ចំណុចលេចធ្លោក្នុងដំណាក់កាលទី១ នៃសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥
(VOVWORLD) - ក្រោយរយៈពេល ១៨ ថ្ងៃធ្វើការ ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានបញ្ចប់កាលពីចុងសប្តាហ៍មុន ជាមួយនឹងលទ្ធ ផលលេចធ្លោជាច្រើន ដែលទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់សមាជិករដ្ឋសភា និងអ្នកបោះឆ្នោតទូទាំងប្រទេស។ លទ្ធផលនៃដំណាក់កាលទី១ សម័យប្រជុំនេះ បាន បង្កើតលក្ខខណ្ឌសម្រាប់រដ្ឋសភាបំពេញខ្លឹមសាររបៀបវារៈដែលបានដាក់ចេញ មានទាំង ផ្នែកនីតិបញ្ញត្តិ បញ្ហាសេដ្ឋកិច្ចសង្គម ថវិការដ្ឋ ការងារត្រួតពិនិត្យ និងបញ្ហាសំខាន់ៗ ដទៃទៀត។
សម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៥។ (រូបថត៖ quochoi.vn) |
ដំណាក់កាលទី ១ នៃសម័យប្រជុំរដ្ឋសភាលើកទី ៧ នីតិកាលទី ១៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែឧសភា ដល់ថ្ងៃទី ៨ ខែមិថុនា ដោយបានពិនិត្យ និងសម្រេចលើ បញ្ហាសំខាន់ៗជាច្រើនរបស់ប្រទេសជាតិ ដូចជា៖ ការបំពេញការងារបុគ្គលិក សម័យ សួរដេញដោល និងឆ្លើយសំណួរដេញ
ដោលលើបញ្ហាជាច្រើន ការពិភាក្សា និងផ្តល់ យោបល់លើគម្រោងច្បាប់រាប់សិប។
ការបំពេញការងារបុគ្គលិក
ក្នុងប៉ុន្មានថ្ងៃធ្វើការដំបូងនៃដំណាក់កាលទី១ សម័យប្រជុំលើកទី៧ រដ្ឋសភាបានដំណើរការការងារបុគ្គលិក។ ដោយមានការពិចារណា និងពិភាក្សាយ៉ាងយកចិត្តទុកដាក់ រដ្ឋសភាបានបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ ប្រធានរដ្ឋសភា និងអនុប្រធានរដ្ឋសភា; អនុម័តឧបនាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងនោះ រដ្ឋសភាក៏បានអនុម័តលើការតែងតាំងរដ្ឋមន្ត្រីក្រសួងនគរបាលអាណត្តិ ២០២១-២០២៦ ផងដែរ។ នេះគឺជាចំណុចលេចធ្លោក្នុងដំណាក់កាលទីមួយនៃសម័យប្រជុំនេះ ដែលទទួលបានការយកចិត្តទុកដាក់ពិសេសពីសំណាក់ប្រជាពលរដ្ឋនិងអ្នកបោះឆ្នោតនៅទូទាំងប្រទេស។ លោកស្រី Nguyen Thi Suu សមាជិការដ្ឋសភាខេត្ត Thua Thien-Hue បានធ្វើអត្ថាធិប្បាយថា៖
“ការជ្រើសតាំងមុខតំណែងទាំងអស់ត្រូវបានអនុវត្តន៍ប្រកបដោយជោគជ័យ។ ប្រការនេះបង្ហាញយ៉ាងច្បាស់នូវការមូលមតិជាឯកឆន្ទរបស់សមាជិករដ្ឋសភា។ ទីពីរ វាបង្ហាញឱ្យឃើញថា នៅពេលដែលបុគ្គលិកម្នាក់ត្រូវបានជ្រើសរើសសម្រាប់ការ បោះឆ្នោត ឬការអនុម័តនោះ គេសុទ្ធតែមានទាំងជំនាញ ទាំងលក្ខណៈសម្បត្តិ សីលធម៌ សមត្ថភាពដឹកនាំ និងបទពិសោធន៍”។ សមាជិករដ្ឋសភាជាច្រើនបានអះអាងថា ការសុក្រិតកិច្ចការបុគ្គលិកសំខាន់ៗ របស់ប្រទេសជាតិដោយទាន់ពេលវេលា នឹងរួមចំណែកជួយប្រទេសជាតិបន្តមាន ស្ថិរភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ការឆ្លើយសំណួរដេញដោលដោយស្មោះត្រង់
ចំណុចលេចធ្លោមួយទៀតក្នុងដំណាក់កាលទី១ នៃសម័យប្រជុំលើកទី៧គឺសម័យសួរដេញដោល និងឆ្លើយសំណួរដេញដោល ដែលប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃកន្លះ ដោយផ្តោតលើក្រុមបញ្ហាចំនួន ៥ ក្នុងវិស័យ៖ ធនធានធម្មជាតិ និងបរិស្ថាន ឧស្សាហកម្មនិងពាណិជ្ជកម្ម សវនកម្ម វប្បធម៌-កីឡា និងទេសចរណ៍។ សម័យសួរ ដេញដោលត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍និងវិទ្យុ សម្រាប់អ្នកបោះឆ្នោត និងប្រជាពលរដ្ឋទស្សនា។ នៅក្នុងវិស័យនីមួយៗ ក្រុមបញ្ហាសំខាន់មួយចំនួនក៏ត្រូវ បានជ្រើសរើសសម្រាប់ការពិភាក្សាផងដែរ។ លោកស្រី Mai Thi Phuong Hoa សមាជិការដ្ឋសភាខេត្ត Nam Dinh បានសម្តែងថា៖
“យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះការឆ្លើយសំណួរដេញដោលរបស់រដ្ឋមន្ត្រីទាំង៤ និងឧបនាយករដ្ឋមន្ត្រី Tran Hong Ha។ គេបានផ្ដល់ចម្លើយចំបញ្ហា ខ្លឹមសារសំខាន់ និងវិសាលភាពត្រឹមត្រូវ។ សំណួរក៏ត្រង់ៗដែរ ហើយជាពិសេសមានរដ្ឋមន្ត្រី ដែល ចូលរួមឆ្លើយសំណួរជាលើកដំបូង ដូចជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Dang Quoc Khanh ប៉ុន្តែក៏យល់ដឹងពីបញ្ហាយ៉ាងច្បាស់ ហើយឆ្លើយចំចំណុចនិងខ្លឹមសារសំខាន់ ក៏ដូចជាផ្តល់ដំណោះស្រាយជាច្រើនដើម្បីដោះស្រាយបញ្ហាដែលសមាជិករដ្ឋសភាលើកឡើងផងដែរ”។
ក្នុងដំណាក់កាលទី១ នៃសម័យប្រជុំលើកទី៧ រដ្ឋសភាក៏បានពិភាក្សាយ៉ាងល្អិត ល្អន់លើសេចក្តីព្រាងច្បាប់ចំនួន១៤ និងរបាយការណ៍ត្រួតពិនិត្យនានា។ ក្នុងសម័យ ប្រជុំពិភាក្សា សមាជិករដ្ឋសភាបានលើកមតិយ៉ាងយកចិត្តទុកដាក់ ជាក់លាក់ ដោយ មានមូលដ្ឋានពេញលេញទាំងផ្នែកនយោបាយ ច្បាប់ និងតថភាពជាក់ស្តែង ដើម្បីឲ្យ ស្ថាប័ននានាអាចទទួលយក កែតម្រូវ និងបំពេញសេចក្តីព្រាងច្បាប់។ លោក Truong Xuan Cu សមាជិករដ្ឋសភានៃទីក្រុងហាណូយបានចាត់ទុកថា៖
“មតិយោបល់របស់សមាជិករដ្ឋសភាគឺមានទំនួលខុសត្រូវខ្ពស់ ហើយមានការ ត្រៀមរៀបចំយ៉ាងប្រុងប្រយ័ត្ន ស៊ីជម្រៅ និងបង្ហាញបាននូវទស្សនៈផ្ទាល់ខ្លួន។ តាម នោះ យើងអាចមើលឃើញថា សមាជិករដ្ឋសភាក្ដាប់ជាប់បាននូវកង្វល់និងសេចក្តី ប្រាថ្នារបស់អ្នកបោះឆ្នោត ក៏ដូចជាស្ថានភាពជាក់ស្តែងបច្ចុប្បន្ន ដើម្បីពិភាក្សាប្រកប ដោយប្រសិទ្ធភាព និងជាក់ស្តែង”។
នៅក្នុងដំណាក់កាលទី១មួយនៃសម័យប្រជុំនេះ រដ្ឋសភាក៏បានស្តាប់សំណើ និងរបាយការណ៍ផ្ទៀងផ្ទាត់ស្តីពីការផ្តល់សច្ចាប័នលើការចូលជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងផងដែរ។ ពិភាក្សាអំពីខ្លឹមសារនេះ អង្គ ប្រជុំបានវាយតម្លៃថា ការផ្តល់សច្ចាប័នលើឯកសារចូលជាសមាជិក CPTPP របស់ ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង នឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ វៀតណាម ហើយបានគាំទ្រ រដ្ឋសភាចេញសេចក្តីសម្រេចចិត្តអនុម័តលើឯកសារនៅ ហ្នឹងសម័យប្រជុំនេះ ជាមួយនឹងចំនួនសន្លឹកឆ្នោតឯកច្ឆន្ទខ្ពស់។
ឆ្នាំ ២០២៤ គឺជាឆ្នាំនៃការពន្លឿននិងលោតផ្លោះ សំដៅអនុវត្តន៍ប្រកបដោយ ជោគជ័យនូវកម្មវិធី និងផែនការការងារសំខាន់ៗ។ ដូច្នេះហើយ លទ្ធផលដែលសម្រេច បានក្នុងរបៀបវារៈដំណាក់កាលទី១ សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥ បាន រួមចំណែកចាក់គ្រឹះលើជោគជ័យរួមនៃសម័យប្រជុំទាំងមូល ពីនោះដាក់ចេញសេចក្តី សម្រេច និងគោលនយោបាយដោយមានលក្ខណៈទម្លុះទម្លាយ រួមចំណែកដល់ការ សម្រេច ក្នុងលទ្ធផលខ្ពស់បំផុតនូវសកម្មភាពរបស់រដ្ឋសភាលើការងារនីតិប្បញ្ញត្តិ ការត្រួតពិនិត្យ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិផងដែរ៕