(VOVWORLD) - កាលពីចុងសប្តាហ៍កន្លងទៅ នៅខេត្ត Dak Lak បានប្រព្រឹត្តទៅសន្និសីទបូកសរុប ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១០ (ឆ្នាំ២០០២) និងសេចក្តីសន្និដ្ឋានលេខ ១២ (ឆ្នាំ២០១១) របស់ការិ យាល័យនយោបាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង ការធានាការពារជាតិសន្តិសុខនៅតំបន់ Tay Nguyen។ ទិសដៅសំខាន់ៗសម្រាប់ ការអភិវឌ្ឍន៍តំបន់ Tay Nguyen នាពេលខាងមុខ ត្រូវបានលើកឡើងដោយឈរលើ ស្មារតីថា ការអភិវឌ្ឍតំបន់ Tay Nguyen យ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាពគឺ ជាការទទួលខុសត្រូវរបស់គ្រប់កម្រិត ផ្នែកនិងប្រព័ន្ធនយោបាយទាំងមូល។
សន្និសីទបូកសរុប ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១០ (ឆ្នាំ២០០២) និងសេចក្តីសន្និដ្ឋានលេខ ១២ (ឆ្នាំ២០១១) របស់ការិ យាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង ការធានាការពារជាតិសន្តិសុខនៅតំបន់ Tay Nguyen។ (រូបថត៖ VGP) |
តំបន់ Tay Nguyen មានជនជាតិចំនួន ៥៣ រស់នៅជាមួយគ្នា ក្នុងនោះមានជនជាតិភាគតិចចំនួន ៥២ ដោយមានចំនួនប្រជាជនជាង ២ លាននាក់ ស្មើនឹងជាង ៣៧% នៃចំនួនប្រជាជនសរុបក្នុងតំបន់។ នេះក៏ជាតំបន់ដែលមានសមាសភាគជនជាតិច្រើនជាងគេលើទូទាំងប្រទេសផងដែរ។
ប្រៀបខ្លាំងអភិវឌ្ឍន៍ជាច្រើន
Tay Nguyen មានប្រៀបខ្លាំងអភិវឌ្ឍន៍ជាច្រើនដូចជា មានផ្ទៃដីព្រៃ ៣,២ លានហិកតា (ស្មើនឹង ២១% នៃប្រទេសទាំងមូល) ដីក្រហមបាយ៉ាន ១ លានហិកតាដីក្រហមលឿង ១,៨ លានហិកតា។ នេះគឺជាតំបន់ដែលមានប្រព័ន្ធអេកូឡូស៊ីចម្រុះ និងអាកាសធាតុល្មម។ តំបន់នេះមានសក្តានុពលដ៏ធំសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មថាមពល (វារីអគ្គិសនី ថាមពលដើរដោយខ្យល់ ថាមពលពន្លឺព្រះអាទិត្យ); សម្បូរទៅដោយសារធាតុរ៉ែ និងជាមជ្ឈមណ្ឌលផលិតកម្មបាស៊ីត។ Tay Nguyen ក៏ជាតំបន់ផលិតដំណាំឧស្សាហកម្មដ៏ធំផងដែរ (កៅស៊ូ កាហ្វេ ម្រេច តែ ស្វាយចន្ទី ជាដើម); មានឱសថរុក្ខជាតិដ៏មានតម្លៃជាច្រើនដូចជា យិនស៊ិន Ngoc Linh ហើយប្រកបដោយលក្ខខណ្ឌអំណោយផលក្នុងការអភិវឌ្ឍន៍ទៅជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ធំនៃប្រទេសជាតិទាំងមូល។
អញ្ជើញថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្រោយ រយៈពេល ២០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ១០ និង ១០ ឆ្នាំនៃការអនុវត្តសេចក្តីសន្និដ្ឋានលេខ ១២ មក ទំហំសេដ្ឋកិច្ចនៅឆ្នាំ ២០២០ បានកើនឡើងប្រហែល ១៤ ដងបើធៀបនឹងឆ្នាំ២០០២; GRDP ជាមធ្យមក្នុងដំណាក់កាលឆ្នាំ ២០០២-២០២០ គឺ ៧,៩៨% ដែលខ្ពស់បំផុតក្នុងចំណោមតំបន់ទាំងអស់។ Tay Nguyen បានផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចតាមទិសដៅកាត់បន្ថយសមាមាត្រកសិកម្ម