ការផ្សាយសម្លេង - មធ្យោបាយសម្រាប់ការសន្ទនា ការរួមរស់ប្រកបដោយភាពត្រាប្រណី និងសន្តិភាព

(VOVWORLD) -នាថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ពិភពលោកបានរំលឹកខួបលើកទី ៨ ទិវាផ្សាយ សម្លេងពិភពលោក ដោយប្រធានបទ “ការផ្សាយសម្លេងជា មធ្យោបាយសម្រាប់ការសន្ទនា ការរួមរស់ប្រកបដោយភាពត្រាប្រណី និងសន្តិភាព”។ នេះគឺជាទិវា ដើម្បីពិភពលោកលើកតម្កើងតួនាទីនៃការផ្សាយសម្លេងក្នុងជីវភាពរស់នៅ។ នាបច្ចុប្បន្ននេះ ទន្ទឹមនឹងមុខងារផ្ដល់ព័ត៌មាននោះ ការផ្សាយសម្លេង បានរួមចំណែកផ្លាស់ប្ដូរថ្មីការយល់ដឹង និងសាមគ្គីភាពសហគមន៍ក្នុងគ្រប់កាលៈទេសៈ ក៏ដូចជាជំរុញការសន្ទនាយ៉ាងសកម្មផងដែរ។
ការផ្សាយសម្លេង - មធ្យោបាយសម្រាប់ការសន្ទនា ការរួមរស់ប្រកបដោយភាពត្រាប្រណី និងសន្តិភាព - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue (រូបថត៖ VGP/Thành Chung)

ការផ្សាយសម្លេង វេទិកាប្រជាធិបតេយ្យរបស់សាធារណៈជន

នៅវៀតណាម ក្នុងយុគសម័យដែលកាសែតគ្រប់ប្រភេទកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានោះ ផ្នែកផ្សាយសម្លេងនៅតែទទួលបានចំណាប់អារម្មណ៍ពីសំណាក់សាធារណៈជន។ ការផ្សាយសម្លេងបាន និងកំពុងបំពេញល្អនូវការងារផ្ដល់ព័ត៌មាន ឃោសនាកិច្ចការបរទេស រួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ឋានៈ រូបភាពនៃប្រទេសជាតិ មនុស្សវៀតណាមលើឆាកអន្តរជាតិ និងបង្កើនទំនាក់ទំនងរវាងសហគមន៍ជនវៀតណាមនៅឯបរទេស ក៏ដូចជារួមចំណែកក្នុងបុព្វហេតុស្ថាបនា និងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ ជាពិសេសគឺ ការផ្សាយសម្លេងបានដើរតួនាទីជាវេទិការបស់ប្រជាជនយ៉ាងល្អប្រលើរ នាំសម្លេងរបស់ប្រជាជនទៅកាន់បក្ស និងរដ្ឋ ក៏ដូចជាផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋទៅកាន់មហាជនផងដែរ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានធ្លាប់អះអាងថា៖

“ការផ្សាយសម្លេងជានិច្ចកាលជាមិត្តភក្តិដ៏ស្និទ្ធស្នាលជាមួយមនុស្សគ្រប់រូប។ តាមរយៈបណ្ដាញអ៊ីនធឺណែត និងផ្សាយផ្ដាយរណបនោះ រលកវិទ្យុបានគ្របដណ្ដប់លើតំបន់ឆ្ងាយដាច់ស្រយាល ព្រំដែន កោះសមុទ្រ ក៏ដូចជាអាណិកជន និងមិត្តភត្តិមកពីគ្រប់ទិសទីផងដែរ។ ការផ្សាយសម្លេងវៀតណាមកាន់តែត្រូវបានអះអាងជាប៉ុស្តិ៍ព័ត៌មានដ៏មានសារៈសំខាន់ចំពោះសតិអារម្មណ៍ និងវប្បធម៌ ព្រមទាំងជាវេទិកាដ៏ធំទូលាយមួយប្រកដោយប្រជាធិបតេយ្យ ហើយជាមិត្តភក្តិដ៏ស្និទ្ធិស្នាលរបស់សាធារណៈជនផងដែរ”។

ពិតណាស់ថា ការផ្សាយសម្លេងផ្ទាល់តាមរយៈកិច្ចសន្ទនា ដែលមានវាគ្មិន ជាអ្នកជំនាញលើវិស័យនយោបាយ សង្គម វប្បធម៌ និងជីវភាពរស់នៅ ឬកម្មវិធីដែលមានការទាក់ទងផ្ទាល់ជាមួយសាធារណៈជន គឺជានិច្ចកាលទទួលបានចំណាប់អារម្មណ៍ពីសំណាក់សារធារណៈជន។ លោកស្រី Hoang Thuy Duong មិត្តអ្នកស្ដាប់មួយរូបបានចែករំលែកថា៖

“នាងខ្ញុំចូលចិត្តកម្មវិធីផ្សាយសម្លេង ដែលមានការទាក់ទងផ្ទាល់រវាងកម្មវិធីជាមួយមិត្តអ្នកស្ដាប់។ ឧទាហរណ៍ថា មិត្តអ្នកស្ដាប់អាចចូលរួមការពិភាក្សា ឬដាក់សំណួរជាមួយកម្មវិធីដែលកំពុងបានផ្សាយបន្តផ្ទាល់លើវិទ្យុ។ ហេតុដូច្នេះហើយ នាងខ្ញុំអាចរួមដំណើរជាមួយកម្មវិធី ក៏ដូចជាបញ្ចេញមតិរបស់ខ្លួនអំពីបញ្ហាដែលនាងខ្ញុំមានចំណាប់អារម្មណ៍ផងដែរ”។

