ច្បាប់អនុវត្តន៍ប្រជាធិបតេយ្យនៅមូលដ្ឋានត្រូវបានបង្ហើយគ្រប់ជ្រុងជ្រោយ
(VOVWORLD) - នៅសាលប្រជុំរដ្ឋសភាថ្ងៃនេះ សមាជិកសភាបានពិភាក្សាជាក្រុមអំពីសេចក្តីព្រាងច្បាប់ស្តីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន។ នេះជាលើកទីមួយហើយ ដែលសេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់ជូនរដ្ឋសភា ដើម្បីឱ្យសមាជិករដ្ឋសភាធ្វើការពិភាក្សា និងផ្តល់យោបល់យ៉ាងទូលំទូលាយ រួមចំណែកធ្វើឱ្យច្បាប់ស្តីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋានមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយ។
ទិដ្ឋភាពពេលព្រឹកថ្ងៃទី ៣១ ខែឧសភា (រូបថត៖ quochoi.vn) |
នៅវៀតណាម បំណងប្រាថ្នាចង់បានប្រជាធិបតេយ្យនិងការអនុវត្តប្រជាធិបតេយ្យត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់នៅក្នុងសតិអារម្មណ៍របស់លោកប្រធានហូជីមិញ។ នោះហើយជាសតិអារម្មណ៍អំពីលទ្ធិប្រជាធិបតេយ្យពិតប្រាកដ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ដោយមើលឃើញថា ប្រជាធិបតេយ្យជាមធ្យោបាយដ៏មានប្រសិទ្ធភាព នាំមកនូវសេរីភាព សុភមង្គល អាហារ និងសម្លៀកបំពាក់ជូនប្រជាពលរដ្ឋ នាំមកនូវភាពចម្រុងចម្រើនដល់ប្រជាពលរដ្ឋ ភាពរីកចម្រើន និងការអភិវឌ្ឍ ប្រកបដោយស្ថិរភាពសម្រាប់ប្រទេសជាតិ។ បន្តតាមសតិអារម្មណ៍របស់លោកប្រធាន បក្សកុម្មុយនិស្តវៀតណាមតែងតែប្រកាន់ខ្ជាប់នូវទស្សនៈអំពីការកសាងរបបប្រជាធិបតេយ្យសង្គមនិយម និងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។
សុក្រិតច្បាប់ប្រជាធិបតេយ្យនៅមូលដ្ឋានដោយឥតឈប់ឈរ
ការអនុវត្តជាក់ស្តែងរាល់គោលការណ៍ណែនាំ គោលមាគ៌ា និងគោលនយោបាយរបស់បក្សលើការលើកកំពស់ភាពម្ចាស់ការរបស់ប្រជាជន រដ្ឋធម្មនុញ្ញវៀតណាមទាំងអស់បានដើរតាមនិន្នាការនៃការពន្លឿនការកែលម្អក្របខ័ណ្ឌច្បាប់សម្រាប់ការអនុវត្តជាក់ស្តែងអំពីសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន ដើម្បីធានាបាននូវការអនុវត្ត ប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានកាន់តែប្រសើរឡើង។ ដោយឈរលើមូលដ្ឋាននៃរដ្ឋធម្មនុញ្ញ ការិយាល័យនយោបាយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងរដ្ឋាភិបាលបានចេញសេចក្តីណែនាំ បទបញ្ជា សេចក្តីសម្រេចចិត្ត ស្តីពីការបង្កើត និងអនុវត្តន៍បទបញ្ញត្តិស្តីពីប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ជាពិសេសនៅតាមឃុំ សង្កាត់ ដោយអះអាងនូវបាវចនា “ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ”។ ជាមួយនឹងការចេញផ្សាយរាល់ឯកសារខាងលើ រដ្ឋបានបង្កើតឧបករណ៍ច្បាប់សម្រាប់អនុវត្តន៍ប្រជាធិបតេយ្យនៅមូលដ្ឋាន ដោយផ្តល់ឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាននូវសិទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដូចជាសិទ្ធិស្គាល់ពីខ្លឹមសារទាក់ទងនឹងសេដ្ឋកិច្ច-សង្គមរបស់ប្រជាជននៅកម្រិតមូលដ្ឋាន; សិទ្ធិពិភាក្សា និងសម្រេចដោយផ្ទាល់ សិទ្ធិពិភាក្សា និងបោះឆ្នោតឱ្យអាជ្ញាធរមានសមត្ថកិច្ចចេញសេចក្តីសម្រេចលើបញ្ហាសំខាន់ៗក្នុងមូលដ្ឋាន; សិទ្ធិឃ្លាំមើលចំពោះខ្លឹមសារទាំងអស់ដែលប្រជាជនមានសិទ្ធិស្គាល់ អាចពិគ្រោះនិងសម្រេចដោយផ្ទាល់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Pham Thi Thanh Tra បានឲ្យដឹងថា៖ “ឯកសារដែលលើកឡើងខាងលើបានកំណត់យ៉ាងពេញលេញនូវខ្លឹមសារ និងទម្រង់នៃការអនុវត្តប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ធានាការអនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពី “ប្រជា ជនស្គាល់ ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ” បង្កើតមូលដ្ឋានច្បាប់សម្រាប់ការអនុវត្តសិទ្ធិជាម្ចាស់របស់ប្រជាជន និងរបស់កម្មាភិបាល បុគ្គលិក និងនិយោជិតនៅថ្នាក់មូលដ្ឋាន បង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវភាពនយោបាយ-សង្គម”។
យ៉ាងណាមិញ នៅចំពោះមុខតម្រូវការនៃការធ្វើសមាហរណកម្មនិងការច្នៃប្រឌិតដ៏រឹងមាំនៅក្នុងគ្រប់វិស័យនៃជីវភាពសង្គម ការបង្កើតក្រមច្បាប់មួយស្តីពីប្រជាធិបតេយ្យនៅមូលដ្ឋានដែលមានវិសាលភាពទូលំទូលាយ ប្រធានបទជាក់ស្តែង និងមានប្រសិទ្ធភាព គឺកាន់តែចាំបាច់ដើម្បីធានាថា ស្ថាប័នប្រជាធិបតេយ្យត្រូវបានអនុវត្តន៍យ៉ាងមានប្រសិទ្ធភាពក្នុងស្ថានភាពជាក់ស្តែង។ លោក Hoang Thanh Tung ប្រធានគណៈកម្មាធិការច្បាប់នៃរដ្ឋសភាបានឲ្យដឹងថា៖ “ការផ្សព្វផ្សាយច្បាប់ស្តីពីការអនុវត្តប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន គឺដើម្បីអនុវត្តន៍ជាក់ស្តែងនូវគោលនយោបាយ “អនុវត្ត និងលើកកម្ពស់ប្រជាធិបតេយ្យសង្គមនិយមឲ្យបានទូលំទូលាយ សិទ្ធិជាម្ចាស់របស់ប្រជាជន និងតួនាទីជាកម្មវត្ថុរបស់ប្រជាជន ដោយបាវចនាថា “ប្រជាជនស្គាល់ ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ ប្រជាជនទទួលផល” និងអនុវត្តឱ្យបានត្រឹមត្រូវនិងមានប្រសិទ្ធិភាពប្រជាធិបតេយ្យដោយផ្ទាល់ ប្រជាធិបតេយ្យតំណាង ជាពិសេសប្រជាធិបតេយ្យនៅមូលដ្ឋាន” ត្រូវបានសង្កត់ធ្ងន់នៅក្នុងឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្ស; បន្តពង្រឹងសិទ្ធិរបស់ប្រជាជនក្នុងការធ្វើជាម្ចាស់ សិទ្ធិមនុស្ស សិទ្ធិ និងកាតព្វកិច្ចជាមូលដ្ឋាន របស់ប្រជាពលរដ្ឋដូចបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដោយឈរលើមូលដ្ឋាននោះ រួមចំណែកកសាង និងធ្វើរួមចំណែកសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាម”។
