ឆ្នាំមួយដ៏ពេញទៅដោយបញ្ហាប្រឈមចំពោះទំនាក់ទំនងអាមេរិក-ចិន

(VOVWORLD) - ដូចនឹងការព្រួយបារម្ភរបស់អ្នកវិភាគជាច្រើន ទំនាក់ទំនងរវាងប្រទេសមហា អំណាចទាំង២ ហើយក៏ជាខឿនសេដ្ឋកិច្ចធំបំផុតពិភពលោកទាំង២នោះ គឺសហរដ្ឋ អាមេរិកនិងចិន បន្តកត់សម្គាល់បញ្ហាប្រឈមជាច្រើនក្នុងឆ្នាំ២០២១។ ប៉ុន្តែ ទោះបីជា ស្ថានការណ៍តានតឹងមិនទាន់បានផ្សះផ្សាក៏ដោយហើយពេលខ្លះបានកើនឡើងខ្ពស់ ក៏ទំនាក់ទំនងទូទៅនៅតែត្រូវបានគ្រប់គ្រង នៅពេលដែលភាគីទាំងពីរសុទ្ធតែ បង្ហាញយ៉ាងច្បាស់តម្រូវការសន្ទនានិងសហប្រតិបត្តិការជាមួយគ្នាក្នុងវិស័យជាក់ស្ដែងមួយចំនួន។

ជាមួយនឹងការដែលលោក Joe Biden ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់អាមេរិក (ចូលកាន់តំណែងនាថ្ងៃទី២០ មករា ឆ្នាំ២០២១) នោះ គេមានការរំពឹងទុកជាច្រើនអំពី ការកែលម្អទំនាក់ទំនងរវាងអាមេរិកនិងចិន យ៉ាងហោចណាស់ថា មានភាពតានតឹង តិចជាងបើធៀបនឹងអាណត្តិប្រធានាធិបតីរបស់លោក Donald Trump (២០១៦-២០២០)។ ប៉ុន្តែ តាមពិតទៅ ក្នុងអំឡុងឆ្នាំ២០២១ ទំនាក់ទំនងរវាងមហាអំណាចសេដ្ឋ កិច្ចធំបំផុតពិភពលោកទាំងពីរនេះ នៅតែស្ថិតនៅក្នុងស្ថានការណ៍តានតឹងដ៏ធ្ងន់ធ្ងរ។ អ្នកអត្ថាធិប្បាយអន្តរជាតិបានចាត់ទុកថា ទំនាក់ទំនងអាមេរិក-ចិនកំពុងស្ថិតនៅកម្រិត ទាបបំផុតតាំងពីក្រោយសង្គ្រាមលោកលើកទី២។
បន្តប្រឈមមុខដាក់គ្នានិងប្រកួតប្រជែងយ៉ាងខ្លាំង
ទស្សនៈដ៏តឹងតែងចំពោះចិន ត្រូវបានលោកប្រធានាធិបតីអាមេរិក Joe Biden បញ្ជាក់ភ្លាមនៅក្នុងសេចក្ដីប្រកាសដើមដំបូងបន្ទាប់ពីចូលកាន់តំណែង។ យោងតាម នោះ ប្រមុខរដ្ឋអាមេរិកបានកំណត់ថា ចិនជា “បញ្ហាប្រឈមខាងភូមិសាស្ត្រ នយោបាយដ៏ធំបំផុតក្នុងសតវត្សទី២១”។ ដោយផ្អែកលើទស្សនៈនេះ អាមេរិកបានធ្វើ ការប្រមូលផ្ដុំកម្លាំងគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០២១ ដូចជាពន្លឿនយុទ្ធសាស្ត្រ “កសាង ពិភពលោកឡើងវិញឲ្យកាន់តែល្អប្រសើរ” (B3W) សំដៅប្រកួតប្រជែងជាមួយនឹង គំនិតផ្ដួចផ្ដើម “ខ្សែក្រវ៉ាត់និងផ្លូវ” របស់ចិន; ជំរុញកិច្ចសហប្រតិបត្តិការនៃក្រុមចតុភាគី QUAD (អាមេរិក ជប៉ុន ឥណ្ឌា អូស្ត្រាលី); បង្កើតសម្ព័ន្ធភាពសហប្រតិបត្តិការសន្តិសុខ ត្រីភាគីរវាងអាមេរិក-អង់គ្លេស-អូស្ត្រាលី (AUKUS) ជាដើម។ អាមេរិកក៏បន្តរឹតបន្តឹងការ ដាក់កំហិតទៅលើសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍និងបច្ចេកវិទ្យា Huawei និង ZTE របស់ចិន; បង្កើនការត្រួតពិនិត្យការនាំចេញសូហ្វវ៉ែនិងគ្រឿងបន្លាស់សម្រាប់ក្រុមហ៊ុន ចិនព្រមទាំងសំណូមពរឲ្យសហគ្រាសអាមេរិកដកទុនចេញពីសាជីវកម្មជាមួយចិន។ ក្រៅពីនោះ អាមេរិកបានរិះគន់ចិនយ៉ាងខ្លាំង ដោយមិនប្រតិបត្តិតាមការសន្យា ពាណិជ្ជកម្ម ក៏ដូចជានៅក្នុងបញ្ហាពាក់ព័ន្ធដល់សិទ្ធិមនុស្ស បញ្ហាតៃប៉ិ-ចិនផងដែរ។
ឆ្លើយតបតវិញចំពោះកាយវិការបស់អាមេរិក ចិនតែងតែបង្ហាញជំហរដ៏តឹងតែង និង ប្រតិកម្មដ៏ខ្លាំងក្លា ហើយបានរិះគន់រដ្ឋអំណាចអាមេរិកជាច្រើនលើកច្រើនសារដោយ មានសកម្មភាពនិងពាក្យសម្ដីប្រកបដោយលក្ខណៈបង្ករឿងហេតុនិងបង្ខិតបង្ខំ។ ទន្ទឹម នឹងនោះ ប៉េកាំងមានការបោះជំហានដោយឥតឈប់ឈរ សំដៅបង្កើនកម្លាំងផ្ទៃក្នុង ហើយពង្រឹងឋានៈអន្តរជាតិផងដែរ។ ឧទាហរណ៍ថា កាលពីខែមិថុនាឆ្នាំ២០២១ ចិន បានអនុម័តលើច្បាប់ប្រឆាំងនឹងការដាក់ទណ្ឌកម្មបរទេស ដែលជាមូលដ្ឋានគ្រឹះខាង គតិយុត្តដើម្បីឆ្លើយតបតវិញនឹងការដាក់ទណ្ឌកម្ម។ ហើយដើម្បីតាមទាន់សមត្ថ ភាព វិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់អាមេរិក ចិនមិនត្រឹមតែជំរុញខ្លាំងយុទ្ធសាស្ត្រ “Made in China ២០២៥” ដោយមានចំណុចស្នូលគឺវិស័យបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ថែមទាំងផ្ដួច ផ្ដើម “ផ្លូវសូត្រឌីជីថល” សំដៅពង្រីកទម្រង់ឌីជីថលទៅកាន់ទូទាំងពិភពលោក ជួយឲ្យ ប្រទេសនេះនាំមុខគេក្នុងបច្ចេកវិទ្យាទើបលេចចេញទៀតផង។
រាល់ថ្ងៃចុងក្រោយនៃឆ្នាំ២០២១នេះ ភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេស ទាំងពីរបន្តកើនឡើងខ្ពស់ ដោយការជជែកវែកញែកពាក់ព័ន្ធដល់ការសម្រេចចិត្តរបស់ អាមេរិក ដែលមិនបញ្ជូនមន្ត្រីទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារទីក្រុង ប៉េកាំង ២០២២ ឡើយ។ ក្នុងរឿងនេះ អាមេរិកបានចោទប្រកាន់ចិនពីអំពើរំលោភ បំពានលើសិទ្ធិមនុស្ស ខណៈដែលប៉េកាំងរិះគន់វ៉ាស៊ីនតោណបាន “ធ្វើនយោបាយ ភាវូបនីយកម្ម” បញ្ហាកីឡា។
ឆ្នាំមួយដ៏ពេញទៅដោយបញ្ហាប្រឈមចំពោះទំនាក់ទំនងអាមេរិក-ចិន - ảnh 1កិច្ចសន្ទនាកំពូលតាមប្រព័ន្ធវីដេអូខនហ្វឺរិនរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានរដ្ឋចិនលោក Xi Jinping កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១។ (រូបថត៖ Reuters)
