កសាងប្រទេសឡើងវិញក្រោយ​ការរញ្ជួយដីនៅទួរគី និងស៊ីរី៖ ចាំបាច់​ត្រូវមាន​ការ​រួមដៃគ្នារបស់សហគមន៍អន្តរជាតិទាំងមូល

(VOVWORLD) - ទន្ទឹមនឹងការងារជួយសង្គ្រោះ និងការធានាអាយុជីវិតសម្រាប់អ្នកនៅរស់រានមានជីវិតក្រោយការរញ្ជួយដី ដែលកើតមានឡើងកាលពីថ្ងៃទី ៦ ខែកុម្ភៈ នៅភាគខាងត្បូងទួរគីអាជ្ញាធរនៃប្រទេសនេះកំពុងសកម្មរៀបចំផែនការសម្រាប់ការងារកសាង ប្រទេសឡើងវិញ ក្រោយគ្រោះមហន្តរាយ។ ទោះជាយ៉ាងណាក៏ដោយ ប្រការនេះត្រូវបានចាត់ទុកថាជាភារកិច្ចដ៏មានបញ្ហាប្រឈមជាច្រើន ដោយតម្រូវឲ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា មិនត្រឹមតែរបស់ប្រទេសទាំងពីរដែលរងផលប៉ះពាល់ដោយផ្ទាល់គឺ ទួរគី និងប្រទេសជិតខាងស៊ីរីប៉ុណ្ណោះទេ ថែមទាំងរបស់សហគមន៍អន្តរជាតិទាំងមូលទៀតផង។
កសាងប្រទេសឡើងវិញក្រោយ​ការរញ្ជួយដីនៅទួរគី និងស៊ីរី៖ ចាំបាច់​ត្រូវមាន​ការ​រួមដៃគ្នារបស់សហគមន៍អន្តរជាតិទាំងមូល - ảnh 1កាលពីថ្ងៃទី ១៩ ខែកុម្ភៈ អាជ្ញាធរទួរគីបានប្រកាសថា បញ្ចប់ប្រតិបត្តិការរុករកនៅតំបន់ដែលរងផលប៉ះពាល់ភាគច្រើន ដើម្បីចាប់ផ្តើមកសាងប្រទេសឡើងវិញ។ រូបថត៖ អ្នកយកព័ត៌មាន/VOV-Cairo

ការងារស្ថាបនាឡើងវិញដ៏ពោរពេញទៅដោយការលំបាក

យោងតាមការវាយតម្លៃបឋម នៅទួរគី ការរញ្ជួយដីបានបណ្តាលឱ្យផ្ទះខុនដូប្រហែល ៣៤៥ ០០០ ខ្នង នៅតាមខេត្ត ក្រុងចំនួន ១១ ត្រូវបានបំផ្លាញ អគារចំនួន ១០៥ ០០០ខ្នង បានដួលរលំ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត ផ្លូវថ្នល់រាប់ពាន់គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធរាប់រយអំពីអគ្គិសនី ទឹកស្អាត ទូរគមនាគមន៍ ប្រព័ន្ធធារាសាស្រ្តត្រូវបានបំផ្លាញ ឬខូចខាត។ សហព័ន្ធធុរកិច្ចទួរគីបានប៉ាន់ប្រមាណថាការរញ្ជួយដីបានធ្វើឱ្យប្រទេសនេះខាតបង់ទឹកប្រាក់រហូតដល់ ៨១ ៤ ពាន់លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ចំនួន ៧០,៨ ពាន់លានដុល្លារអាមេរិក គឺជាខូចខាតអំពីផ្ទះសម្បែង និងទឹកប្រាក់ចំនួន ១០,៤ ពាន់លានដុល្លារអាមេរិកគឺជាការខាតបង់ប្រាក់ចំណូលជាតិ ហើយទឹកប្រាក់ចំនួន ២,៩ ពាន់លានដុល្លារអាមេរិកគឺជាការខាតប៉ង់ដោយសារបាត់បង់ថ្ងៃធ្វើការ។