ប្រធានគណៈកម្មាធិការច្បាប់ លោក Hoang Thanh Tung ថ្លែងមតិ (រូបថត៖ quochoi.vn) |
ធានាឱ្យគោលការណ៍នៃច្បាប់ស្ដីពីការអនុវត្តប្រជាធិបតេយ្យត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព
ក្នុងសេចក្តីព្រាងច្បាប់នេះ វិសាលភាពកែតម្រូវត្រូវបានពង្រីកនៅពេលកំណត់ការអនុវត្តប្រជាធិបតេយ្យមូលដ្ឋានសម្រាប់គ្រឹះស្ថានសំខាន់ៗចំនួន ០៣ រួមមានៈ ឃុំ សង្កាត់ ទីរួមស្រុក សហគមន៍ លំនៅដ្ឋាននៅក្នុងអង្គភាពរដ្ឋបាលឃុំ សង្កាត់; ទីភ្នាក់ងារ អង្គភាពរដ្ឋបាលសាធារណៈរបស់បក្ស រដ្ឋ អង្គការនយោបាយសង្គម និងសហគ្រាស។ សេចក្តីព្រាងបំពេញបន្ថែមនូវបទបញ្ញត្តិជាច្រើន ស្តីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន ដូចជា សិទ្ធិប្តឹងតវ៉ា ចាប់ផ្តើមបណ្តឹង និងបរិហារការរំលោភច្បាប់ស្តីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន។ កំណត់ទម្រង់នៃការធ្វើចំណាត់ការដើម្បីដោះស្រាយការបំពានលើក្រុមនីមួយៗ ទង្វើបំពាន។ ស្តីពីការអនុវត្តប្រជាធិបតេយ្យនៅឃុំ សង្កាត់ និងទីរួមស្រុក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Pham Thi Thanh Tra បានឲ្យដឹងថា៖ “សេចក្តីព្រាងច្បាប់ស្តីពីការពង្រីកវិសាលភាពនៃការបញ្ចេញព័ត៌មាននៅថ្នាក់ឃុំ សង្កាត់ សមស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងច្បាប់បច្ចុប្បន្ន; ធ្វើពិពិធកម្មទម្រង់នៃការបង្ហាញព័ត៌មាននៅថ្នាក់ឃុំ បំពេញបន្ថែមទម្រង់ថ្មីមួយចំនួន ដូចជាការបង្ហោះព័ត៌មាននៅលើវិបផតថល គេហទំព័រផ្តល់ព័ត៌មានអេឡិចត្រូនិក; តាមរយៈសន្និសីទស្តីពីការផ្លាស់ប្តូរ និងកិច្ចសន្ទនារវាងគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ និងប្រជាជន; ពង្រីកប្រជាធិបតេយ្យដោយផ្ទាល់នៅថ្នាក់ឃុំ-សង្កាត់ ក្នុងទិសដៅបំពេញបន្ថែមបញ្ហាដែលប្រជាពលរដ្ឋពិភាក្សា និងសម្រេចដោយផ្ទាល់; បទប្បញ្ញត្តិស្តីពីគំនិតផ្តួចផ្តើមដោយប្រជាជនស្នើរឡើង”។
ការពង្រីកប្រជាធិបតេយ្យគឺជាបញ្ហាសំខាន់មានអត្ថន័យយុទ្ធសាស្ត្រសម្រាប់ដំណើរការ អភិវឌ្ឍន៍ប្រទេសជាតិ។ ការដែលរដ្ឋសភាផ្តោតការពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុវត្តប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានមានសារៈសំខាន់ខ្លាំងណាស់ រួមអនុវត្តន៍ជាក់ស្តែងនូវសិទ្ធិជាម្ចាស់របស់ប្រជាជន សិទ្ធិមនុស្ស និងសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាម៕