រក្សាការសន្ទនានិងទំនោរសហប្រតិបត្តិការ
ប៉ុន្តែ ដើរទន្ទឹមនឹងការប្រឈមមុខដាក់គ្នានិងការប្រកួតប្រជែងយ៉ាងខ្លាំងលើ រណសិរ្សសឹងតែទាំងអស់ គឺទំនោរសន្ទនានិងសហប្រតិបត្តិការរវាងអាមេរិក-ចិន នៅតែត្រូវបានថែរក្សាក្នុងអំឡុងឆ្នាំ២០២១ដែរ។ សក្ខីភាពច្បាស់លាស់បំផុតនោះ គឺប្រទេសទាំងពីរបានរៀបចំកិច្ចសន្ទនាជាន់ខ្ពស់ជាច្រើន រួមទាំងកិច្ចសន្ទនានៅ Alaska (កាលពីខែមីនា) កិច្ចសន្ទនានៅធានជីន (កាលពីខែកក្កដា) ហើយជាពិសេសគឺ កិច្ចសន្ទនាកំពូលតាមអនឡាញរវាងលោកប្រធានាធិបតីអាមេរិក Joe Biden និង លោកប្រធានរដ្ឋចិន Xi Jinping កាលពីពាក់កណ្ដាលខែវិច្ឆិកា។ ការដែលកិច្ចសន្ទនា ជាន់ខ្ពស់ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ទោះបីជាមិនទាន់ទម្លុះភាពជាប់គាំងនៅ ឡើយក៏ដោយ ប៉ុន្តែជួយឲ្យភាគីទាំងពីររក្សាគន្លងនៃទំនាក់ទំនងទ្វេភាគី មិនទុកឲ្យការ ជជែកវែកញែកនិងទំនាស់លើសពីការគ្រប់គ្រងទេ។ សំខាន់ជាងទៀត វាបានបង្ហាញ ឲ្យឃើញថា ភាគីទាំងពីរនៅតែមានតម្រូវការសន្ទនាគ្នាទៅវិញទៅមកដើម្បីដោះស្រាយ ការខ្វែងគំនិត។
មិនត្រឹមតែប៉ុណ្ណោះទេ លើវិស័យសេដ្ឋកិច្ច ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងអាមេរិក និងចិននៅតែដំណើរការយ៉ាងស្វាហាប់ក្នុងឆ្នាំ២០២១ ទោះបីជាជម្លោះពាណិជ្ជកម្ម ប្រព្រឹត្តទៅជាបន្តបន្ទាប់ ព្រមទាំងរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជម្ងឺកូវីដ-១៩ក៏ ដោយ។ ទំហំពាណិជ្ជកម្មចាប់ពីខែមករាដល់ខែកក្កដាបានកើនឡើងខ្ពស់ជាង៤០% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។ តថភាពនេះបានគូសបញ្ជាក់ថា ផល ប្រយោជន៍សេដ្ឋកិច្ចដែលចងភ្ជាប់គ្នារវាងប្រទេសទាំងពីរមិនអាចត្រូវបំបែកបំបាក់ ដោយការខ្វែងគំនិតនយោបាយនៅឡើយ។
ហេតុដូច្នេះ យោងតាមការវាយតម្លៃទូទៅរបស់អ្នកវិភាគនៃប្រទេសទាំងពីរក៏ដូច ជាអន្តរជាតិថា ទំនាក់ទំនងអាមេរិក-ចិន នាពេលខាងមុខនឹងបន្តប្រែប្រួលតាមទំនោរ ប្រឈមមុខដាក់គ្នានិងប្រកួតប្រជែងផង ព្រមទាំងបន្តសន្ទនានិងសហប្រតិបត្តិការ គ្នាលើវិស័យមួយចំនួនផងដែរ ដើម្បីផលប្រយោជន៍ឫសគល់នៃភាគីនីមួយៗ ក៏ដូចជា ដើម្បីស្ថិរភាពរួមនៃទំនាក់ទំនងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