុងត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ សំដៅការពារសិទ្ធិមនុស្សរបស់ជនរងគ្រោះ។
ក្នុងឆ្នាំ ២០១១ ច្បាប់ស្តីពីការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានចូលជាធរមាន បង្កើតមូលដ្ឋានច្បាប់ខ្ពស់បំផុតសម្រាប់ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ បន្ទាប់មក រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់គឺសេចក្តីសម្រេចចិត្តលេខ ៩ឆ្នាំ ២០១៩ និងលេខ ២០ឆ្នាំ ២០២១ បានបង្កើតរបៀងច្បាប់ជួយការពារជនរងគ្រោះក្នុងកម្រិតល្អបំផុត ដូចជា៖ ការជួយឧបត្ថម្ភលើតម្រូវការចាំបាច់ ការចំណាយលើការធ្វើដំណើរ; ជំនួយផ្នែកវេជ្ជសាស្រ្ត; ផ្លូវចិត្ត និងជំនួយផ្នែកច្បាប់ ជាដើម។ ជាមួយគ្នានោះ រដ្ឋាភិបាលបានចេញផែនការសកម្មភាពជាតិលើកទី៤ ស្តីពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (រៀងរាល់៥ឆ្នាំម្តង ចាប់តាំងពីឆ្នាំ២០០៥មក)។ នាពេលថ្មីៗនេះ សេចក្តីព្រាងច្បាប់ស្តីពីការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (វិសោធនកម្ម) ត្រូវបានរដ្ឋសភានីតិកាលទី ១៥ យកមកពិភាក្សាក្នុងសម័យប្រជុំលើកទី ៧។ លោកស្រី Park Mihyung ប្រធានគណៈប្រតិភូអង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) ប្រចាំប្រទេសវៀតណាមបានឲ្យដឹងថា៖ “កិច្ចខិតខំប្រឹងប្រែងដែលវៀតណាមកំពុងអនុវត្តន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរនេះ គឺសក្តិសមទទួលបានការទទួលស្គាល់ ការខិតខំប្រឹងប្រែងជាច្រើនត្រូវបានអនុវត្តន៍ជាក់ស្តែង។ វៀតណាមជិតបានបង្ហើយ ច្បាប់ស្តីពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដែលត្រូវបានធ្វើវិសោធនកម្មនៅឆ្នាំ២០១១ បង្កើតជាសញ្ញាសម្គាល់យ៉ាងសំខាន់សម្រាប់វៀត ណាម។ តាមការគ្រោងទុក ច្បាប់ដែលបានធ្វើវិសោធនកម្មនឹងបង្កើតមូលដ្ឋានគ្រឹះកាន់តែរឹងមាំ សម្រាប់ដោះស្រាយគ្រោះជួញដូរមនុស្ស”។
ក្រៅពីប្រព័ន្ធច្បាប់ វៀតណាមក៏លើកកម្ពស់សកម្មភាពជាក់ស្តែងជាច្រើន។ លោកស្រី Ha Thi Nga ប្រធានសម្ព័ន្ធសមាគមនារីវៀតណាមបានមានប្រសាសន៍ថា ការចូលរួមដោះស្រាយរាល់ករណីរំលោភបំពានលើកុមារ អំពើ ហឹង្សា និងការជួញដូរកុមារ តែងតែមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ រួមចំណែកក្នុងការដោះស្រាយករណីភ្លាមៗ។ លោកស្រី Ha Thi Nga បានឲ្យដឹងថែមទៀតថា៖ “សម្ព័ន្ធសមាគមនារីវៀតណាមបន្តជំរុញការសម្របសម្រួលជាមួយក្រសួងនគរបាលនិងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងទីក្រុង និងអង្គការអន្តរជាតិនានា ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសកម្មភាពប្រឆាំងការជួញដូរមនុស្ស ជាពិសេសការឃោសនា លើកកម្ពស់ការយល់ដឹងដល់សមាជិកស្ត្រី និងប្រជាជន អំពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព រួមចំណែកកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការជួញដូរកុមារ និងប្រភេទឧក្រិដ្ឋកម្មផ្សេងទៀតតាមប្រព័ន្ធអ៊ីនធឺណិត ហើយយើងក៏សម្រេចបាននូវគោលដៅ ជួយជនរងគ្រោះជិត ៨០% ពីអំពើហិង្សា និងការជួញដូរឲ្យត្រូវបានទទួលសេវាគាំពារសង្គមយ៉ាងហោចណាស់មួយផងដែរ”។
ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់នាយកដ្ឋាន និងសាខាក្នុងប្រទេស រដ្ឋាភិបាលវៀតណាមក៏ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សផងដែរ។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ស្តីពីការទប់ស្កាត់ និងបរយុទ្ធប្រឆាំងឧក្រិដ្ឋកម្មជាមួយប្រទេសដទៃ ហើយកិច្ចព្រមព្រៀងទាំងអស់នេះសុទ្ធតែមានខ្លឹមសារអំពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មជួញដូរមនុស្ស។ អនុសាសន៍ជាច្រើនត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សសម្រាប់ដំណាក់កាលឆ្នាំ ២០២១-២០២៥ និងទិសដៅដល់ឆ្នាំ ២០៣០។ ជាពិសេស នាពេលថ្មីៗនេះ អាជ្ញាធរវៀតណាមបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីបរទេសក្នុងការផ្ទៀងផ្ទាត់ កំណត់អត្តសញ្ញាណ និងការពារជនរងគ្រោះដោយការជួញដូរមនុស្ស។
តារាងស្ថិតិស្តីពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដោយក្រសួងនគរបាលតាក់តែងឡើង ត្រូវបានកែសម្រួលស្របតាមច្បាប់អន្តរជាតិ និងស្របតាមការអនុវត្តជាក់ស្តែងក្នុងប្រទេសជាតិ។
របាយការណ៍ឆ្នាំ ២០២៤ ស្តីពីស្ថានភាពនៃការជួញដូរមនុស្សលើពិភពលោករបស់ក្រសួងការបរទេសអាមេរិកចេញផ្សាយនាពេលថ្មីៗនេះ បានលើកឡើងការវាយតម្លៃប្រកបដោយបរានុម័តអំពីលទ្ធផលវិជ្ជមាន របស់វៀត ណាមក្នុងការទប់ស្កាត់ការជួញដូរមនុស្ស ជាពិសេសការធ្វើវិសោធនកម្ម ច្បាប់ស្តីពីការទប់ស្កាត់ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០១១ ដោយបង្កើនការស៊ើបអង្កេត និងការជំនុំជម្រះរាល់ករណីជួញដូរមនុស្ស។ វៀត ណាមក៏កំពុងខិតខំប្រឹងប្រែងអនុវត្តគោលដៅ នៃកិច្ចព្រមព្រៀងសកលរបស់អង្គការសហប្រជាជាតិស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ រួមចំណែកទប់ស្កាត់ហានិភ័យនៃការជួញដូរមនុស្សក្នុងសកម្មភាពចំណាកស្រុកអន្តរជាតិ។
ការប្តេជ្ញាចិត្តទប់ស្កាត់ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មជួញដូរមនុស្ស មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តសន្ធិសញ្ញាអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីការយល់ដឹងយ៉ាងស៊ីជម្រៅអំពីសារៈសំខាន់នៃការបង្កើតប្រព័ន្ធច្បាប់ដ៏រឹងមាំដើម្បីការពារជនងាយរងគ្រោះជាពិសេស គឺកុមារ៕
Hong Van