(VOVWORLD) - វៀតណាមទើបតែត្រូវបានសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមទាំងអស់នៃអង្គការសហប្រជាជាតិ (ECOSOC) ឯកភាពបោះឆ្នោតទៅក្នុងក្រុមប្រឹក្សាប្រតិបត្តិនៃស្ថាប័នអង្គការសហប្រជាជាតិស្ដីពីសមភាពយេនឌ័រ និងប្រគល់សិទ្ធិដល់ស្ត្រី (UN Women) អាណត្តិ ២០២៥-២០២៧។ ប្រការនេះបានបង្ហាញពីការកត់សម្គាល់ និងការវាយតម្លៃខ្ពស់របស់ សហគមន៍អន្តរជាតិចំពោះគោលនយោបាយ និងសមិទ្ធិផលស្ដីពីការជំរុញសមភាពយេនឌ័រ និងកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការអន្តរជាតិលើវិស័យនេះ។
វៀតណាមទើបតែត្រូវបានសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមទាំងអស់នៃអង្គការសហប្រជាជាតិ (ECOSOC) ឯកភាពបោះឆ្នោតទៅក្នុងក្រុមប្រឹក្សាប្រតិបត្តិនៃស្ថាប័នអង្គការសហប្រជាជាតិស្ដីពីសមភាពយេនឌ័រ និងប្រគល់សិទ្ធិដល់ស្ត្រី (UN Women) អាណត្តិ ២០២៥-២០២៧ |
រដ្ឋាភិបាលវៀតណាមរក្សាកម្លាំងចលករជំរុញសមភាពយេនឌ័រក្នុងរយៈពេលជាច្រើនឆ្នាំ
ធានាសមភាពយេនឌ័រ និងវឌ្ឍនភាពរបស់ស្ត្រីគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលត្រូវបានវៀតណាមគោរពពិសេស ហើយសម្រេចបានសមិទ្ធិផលជាច្រើនលើវិស័យនេះ។ វៀតណាមត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានលុបបំបាត់គម្លាតយេនឌ័រយ៉ាងឆាប់រហ័សបំផុតក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ ហើយជាប្រទេសមួយដែលសម្រេចបានគោលដៅសហស្សវត្សរ៍ទី ៣ (MDG 3) ស្តីពីសមភាពយេនឌ័រមុនកាលកំណត់។
យោងតាមរបាយការណ៍គម្លាតយេនឌ័រសកល ដែលត្រូវបានវេទិកាសេដ្ឋកិច្ចពិភពលោកប្រកាសនាឆ្នាំ ២០២៣ បានឲ្យដឹងថា ចំណាត់ថ្នាក់ពិភពលោករបស់វៀតណាមស្ដីពីសមភាពយេនឌ័របានកើនឡើងពីចំណាត់ថ្នាក់ទី ៨៣ឡើង ៧២ ក្នុងចំណោមប្រទេសទាំង ១៤៦។
ជាក់ស្តែង នាបច្ចុប្បន្ននេះ នៅវៀតណាម មានជួរថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងជាស្ត្រីបានកើនឡើងអំពីចំនយននិងគុណភាពពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រី Ha Thi Nga ប្រធានសហភាពនារីវៀតណាមមានប្រសាសន៍ថា៖
“ថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងជាស្ត្រីគ្រប់លំដាប់ថ្នាក់សុទ្ធតែជាមនុស្សវ័យក្មេងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយកំពុងខិតខំប្រឹងប្រែងលើកកម្ពស់សមត្ថភាព អនុវត្តន៍ភារកិច្ចយ៉ាងល្អប្រសើរ ហើយត្រូវបានថ្នាក់ដឹកនាំ កម្មាភិបាល និងសាធារណជនជឿទុកចិត្ត។ ស្ត្រីជាច្រើនបានពង្រីកល្អនូវសម្លេងរបស់មជ្ឈដ្ឋានសារព័ត៌មានក្នុងវេទិការដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ផងដែរ”។
អនុវត្តន៍តួនាទីជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ (UN Women) ឲ្យបានល្អប្រសើរ
ក្នុងអាណត្តិ ២០២៥-២០២៧ (UN Women) នឹងអនុម័តលើយុទ្ធសាស្រ្តសកលថ្មីមួយ ដើម្បីជំរុញការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងនោះសមភាពយេនឌ័រគឺជាចំណុចស្នូល។