អង្គការអន្តរជាតិមួយចំនួនក៏បានវាយតម្លៃថា ការខូចខាតសម្ភារៈដែលបណ្តាលមកពីការរញ្ជួយដីនៅទួរគីឡើងដល់រាប់សិបពាន់លានដុល្លារអាមេរិក ពោលគឺខ្ពស់ជាងការខូចខាតនៅស៊ីរីច្រើនដង។ ក្នុងនោះ ធនាគារ JPMorgan អាមេរិក បានប៉ាន់ប្រមាណថាការខូចខាតដោយផ្ទាល់ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញនៅទួរគីអាចឡើងដល់ ២៥ ពាន់លានដុល្លារអាមេរិក ស្មើនឹង ២,៥ % GDP របស់ប្រទេសនេះ។ ទីក្រុងអង់ការ៉ាអាចចំណាយពេលពី ៣ ទៅ ៥ ឆ្នាំ ដើម្បីជំនះពុះពារលើផលវិបាក និងសម្រេចរួចរាល់កាងារស្ថាបនាឡើងវិញ។ ប៉ុន្តែសម្រាប់ស៊ីរីវិញ លក្ខខ័ណ្ឌសេដ្ឋកិច្ចដ៏លំបាក រួមជាមួយនឹងស្ថានការសង្រ្គាមដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន នឹងបណ្ដាលឲ្យដំណើរការស្ថាបនាជួបការលំបាកជាច្រើន ដែលអាចអូសបន្លាយរាប់ទសវត្សរ៍។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញអន្តរជាតិជាច្រើនមានក្ដីព្រួយបារម្ភថា ការងារស្ថាបនាទាំងនៅទួរគី និងស៊ីរីអាចចំណាយប្រាក់ និងពេលវេលាច្រើនជាងការព្យាករណ៍។  នៅទួរគី ខឿនសេដ្ឋកិច្ចជាតិនៅតែមិនទាន់រួចផុតពីផលប៉ះពាល់នៃវិបត្តិអតិផរណាដ៏ធ្ងន់ធ្ងរ ដែលអូសបន្លាយអស់រយៈពេលច្រើនខែកន្លងទៅខណៈពេលដែលបរិបទនយោបាយក៏មានភាពស្មុគស្មាញផងដែរ។

ចំពោះស៊ីរីវិញ តថភាពជាក់ស្ដែងគួរឲ្យព្រួយបារម្ភជាង នៅពេលដែលថវិការដ្ឋបានថយចុះ ក្រោយសង្គ្រាមស៊ីវិលជាងមួយទសវត្សរ៍ ព្រមទាំងកំពុងរងទណ្ឌកម្មដ៏ធ្ងន់ធ្ងរជាច្រើនរបស់ប្រទេសលោកខាងលិចផងដែរ។

កសាងប្រទេសឡើងវិញក្រោយ​ការរញ្ជួយដីនៅទួរគី និងស៊ីរី៖ ចាំបាច់​ត្រូវមាន​ការ​រួមដៃគ្នារបស់សហគមន៍អន្តរជាតិទាំងមូល - ảnh 2ប្រជាជនទួរគីបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងគាំទ្រយ៉ាងស្វាហាប់របស់គណៈប្រតិភូវៀតណាម។ រូបថត៖ អ្នកយកព័ត៌មាន/VOV-Cairo

ចាំបាច់ត្រូវមានការរួមដៃគ្នាជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិ

អាចមើលឃើញថា បញ្ហាប្រឈមចំពោះការងារស្ថាបនាឡើងវិញ ជំនះពុះពារលើផលវិបាកក្រោយការរញ្ជួយដីនៅទួរគី និងស៊ីរីត្រូវបានប្រទេស និងអង្គការអន្តរជាតិជាច្រើនត្រិះរិះ បន្ទាប់ពីគ្រោះមហន្តរាយកើតមានឡើង។ ដូច្នេះហើយ ត្រឹមតែ ៣ ថ្ងៃ ក្រោយពីការរញ្ជួយដី ធនាគារពិភពលោក (WB) បានបើកដំណើរការជួយឧបត្ថម្ភទួរគីកញ្ចប់ទឹកប្រាក់ស្ដារហិរញ្ញវត្ថុចំនួន ១,៧៨ ពាន់លានដុល្លារអាមេរិក។ លើសពីនេះទៅទៀត ប្រទេសរាប់សិប ក្នុងនោះមានវៀតណាម និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយចំនួន ក៏បានប្រកាសកញ្ចប់ជំនួយដែលមានទំហំខុសៗគ្នា ដើម្បីជួយទួរគី និងស៊ីរី អនុវត្តន៍ការងារស្ថាបនាឡើងវិញ ជំនះពុះពារលើផលវិបាកនៃការរញ្ជួយដី។ នាពេលថ្មីៗនេះ នាថ្ងៃទី ១៩ កុម្ភៈអាជ្ញាធរអាមេរិកបានប្រកាសកញ្ចប់ជំនួយបន្ទាប់ដែលមានតម្លៃ ១០០ លានដុល្លារអាមេរិក ជួយទួរគីជំនះពុះពារលើផលវិបាកនៃការរញ្ជួយដី និងស្ថាបនាប្រទេសឡើងវិញ។

ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញ និងអង្គការអន្តរជាតិ ដោយសារគ្រោះមហន្តរាយនេះមានទំហំធំ ដូច្នេះការស្ថាបនា និងជំនះពុះពារលើផលវិបាកនៃគ្រោះរញ្ជួយដីនៅទួរគី និងស៊ីរី ចាំបាច់ត្រូវទទួលបានការសន្យាយ៉ាងខ្លាំងក្លា និងច្រើនថែមទៀតពីសហគមន៍អន្តរជាតិ ជាពិសេសគឺពីស្ថាប័នហិរញ្ញវត្ថុធំៗដូចជា ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រួមទាំងប្រទេសអ្នកមាន។ ដូច្នេះហើយ ចាំបាច់ត្រូវរៀបចំសន្និសីទអន្តរជាតិ និងតំបន់ស្ដីពីការស្ថាបនាក្រោយការរញ្ជួយដីនៅទួរគី និងស៊ីរី ដោយមានការចូលរួមយ៉ាងទូលំទូលាយពីប្រទេសអ្នកមាន និងស្ថាប័នហិរញ្ញវត្ថុធំៗ។ ចំណែកឯស៊ីរីវិញ សហគមន៍អន្តរជាតិចាំបាច់ត្រូវស្វែងរកដំណោះស្រាយសមស្របឲ្យបានឆាប់ៗ ដើម្បីបញ្ឈប់សង្គ្រាមស៊ីវិល ព្រមទាំងដាក់សម្ពាធលើប្រទេសលោកខាងលិច ដកទណ្ឌកម្មដ៏ធ្ងន់ធ្ងរប្រឆាំងនឹងប្រទេសនេះ។

ជាពិសេស ក្នុងការងារកសាងឡើងវិញ ចាំបាច់ត្រូវផ្ដល់អាទិភាពលើដំណោះស្រាយជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពអំពីជីវភាពរស់នៅសម្រាប់ ប្រជាពលរដ្ឋរាប់សិបលាននាក់ ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីទាំងនៅទួរគី និងស៊ីរី។ តាមនោះ នាពេលខ្លីខាងមុខ ចាំបាច់ត្រូវចំណាយប្រភពកម្លាំងពលំសមស្របសម្រាប់ការងារជួយសង្គ្រោះមនុស្សធម៌ចំពោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។ ក្នុងការខិតខំប្រឹងប្រែងនេះ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterre បានបំផុសយុទ្ធនាការរៃអង្គាសទឹកប្រាក់ចំនួនមួយពាន់លានដុល្លារអាមេរិក ដើម្បីជួយជនរងគ្រោះ និងអ្នកដែលរងគ្រោះដោយគ្រោះរញ្ជួយដី។ នាថ្ងៃដដែល កាកបាទក្រហមអន្តរជាតិបានអំពាវនាវឲ្យផ្ដល់ជំនួយសង្គ្រោះបន្ទាន់ជាង ៧០០ លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅទួរគី និងស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