បង្កើនសមាមាត្រសេវាកម្ម; ឧស្សាហកម្មអភិវឌ្ឍន៍យ៉ាងលឿន។ ទីនេះបានក្លាយទៅជាតំបន់ផលិតកសិផលដ៏ធំមួយ ដោយមានផលិតផលជាច្រើនដែលស្រូបយកសមាមាត្រខ្ពស់ក្នុងការនាំចេញរបស់ប្រទេសជាតិ ដូចជា កាហ្វេ កៅស៊ូ ម្រេចដើមឈើហូបផ្លែជាដើម។ អត្រាគ្រួសារក្រីក្របានថយចុះគួរឲ្យកត់សម្គាល់។ ការងារគ្រប់គ្រង ការពារ អភិវឌ្ឍព្រៃឈើ ប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព ត្រូវបានគ្រប់កម្រិត គ្រប់វិស័យ និងមូលដ្ឋានផ្ដោតការយកចិត្តទុកដាក់ ហើយត្រូវបានកំណត់ថាជាបញ្ហាសំខាន់ និងបន្ទាន់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិនៅសន្និសីទ។ (រូបថត៖ VGP) |
បញ្ហាទូទៅអំពីការអភិវឌ្ឍន៍តំបន់ Tay Nguyen
យោងតាមលោកនាយករដ្ឋមន្ត្រី ប្រសិនបើកាលពីមុននេះ វៀតណាមបានកំណត់ថា តំបន់ Tay Nguyen ត្រូវការ “ស្ថិរភាពសម្រាប់ការអភិវឌ្ឍន៍” នោះ គឺឥឡូវនេះ បានផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ ដើម្បីរួមចំណែកសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយសង្គម ធានាការពារជាតិ សន្តិសុខហើយជំរុញកិច្ចការបរទេស; សម្របខ្លួនដោយភាពបត់បែនទៅនឹងការវិវឌ្ឍន៍ទាំងអស់នៃស្ថានភាព ទាញយកអត្ថប្រយោជន៍ជាអតិបរមា សម្រុះសម្រួលបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍន៍។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា៖
“ការអភិវឌ្ឍន៍តំបន់ Tay Nguyen ត្រូវតែផ្តោតការយកចិត្តទុកដាក់ ហើយរួមផ្សំ នឹងការដោះស្រាយដោយព្រមៗគ្នាទាំងផ្នែកនយោបាយ សតិអារម្មណ៍ សេដ្ឋកិច្ច សង្គម បរិស្ថាន ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ ពោលគឺដាក់ចេញបញ្ហាទូទៅសម្រាប់ការអភិវឌ្ឍន៍តំបន់ Tay Nguyen។ តភ្ជាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយនឹងការថែទាំ ដោះស្រាយបញ្ហាសង្គម គោលនយោបាយជនជាតិ សាសនា; បំផុសមោទនភាព ប្រែក្លាយតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណីបដិវត្តន៍ និងឆន្ទៈ សេចក្តីប្រាថ្នាចង់ក្រោកឈរឡើង ភាពខ្លួនទីពឹងខ្លួន និងសាមគ្គីភាព ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។ ត្រូវតែមានយន្តការ សម្រាប់ការអភិវឌ្ឍន៍ ជាពិសេសការទាក់ទាញធនធានសង្គម និងការវិនិយោគពីបរទេស”។
ទាក់ទិននឹងគោលដៅនោះ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍តំបន់ Tay Nguyen ត្រូវផ្សារភ្ជាប់ជាមួយនឹងសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ។ ផ្លាស់ប្តូរការត្រិះរិះពីផលិតកម្មកសិកម្មទៅជាសេដ្ឋកិច្ចកសិកម្ម ដែលក្នុងនោះបង្កើតផលិតផលកសិកម្មមួយចំនួនមានពាណិជ្ជសញ្ញាអន្តរជាតិ; ប្រព័ន្ធអេកូឡូស៊ីត្រូវបានអភិរក្ស សន្តិសុខប្រភពទឹកត្រូវបានធានា; មានស្ថេរភាពសន្តិសុខនយោបាយ; ជីវភាពខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អ ហើយការពារជាតិសន្តិសុខត្រូវបានរក្សារឹងមាំ។
