គោលនយោបាយអាស៊ីអាគ្នេយ៍របស់សហរដ្ឋអាមេរិក ក្រោយការបោះឆ្នោត
(VOVWORLD) - ការបោះឆ្នោតប្រធានាធិបតីអាមេរិកបានឈានដល់ដំណាក់កាលរាប់ថយក្រោយ។ ការប្រកួតដើម្បីក្លាយទៅជាម្ចាស់សេតវិមាន រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងលោក Biden ទាក់ទាញបានចំណាប់អារម្មណ៍របស់ពិភពលោកទាំងមូល។
ប្រធានាធិបតីអាមេរិក លោក Donald Trump (ឆ្វេង) និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden (រូបថត៖ AFP / VNA) |
ក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ច និងយោធាលេខមួយនៅលើពិភពលោកនោះ ការដែលរដ្ឋាភិបាលអាមេរិកប្ដូរថ្នាក់ដឹកនាំនឹងជះឥទ្ធិពលដល់ព្រឹត្តិការណ៍ធំជាច្រើននៅលើពិភពលោកយ៉ាងពិតប្រាកដ ក្នុងនោះលទ្ធផលនៃការបោះឆ្នោតក៏នឹងជះឥទ្ធិពលដល់តំបន់អាស៊ីផងដែរ។
យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក
បើនិយាយអំពីការអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិងអាស៊ីអាគ្នេយ៍ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ គឺត្រូវចាប់ផ្តើមពីសម័យ អតីតប្រធានាធិបតីអាមេរិក លោក B.Obama ។ នៅក្រោមការដឹកនាំរបស់ លោក B.Obama សហរដ្ឋអាមេរិកបានជំរុញយុទ្ធសាស្ត្រពី “បង្វិលអ័ក្ស”លើអាស៊ី ទៅជា “ រក្សាតុល្យភាពយអាស៊ី - ប៉ាស៊ីហ្វិកឡើងវិញ”ហើយអនុវត្តគោលនយោបាយកិច្ចការបរទេស “ចូលរួមគ្រប់ជ្រុងជ្រោយ” ចំពោះអាស៊ីអាគ្នេយ៍ ហើយបង្កើតទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់។ សមិទ្ធិផលដ៏សំខាន់មួយក្នុងគោលនយោបាយអាស៊ីរបស់រដ្ឋអំណាច លោក Obama គឺការបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងយោធាជាមួយសម្ព័ន្ធមិត្ត ក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ព្រមទាំងបង្កើតកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ។ ទោះយ៉ាងណាក៏ដោយ ប្រការទាំងនេះត្រូវបានផ្លាស់ប្ដូរ ខណៈដែលលោក Donald Trump បាន ចូលកាន់តំណែង។ ក្រោយពេលកាន់ តំណែងក្នុងឆ្នាំ ២០១៧ លោក Trump បានប្រកាសដកអាមេរិកចេញពី TPP។ ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧ លោក Trump បានដាក់ចេញយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ដើម្បីជំនួសយុទ្ធសាស្ត្ររក្សាតុល្យភាព អាស៊ីប៉ាស៊ីហ្វិក”របស់លោក Obama។ ជាទូទៅ គោលនយោបាយចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិករបស់លោក Donald Trump និងលោក Obama គឺសុទ្ធតែផ្អែកលើការពិចារណាយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់បណ្តាប្រទេសនៅអាស៊ី និងអាស៊ីអាគ្នេយ៍។ ប៉ុន្តែ យុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិករបស់លោក Donald Trump បានផ្ដោតសំខាន់លើការប្រកួតប្រជែងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីទប់ទប់នឹងចិន ជំនួសឲ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្ដាប្រទេសអាស៊ី។ ក្រុមអ្នកប្រាជ្ញបានចាត់ទុកថា ប្រសិនបើលោក Trump ជាប់ឆ្នោតឡើងវិញនោះ លោកនឹងបន្តប្រកាន់គោលនយោបាយកិច្ចការបរទេស ដែលចាត់ទុកចិនជាមុខសញ្ញាទប់ទល់ក្នុងអាណត្តិទី ២ របស់ខ្លួន ហើយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍នៅតែត្រូវអនុវត្តន៍យុទ្ធសាស្ត្ររក្សាតុល្យភាពក្នុងការប្រកួតប្រជែងរវាងប្រទេសមហាអំណាចទាំងពីរនេះផងដែរ។
សហរដ្ឋអាមេរិកចង់អះអាងឋានៈនៅអាស៊ីអាគ្នេយ៍?
តើលោក Joe Biden នឹងក្លាយជាលោក Barack Obama ទីពីរឬនឹងបន្តមរតករបស់ប្រធានាធិបតីលោក Donald Trump បើលោកឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០? ទាំងនេះគឺជាសំណួរដែលអ្នកតាក់តែងគោលនយោបាយក្នុងតំបន់ប៉ាស៊ីហ្វិកកំពុងចោទសួរ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនាថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ។ ប្រសិនបើបេក្ខជននៃគណបក្សប្រជាធិបតេយ្យ លោក Joe Biden ឈ្នះការបោះឆ្នោត ខាងមុខនោះ លោកនឹងត្រូវដោះស្រាយបណ្ដាការញ័ររញ្ជួយពីគោលនយោបាយរបស់លោកប្រធានាធិបតី Trump ចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងរយៈពេល ៤ ឆ្នាំកន្លងទៅ។
ពិតណាស់ថា ជាមួយទីតាំងភូមិសាស្ត្រនយោបាយដ៏សំខាន់នៅអាស៊ី និងសមទ្ថភាពតភ្ជាប់ បន្សាំល្អនោះ អាស៊ីអាគ្នេយ៍នឹងជាតំបន់ ដែលរដ្ឋអាណាចថ្មីរបស់សហរដ្ឋអាមេរិកត្រូវពិចារណា ហើយថែមទាំងជាតំបន់ជួយឧបត្ថម្ភសហរដ្ឋអាមេរិកក្នុងការបន្តរក្សាតួនាទីជាសកលរបស់ខ្លួនផងដែរ៕