លោកស្រី Ha Thi Nga ប្រធានសហភាពនារីវៀតណាម។ រូបថត៖ dangcongsan.vn |
យោងតាមលោកស្រី Caroline Nyamayamombe ប្រធានតំណាង UN Women វៀតណាម បានឲ្យដឹងថា ជាមួយនឹងសមិទ្ធិផល និងបទពិសោធន៍របស់ប្រទេសមួយដែលមានចំនួនប្រជាជនចម្រុះ និងអត្តសញ្ញាណវប្បធម៌សង្គមដ៏វិសេសវិសាល វៀតណាមនឹងនាំមកនូវទស្សនវិស័យដ៏ជ្រាលជ្រៅជាច្រើនអំពីការជំរុញសមភាពយេនឌ័រនៅពេលចូលរួមទៅក្នុងក្រុមប្រឹក្សាប្រតិបត្តិ UN Women ។ វៀតណាមអាចចែករំលែកដំណើររបស់ខ្លួននិងបំផុសគំនិតដល់ប្រទេសជាច្រើនទៀតអំពីបញ្ហាទាក់ទងនានា។ លោកស្រី Caroline Nyamayamombe បានអះអាងថា ការរួមវិភាគទានទាំងនេះគឺមិនអាចកាត់ថ្លៃបានក្នុងការផ្តល់ព័ត៌មាន និងជួយឧបត្ថម្ភរបៀបធ្វើ និងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរថ្មី សំដៅជំរុញសមភាពយេនឌ័រ និងប្រគល់សិទ្ធិដល់ស្ត្រី។
ស្មារតីរួមវិភាគទានរបស់វៀតណាម ដើម្បីជំរុញសមភាពយេនឌ័រក៏ត្រូវបានបង្ហាញក្នុងសុន្ទរកថារបស់ប្រធានរដ្ឋវៀតណាមស្តីទីលោកស្រី Vo Thi Anh Xuan ក្នុងកិច្ចប្រជុំលើកទី ៦៨ នៃគណៈកម្មាធិការស្តីពីស្ថានភាពស្ត្រី (CSW68) នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (ECOSOC) ដែលបានប្រព្រឹត្តិទៅកាលពីខែមិនាកន្លងទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ប្រធានរដ្ឋវៀតណាមស្តីទីលោកស្រី Vo Thi Anh Xuan បានអះអាងថា៖
“តាមលំហរនៃយុគសម័យ ស្ត្រីតែងតែជាអ្នកការទូតសន្តិភាព និងសប្បុរសធម៌ ជាកម្លាំងដេលមិនអាចខ្វះបានឡើយ ហើយមានអត្ថន័យសម្រេចកំណត់ក្នុងរាល់ដំណើរការសន្តិភាព សន្តិសុខ វឌ្ឍនភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះហើយ ក្នុងបរិបទរួម ដែលមានការលំបាក និងសាកល្បងជាច្រើនដូចបច្ចុប្បន្ន រាល់សក្ដានុពលដ៏ធំធេងរបស់ស្ត្រីចាំបាច់ត្រូវបានពង្រីកយ៉ាងខ្លាំងក្លា និងអនុវត្តន៍តាមរយៈការប្ដេជ្ញាចិត្ត និងប្រភពធនធានសមស្រប។ ក្នុងដំណើនោះ វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេស បណ្ដាអង្គការអន្តរជាតិ សំដៅជំរុញបុព្វហេតុសមភាពយេនឌ័រ និងប្រគល់សិទ្ធិដល់ស្ត្រី និងកុមារី ហើយតាមនោះ រួមចំណែកកសាងពិភពលោកមួយមានសន្តិភាព កិច្ចសហប្រតិបត្តិការ និង អភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ”។
ការដែលប្រទេសជាសមាជិក ECOSOC ទាំងអស់បានឯកភាពគ្នាបោះឆ្នោតជ្រើសរើសវៀតណាមទៅក្នុងក្រុមប្រឹក្សាប្រតិបត្តិ UN Women នាថ្ងៃទី ៩ មេសា កន្លងទៅបានបង្ហាញពីការកត់សម្គាល់ និងការវាយតម្លៃខ្ពស់របស់សហគមន៍អន្តរជាតិចំពោះរាល់គោលនយោបាយ សមិទ្ធិផលស្ដីពីការជំរុញសមភាពយេនឌ័រ និងការខិតខំប្រឹងប្រែងសហប្រតិបត្តិការអន្តរជាតិរបស់វៀតណាមលើវិស័យនេះ។ នេះក៏ជាឱកាសសម្រាប់វៀតណាមរួមចំណែកយ៉ាងសកម្មទៅក្នុងប្រតិបត្តិការរបស់UN Women នាពេលខាងមុខផងដែរ៕