(VOVWORLD) - នៅឆ្នាំនេះ បញ្ញាសិប្បនិមិត្ត (AI) បានលេចចេញជាបញ្ហាសកលមួយ។ ទន្ទឹមនឹងសក្តានុពលនៃការអនុវត្តដ៏ទូលំទូលាយនៅក្នុងជីវភាពសេដ្ឋកិច្ចសង្គមនៃប្រទេសនានា AI ក៏បង្កឡើងហានិភ័យខ្ពស់ទាក់ទងនឹងសន្តិសុខ សុវត្ថិភាព ដែលបង្ខំឱ្យប្រទេស និងអង្គការអន្តរជាតិត្រូវស្វែងរកវិធានការគ្រប់គ្រងជាបន្ទាន់។
នៅថ្ងៃទី ១ ខែវិច្ឆិកា ពាក្យ AI ដែលជាពាក្យកាត់នៃបញ្ញាសិប្បនិម្មិតត្រូវបាន រោងបោះពុម្ពផ្សាយវចនានុក្រមដ៏ល្បីល្បាញ Collins (អង់គ្លេស) ជ្រើសរើសជាពាក្យគន្លឹះក្នុងឆ្នាំនេះ។ (រូបថត៖ CCO) |
នៅថ្ងៃទី ១ ខែវិច្ឆិកា ពាក្យ AI ដែលជាពាក្យកាត់នៃបញ្ញាសិប្បនិម្មិតត្រូវបាន រោងបោះពុម្ពផ្សាយវចនានុក្រមដ៏ល្បីល្បាញ Collins (អង់គ្លេស) ជ្រើសរើសជាពាក្យគន្លឹះក្នុងឆ្នាំនេះ។ ដោយពន្យល់ពីជម្រើសនេះ អ្នកជំនាញផ្នែកភាសារបស់ Collins បាននិយាយថា ការគ្របដណ្ដប់នៃពាក្យបច្ចេកវិទ្យានេះបាន “កើនឡើងយ៉ាងឆាប់រហ័ស" ហើយបានក្លាយទៅជា "ប្រធានបទពិភាក្សាស្នូលនៃឆ្នាំ" ជាមួយនឹងភស្តុតាងដ៏គួរឱ្យជឿជាក់បំផុតថា ការប្រើប្រាស់ពាក្យ AI បានកើនឡើង ៤ ដងក្នុងឆ្នាំកន្លងទៅ។
សក្តានុពលដ៏ធំធេងរបស់ AI ក្នុងការអនុវត្ត
ការប្រសូត្រឡើង និងការក្លាយទៅជាបាតុភូតសកលនៅដើមឆ្នាំនេះរបស់ ChatGPT ដែលជាកម្មវិធី AI របស់ក្រុមហ៊ុន OpenAI ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់ដែលផ្លាស់ប្តូរការយល់ឃើញរបស់មនុស្សជាច្រើនចំពោះ AI ដោយសារតែ ChatGPT និងដៃគូប្រកួតប្រជែងនានាដូចជា៖ Gemini របស់ Google DeepMind ឬ Grok AI របស់មហាសេដ្ឋី
Elon Musk បានគូសសញ្ញានូវការចាប់ផ្តើមនៃយុគសម័យរបស់ចំណេះដឹង AI។ ទាំងនេះមិនមែនជាកម្មវិធីបច្ចេកវិទ្យា ដែលបម្រើតម្រូវការអ្នកប្រើប្រាស់ដោយអសកម្មទៀតទេ ប៉ុន្តែបានវិវត្តទៅកម្រិតខ្ពស់ជាង នោះគឺចាប់ផ្ដើមមាន "ការគិតបឋម" ដោយម្ចាស់ការ ដែលមានសមត្ថភាពតភ្ជាប់ទិន្នន័យមេតា ការអភិវឌ្ឍការយល់ដឹងដោយខ្លួនឯង និងការវិវត្តតាមរយៈអន្តរកម្មជាមួយអ្នកប្រើប្រាស់។
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres។ (រូបថត៖ IRNA/VNA) |
ជំនាន់ AI ថ្មី និងបច្ចេកវិទ្យា AI ពហុមុខងារកម្រិតខ្ពស់ (AI Frontier) កំពុងបង្កើតសក្តានុពលអនុវត្តដ៏ធំធេងក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសនានា។ អាចនិយាយដល់ឧទាហរណ៍លេចធ្លោមួយចំនួនដូចជា នៅម៉ាឡេស៊ី AI ត្រូវបានអនុវត្តន៍ក្នុងផលិតកម្មកសិកម្ម ដោយជួយកសិករបង្កើតផែនទីទិន្នន័យវប្បកម្ម និងតាមដានផលិតភាពដំណាំ។ នៅអ៊ីស្រាអែល មជ្ឈដ្ឋានហិរញ្ញវត្ថុប្រើប្រាស់ AI ក្នុងការបង្កើតគំរូព្យាករណ៍។ នៅប្រទេសថៃ មន្ត្រីរដ្ឋាភិបាលប្រើប្រាស់ AI ដើម្បីត្រួតពិនិត្យការបង់ពន្ធ ត្រួតពិនិត្យប្រតិបត្តិការរបស់អ្នកបង់ពន្ធតាមបណ្តាញសង្គម។ល។ យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ប្រសិនបើប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងយុត្តិធម៌ AI អាចបង្កើតរបកគំហើញនៅក្នុងផ្លូវអភិវឌ្ឍន៍នៃប្រទេសនានា៖
