(VOVWORLD) - ថ្ងៃទី ៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ គឺជាទិវាច្បាប់វៀតណាម ដែលជាព្រឹត្តិការណ៍មួយសំដៅលើកតម្កើងតួនាទីដ៏សំខាន់របស់ប្រព័ន្ធច្បាប់ក្នុងការប្រតិបត្តិនិងគ្រប់គ្រងប្រទេសជាតិ ជាពិសេសក្នុងដំណើរការកសាង និងសុក្រិតនូវរដ្ឋនីតិរដ្ឋសង្គមនិយមនៅវៀត ណាមនាពេលបច្ចុប្បន្ន។ នៅក្នុងផ្ទាំងរូបភាពរួមនៃប្រព័ន្ធច្បាប់ បទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយគឺជាកត្តាមិនអាចខ្វះបាន ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅនៃការកសាងរដ្ឋនីតិរដ្ឋ។
រូបថត៖ កាសែតច្បាប់ |
កាលនៅរស់ លោកប្រធានហូជីមិញធ្លាប់អះអាងថា៖ អំពើពុករលួយ ការខ្ជះខ្ជាយ និងការិយាធិបតេយ្យធ្វើឲ្យយឺតយ៉ាវកិច្ចការតស៊ូប្រយុទ្ធ និងការស្ថាបនាប្រទេសជាតិ។
សព្វថ្ងៃនេះ បក្សកុម្មុយនិស្តវៀតណាមកំណត់ថា ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការកំណែទម្រង់របស់ប្រទេសជាតិ។ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអវិជ្ជមាន ដើម្បីការពារបក្ស ការពារនីតិរដ្ឋសង្គមនិយម កសាងរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាពជាងនិងយុត្តិធម៌ជាង រួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរឹងមាំ និងបំពេញមុខងារសង្គមកាន់តែប្រសើរឡើង។
កសាងប្រព័ន្ធច្បាប់ប្រកបដោយសមកាលកម្មលើការទប់ស្កាត់ និងប្រឆាំងអំពើ ពុករលួយ
ច្បាប់ស្តីពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយទទួលបានការយកចិត្តទុកដាក់ តាំងពីដើមដំបូងនៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម)។
ក្នុងអំឡុងពេលនៃការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ គោលការណ៍ណែនាំ និងគោលនយោបាយស្តីពីការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវបានបញ្ជាក់កាន់តែជាក់ស្តែង។ ក្នុងដំណាក់កាលផ្លាស់ប្តូរប្រទេសជាតិ បក្សកុម្មុយនិស្តវៀតណាមមានគោលនយោបាយ សុក្រិតយ៉ាងឆាប់ៗ នូវក្របខ័ណ្ឌច្បាប់ប្រកបដោយសមកាលកម្ម និងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ ដូច្នេះ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី១០ (ឆ្នាំ ២០០៦) បានចេញសេចក្តីសម្រេចចិត្តស្តីពីការពង្រឹងការដឹកនាំរបស់បក្សក្នុងការទប់ស្កាត់ និងប្រឆាំងអំពើពុករលួយនិងភាពខ្ជះខ្ជាយ។ មុននេះ ជាលើកដំបូង ច្បាប់ប្រឆាំងអំពើពុករលួយឆ្នាំ ២០០៦ បានចែងជាពិសេសអំពីខ្លឹមសារនៃការគ្រប់គ្រងទ្រព្យសម្បត្តិ និងប្រាក់ចំណូលសម្រាប់ក្រុមមនុស្សដែលមានមុខតំណែង និងអំណាច។ ប្រការនេះបង្ហាញពីការផ្លាស់ប្តូរការយល់ដឹងអំពីតម្រូវការក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ និងប្រាក់ចំណូលសម្រាប់កម្មាភិបាល និងអ្នកគ្រប់គ្រង - ជាម្ចាស់កម្មវត្ថុដែលអនុវត្តអំណាចសាធារណៈប្រចាំថ្ងៃក្នុងការទំនាក់ទំនង ជាមួយអាជីវកម្ម ប្រជាជន។
ជាមួយនឹងការបោះជំហានយ៉ាងប្រុងប្រយ័ត្នក្នុងការអនុវត្តការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយដែលផ្សាភ្ជាប់ជាមួយស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម មហាសន្និបាតបក្សលើកទី ១៣ (ឆ្នាំ ២០២១) បានទទួលមរតក និងបង្កើតទស្សនៈណែនាំ បន្តគោលដៅ៖ ប្តេជ្ញា ស្វិតស្វាញក្នុងការតស៊ូទប់ស្កាត់អំពើពុករលួយ ភាពខ្ជះខ្ជាយ។ នាខែវិច្ឆិកា ឆ្នាំ ២០២២ គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ បានចេញសេចក្តីសម្រេចចិត្តលេខ ២៧ ស្តីពីការបន្តកសាង និងសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាម ក្នុងសម័យកាលថ្មី។
នាពេលថ្មីៗនេះ សម័យប្រជុំលើកទី៦ នៃរដ្ឋសភានីតិកាលទី១៤ បានអនុម័តច្បាប់វិសោធនកម្មស្តីពីការទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ ឆ្នាំ ២០១៨។ ប្រការនេះបង្ហាញពីការប្តេជ្ញាចិត្តនយោបាយរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ជាមួយនឹងការអនុម័តច្បាប់វិសោធនកម្ម ស្តីពីការទប់ស្កាត់ និងប្រឆាំងអំពើពុករលួយក្នុង ឆ្នាំ២០១៨ ប្រព័ន្ធគោលនយោបាយ និងឯកសារច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវបានធ្វើសមកាលកម្ម និងកាន់តែសុក្រិតពីមួយថ្ងៃទៅមួយថ្ងៃ។
លើកកម្ពស់ប្រសិទ្ធភាពនៃច្បាប់ទប់ស្កាត់ ប្រយុទ្ធប្រឆាំងអំពើពុករលួយ
ក្នុងនាមជាកត្តាសំខាន់ក្នុងការកសាងរដ្ឋនីតិរដ្ឋ ច្បាប់ប្រឆាំងអំពើពុករលួយបន្តត្រូវបានកែលម្អប្រកបដោយសមកាលកម្មជាមួយប្រព័ន្ធច្បាប់របស់វៀតណាម។ ឯកសារណែនាំនៅក្រោមច្បាប់ក៏ត្រូវបានធ្វើសមកាលកម្មកាន់តែខ្លាំងឡើងនៅក្នុងប្រតិបត្តិការគ្រប់គ្រងទ្រព្យសម្បត្តិនិងប្រាក់ចំណូល; រឹបអូសនូវទ្រព្យសម្បត្តិពុករលួយនិងភាពអសកម្ម; កំណែទម្រង់រដ្ឋបាល អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការគ្រប់គ្រង និងការទូទាត់មិនមែនសាច់ប្រាក់...ជាដើម។
នាពេលថ្មីៗនេះ វៀតណាមកំពុងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រជាតិស្តីពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយរហូតដល់ឆ្នាំ ២០៣០ ដោយផ្តោតលើការស្រាវជ្រាវ ពិនិត្យ វិសោធនកម្ម បំពេញបន្ថែម ធ្វើបច្ចុប្បន្នភាពច្បាប់ស្តីពីការគ្រប់គ្រងសេដ្ឋកិច្ចសង្គម និងបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអវិជ្ជមាន ដើម្បីស្នើភារកិច្ចជាក់ស្តែងក្នុងកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិនៃរដ្ឋសភានីតិកាលទី១៥ និងទី១៦; ដោយផ្តោតលើការពង្រឹងសមត្ថភាពក្នុងការ ទប់ស្កាត់ ស្វែងរក និងដោះស្រាយអំពើពុករលួយ និងអវិជ្ជមាន។
ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអសកម្ម មិនត្រឹមតែមានគោល បំណងបោសសម្អាតជួរកម្មាភិបាល ការពារបក្ស រដ្ឋនីតិរដ្ឋសង្គមនិយម និងការពារតម្លាភាពក្នុងទំនាក់ទំនងសង្គមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ច សង្គមរបស់វៀតណាមផងដែរ។
ការកសាងរដ្ឋនីតិរដ្ឋសង្គមនិយមនៅវៀតណាមគឺជាតម្រូវការបន្ទាន់ក្នុងនិន្នាការបច្ចុប្បន្ននៃសមាហរណកម្មអន្តរជាតិ។ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយត្រូវបានបង្កើតឡើងប្រកបដោយសមកាលកម្ម និងត្រូវបានសុក្រិតពីមួយថ្ងៃទៅមួយថ្ងៃ ហើយនឹងដើរតួយ៉ាងសំខាន់សម្រាប់អនុវត្តន៍ជាក់ស្តែងនូវគោលដៅទាំងនេះ៕