ក្រឡេកមើលឡើងវិញនូវរយៈពេល១០ឆ្នាំអនុវត្តន៍សេចក្ដីសម្រេចចិត្តមជ្ឈឹមលេខ៤ នីតិកាលទី១០ស្ដីពី “យុទ្ធសាស្ត្រសមុទ្រវៀតណាម”
(VOVWORLD) - ក្រោយរយៈពេល១០ឆ្នាំអនុវត្តន៍ សេចក្ដីសម្រេចចិត្តមជ្ឈឹមលេខ៤ នីតិកាលទី១០ ស្ដីពី “យុទ្ធសាស្ត្រសមុទ្រវៀតណាម” ដល់ឆ្នាំ២០២០ ទទួលបានលទ្ធផលគួរឲ្យ លើកទឹកចិត្តជាច្រើន។ ប៉ុន្តែ ប្រសិនបើប្រៀបធៀបនឹងគោលដៅដែលបានដាក់ ចេញនាឆ្នាំ២០២០នោះ គឺលទ្ធផលទាំងនេះនៅតែមានកំហិតនៅឡើយ។ សន្និបាត លើកទី៨នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ ដែលប្រារព្ធឡើងនាថ្ងៃទី២ ខែតុលា នៅរដ្ឋធានីហាណូយ បានផ្ដោតការពិភាក្សា ទៅលើផែនការអនុវត្តន៍សេចក្ដីសម្រេចចិត្តនេះប្រកបដោយជោគជ័យ។
ក្រោយរយៈពេល១០ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹមលេខ៤ស្ដីពី “យុទ្ធសាស្ត្រសមុទ្រវៀតណាម” ដល់ឆ្នាំ២០២០ កន្លងមក រដ្ឋសភាបានចេញផ្សាយឯកសារច្បាប់ពាក់ព័ន្ធជាច្រើន រដ្ឋាភិបាលក៏បានអនុវត្តន៍យ៉ាងសកម្មនូវខ្លឹមសារនានាដែលត្រូវបានចែងក្នុងសេចក្ដីសម្រេចចិត្តនេះផងដែរ សំដៅលើកស្ទួយការអភិវឌ្ឍនៃផ្នែកសេដ្ឋកិច្ចសមុទ្រវៀតណាម។
លទ្ធផលមិនទាន់សក្តិសមទៅនឹងសក្ដានុភាព
មណ្ឌលសេដ្ឋកិច្ចឆ្នេរសមុទ្រនានារបស់វៀតណាមត្រូវបានបង្កើតឡើង ទីក្រុងឆ្នេរសមុទ្រត្រូវបានបណ្ដាក់ទុនដើម្បីអភិវឌ្ឍន៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ត្រូវបានកសាង ផ្នែកឧស្សាហកម្មអាកាសចរណ៍ ធ្វើអាជីវកម្មជលផលនិងធ្វើអាជីវកម្មប្រេងឧស្ម័នកាន់តែទំនើបកម្មពីមួយថ្ងៃទៅមួយថ្ងៃ អធិបតេយ្យភាពកោះសមុទ្រត្រូវបានរក្សាយ៉ាងរឹងមាំ។ ល។ ប៉ុន្តែ តាមសាស្ត្រាចារ្យរងបណ្ឌិត Nguyen Chu Hoi អតីតអគ្គនាយករងនៃអគ្គនាយកដ្ឋានសមុទ្រនិងកោះសមុទ្រវៀតណាមបានចាត់ទុកថា លទ្ធផលទាំងនោះមិនទាន់សក្តិសមទៅនឹងសេចក្ដីរំពឹងទុកនៅឡើយ។
“ដើម្បីអភិវឌ្ឍន៍ ខ្ញុំចាត់ទុកថា គប្បីពង្រឹងតំបន់ឆ្នេរសមុទ្រក្នុងឋានៈជាតំបន់សេដ្ឋកិច្ចមុខព្រួញ ព្រមទាំងតភ្ជាប់តំបន់ឆ្នេរសមុទ្រជាមួយតំបន់កោះសមុទ្រផងដែរ។ ទន្ទឹមនឹងការកសាងមណ្ឌលនគរឆ្នេរសមុទ្រ យើងក៏គប្បីកសាងមណ្ឌលនគរកោះសមុទ្រ ដើម្បីទាក់ទាញការវិនិយោគ ព្រមទាំងតភ្ជាប់ជាមួយដីគោក បង្កើនកម្លាំងរបស់វៀតណាមនៅលើសមុទ្រ”។
