ការអនុវត្តសិទ្ធិមនុស្សប្រកបដោយលក្ខណៈជាក់ស្តែងនិងមនុស្សសាស្ត្រ
(VOVWORLD) - ជារៀងរាល់ឆ្នាំ ក្នុងឱកាសទិវាសិទ្ធិមនុស្សពិភពលោក (១០ ធ្នូ) កម្លាំងអមិត្តប្រតិកិរិយានិងមុខសញ្ញាឱកាសនយោបាយ តែងតែបញ្ចេញល្បិចកលចាស់គំរិល ប៉ុនប៉ងមូលបង្កាច់និងបដិសេធរាល់ការខិតខំប្រឹងប្រែងនិងសមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស។ ល្បិចកលមូលបង្កាច់ទាំងនេះ គឺគ្មានមូលដ្ឋានទាំងស្រុងនោះទេ ពីព្រោះ ចាប់តាំងពីការបង្កើតប្រទេសជាតិតាមរបបថ្មី រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមតែងតែអនុវត្តគោលដៅនិងគោលនយោបាយមុនក៏ដូចជាក្រោយ គឺគោរព ការពារនិងធានានូវរាល់គុណតម្លៃល្អប្រពៃនៃសិទ្ធិមូលដ្ឋានរបស់មនុស្សជានិច្ច។
ការធ្វើសកលកម្មផ្នែកអប់រំជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលអំពីការអនុវត្តន៍សិទ្ធិមនុស្សនៅវៀតណាម (រូបថត៖ TTXVN) |
សិទ្ធិមនុស្សជាគុណតម្លៃសកលរបស់មនុស្សជាតិ ហើយត្រូវបានប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោកទទួលស្គាល់ ក្នុងនោះមានប្រទេសវៀតណាមផងដែរ។ចាប់តាំងពីប្រទេសជាតិបានចាប់បដិសន្ធិ នៅក្រោមលទ្ធិប្រជាធិបតេយ្យ សង្គមនិយមមក វៀតណាមបានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលដៅគឺជំរុញ ការពារនិងធានាសិទ្ធិមនុស្សសម្រាប់ប្រជាជនគ្រប់រូប។ ថ្វីត្បិតតែមិនមែនជាប្រទេសទីមួយ ដែលលើកឡើងពីបញ្ហាសិទ្ធិមនុស្សជាមូលដ្ឋានក៏ដោយ ក៏វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលបានទទួលស្គាល់សិទ្ធមនុស្សមុនបង្អស់។ ក្នុងសេចក្តីប្រកាសឯករាជ្យ ចាប់បដិសន្ធិសាធារណរដ្ឋប្រជាធិបតេយ្យវៀត ណាម នៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ លោកប្រធានហូជីមិញបានប្រកាសថា៖ “ប្រជាជាតិទាំងអស់នៅលើពិភពលោក សុទ្ធតែបានប្រសូត្រឡើងដែលមានសិទ្ធិស្មើភាពគ្នា ប្រជាជាតិទាំងអស់គឺមានសិទ្ធិរស់រានមានជីវិត មានសិទ្ធិរីករាយនិងសិទ្ធិសេរីភាព”។ ហេតុដូច្នេះ តាមរយៈការបញ្ជាក់ពីតម្លៃរបស់ប្រជាជាតិមួយ ដូចជាសិទ្ធិស្មើភាព សិទ្ធិរស់រានមានជីវិត សិទ្ធិរីករាយនិងសិទ្ធិសេរីភាពនោះ លោកប្រធានហូជីមិញចង់សង្កត់ធ្ងន់ថា សិទ្ធិមនុស្សត្រូវបានធានាពិតប្រាកដនៅពេលបានផ្សាភ្ជាប់ជាមួយនឹងសិទ្ធិឯករាជ្យ និងសេរីភាពរបស់ប្រទេសជាតិ។ សញ្ញាជាតិវៀតណាមតាំងពីការបង្កើតរដ្ឋាភិបាលបដិវត្តរហូតមកដល់ពេលនេះ នៅតែភ្ជាប់ជាមួយបាវចនាគឺ “ឯករាជ្យភាព - សេរីភាព - សុភមង្គល”។ ប្រការនេះមានន័យថា គោលដៅមុនក៏ដូចជាក្រោយដែលប្រជាជាតិវៀតណាមទាំងមូលបានអនុវត្តយ៉ាងស្វិតស្វាញ គឺធានាថា ប្រទេសជាតិឯករាជ្យ ប្រជាជនមានសេរីភាព ហើយសុខដុមរមនា។
ឆ្លងកាត់ការចងក្រងនិងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាច្រើនលើក ចាប់ពីរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៥៩ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៨០ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ រហូតដល់រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ សុទ្ធតែរក្សាបញ្ហាជាមូលដ្ឋាន ដោយកំណត់រាល់សិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋ។ សមិទ្ធិផលខាងសិទ្ធិមនុស្សនៅវៀតណាមក្នុងរយៈពេលជាង ៧០ ឆ្នាំកន្លងមក ត្រូវបានបង្ហាញលើគ្រប់វិស័យ ជាពិសេសវឌ្ឍនភាពដ៏ធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងរយៈពេលជិត ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី (១៩៨៦-២០២០)។ ពោលគឺ ចាប់តាំងពីប្រទេសដែលមានសេដ្ឋកិច្ចកសិកម្មហួសសម័យ ដែលមានទំហំត្រឹមតែ ១៤ ពាន់លានដុល្លាក្នុងឆ្នាំ ១៩៨៥ ប៉ុណ្ណោះ ប៉ុន្តែ ដល់ឆ្នាំ ២០១៩ ទទួលបាន ២៦២ ពាន់លានដុល្លារ គឺកើនឡើងជាង ១៨,៧ ដង។ នាពេលថ្មីៗនេះ ទស្សនាវដ្តី The Economist ចុះខែសីហាឆ្នាំ ២០២០ បានចាត់ចំណាត់ថ្នាក់ប្រទេសវៀតណាមក្នុង Top ប្រទេសដែលមានសេដ្ឋកិច្ចទើបនឹងលេចចេញល្អជាងគេបំផុតទាំង ១៦ នៅលើពិភពលោក។ ទោះបីជាត្រូវបានរងផលប៉ះពាល់អវិជ្ជមានដោយការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ នៅទូទាំងពិភពលោក ខណៈពេលដែលសេដ្ឋកិច្ចភាគច្រើននៅលើពិភពលោកបានធ្លាក់ចូលក្នុងវិបត្តិក៏ដោយ ប៉ុន្តែដោយសារមានការដឹកនាំយ៉ាងម៉ឺងមាត់និងស៊ីចង្វាក់គ្នា ក្នុងការអនុវត្តន៍គោលដៅពីរទន្ទឹមគ្នា របស់រដ្ឋាភិបាលវៀតណាម ក្នុងឆ្នាំ ២០២០នេះ វៀតណាមនៅតែរក្សាបាននូវអត្រាកំណើនវិជ្ជមានគួរសមដែរ។ កំណើនសេដ្ឋកិច្ចគឺជាមូលដ្ឋាន ដើម្បីរដ្ឋាភិបាលផ្តោតការអនុវត្តដល់គោលនយោបាយរក្សាសន្តិសុខសង្គម វប្បធម៌សង្គម។ ការណ៍នោះត្រូវបានឆ្លុះបញ្ចាំងនៅក្នុង “សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស” (HDI)។ យោងតាមរបាយការណ៍ “ការអភិវឌ្ឍមនុស្ស ២០១៩” ដែលត្រូវបានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ( UNDP) ចេញផ្សាយនៅថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០១៩ ដោយសន្ទស្សន៍ HDI គឺ ០,៦៣នោះ វៀតណាមជាប់ចំណាត់ថ្នាក់ ១១៨ ក្នុងចំណោម ១៨៩ ប្រទេស។ អាយុជាមធ្យមរបស់ប្រជាជនវៀតណាមបានកើនឡើង ៤,៨ ឆ្នាំ, ឆ្នាំសិក្សាមធ្យមបានកើនឡើង ៤,៣ ឆ្នាំ, ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់បានកើនឡើងច្រើនជាង ៣៥៤%។ ប្រការនេះជួយឱ្យប្រទេសវៀតណាមស្ថិតក្នុងក្រុមប្រទេសដែលមានអត្រាកំណើន HDI ខ្ពស់បំផុតនៅលើពិភពលោក។
ពីប្រទេសហួសម័យមួយដែលមិនមានឈ្មោះនៅលើផែនទីពិភពលោក ក្រោយរយៈពេល ៧០ ឆ្នាំដែលបានប្រមូលផ្តុំកម្លាំងប្រជាជន ដោយការស្រុះចិត្តគំនិតគ្នាក្នុងបុព្វហេតុតស៊ូ កសាងនិង ការពារមាតុភូមិមក វៀតណាមបានក្លាយជាប្រទេសដើរជួរមុខ១ និងជាចំណុចភ្លឺអំពី ការសម្រេចគោលដៅសហស្សវត្សរ៍លើការលុបបំបាត់ភាពអត់ឃ្លាន ការកាត់បន្ថយភាពក្រីក្រ សមធម៌សង្គមនិងវឌ្ឍនភាពសង្គម។ យ៉ាងណាមិញ ប្រទេសវៀតណាមកាន់តែមានល័ក្ខខ័ណ្ឌក្នុងការបង្កើតបុព្វបទ មូលដ្ឋានខាងសំភារៈនិងវប្បធម៌ដើម្បីធានាបាននូវសិទ្ធិមនុស្សជាមូលដ្ឋាន។
ការដែលបក្សកុម្មុយនិស្តវៀតណាមបានកំណត់គោលដៅកសាងប្រទេសជាតិ តាមទិសដៅសង្គមនិយម “ប្រជាជនអ្នកមាន ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយធម៌” បង្កប់ន័យថា វៀតណាមតែងតែស្វិតស្វាញនិងព្យាយាមដើម្បីធានា "សិទ្ធិទទួលបានសុភមង្គល" (ប្រជាជនមានបាន) និង "សិទ្ធិសេរីភាព" (ប្រជាធិបតេយ្យ) ដែលលោកប្រធានហូជីមិញធ្លាប់បានលើកឡើងនៅក្នុងសេចក្តីប្រកាសឯករាជ្យ។ នៅពេលដែលប្រទេសនេះសម្បូរទៅដោយសម្ភារៈវប្បធម៌ ស្មារតីនិងធានាសេរីភាព ប្រជាធិបតេយ្យលើគ្រប់ជ្រុងជ្រោយ នោះជាការប្តេជ្ញាចិត្តនយោបាយរបស់វៀតណាម រួមជាមួយបណ្តាប្រទេសនិងសហគមន៍អន្តរជាតិ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគុណតម្លៃសកលអំពីសិទ្ធិមនុស្ស ដែលបានកំណត់នៅក្នុង “សេចក្តីប្រកាសពិភពលោកអំពីសិទ្ធិមនុស្ស”៕