ការប្រយុទ្ធដ៏ស្វិតស្វាញប្រឆាំងនឹងភេរវកម្មទូទាំងពិភពលោក
(VOVWORLD) - ថ្ងៃទី ១១ ខែកញ្ញាខាងមុខនេះ គឺជាខួបលើកទី ២១ នៃការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមជាបន្តបន្ទាប់លើអគារភ្លោះពាណិជ្ជកម្មនៅទីក្រុងញូវយ៉ក និងទីស្នាក់ការក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន។ ក្នុង រយៈពេលជាងពីរទសវត្សរ៍ក្រោយពីព្រឹត្តិការណ៍ដែលត្រូវបានគេវាយតម្លៃថាបាន "ផ្លាស់ប្តូរពិភពលោក" នេះ សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិបានដំណើរការខិតខំប្រឹងប្រែងជាច្រើន អនុវត្តន៍ប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្មជាច្រើនក្នុងទ្រង់ទ្រាយផ្សេងៗគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារមូលហេតុជាច្រើន ការប្រយុទ្ធប្រឆាំងនឹងភេរវកម្មជាសកលមិនទាន់បញ្ចប់នៅឡើយ ហើយលទ្ធិភេរវកម្មនៅតែត្រូវបានចាត់ទុកជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយចំពោះស្ថិរភាពនៃប្រទេសនីមួយៗ និងពិភពលោកទាំងមូល។
កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានផ្លាស់ទីសាកសពជនរងគ្រោះនៅកន្លែងកើតហេតុនៃការបំផ្ទុះគ្រាប់បែកនៅខេត្ត Herat កាលថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។ (រូបថត៖ AFP/VNA) |
រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍បូកសរុបឯករាជ្យណាមួយស្តីពីការខូចខាត និងការបាត់បង់ដែលបណ្តាលមកពីសកម្មភាពភេរវកម្មនៅលើវិសាលភាពពិភពលោក ក្រោយពីព្រឹត្តិការណ៍ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ នៅឡើយ។ ស្រដៀងគ្នានេះដែរ មិនទាន់មានស្ថិតិត្រឹមត្រូវណាមួស្ដីអំពីចំនួន ប្រតិបត្តិការប្រឆាំងភេរវកម្មថ្នាក់អន្តរជាតិឬថ្នាក់ជាតិ ដែលត្រូវបានបណ្ដាប្រទេសដាក់ឲ្យដំណើរការ ក្នុងអំឡុងពេលដូចគ្នានោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មានការពិតមួយដែលត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ អ្នកជំនាញ និងអង្គការអន្តរជាតិជាច្រើនថា៖ សកម្មភាពភេរវកម្មនៅតែមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញលើទូទាំងពិភពលោក បង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិរបស់ប្រទេសនិងតំបន់ជាច្រើន។ លទ្ធិភេរវកម្មនៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតមួយចំពោះស្ថិរភាពនៃប្រទេសនីមួយៗ តំបន់ និងពិភពលោកទាំងមូល។
បញ្ហាប្រឈមធ្ងន់ធ្ងរនិងអចិន្រ្តៃយ៍
ឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ដ៏ច្បាស់លាស់បំផុតអំពីភាពស្មុគស្មាញនៃសកម្មភាពភេរវកម្ម និងលទ្ធិភេរវកម្មនោះ គឺនៅប្រទេសអាហ្វហ្គានីស្ថាន ដែលជាប្រទេសគោលដៅដំបូងគេក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងភេរវកម្មជាសកលដែលសហរដ្ឋអាមេរិកបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារភេរវកម្មជាបន្តបន្ទាប់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១។ តាមនោះ នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០០១ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំទៅលើប្រទេសអាហ្វហ្គានីស្ថាន ដោយមានឈ្មោះថា "សេរីភាពជានិរន្តរ" សំដៅ "លុបបំបាត់លទ្ធិភេរវកម្ម"។ យុទ្ធនាការនេះបានបញ្ចប់នៅខែសីហា ឆ្នាំ ២០២១ ដោយការដែលកម្លាំងតាលីបង់វិលត្រឡប់មកកាន់អំណាចនៅអាហ្វហ្គានីស្ថានវិញ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយពីយុទ្ធនាការប្រឆាំងភេរវកម្មអស់រយៈពេលជិត ២០ ឆ្នាំ ដែលបានបណ្ដាលឲ្យទាហានអាមេរិកនិងសម្ព័ន្ធមិត្តជាង ៣៥០០ នាក់ស្លាប់ ខណៈដែលក្រុមភេរវករនៅតែមានវត្តមាន ញ៉ាំញី ហើយបន្តបង្កឡើងឧក្រិដ្ឋកម្មគួរឲ្យរន្ធត់នៅអាហ្វហ្គានីស្ថាន។
ក្រៅពីអាហ្វហ្គានីស្ថាន IS ក៏មានវត្តមាន ហើយធ្វើសកម្មភាពយ៉ាងខ្លាំងនៅប្រទេសរាប់សិបផ្សេងទៀតជុំវិញពិភពលោក ជាពិសេសនៅមជ្ឈិមបូព៌ា ដោយប្រមូលផ្ដុំនៅប្រទេសស៊ីរី អ៊ីរ៉ាក់ អេហ្ស៊ីប លីប៊ី... មានពេលខ្លះ IS បានគ្រប់គ្រងរហូតដល់មួយភាគបីនៃទឹកដីអ៊ីរ៉ាក់ (ឆ្នាំ២០១៤) រួមជាមួយនឹងតំបន់ដែនដីធំៗជាច្រើននៅប្រទេសស៊ីរី លីប៊ី ជាដើម។ រួមជាមួយនឹងក្រុម IS អង្គការភេរវកម្ម Al Qaeda ក៏បានបង្កឡើងឧក្រិដ្ឋកម្មជាបន្តបន្ទាប់នៅតំបន់ជាច្រើនលើពិភពលោក។
កន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកនៅ Raqqa ប្រទេសស៊ីរី។ (រូបថត៖ VNA) |
បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មសកល
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ជនរងគ្រោះភាគច្រើននៃលទ្ធិភេរវកម្ម គឺជាមនុស្សស្លូតត្រង់ ដែលមានវត្តមាននៅកន្លែងខុស និងពេលវេលាខុស ហើយទទួលរងការវាយប្រហារ។ របាយការណ៍និងការវិភាគពាក់ព័ន្ធជាច្រើនក៏បញ្ជាក់ផងដែរថា ជនស៊ីវិលស្លូតត្រង់ ច្រើនតែជាមុខសញ្ញាដែលងាយរងគ្រោះបំផុតក្នុងសកម្មភាពភេរវកម្ម។
នៅក្នុងសារពិសេសមួយក្នុងឱកាសទិវាអន្តរជាតិនៃការរំលឹកវិញ្ញាណក្ខ័ន្ធនិងការដឹងគុណចំពោះ
ជនរងគ្រោះដោយលទ្ធិភេរវកម្មឆ្នាំ ២០២២ ក្រោមប្រធានបទ "ការចងចាំ" នោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ជាថ្មីម្តងទៀតបានអំពាវនាវឲ្យបណ្ដាប្រទេស និងពិភពលោកទាំងមូលចាត់វិធានការជាក់ស្តែង ដើម្បីប្រែក្លាយការចងចាំទៅជាមធ្យោបាយដ៏មានឥទ្ធិពលមួយដើម្បីជួយពិភពលោកទប់ស្កាត់អំពើភេរវកម្ម។ ប្រមុខអង្គការសហប្រជាជាតិបានដាស់តឿនឲ្យប្រទេសនានាធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្មនាពេលអនាគត ហើយសន្យាជួយឧបត្ថម្ភដល់អ្នករស់រានមានជីវិតពីអំពើភេរវកម្មដ៏ឃោឃៅ ដោយការធ្វើឲ្យសម្លេងរបស់គេមានទម្ងន់ជាង ការពារសិទ្ធិនិងផលប្រយោជន៍របស់គេ ហើយស្វែងរកយុត្តិធម៌ ក៏ដូចជាចលនាប្រទេសសមាជិកនានាឲ្យផ្ដល់ជំនួយផ្នែកច្បាប់ សុខាភិបាល ផ្លូវចិត្តសង្គម ឬហិរញ្ញប្បទានដើម្បីជួយគេព្យាបាលរបួសនិងទទួលបានការគោរពក្នុងជីវភាពផងដែរ។
អ្នកវិភាគអន្តរជាតិជាច្រើនចែករំលែកទស្សនៈរួមថា ការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម គឺជាសង្គ្រាមដ៏ស្វិតស្វាញ ស្មុគស្មាញ ពោរពេញទៅដោយបញ្ហាប្រឈមរបស់មនុស្សជាតិទាំងមូល។ ដើម្បីឈានទៅដល់ជ័យជម្នះចុងក្រោយលើលទ្ធិភេរវកម្ម ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការប្រកបដោយសុច្ឆន្ទៈ ជាក់ស្ដែងដោយឈរលើមូលដ្ឋាននៃការគោរពភាពខុសគ្នាខាងជាតិសាសន៍ សាសនា ជំនឿ វប្បធម៌ និងមនោគមវិជ្ជារបស់សហគមន៍ ប្រទេទាំងអស់ក៏ដូចជា បុគ្គលនីមួយៗលើទូទាំងពិភពលោក៕