"AI អាចជំរុញយ៉ាងខ្លាំងក្លានូវសកម្មភាពអាកាសធាតុ និងការខិតខំប្រឹងប្រែងអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពចំនួន ១៧ ត្រឹមឆ្នាំ ២០៣០។ ប៉ុន្តែទាំងអស់នេះអាស្រ័យលើបច្ចេកវិទ្យា AI ដែលត្រូវបានប្រមូលផ្តុំដោយការទទួលខុសត្រូវ និងអាចប្រើប្រាស់បានសម្រាប់មនុស្សទាំងអស់ រួមទាំងប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការបច្ចេកវិទ្យានេះច្រើនបំផុត។"
អភិវឌ្ឍន៍ AI ប្រកបដោយការទទួលខុសត្រូវដើម្បីកាត់បន្ថយហានិភ័យ
ក្រៅពីអត្ថប្រយោជន៍និងសក្ដានុពលដ៏ធំធេង AI ក៏កំពុងចាប់ផ្តើមបង្កឲ្យមានការព្រួយបារម្ភផងដែរ។ នៅចំពោះមុខការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា AI ក្នុងឆ្នាំនេះ ប្រទេស អង្គការអន្តរជាតិ ក៏ដូចជាអ្នកជំនាញផ្នែកបច្ចេកវិទ្យានានា កាន់តែមានការប្រុងប្រយ័ត្នចំពោះហានិភ័យដែល AI អាចបង្កើតឡើងចំពោះសន្តិសុខជាតិ ស្ថិរភាពសង្គម ហើយលើសពីនេះទៅទៀតគឺសុវត្ថិភាពរបស់មនុស្សជាតិ។ មហាសេដ្ឋីអាមេរិក Elon Musk ដែលជាអ្នកត្រួសត្រាយផ្លូវម្នាក់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI ក៏បានព្រមានអំពីគ្រោះថ្នាក់នៃបច្ចេកវិទ្យានេះដែរ ប្រសិនបើមិនមានការគ្រប់គ្រងនោះទេ៖
"ខ្ញុំគិតថាសាធារណៈមតិនៅពេលខ្លះ មានសុទិដ្ឋិនិយមច្រើនពេកអំពីបច្ចេកវិទ្យា AI។ ខ្ញុំនិយាយយ៉ាងដូច្នេះក្នុងនាមជាវិស្វករបច្ចេកវិទ្យាដែលយល់ច្បាស់ពីវា។ ប្រសិនបើថ្លឹងថ្លែង ខ្ញុំគិតថា AI ភាគច្រើនជាធនធានដ៏ល្អមួយ ប៉ុន្តែលទ្ធភាពដែលវាក្លាយជាបច្ចេកវិទ្យាអាក្រក់ គឺមិនមែន ០% នោះទេ។ ដូច្នេះ យើងត្រូវកាត់បន្ថយហានិភ័យនៃបច្ចេកវិទ្យានេះ”។
នៅដើមខែវិច្ឆិកាកន្លងទៅ ជាលើកដំបូងដែលកិច្ចប្រជុំកំពូលសកលស្តីពីសុវត្ថិភាព AI ត្រូវបានធ្វើឡើងនៅចក្រភពអង់គ្លេស ដោយបានអនុម័តលើសេចក្តីថ្លែងការណ៍ Bletchley ដោយមានហត្ថលេខីពីតំណាងនៃប្រទេសចំនួន ២៧ រួមទាំងប្រទេសមហាអំណាច AI ឈានមុខគេលើពិភពលោកដូចជា៖ សហរដ្ឋអាមេរិក ចិន និង សហភាពអឺរ៉ុប (EU) ដែលបានសន្យាលើកកម្ពស់ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រើប្រាស់ និងការស្រាវជ្រាវ AI ប្រកបដោយសុវត្ថិភាព។
នៅចុងខែតុលា អង្គការសហប្រជាជាតិបានប្រកាសបង្កើតក្រុមប្រឹក្សា AI ដោយមានសមាជិកចំនួន ៣៩ នាក់ ដែលជានាយកក្រុមហ៊ុន មន្ត្រីរដ្ឋាភិបាល និងអ្នកប្រាជ្ញ ដែលទទួលភារកិច្ចផ្តល់ទិសដៅសម្រាប់ការគ្រប់គ្រង AI នៅកម្រិតអន្តរជាតិ។ ជាពិសេស នៅដើមខែធ្នូ សហភាពអឺរ៉ុបបានសម្រេចកិច្ចព្រមព្រៀងនយោបាយមួយស្តីពីបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ AI ។ នេះនឹងជាច្បាប់ដំបូង និងពេញលេញបំផុតស្តីពី AI ដែលត្រូវបានអនុវត្តន៍នៅលើពិភពលោក។
នៅថ្នាក់ជាតិ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានបង្កើតវិទ្យាស្ថានសុវត្ថិភាព AI ដើម្បីវាយតម្លៃ និងសាកល្បងគំរូថ្មី តាមនោះកំណត់ហានិភ័យដែលអាចកើតមានទាំងអស់ពី AI ។ ទន្ទឹមនឹងនេះ ប្រទេសចិនក៏បានប្រកាសអំពី "គំនិតផ្ដួចផ្ដើមគ្រប់គ្រង AI សកល" ដែលដាក់ចេញបទបញ្ញត្តិបណ្ដោះអាសន្នមួយចំនួនចំពោះបច្ចេកវិទ្យា AI។ លើសពីនេះ សម្ព័ន្ធក្រុមហ៊ុន និងអង្គការស្រាវជ្រាវជាង ៥០ ដូចជា៖ Meta, IBM, Intel, Sony, Dell, NASA... បានរួមគ្នាបង្កើតសម្ព័ន្ធភាព AI ប្រភពកូដបើកចំហ ដើម្បីធានាវិធីសហប្រតិបត្តិការបើកចំហ និងប្រកបដោយតម្លាភាព ក្នុងការអភិវឌ្ឍបច្ចេកវិទ្យានេះផងដែរ៕