គោលដៅលំអិតនៃ យុទ្ធសាស្ត្រសមុទ្រវៀតណាមដល់ឆ្នាំ២០២០ នោះគឺ កសាងនិង អភិវឌ្ឍយ៉ាងពេញលេញលើវិស័យសេដ្ឋកិច្ច សង្គម វិទ្យសាសាស្ត្របច្ចេកវិទ្យា និងសន្តិសុខការពារជាតិ ហើយខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េចដើម្បីសេដ្ឋកិច្ចនៅសមុទ្រនិងឆ្នេរសមុទ្រស្រូបយកអត្រាប្រមាណពី៥៣ដល់៥៥%នៃ GDP ជាតិសរុប។ ទីពីរគឺ ដោះស្រាយឲ្យបានល្អនូវបញ្ហាសង្គមនានា លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៅតំបន់កោះសមុទ្រនិងឆ្នេរសមុទ្រឲ្យទទួលបានប្រាក់ចំណូលខ្ពស់ទ្វេដងបើប្រៀបនឹងកម្រិតប្រាក់ចំណូលជាមធ្យមក្នុងទូទាំងប្រទេស។ ទីបីគឺ កសាងកំពង់ផែពាណិជ្ជកម្មដោយទ្រង់ទ្រាយធំនៅក្នុងតំបន់ បង្កើតសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចនិងមណ្ឌលសេដ្ឋកិច្ចដ៏ខ្លាំងមាំមួននៅតំបន់ឆ្នេរសមុទ្រ កសាងស្ថាប័នគ្រប់គ្រងសមុទ្រប្រកបដោយឯកភាព ប្រសិទ្ធភាព និងសុពលភាព ព្រមទាំងបើកទូលាយកិច្ចសហប្រតិបតិ្តការក្នុងវិស័យស្ដីពីសមុទ្រនានាផងដែរ។
អនុវត្តន៍ជំហានលោតផ្លោះនាពេលខាងមុខ
ដើម្បីសម្រេចបានគោលដៅនានាដែលបានចែងនៅក្នុងសេចក្ដីសម្រេចចិត្តមជ្ឈឹម៤ នីតិកាលទី១០ ស្ដីពីយុទ្ធសាស្ត្រសមុទ្រវៀតណាមដល់ឆ្នាំ២០២០នោះ វៀតណាមត្រូវអនុវត្តន៍ជំហានលោតផ្លោះនាពេលខាងមុខ។ រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Tran Hong Ha បានចាត់ទុកថា៖
“បញ្ហាទីមួយគឺបញ្ហារបៀបរបប ត្រូវបង្កើតរបៀងគតិយុត្តឲ្យបានល្អថែមទៀត។ ទីពីរគឺបញ្ហាវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងទីបីគឺបញ្ហាប្រភពធនធានមនុស្សដោយគុណភាពខ្ពស់។ នោះគឺជំហានលោតផ្លោះទាំង៣ដែលយើងត្រូវផ្ដោតទៅលើ”។
ចំណែកឯសាស្ត្រាចារ្យរងបណ្ឌិត Bui Tat Thang នាយកវិទ្យាស្ថានយុទ្ធសាស្ត្រនិងវិនិយោគ ចំណុះក្រសួងផែនការនិងវិនិយោគ បានចាត់ទុកថា វៀតណាមគប្បីផ្លាស់ប្ដូររបៀបអនុវត្តន៍ក្នុងវិស័យជាក់ស្ដែងនីមួយៗ ដើម្បីឆ្ពោះទៅរកគោលដៅនានានៅក្នុងយុទ្ធសាស្ត្រសមុទ្រវៀតណាមដល់ឆ្នាំ២០២០។
“ខ្ញុំចាត់ទុកថា យើងមិនត្រូវការធ្វើវិសោធនកម្មនូវគោលដៅនិងផែនការមេ ប៉ុន្តែយើងត្រូវផ្លាស់ប្ដូររបៀបអនុវត្តន៍នៅក្នុងវិស័យជាក់ស្ដែងនីមួយៗ។ នៅក្នុងមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ យើងក៏បានដាក់ចេញរបៀបជាច្រើន ក្នុងនោះត្រូវមានមនសិការទីផ្សារនិងការធ្វើសង្គមភាវូបនីយកម្មបណ្ដប្រភពធន ធាន។ យើងត្រូវអនុវត្តន៍តាមរបៀបថ្មី មិនមែនជារបៀបមុននេះទៀតឡើយ”។
ក្នុងប៉ុន្មានថ្ងៃខាងមុខ សន្និបាតលើកទី៨នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ នឹងផ្ដោតការពិភាក្សាទៅលើដំណោះស្រាយនានាសំដៅអនុវត្តន៍ឲ្យបានល្អថែមទៀតនូវគោលដៅដែលត្រូវបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្រសមុទ្រវៀតណាមដល់ឆ្នាំ២០២០៕