យោងតាមប្រមុខរដ្ឋាភិបាល ការកសាងផែនការមេអភិវឌ្ឍន៍តំបន់ Tay Nguyen ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ តាមទិសដៅបៃតង វិលជុំ និងសម្បូរទៅដោយអត្តសញ្ញាណ គឺផ្អែកលើកត្តាពិសេសដោយឡែករបស់មនុស្ស វប្បធម៌ ដី ទឹក និងព្រៃឈើនៃតំបន់ Tay Nguyen។ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍ទីក្រុង និងរៀបចំចំនួនប្រជាជននៅតំបន់ Tay Nguyen ត្រូវមានភាពសមស្របនឹងលក្ខខណ្ឌប្រចាំតំបន់ទាក់ទងនឹងអេកូឡូស៊ី និងអត្តសញ្ញាណវប្បធម៌ផងដែរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖
“អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្រ្ត និងការផ្គត់ផ្គង់ទឹកប្រកបដោយប្រសិទ្ធភាព។ សម្រេចរួចរាល់ផ្លូវហាយវ៉េមួយចំនួន កែលម្អព្រលានយន្តហោះ ដើម្បីជួយសម្រួលដល់ការតភ្ជាប់ក្នុងស្រុក តំបន់ និងអន្តរជាតិ។ ក្រៅពីនេះ អនុវត្តការផ្លាស់ប្តូរ លើកកម្រិតហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានទៅជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល ស្របនឹងដំណើរការផ្លាស់ប្ដូរឌីជីថលជាតិ។ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមទិសដៅទំនើប ពង្រីកការតភ្ជាប់សកម្មភាពពាណិជ្ជកម្មជាមួយទីផ្សារក្នុងស្រុកនិងបរទេស ព្រមទាំងជំរុញពាណិជ្ជកម្មតាមអេឡិចត្រូនិក និងភស្តុភារកម្មផងដែរ”។
លើសពីនេះទៅទៀត ពង្រីកធនធានដីធ្លីឲ្យក្លាយជាកម្លាំងផ្ទៃក្នុងដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; ធានាមូលនិធិដីផលិតកម្មសម្រាប់ប្រជាជន ក្នុងនោះមានសហគមន៍ជនចំណាកស្រុក។ ក្រៅពីនេះ អភិវឌ្ឍសេដ្ឋកិច្ចសង្គមត្រូវតែភ្ជាប់ជាមួយនឹងការពង្រឹងការពារជាតិសន្តិសុខ; ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម បញ្ហាជនជាតិ សាសនា ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការក្នុងមហាអនុតំបន់ទន្លេមេគង្គ និងតំបន់ត្រីកោណអភិវឌ្ឍន៍វៀតណាម-ឡាវ-កម្ពុជា។
តំបន់ Tay Nguyen គឺជាតំបន់យុទ្ធសាស្ត្រមួយក្នុងចំណោមតំបន់យុទ្ធសាស្ត្រទាំងបីអំពីសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងជាតំបន់សេដ្ឋកិច្ចសំខាន់មួយក្នុងចំណោមតំបន់សេដ្ឋកិច្ចសំខាន់ទាំង៦របស់វៀតណាមផងដែរ។ ការអភិវឌ្ឍន៍តំបន់ Tay Nguyen យ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាព និងសុខដុមរមនា តែងតែដើរតួនាទីដ៏សែនសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងស្ថិរភាពសង្គមរបស់វៀតណាម៕