ឆ្ពោះទៅរកការស្ដាឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - នាប៉ុន្មានខែចុងឆ្នាំ ២០២១ ខណៈពេលដែលអត្រាប្រជាជនត្រូវបានគ្រប់ដណ្ដប់ដោយវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ បានកើនឡើងខ្ពស់នោះ វៀតណាមកំពុងកសាង និងរៀបចំអនុវត្តន៍ជាបន្ទាន់រាល់ផែនការ និងសេណារីយ៉ូជាក់លាក់ ដើម្បីស្ដារការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឡើងវិញ។ គោលដៅដែលបានដាក់ចេញគឺមិនមែនអភិវឌ្ឍន៍ដោយគ្រប់បែបយ៉ាងនោះឡើយ ពោលគឺត្រូវអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។
ឆ្ពោះទៅរកការស្ដាឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (រូបថត៖ hanoimoi.com.vn)

ដំណោះស្រាយនៅចំពោះមុខត្រូវផ្សារភ្ជាប់ជាមួយរយៈពេលយូរអង្វែង

អញ្ជើញថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២១ ដោយប្រធានបទ ការស្ដារឡើងវិញ និងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ដែលបានប្រព្រឹត្តិទៅកាលពីចុងសប្តាហ៍កន្លងទៅនោះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ ដំណោះស្រាយសម្រាប់ការស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនាបច្ចុប្បន្នរបស់វៀតណាម ត្រូវផ្សារភ្ជាប់ជាមួយដំណោះស្រាយរយៈពេលវែង៖ “យើងមិនត្រូវអភិវឌ្ឍន៍ដោយគ្រប់បែបយ៉ាងឡើយ ពោលគឺត្រូវអភិវឌ្ឍន៍ប្រកបដោយចីរភាព។ យើងត្រូវផ្ដោតសំខាន់លើដំណោះស្រាយបន្ទាន់នាបច្ចុប្បន្ន ដើម្បីរក្សាកម្លាំងចលករកំណើន សំដៅគ្រប់គ្រងជំងឺរាតត្បាត ជួយសម្រួលការស្ដារឡើងវិញ និងកំណើនសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ដំណោះស្រាយរយៈពេលខ្លី និងមធ្យម ត្រូវតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលដៅរយៈពេលវែងក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ធានាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាព មិនត្រឹមតែលើបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងលើបញ្ហាសង្គម និងបរិស្ថាន ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណាទៀតផង”។

នាពេលកន្លងមក ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាត និងជួយសម្រួលដល់សេដ្ឋកិច្ច និងសង្គមនោះ វៀតណាមក៏បានប្រើប្រាស់គោលនយោបាយសារពើពន្ធ រូបិយវត្ថុ និងគោលនយោបាយផ្សេងទៀតដោយព្រមៗគ្នាដែរ។ ទំហំសរុបនៃកញ្ចប់ជំនួយសារពើពន្ធ និងរូបិយវត្ថុរបស់ប្រទេសវៀតណាមក្នុងរយៈពេល ២ ឆ្នាំ គឺឆ្នាំ ២០២០ និងឆ្នាំ ២០២១ ត្រូវបានប៉ាន់ស្មានថាសម្រេចបាន ៤% នៃ GDP។

ផ្តោតសំខាន់លើវិស័យស្នូល

ដើម្បីជួយសម្រួលដល់ខឿនសេដ្ឋកិច្ចនោះ ក្រុមអ្នកជំនាញបានចាត់ទុកថា ក្នុងរយៈពេលខ្លី វៀតណាមអាចទទួលយកការចំណាយលើលការកំណត់ និងបំណុលសាធារណៈកើនឡើងក្នុងដំណាក់កាល ២០២១-  ២០២៣ប៉ុន្តែក្នុងរយៈពេលវែង នៅពេលដែលខឿនសេដ្ឋកិច្ចត្រូវបានស្ដារឡើងវិញនោះ គឺចាំបាច់ត្រូវមានវិធានការ ពង្រីកមូលដ្ឋានចំណូល បង្កើនការគ្រប់គ្រងចំណូល និងកែលម្អប្រកបដោយប្រសិទ្ធភាពនូវការចំណាយថវិការដ្ឋ ដោយធានារាល់បទដ្ឋានសុវត្ថិភាពហិរញ្ញាវត្ថិជាតិក្នុងដំណាក់កាល ២០២១-២០២៥។ យោងតាមលោក Nguyen Minh Cuong ប្រធានផ្នែកសេដ្ឋកិច្ចនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅវៀតណាមបានឲ្យដឹងថា កញ្ចប់ជំនួយរបស់វៀតណាមគួរតែផ្តល់អាទិភាពដល់វិធានការរយៈពេលខ្លី ដូចជាជំនួយដល់កម្មករ និងអង្គភាពអាជីវកម្មជាដើម។ ព្រោះថាវិធានការរយៈពេលខ្លីនឹងប៉ះពាល់ដល់សក្ដានុពល និងការអភិវឌ្ឍរបស់វៀតណាមក្នុងរយៈពេលមធ្យម និងវែង។

ឆ្ពោះទៅរកការស្ដាឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 2លោក Bui Nhat Quang ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម (រូបថត៖ Vietnamnet)

ទាក់ទងនឹងដំណោះស្រាយស្ដារសេដ្ឋកិច្ចឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការផ្លាស់ប្ដូរឌីជីថលនោះ  លោក Bui Nhat Quang ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានឲ្យដឹងថា ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលគឺជាជម្រើសដ៏សំខាន់មួយ ក្នុងបរិបទនាបច្ចុប្បន្ននេះ ដើម្បីស្ដារឡើងវិញ ប្រកបដោយចីរភាព។ នាបច្ចុប្បន្ននេះ សេដ្ឋកិច្ចឌីជីថលនៅលើពិភពលោកបានស្រូបយក ១៥ % នៃ GDP ខណៈពេលដែលនៅវៀតណាមតួរលេខនេះបានស្រូបយក ១០% នៃ GDP តែប៉ុណ្ណោះ៖ “ប្រការនេះបានសរឲ្យឃើញថា យើងនៅមានសក្ដានុពលដ៏ធំធេងសម្រាប់ អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។ ដើម្បីពង្រីកសេដ្ឋកិច្ចឌីជីថលនោះ យើងត្រូវផ្ដោតសំខាន់លើការផ្លាស់ប្ដូរអំពីរបៀបរបប គោលនយោបាយ និងបទប្បញ្ញត្តិសមស្រប។ ខ្ញុំគិតថានេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់យើងផ្ដោតសំខាន់លើការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលផង និងជំរុញខ្លាំងការធ្វើកំណែទម្រង់របៀបរបប ដើម្បីសម្រេចឲ្យបានគោលដៅស្ដារឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ”។

ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ ជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឱ្យវៀតណាមខាតបង់ទឹកប្រាក់ប្រមាណ ៣៧ ពាន់លានដុល្លារអាមេរិក។ នេះត្រឹមតែជាការខាតបង់ផ្ទាល់អំពី GDP តែប៉ុណ្ណោះ ដោយមិនទាន់រាប់បញ្ចូលការខាតបង់ផ្សេងទៀតនៅឡើយ។ ដូច្នេះហើយ ការជ្រើសរើសដំណោះស្រាយស្ដារឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាប្រការចាំបាច់សម្រាប់វៀតណាមវិលត្រឡប់ទៅរកគន្លងកំណើនឡើងវិញឲ្យបានឆាប់ៗ ក៏ដូចជាអភិវឌ្ឍន៍ថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