VOV - សាមគ្គីគ្នារវាងមិត្តអ្នកស្ដាប់ចំពោះការយកចិត្តទុកដាក់ដូចគ្នា

ក្នុងអំឡុងពេលជាង ៧៣ ឆ្នាំ នៃការបង្កើត និងអភិវឌ្ឍន៍នោះ វិទ្យុសម្លេងវៀតណាម (VOV) ជានិច្ចកាលត្រូវបានចាត់ទុកថាមិត្តភក្តិដ៏ស្និទ្ធស្នាលរបស់មិត្តអ្នកស្ដាប់។ នាសម័យសង្គ្រាម ការផ្សាយរបស់ VOV បានរួមចំណែករឹតបន្តឹងចំណងសាមគ្គីភាពរវាងប្រជាជន និងលើកទឹកចិត្តស្មារតីប្រយុទ្ធរបស់កងទ័ព និងប្រជាជន។ នាសម័យសុខសន្តិភាព VOV ជាប្រភពព័ត៌មានដែលមានអត្ថប្រយោជន៍សម្រាប់មិត្តអ្នកស្ដាប់ ព្រមទាំងផ្សព្វផ្សាយប្រទេសវៀតណាមដ៏ស្រស់បំព្រង និងមនុស្សវៀតណាមរួសរាយរាក់ទាក់ទៅកាន់មិត្តិភក្តិអន្តរជាតិ។ លោក Juan Diez មិត្តអ្នកស្ដាប់មួយរូបមកពី អេស្ប៉ាញបានឲ្យដឹងថា៖

“VOV បាននឹងកំពុងរួមចំណែកយ៉ាងសកម្មសម្រាប់សន្តិភាព និងការយោគយល់ គ្នារវាងប្រជាជាតិនានាលើពិភពលោកទៅវិញទៅមក។ នាសម័យសង្គ្រាមនោះ VOV បានរួមចំណែកយ៉ាងសំខាន់ចំពោះជោគជ័យនៃការតស៊ូដើម្បីឯករាជ្យ អធិបតេយ្យភាព និងឯកភាពជាតិ។ នាសម័យសុខសន្តភាពវិញ VOV បានជួយឲ្យមិត្តអ្នកស្ដាប់យល់ដឹងបន្ថែមអំពីវប្បធម៌ សិល្បៈ និងអត្តសញ្ញាណនៃជនជាតិនីមួយៗ។ VOV ពិតជាសក្តិសមជាវិទ្យុផ្សាយសម្លេងពិរោះបំផុត ក៏ដូចជាដំបូលរួមរបស់មិត្តអ្នកស្ដាប់អន្តរជាតិផងដែរ”។

តាមរយៈការផ្សាយសម្លេង VOV នោះ មិត្តអ្នកស្ដាប់អន្តរជាតិដែលមានចំណាប់អារម្មណ៍ចំពោះវៀតណាមដូចគ្នា និងចូលចិត្តការស្ដាប់វិទ្យុគឺមានឱកាសជួបសំណេះសំណាលទាក់ទងជាមួយគ្នា។ លោក Rudy Hartono មិត្តអ្នកស្ដាប់មួយរូប ប្រធានក្លឹបមិត្តអ្នកស្ដាប់វិទ្យុ Borneo នៅខេត្ត Kalimantan ប្រទេសឥណ្ឌូនេស៊ី បានចែករំឡែកថា៖

“នាបច្ចុប្បន្ននេះ VOV 5 គឺជាកាណាលផ្សាយសម្លេង ដែលផ្ដល់ ព័ត៌មាន ទាន់ ហេតុការណ៍លើពិភពលោក។ VOV 5 ក៏នាំមកនូវកម្លាំងចលករ និងរឹតបន្តឹង ទំនាក់ទំនងសម្រាប់មិត្តអ្នកស្ដាប់ទាំងអស់ក្នុងប្លុកអាស៊ាននិយាយរួម និងមិត្តអ្នក ស្ដាប់ ឥណ្ឌូនេស៊ីនិយាយដោយឡែក”។

ពិតណាស់ថា ការផ្សាយសម្លេងនៅតែមធ្យោបាយងាយស្រួលទាក់ទង និងគួរឲ្យចាប់អារម្មណ៍បំផុត។ ការផ្សាយសម្លេងបានផ្ដល់ព័ត៌មានដល់សាធារណៈជនតាមរយៈបណ្ដាកម្មវិធីព័ត៌មាន និងការកំសាន្ត។ ទិវាផ្សាយសម្លេងពិភពលោក ២០១៩ គឺជាឱកាសដើម្បីលើកតម្កើងផ្នែកផ្សាយសម្លេង ក៏ដូចជាលើកត្រដែតសារៈសំខាន់នៃការផ្សាយសម្លេងតាមរយៈប្រធានបទ “ការផ្សាយសម្លេង៖ ការសន្ទនា ការរួមរស់ប្រកបដោយភាពត្រាប្រណី និងសន្តិភាព” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